អភិបាលខេត្តមួយចំនួនបានអះអាងថានឹងពន្លឿនការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានឆាប់រហ័សតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលតំណាងសហគមន៍មួយចំនួនសង្ឃឹមថាបទបញ្ជានេះនឹងក្លាយជាច្រកចេញចំពោះវិវាទដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យផ្ដាំដល់អភិបាលខេត្តទៅតាមខេត្តនីមួយៗគិតគូរ និងដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការជាជាងតាមប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។ ដោយលោកថាគួរតែយកគំរូតាមអភិបាលខេត្តកំពត លោក ម៉ៅ ធនិន្ទ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានភាពស្ងប់ចិត្តបានមួយចំនួនលើបញ្ហានេះ។
លោកមានប្រសាសន៍ថា៖«បើសិនជាអភិបាលខេត្តគ្រប់ខេត្ត ធ្វើត្រឹមតែបាន ម៉ៅ ធនិន្ទ ធ្វើនៅពោធិ៍សាត់ ឯបន្តមកធ្វើនៅកំពតខ្ញុំគិតថា អាជម្លោះដីធ្លីនេះវានឹងស្ងប់ឯង ព្រោះវាអត់មានអីច្រើននោះទេ»។
លោកបន្តថា៖«អ៊ីចឹងទេ! បើសិនគ្រប់ខេត្តទាំងអស់ធ្វើអារឿងហ្នឹងហើយធ្វើដោយមិនគិតអំពីលម្អៀងទៅខាងណាហើយរកការសម្របសម្រួលខុសត្រូវគ្នាបន្តិចបន្តួច[..]អាហ្នឹង(បញ្ហាដីធ្លី)ត្រូវបន្តធ្វើពីបញ្ហាការងារហ្នឹង មុនដាច់ឆ្នាំគឺខ្ញុំគួរតែនិយាយឱ្យដឹង»។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបង្ហាញការគាំទ្រនូវប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីលើការដែលជំរុញឱ្យអភិបាលតាមខេត្តនីមួយៗពន្លឿនការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានច្រើនជាងតាមតុលាកាជូនដល់ប្រជាពលរដ្ឋ។ ក្នុងនោះ លោកថា គិតត្រឹមរយៈពេលជិត១ឆ្នាំ២០២២ ការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ។ ដោយលោកបន្តថា ភាគរយនៃករណីដោះស្រាយបានគឺមានច្រើនជាងវិវាទដែលមិនទាន់បានដោះស្រាយ តែថាលោកពុំអាចប៉ាន់ស្មាននិងប្រាប់ពីទិន្នន័យជាក់លាក់បានដោយថានៅមិនទាន់បូកសរុបទិន្នន័យប្រចាំឆ្នាំនៅឡើយ។
លោក សុខ លូ ឱ្យដឹងបន្ថែមថាសម្រាប់ការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺអាជ្ញាធរបានហៅភាគីដែលមានវិវាទទាំងសងខាងមកជួបគ្នាដើម្បីធ្វើការសម្របសម្រួលដោយផ្អែកលើនីតិវិធីផ្លូវច្បាប់។ លោកបន្តថា ករណីមួយចំនួនត្រូវបានដោះស្រាយដោយមានការឯកភាពពីភាគីទាំងសងខាងក៏ដូចជាត្រឡប់មករាប់អានគ្នាធម្មតា តែលោកថា ក៏នៅមានករណីដែលភាគីខ្លះគាត់នៅពុំព្រមទទួលយកផងដែរ ដោយថាពួកគាត់ជ្រើសប្រើវិធីផ្សេង។
លោកបន្ថែមថា៖«បាទ!គឺគាត់បញ្ចប់គាត់ព្រមទទួលយកដំណោះស្រាយហ្នឹង! ហើយក្នុងនោះក៏មានបងប្អូនខ្លះគាត់អត់ទទួលយកដែរ គឺថារឿងខ្លះគាត់អត់ទទួលយកទេ អ៊ីចឹងគឺគាត់ដោះស្រាយតាមវិធីផ្សេង។ អាហ្នឹងគឺយើងអត់អាចបង្ខិតបង្ខំគាត់បាននោះទេ»។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ក៏បានគាំទ្រនូវប្រសាសន៍របស់សម្ដេចផងដែរ ដោយអ្នកស្រីថាកន្លងមកគឺអាជ្ញាធរខេត្តបានខិតខំក្នុងការអនុវត្ត តែលោកស្រីថានឹងបន្តពង្រឹងឱ្យបានល្អជាងនេះទៅទៀត។ លោកស្រីបន្តថា កន្លងមកអាជ្ញាធរបានបន្តដោះស្រាយជូនប្រជាពលរដ្ឋទៅតាមដំណាក់កាលជាធម្មតាដោយផ្អែកលើនីតិវិធីច្បាប់។ ដោយលោកស្រីបន្ថែមថា សម្រាប់ការដោះស្រាយគឺអាជ្ញាធរបានសិក្សាស្រាវជ្រាវទៅលើសាវតានៃរឿងនីមួយជាមុនសិន ទើបអាចរកដំណោះស្រាយសមប្រកបជូនដល់ប្រជាពលរដ្ឋ។
លោកស្រីអភិបាលខេត្តថ្លែងថា៖«ចំពោះយើងគឺយើងដោះស្រាយទៅតាមនីតិវិធីសម្រាប់ការដោះស្រាយគឺយើងដោះស្រាយតាមច្បាប់[..]រាល់ថ្ងៃគឺបងដោះស្រាយទៅតាមដំណាក់កាលតាមដំណោះស្រាយជាធម្មតាហើយយើងស្រាវជ្រាវទៅតាមសាវតានៃរឿង តាមសាច់រឿងមួយៗ»។
យ៉ាងណាមិញលោកស្រីក៏នៅពុំទាន់អាចប្រាប់ពីទិន្ន័យសរុបប្រចាំឆ្នាំបាននៅឡើយព្រោះនៅមិនទាន់បូកសរុបកិច្ចការងារប្រចាំឆ្នាំរួចរាល់។
យោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២២របស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនដូចជា ការងារចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងាររៀបចំដែនដី និងនគរូបនីយកម្ម ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការងារសម្បទានដីសង្គមកិច្ច និងការងារអភិវឌ្ឍលំនៅឋាន ចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករ និងបរិយាកាសល្អ សម្រាប់ធុរកិច្ច និងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនយោបាយសាធារណៈ និងផែនការសកម្មភាព ក៏ដូចជាជំរុញបង្កើនចំណូលរបស់រដ្ឋ ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២២ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណ ៣៦៧ ១៣៩ ៨៩៦ ០៥០រៀល ជិត៩០លានដុល្លារអាមេរិក។ ក្នុងនោះ ក្រសួងបានបញ្ជាក់ថាវាមានការថយចុះជាង២២ភាគរយ បើធៀបនឹងឆ្នាំ២០២១។
របាយការណ៍នោះបានបង្ហាញថា ក្នុងឆ្នាំ២០២២ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥ ៤៤១បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤ ៨០៤បណ្ណ។ ក្នុងនោះ របាយការណ៍បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីចំនួន ៦ ៧៣០ ៧៥២បណ្ណ ស្មើនឹងជាង៩៦ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី។
មួយវិញទៀត ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦ ១០៤ ០៥២បណ្ណ និងចែកបណ្ណបានចំនួន ៥ ៥៩០ ៨០៨បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន ១៧ ៩៩៣បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៦ ៧០០បណ្ណ។ ក្នុងនោះ ដីរដ្ឋបាន ១៩៦ទីតាំង ស្មើចំនួន ២ ១៧៨បណ្ណ ទំហំ ៩៤២ ៦១៧ហិកតា (ដីគោលដៅសម្បទានសេដ្ឋកិច្ច ១៨២ទីតាំង ស្មើចំនួន ២ ០៩១បណ្ណ ទំហំ ៧២៥ ៥៦១ហិកតា តំបន់ការងារ/ព្រៃស្តារឡើងវិញ ១៦ទីតាំង ចំនួន ៨៧បណ្ណ ទំហំ ២១៧ ០៥៦ហិកតា។ ក្នុងនោះ ដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន ៩ទីតាំង ចំនួន ៦៦បណ្ណ ទំហំ ១៩៥,២៣៦ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៧ទីតាំង ចំនួន ២១បណ្ណ ទំហំ ២១ ៨២០ហិកតា)។
ជាមួយគ្នា របាយការណ៍ឱ្យដឹងបន្ថែមថា ចំពោះដីឯកជនរបស់បុគ្គលឯកជន បានចំនួន ៦២៣ ៥៤១បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិច បានចំនួន៣៨សហគមន៍ ស្មើនឹង៩៨១បណ្ណ ទំហំ ៣៩ ៣៤២,៤១ហិកតា សម្រាប់ ៣ ៧១៧គ្រួសារ។ ដោយឡែកការចុះបញ្ជីដីគរុភណ្ឌវត្ត បានចំនួន ១ ៩៣៦វត្ត ស្មើនឹង ២ ៤០៤បណ្ណ។
តំណាងសហគមន៍ លោក សុង ថន រស់នៅភូមិព្រៃពាយ ឃុំពង្រក់ជ័យល័ក្ស ស្រុកឈូក ខេត្តកំពត ដែលកំពុងមានវិវាទដីធ្លីយូរឆ្នាំជាមួយក្រុមហ៊ុនឯកជនបានសម្ដែងសេចក្ដីត្រេកអរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីក្នុងការជំរុញឱ្យអភិបាលខេត្តនីមួយៗពន្លឿនសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយជូនពួកគាត់ឱ្យសមប្រកប។
លោក សុង ថន ឱ្យដឹងថា៖«បើសិនជាដូចប្រសាសន៍របស់សម្ដេចថាជំរុញឱ្យអភិបាលនៃគណៈអភិបាលខេត្ត ជំរុញឱ្យគាត់(អភិបាលខេត្ត)ដោះស្រាយវិវាទដីធ្លីឱ្យឆាប់ចប់ ខ្ញុំបាទតំណាងឱ្យប្រជាពលរដ្ឋ សូមត្រេកអរដល់សម្ដេចព្រមទាំងអភិបាលខេត្តដែលបានជួយពន្លឿនការដោះស្រាយ ខ្ញុំអរគ្មានអ្វីប្រៀបផ្ទឹមនោះទេ។ ខ្ញុំអរណាស់!»។
យ៉ាងណា លោកឱ្យដឹងបន្ថែមថា មកទល់ពេលនេះគឺលោកពុំទាន់ឃើញអភិបាលខេត្តកំពត លោក ម៉ៅ ធនិន្ទ ចុះមកធ្វើការដោះស្រាយទៅតាមការសន្យាថានឹងចុះមកកាលពីខែ១១ នៅឡើយទេ។ ប៉ុន្តែលោក សុងថន នៅតែបន្តទទូចស្នើឱ្យលោកអភិបាលខេត្តចុះមកជួយដោះស្រាយវិវាទដីធ្លីនេះឱ្យបានកាន់តែឆាប់ ដោយលោកថាអាជ្ញាធរមិនគួរបន្តសន្យាចោលនោះឡើយ។
កាលពីពេលថ្មីៗនេះពលរដ្ឋជាង៣០០គ្រួសាររស់នៅស្រុកឈូក ខេត្តកំពត បានស្នើឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដែលពួកគេបានរស់នៅនិងអាស្រ័យផលជាង២០ឆ្នាំ ប៉ុន្តែត្រូវបានរងការយាយីពីសំណាក់ក្រុមហ៊ុនឯកជនចាប់ពីឆ្នាំ២០២០ ខណៈឆ្នាំ២០២១ ពលរដ្ឋថាដីប្រមាណ ៥ ០០០ហិកតាត្រូវបានរដ្ឋកាត់ឱ្យក្រុមហ៊ុនឯកជនមួយ។
តំណាងសហគមន៍ និងជាជនរងគ្រោះមកពីស្រុក បទុមសាគរ ខេត្តកោះកុង អ្នកស្រី ជុំ ស្រីនៅ បានចាត់ទុកថាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿងត្រឹមត្រូវ ដោយសារតែមើលឃើញពីវិវាទដីធ្លីជាច្រើនកំពុងជាប់គាំងមិនទាន់មានការដោះស្រាយ ជាពិសេសមិនមានការអើពើពីមន្ត្រីថ្នាក់ក្រោម។ មួយវិញទៀត អ្នកស្រីថា ការជាប់គាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ដោយសារមិនបានអាស្រ័យផង។
អ្នកស្រីថា៖«ខ្ញុំគិតថាគាត់(នាយករដ្ឋមន្ត្រី)គិតនឹងត្រឹមត្រូវហើយ ព្រោះអីប្រជាពលរដ្ឋគាត់បាត់បង់ពិតប្រាកដមែន […] ខ្ញុំយល់ថាថ្នាក់ក្រោមគាត់មិនអើពើជាមួយនឹងប្រជាពលរដ្ឋទេ អនុសាសន៍របស់សម្តេចនឹងគាត់បានប្រកាសហើយ ប៉ុន្តែនៅឡើយតែថ្នាក់ក្រោមនៀក»។
នាយកចាត់ការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត បានសង្កេតឃើញថា ជាទូទៅវិវាទដីធ្លីនៅតែបន្តកើតមានខណៈករណីវិវាទដីធ្លីរ៉ាំរ៉ៃធំៗនៅតាមបណ្ដាខេត្តមួយចំនួននៅពុំទាន់មានការដោះស្រាយនៅឡើយ។ ជាក់ស្ដែង លោកថា សហគមន៍នៅតាមបណ្ដាខេត្តដូចជា ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល(ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះថ្មី)ខេត្តសៀមរាប(ទាក់ទងនឹងដីរបស់អាជ្ញាធរអប្សរ)និងខេត្តមួយចំនួនផ្សេងទៀត។ លោកបានគូសបញ្ជាក់បន្ថែមថាកត្តាដែលធ្វើឱ្យករណីវិវាទដីធ្លីកើតមានឡើងដោយសារករណីផ្ដល់ដីសម្បទានសង្គមកិច្ចទៅកាន់ក្រុមហ៊ុនឯកជន ការរំលោភបំពានពីអ្នកមានអំណាច និងការអភិវឌ្ឍផ្សេងទៀត។
លោកបានឱ្យដឹងថា៖ «ការកើតមានវិវាទដីធ្លីហ្នឹង!វាបន្សល់ទុកពីរឿងការផ្តល់សម្បទានដីសេដ្ឋកិច្ចទៅកាន់ក្រុមហ៊ុនហ្នឹង[…]ហើយករណីផ្សេងទៀតគឺកើតឡើងចេញពីអ្នកដែលមានអំណាចមានទ្រព្យធនមួយចំនួនរំលោភបំពានទៅលើដីធ្លីរបស់ប្រជាពលរដ្ឋ ហើយមួយចំនួនទៀតកើតចេញពីការអភិវឌ្ឍដែលធ្វើឱ្យប៉ះពាល់ទៅដល់ដីធ្លីរបស់ប្រជាពលរដ្ឋ»។
យ៉ាងណាមិញ លោក អំ សំអាត ឱ្យដឹងបន្ថែមថា អភិបាលតាមខេត្តនីមួយៗ គួរបន្តពង្រឹងនិងព្យាយាមក្នុងការដោះស្រាយវិវាទដីធ្លីនេះតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីពេលថ្មីៗនេះដោយឱ្យអភិបាលខេត្តព្យាយាមដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការជាជាងតាមប្រព័ន្ធតុលាការ។
លោកសំអាតបន្ថែមថា៖ «ជម្រើសនៃការប្តឹងផ្តល់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋទាក់ទងនឹងទំនាស់ដីធ្លីតាមផ្លូវតុលាការវាមិនមែនជាជម្រើសល្អទេផ្ទុយទៅវិញវាបង្កនូវផលលំបាកច្រើនសម្រាប់ប្រជាពលរដ្ឋ។ ក្រៅពីរងគ្រោះដីធ្លី គាត់ត្រូវរងគ្រោះដោយប្រព័ន្ធតុលាការ គឺការជាប់ពន្ធនាគារ ការជាប់បណ្ដឹងដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់កាន់តែធ្ងន់ធ្ងរថែមទៀត»។
វិលមកតំណាងសហគមន៍ស្រុកបុទុមសាគរខេត្តកោះកុង អ្នកស្រី ជុំ ស្រីនៅ បានដាក់ក្តីរំពឹងថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនេះនឹងក្លាយជាឧបករណ៍ជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីនានាបានជោគជ័យ និងឆាប់រហ័ស។ អ្នកស្រីក៏បានស្នើឱ្យប្រមុខរាជរដ្ឋាភិបាលបន្តតាមដាន និងជំរុញបន្ថែមទៀត ចៀសវាងការព្រងើយកន្តើយរបស់អាជ្ញាធរ។
អ្នកស្រី ស្រីនៅ បន្ថែមថា៖«អនុសាសន៍របស់សម្តេចហ្នឹងបានប្រកាសជាសាធារណៈហើយ សូមឱ្យសម្តេចគាត់ចាត់វិធានការឱ្យថ្នាក់ក្រោមបន្តបន្ទាប់ហ្នឹងចុះមើលស្រាវជ្រាវដល់ប្រជាពលរដ្ឋផង។ ហើយសូមឱ្យដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់»៕