រស់នៅក្នុងផ្ទះដ៏ចាស់មួយរាប់សិបឆ្នាំក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ត្រីមេម៉ាយម្នាក់កំពុងសម្រាន្តក្រោមតំណក់ទឹកភ្លៀង ដែលសភាពផ្ទះហាក់ពុកផុយមានកណ្ដៀ និងព័ទ្ធដោយសម្បុកពីងពាង ផ្ទះនោះគឺបាក់មួយចំហៀង ពេលភ្លៀងម្តងៗលេចរកកន្លែងជ្រកគ្មាន។ គាត់មានកូនស្រីក្នុងបន្ទុកបីនាក់ ម្នាក់រកការងារធ្វើសឹងមិនបាន ម្នាក់ខ្លាចច្រើនមិនហ៊ានទៅធ្វើការងារឆ្ងាយ និងម្នាក់ទៀតដេកឈឺនៅផ្ទះ គាត់រកចំណូលមិនបានសូម្បីមួយរៀលខ្មែរក្នុងមួយថ្ងៃ។
អ្នកស្រី សៀន សាមៀត អាយុ៦៣ឆ្នាំ បានទទួលបណ្ណសមធម៌ កម្រិតភាពក្រីក្រ២ បណ្ណរបស់គាត់ បានចេញពីសង្កាត់បឹងទំពន់ទី២ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីធ្វើបណ្ណមកអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ៣៤ ០០០រៀលក្នុង១ខែ ហើយនៅពេលអ៊ំស្រីទៅពេទ្យមានទទួលបានប្រាក់ឧបត្ថម្ភ៥០០ពាន់រៀល សម្រាប់អាហារ។
មិនត្រឹមតែប៉ុណ្ណឹង ក្នុងឆ្នាំ២០២៣ អ្នកស្រីមានជំងឺមហារីកមាត់ស្បូន នឹងត្រូវការព្យាបាលទាំងដែលខ្លួនគ្មានលុយមួយរៀល មានតែបណ្ណសមធម៌ ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបដិសេធមិនទទួលបណ្ណ ដោយអស់ជម្រើស គ្រួសារអ្នកស្រីបានសុខចិត្តធ្លាក់ក្នុងបំណុលវ័ណ្តក ក្រោយយកផ្ទះទៅបញ្ចាំដើម្បីយកប្រាក់មកព្យាបាលជំងឺ។ ការព្យាបាលរបស់គាត់ ចាក់គីមីអស់៧ដង ក្នុង១ដង ៣៩៥ដុល្លារ និងបាញ់កាំរស្មីអស់២៧ដង ១ដង ៦០ដុល្លារ អ្នកស្រីចំណាយអស់ជិត៥ទៅ៦ពាន់ដុល្លារ ក្នុងអំឡុងពេលព្យាបាល នឹងត្រូវបន្តតាមដានរហូតដល់បច្ចុប្បន្ន។
អ្នកស្រីរៀបរាប់ទាំងសម្លេងតិចៗ និងជ្រួញចិញ្ចើមថា៖ «បើខ្ញុំអត់ប្តី មេម៉ាយ ឈឺអ៊ីចឹង ទៅរកអី ហើយយើងមានទុកយកផ្ទះទៅបញ្ចាំមើលជំងឺនៅតែថ្ងៃ គេមកអូសយកផ្ទះ ហើយមិនដឹងទៅនៅណា យើងមើលជំងឺអស់៦[ទៅ]៧ពាន់ មិនទាន់មានលុយបង់ឱ្យគេ១រៀលទេ យើងទៅរកណាឱ្យគេមិនបាន»។
អ្នកស្រីនិយាយថា៖ «បើគ្នាអត់សព្វគ្រប់ វាមានតែស្លាប់ទេ ពេទ្យត្រូវយកចិត្តទុកដាក់ អ្នកណាអត់អនុគ្រោះឱ្យគេខ្លះទៅ»។ អ្នកស្រីបានបន្ថែមថា៖ «ប្តីក៏ស្លាប់ កូនចៅសុទ្ធតែអត់ទាំងអស់ ផ្ទះបាក់មួយចំហៀងហើយ រាល់ថ្ងៃបានកូនអោយម្ដងៗ ហើយឥឡូវដូរមកហានិភ័យ គ្មានបានលុយ១រៀលទេ»។
បន្ថែមលើនេះ តាមរយៈប្រកាសអន្តរក្រសួងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចពង្រឹកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព។ គ្រួសារងាយរងហានិភ័យជាក្រុមពលរដ្ឋស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានស្ថានភាពសេដ្ឋកិច្ចមិនខុសឆ្ងាយពីក្រុមគ្រួសារក្រីក្រ (ក្រ១ និងក្រ២)ដែលក្នុងនោះរាជរដ្ឋាភិបាលជាអ្នកទទួលរ៉ាប់រងបន្ទុកចំណាយជំនួសទាំងស្រុក។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន៧០ម៉ឺនគ្រួសារ ឬ ស្មើនឹង ២,៨ លាននាក់ មានគ្រួសារចំនួន៥៧ម៉ឺនគ្រួសារ (ប្រមាណ៨៤%) បានចុះឈ្មោះចូលរួមកម្មវិធីរួចរាល់ និងទទួលបានផលពីកម្មវិធី ដោយរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ៧២,៥ប៊ីលានរៀល (ប្រមាណ១៨លានដុល្លារអាម៉េរិក) បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។
អ្នកស្រី សៀន សាមួន អាយុ ៦១ឆ្នាំ ដែលជាប្អូនស្រីបង្កើតអ្នកស្រី សាមៀត ដែលរស់នៅជិតគ្នា ក្នុងសង្កាត់បឹងទំពុនទី២ បានលើកឡើងមិនខុសគ្នាប៉ុន្មាន គាត់ប្រើប្រាស់បណ្ណសមធម៌កម្រិតក្រីក្រ២ តាំងពីឆ្នាំ២០១៩ ដែលមានប្តីរបស់គាត់ឈ្មោះ រ័ត្ន អូន ជាមេគ្រួសារ។ អ្នកស្រីមានជំងឺបេះដូង ជាប្រភេទជំងឺធ្ងន់ធ្ងរ ហើយពេទ្យតម្រូវអោយ បើកថ្នាំខាងក្រៅ ដោយអ្នកស្រីមិនមានលទ្ធភាពទិញថ្នាំ។
លោកស្រីបាននិយាយលឺៗថា៖ «ចេញមកពេទ្យ ជំងឺបេះដូងអ៊ីចឹងឱ្យទិញថ្នាំនៅក្រៅ តែអត់មានលុយទិញថ្នាំបេះដូងធ្វើទុក្ខវិញ ក៏ទៅពេទ្យទៀត»។
យោងទៅតាម នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅភ្នំពេញ អត្រាក្រីក្រសរុប ៨,៥២ភាគរយនៃចំនួនសមាជិកក្រីក្រសរុប ១៣៦ ៥៩៤ ក្រ១មាន ៣២ ៨២៩ ក្រ២មាន ១០៣ ៧៦៥ និងចំនួនសមាជិកសរុប ១ ៦០២ ២៧៦។
យោងតាម លោកស្រី សេង វ៉ាន់ថា អ្នកផ្ដល់ព័ត៌មានក្នុងសង្កាត់បឹងទំពុន២ អ្នកប្រើប្រាស់បណ្ណសមធម៌ក្រ១ ក្រ២ ហានិភ័យមានចំនួនសរុបនៅក្នុងសង្កាត់បឹងទំពុនទី២ ចំនួន៥៥០ គ្រួសារ ហើយការប្រើប្រាស់បណ្ណក្រ១ និងក្រ២បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យហើយបានប្រាក់ឧបត្ថម្ភ ប្រាក់គោល ៣៤ ០០០រៀល បើមានចាស់ជរាលើសពី៦០ឆ្នាំ ក្នុង ១នាក់ ឧបត្ថម្ភបន្ថែម ២៨ ០០០រៀល និងបណ្ណហានិភ័យ(ក្រ៣) បានព្យាបាលជំងឺ ប៉ុន្តែមិនទទួលបានប្រាក់សម្រាប់ឧបត្ថម្ភនោះទេ។
លោកស្រី សេង វ៉ាន់ថា បានបញ្ជាក់ពីបញ្ហានៃប្រជាពលរដ្ឋក្រីក្រដែលមានជំងឺធ្ងន់ធ្ងរ និងការប្ដូរបណ្ណថា៖ «ពេលដែលដូរបណ្ណគឺយើងបានចុះទៅសម្ភាសន៍ជាក់ស្ដែងធម្មតាប្រជាពលរដ្ឋមួយណាក៏គាត់ទាមទារថាគាត់លំបាក ថាគាត់ក្រីក្រដែរ គាត់មើលឃើញតែ ១គ្រួសារ ២គ្រួសារនៅជិតគាត់ទេ។ សម្រាប់យើង យើងចុះពេញសង្កាត់ យើងដឹងថាអ្នកណាពិបាកពិតប្រាកដ ហើយលំបាកជាងគាត់ទៀត ពេលខ្លះយើងមិនប្រាកដថា យើងទៅសម្ភាសហ្នឹងពិតប្រាកដ១០០%ដែរ ប្រជាជនខ្លះគាត់អាចលាក់បាំងព័ត៌មាន អ៊ីចឹងធ្វើឱ្យការឱ្យពិន្ទុវាយតម្លៃ វាមានការខុសឆ្គងតិចតួច»។
លោកស្រីបានបន្ថែមពីជំងឺធ្ងន់ធ្ងរថា៖ «សម្រាប់បញ្ហាហ្នឹង យើងក៏មិនដឹងជួយគាត់ដោយវិធីណា មានតែការស្នើសុំឱ្យខាងរាជរដ្ឋាភិបាលដែលទទួលបន្ទុកផ្នែកបណ្ណសមធម៌ជួយសម្រួលឱ្យពួកគាត់»។
វិទ្យុអាស៊ីសេរី ចុះផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំនេះ បានឱ្យដឹងថា គ្រួសារមួយចំនួនក្នុងរាជធានីភ្នំពេញ ជួបបញ្ហាជីវភាពកាន់តែខ្លាំងក្រោយរដ្ឋាភិបាល កាត់ប្រាក់ជំនួយសង្គមតាមរយៈបណ្ណក្រីក្រ។
យ៉ាងណាមិញបើតាម អ្នកស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី បានថ្លែងថា បញ្ហាសេវាកម្មសាធារណៈនាពេលបច្ចុប្បន្នមានភាពប្រសើរជាងមុនបន្តិចបើចំពោះផ្នែកសុខាភិបាល គឺមានល្អ មានមិនល្អទៅតាមកន្លែងនិងអាកប្បកិរិយារបស់គ្រូពេទ្យ។
លោកបានថ្លែងថា៖ «ជាធម្មតា បណ្ណសមធម៌ គឺត្រូវទទួលទាំងអស់ហើយសម្រាប់អ្នកប្រើប្រាស់ មិនមានកំណត់ថាជំងឺធ្ងន់មិនទទួលនោះទេ ព្រោះបណ្ណសមធម៌សម្រាប់ជីវិតរបស់មនុស្សហ្នឹងតែម្ដង បើទៅដល់ធ្ងន់យកលុយ ស្រាលមិនយកលុយ ជារឿងមួយដែលប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋគួរតែពិនិត្យមើលឡើងវិញ»។
លោកបានបន្ថែមថា៖ «មែនទែនទៅការជ្រើសរើសគោលនយោបាយគឺសរសេរបានល្អ ប៉ុន្តែ នៅកន្លែងខ្លះដែលខ្ញុំឃើញនៅក្នុងតំបន់ខ្លះ គឺមានភាពចន្លោះប្រហោងតាំងពីដំបូងហើយក្នុងហ្នឹងវាក៏មានកត្តានយោបាយលាយឡំផងដែរ កាលណាមនុស្សម្នាក់មិនមែនជាគណបក្សមួយហ្នឹងដល់ពេលបានបណ្ណសមធម៌គាត់ក៏អត់ផងដែរ»។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសពិធីប្រកាសដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ស្ថិតនៅខណ្ឌព្រែកព្នៅ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសថា ឱ្យអនុវត្តមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យដើម្បីឱ្យគ្រួសារទាំងនោះទទួលបានអត្ថប្រយោជន៍ពីការថែទាំ និងការព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ ដោយរដ្ឋាភិបាលជាអ្នកចេញថ្លៃជំនួស។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង លើកឡើងថាបណ្ណសមធម៌គួរតែមានភាពទូលំទូលាយជាងនេះ អ្នកព្យាបាលក្នុងបណ្ណសមធម៌គួរតែកុំឱ្យមានកម្រិត គួរតែព្យាបាលទូទៅ មិនគួរជ្រើសរើសប្រភេទជំងឺទេ បើគ្នាអត់ហើយ ធ្ងន់ទៀត បណ្ណសមធម៌មិនអាចប្រើប្រាស់បាន វាពិបាកហើយ។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់មន្រ្តីជាន់ក្រោមឱ្យធ្វើការប្រកបដោយឧត្ដមគតិមិនលំអៀង និងប្រសិទ្ធភាពនៃការប្រើប្រាស់បណ្ណសមធម៌ដើម្បីច្បាស់ថាប្រជាពលរដ្ឋ ពិតជាបានព្យាបាលច្បាស់លាស់ ហើយគ្មាននរណាត្រូវបានទុកចោល»។
ចំណែកឯស្ត្រីមេម៉ាយម្នាក់ទៀតដែលរកស៊ីជាអ្នកលក់ដូរនៅទល់មុខសាលារៀនបាក់ទូក អ្នកស្រី ស្រង់ មួយ អាយុ ៥៨ឆ្នាំ ជាប្អូនស្រីរបស់អ្នកស្រី ស្រង់ ប៊ុនជ្រា ដោយសារបងស្រីរបស់គាត់មានជំងឺសរសៃប្រសាទ អ្នកស្រីអ្នកមើលថែបងស្រីធ្វើបទសម្ភាសន៍ជំនួស គាត់លក់ភេសជ្ជៈ និងនំ។ មួយថ្ងៃរកបានចំនួនប្រហែល៤ទៅ៥ម៉ឺនរៀល គ្រាន់នឹងទិញឥវ៉ាន់ទៅលក់វិញ សល់បានតែសម្រាប់ហូបប្រចាំថ្ងៃ ហើយមានបងស្រីក្នុងបន្ទុក។
បងស្រីអ្នកស្រីទទួលបានបណ្ណសមធម៌កម្រិត២ ដែលបណ្ណសមធម៌ធ្វើតាំងពីខែធ្នូ ឆ្នាំ ២០២៣។ បងស្រីអ្នកស្រីមានជំងឺច្រើន ជំងឺទឹកចូលសួត និងជំងឺសរសៃប្រសាទ។ ពេលដែលបងស្រីឈឺ អ្នកស្រីយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែលើកនេះ ក្នុងអំឡុងពេលប្រហែលថ្ងៃទី២៩ ខែឧសភា ឆ្នាំនេះ គាត់បាននាំបងស្រីទៅមន្ទីរពេទ្យព្រះកេតុមាលា ដោយបានឮថា បណ្ណសមធម៌ប្រើបានគ្រប់ពេទ្យរដ្ឋ នៅពេលដែលលោកស្រីទៅដល់ពេទ្យ បានប្រគល់ឯកសារឱ្យពេទ្យ ពេទ្យឱ្យទុកសិន គេងបានរយៈពេល២ថ្ងៃ លោកស្រីចង់ដឹងថាអស់ប៉ុន្មាន ក៏ដើរទៅសួរពេទ្យ គ្រូពេទ្យថា គេងអស់២យប់អស់៥០០ដុល្លារ ខ្ញុំខឹងខ្លាំងតែម្តង ហេតុអ្វីបានជាយកច្រើនម៉្លេះ គេងពេទ្យឯកជនក៏មិនអស់ប៉ុណ្ណឹងផង។
អ្នកស្រីនិយាយខ្លាំងៗថា៖ «ប្រសិនបើពេទ្យយកថ្លៃអ៊ីចឹង ម៉េចមិនប្រាប់តាំងពីដំបូង ព្រោះខ្ញុំក្រទើបខ្ញុំទៅពេទ្យរដ្ឋ ហេតុអ្វីយកពីខ្ញុំខ្លាំងម៉្លេះ ជាងពេទ្យឯកជនទៀត»។
ដោយសារអ្នកស្រីនិយាយខ្លាំង និយាយចុះនិយាយឡើង បានលោកស្រីឱ្យកូនទៅសម្រួលថា មានតែ២០០ដុល្លារទេ ហើយគ្រូពេទ្យក៏សម្រួលឱ្យ ហើយអ្នកស្រីឱ្យធ្វើលិខិតចេញពីពេទ្យទាំងយប់។ បន្ទាប់ពីចេញពីពេទ្យបងស្រីរបស់លោកស្រី «ឈឺកាន់តែខ្លាំង ក្តៅខ្លួនខ្លាំង និងបញ្ចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀតវិញ»។
លោកស្រីមានការសំណូមពរបន្ថែមថា៖ «កុំឱ្យយកថ្លៃហួសកម្រិត យកតែល្មមទៅ ព្រោះគ្នាសុទ្ធតែជាអ្នកក្រ អ្នកមានមិនអីទេ ក្រដូចខ្ញុំមានលុយណា សូមឱ្យពេទ្យ មិនយកថ្លៃពីអ្នកក្រីក្រ កុំបាច់យកលុយ»។
គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខាងសារព័ត៌មាន ខេមបូចា មិនទាន់ទទួលបានការឆ្លើយ ឬការឆ្លើយតបនៅឡើយពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅឡើយទេ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៅអង្គការតម្លាភាពកម្ពុជា ថ្លែងថា ការប្រើប្រាស់បណ្ណសមធម៌ដើម្បីព្យាបាលជម្ងឺជារឿងមួយប្រសើរ មានប្រជាពលរដ្ឋជាច្រើនទទួលសេវាហើយមានប្រសិទ្ធភាពល្អគួរសមទោះបីមានភាពខ្វះខាតមួយចំនួនតែឃើញថាមានភាពវិជ្ជមានច្រើន។
លោកបន្ថែមថា ការបង្កើនគុណភាពព្យាបាលជំងឺនៅក្នុងប្រទេសកម្ពុជា ជាយុទ្ធសាស្ត្រមួយល្អបើសិនជារដ្ឋាភិបាលធ្វើបានដោយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រហែលប្រទេសខ្មែរយើងនឹងអាចកាត់បន្ថយភាពក្រីក្របានច្រើន។
លោកថ្លែងថា៖ «ទីមួយគឺពលរដ្ឋដែលអត់លទ្ធភាពហ្នឹង បើគាត់កាន់បណ្ណសមធម៌គាត់អាចទទួលបានសេវា ទី២អ្នកមានមធ្យមដែលគាត់ទៅទទួលសេវាខាងក្រៅ ធ្វើឱ្យការចំណាយរបស់គាត់ខ្ពស់ អ្នកខ្លះត្រូវលក់ដី លក់ទ្រព្យ ដើម្បីព្យាបាលជំងឺនៅក្រៅប្រទេសដែលអាចធ្វើឱ្យគាត់ធ្លាក់មកភាពក្រីក្រវិញផងដែរ»។
លោកបន្តថា៖ «ឱ្យពលរដ្ឋដែលមានជីវភាពមធ្យម ឬក៏ក្រីក្រនាំគ្នាធ្វើបណ្ណដើម្បីកាត់បន្ថយចំណាយមួយផ្នែកធំក្នុងគ្រួសារ»។
លោកក៏បានមានយុទ្ធសាស្រ្តបីដែលអាចឱ្យប្រទេសកម្ពុជាមានគុណភាពផ្នែកសុខាភិបាលរួមមាន បង្កើនគុណភាពនៃការព្យាបាល ក្រមសីលធម៌គ្រូពេទ្យ និងបុគ្គលិក និងមួយផ្នែកសំខាន់ទៀតគឺកាត់បន្ថយការស៊ីសំណូកសូកប៉ាន់អំពើពុករលួយនៅក្នុងការផ្តល់សេវា មានន័យថាពលរដ្ឋទូទៅមានសិទ្ធទទួលបានការព្យបាលស្មើគ្នាដោយមិនគិតថាត្រូវឱ្យលុយថែមទើបទទួលបានការយកចិត្តទុកដាក់ទេ។
សមត្ថភាពរបស់រដ្ឋាភិបាល គឺបង្ហាញពីសមត្ថភាពក្នុងការជួយសង្គ្រោះទៅដល់ប្រជាជនដែលមិនមានជីវភាពគ្រប់គ្រាន់អោយមានភាពប្រសើរឡើង ជាពិសេសអ្វីដែលប្រជាពលរដ្ឋចង់ឃើញគឺ ការជួយសង្គ្រោះរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រសិទ្ធភាព តម្លាភាព និង ប្រកបដោយសមធម៌ ក្នុងការប្រើប្រាស់បណ្ណសមធម៌។
លោកបណ្ឌិត មាស នី បានលើកឡើងថា៖ «រឿងសំខាន់បណ្ណសមធម៌វាត្រូវតែឆ្លើយតបជាមួយទិន្នន័យរបស់រដ្ឋាភិបាល កម្រិតនៃចំនួនក្រីក្រ ឬក៏រស់នៅក្រោមបន្ទាត់ក្រីក្រ ឧបមាថា យើងនិយាយថា ភាពក្រីក្រ បានធ្លាក់ចុះពី៥០%ភាគរយ នៅឆ្នាំ៩០រហូតឥឡូវ ឆ្នាំ ២០២៤ ធ្លាក់មកសល់ត្រឹម ១០ និង ១១ភាគរយ។ ចំនួនអ្នកក្រីក្រវាត្រូវធ្លាក់ចុះ ប៉ុន្តែប្រសិនបើយើងអះអាងថា ចំនួនក្រីក្រធ្លាក់ចុះ ប៉ុន្តែចំនួនបណ្ណសមធម៌ហ្នឹងវាកើនឡើងហួសពី១០ភាគរយ រដ្ឋក៏ត្រូវពិនិត្យមើលឡើងវិញផងដែរ»។
យោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គម ខែមេសា ឆ្នាំ២០២៤ ក៏បានបង្ហាញយ៉ាងច្បាស់ថា ការកំណត់គោលដៅក្នុងរយៈពេល ១២ឆ្នាំ ២០៣៥ ដោយកំណត់នូវជម្រើសគោលនយោបាលអាទិភាពសម្រាប់ការកែទម្រង់ស៊ីជម្រៅសំដៅពង្រឹង និងពង្រីកសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯករាជ្យ បង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសុខភាពសង្គម ដែលធ្វើអោយប្រសើរឡើងនូវផ្តល់កម្មវិបាកដល់សុខភាព ក្នុងគោលដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំងសុខភាពរបស់ពលរដ្ឋ និងកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ជាអតិបរមា។
អ៊ំស្រី សៀន សាមៀត ក៏មានការថ្លែងអំណរអរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលក្នុងការជួយដល់អ៊ំស្រីក្នុងការព្យាបាលជំងឺកន្លងមក ប្រសិនគ្មានបណ្ណសមធម៌ អ្នកស្រីក៏ជួបការលំបាកខ្លាំងជាងហ្នឹងផងដែរ តែអ្នកស្រីក៏សង្ឃឹមថា បណ្ណសមធម៌អាចជួយអ្នកស្រីក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរ នៅពេលដែលអ្នកស្រីទៅតាមការណាត់ជួយរបស់គ្រូពេទ្យនៅចុងឆ្នាំនេះ។
អ៊ំស្រី សៀន សាមៀត បាននិយាយបន្ថែមសម្លេងតិចៗថា៖ «ទៅថ្ងៃខាងមុខគ្មានសង្ឃឹមអីទេ បើគេមករឹបអូសយកផ្ទះបាត់ កូនចៅមិនដឹងទៅរស់នៅណា»៕