ពលរដ្ឋរស់នៅសហគមន៍ស្រ្តីក្លាហាន ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្ហូរកាកសំណល់បង្គន់ និងទឹកលូ ធ្វើឱ្យជន់លិចផ្ទះ ជះក្លិនស្អុយ និងបង្កការលំបាកដល់ការរស់នៅរបស់ពួកគេមុននឹងរដូវវស្សាឈានចូលមកដល់។
មិនឆ្ងាយប៉ុន្មានពីកណ្ដាលរាជធានីភ្នំពេញ ធ្វើដំណើរមកតាមផ្លូវជាតិលេខ៥ ម្ដុំគីឡូម៉ែត្រលេខ៦ ខាងក្រោយស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន គឺមានសហគមន៍មួយឈ្មោះថា ស្រ្តីក្លាហាន ដែលមាន២០០គ្រួសារកំពុងរស់នៅ។
បើតាមប្រជាពលរដ្ឋ លើកឡើងថា ឱ្យតែមានមេឃភ្លៀង គឺមានទឹកលូ និងកាកសំណល់បង្គន់ហូរពីលូធំមួយកាត់ផ្ទះរបស់ពួកគេ ទាំងនេះដោយសារតែអាជ្ញាធរមិនមានការរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
អ្នកស្រី សេង វណ្ណថា អាយុ៧០ឆ្នាំ លើកឡើងថា ផ្ទះរបស់អ្នកស្រី ជានិច្ចជាកាលនៅរដូវវស្សា គឺលិចដោយសារតែមានការបង្ហូរទឹកលូចេញពីស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ខណៈលូដែលបង្ហូរកាកសំណល់ទឹកកង្វក់ទាំងនោះស្ថិតក្នុងដីឡូត៍អ្នកស្រីតែម្ដង។
អ្នកស្រី វណ្ណថា លើកឡើងថា៖ «ទឹកលូហ្នឹងវាស្អុយ ពេលមានភ្លៀងខ្លាំងមកវាផុលហូរពេញផ្ទះពេញដី លិចទាល់តែភ្លៀងរាំង»។
ស្រ្តីចំណាស់រូបនេះ បន្ថែមថា នៅពេលដែលមានទឹកលិចដូច្នេះ ចៅៗរបស់អ្នកស្រីប្រឈមនឹងការកន្ទួលរមាស់ ក្ដៅខ្លួនជាដើម។ អ្នកស្រីថា ការរស់នៅមិនមានបរិយាកាសល្អឡើយ ដរាបណានៅតែមានទឹកលូហូរមកដូច្នេះ ដូច្នេះអាជ្ញាធរគប្បីចុះមកមើលផ្ទាល់ និងដោះស្រាយបញ្ហានេះ។
អ្នកស្រី វណ្ណថា បន្ថែមទៀតថា៖ «បើភ្លៀងខ្លាំងលិចតែម្ដង ចឹងសំណូមពរឱ្យជួយដោះស្រាយកុំឱ្យទឹកហូរស្អុយអ៊ីចឹងទៀត ក្មេងៗលេងទឹកលូហ្នឹង ឈឺ រមាស់អេះ ព្រោះទឹកហូរមកសុទ្ធតែអាចម៍ មិនមានអនាម័យឯណា បើហូរមកពេញចឹង»។
មិនខុសពីស្រ្តីចំណាស់ខាងលើ លោក ចក់ សុភាព អាយុ៥៥ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ ដែលមានផ្ទះក្បែរនឹងរបងស្ថានីយទូរទស្សន៍ស៊ីធីអិន បានលើកឡើងស្រដៀងគ្នាថា នៅពេលមានទឹកលូហូរមក គឺជួបបញ្ហាដូចតែពលរដ្ឋផ្សេងទៀតដូច្នេះដែរ គឺស្អុយ ហើយកូនចៅកើតកន្ទួលរមាស់ជាដើម ខណៈមិនទាន់មានដំណោះស្រាយណាមួយពីអាជ្ញាធរឡើយ។
លោក សុភាព ឱ្យដឹងថា៖ «ប្រព័ន្ធលូលិចចឹងយូរហើយ វាស្អុយ វាកខ្វក់ ពិបាក ចៅកើតរមាស់ទិញថ្នាំលេបចឹងទៅ ខាងសង្កាត់ប្អូនៗ[ក្រុមស្រ្តីក្លាហាន]ធ្លាប់បានប្រាប់ដែរតែគេមិនរវល់»។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី អិត ខេម អាយុ៤២ឆ្នាំ ថ្លែងប្រាប់ខេមបូចា ថា បញ្ហាទឹកលូដែលហូរមកធ្វើឱ្យលិចផ្ទះពលរដ្ឋ និងជះក្លិនស្អុយ មិនមែនទើបតែកើតមានឡើងទេ គឺយូរឆ្នាំមកហើយ។
អ្នកស្រី ខេម បន្តថា៖ «វាយូរហើយតាំងពីខ្ញុំមកនៅម្ល៉េះ គេទុកចឹង ពេលសហគមន៍ខ្ញុំទៅប្រជុំតាមសង្កាត់ធ្លាប់លើកបញ្ហាហ្នឹងមកដែរ តែគាត់អត់រវីរវល់ទាំងអស់ គាត់គ្រាន់តែសន្យាថាដោះស្រាយឱ្យ ពួកខ្ញុំចេះតែចាំ មិនមែនមួយដង ពីរដងទេ ហើយខ្ញុំចេះតែទ្រាំនៅអ៊ីចឹងទៅ»។
អ្នកស្រី ខេម លើកឡើងទៀតថា នៅពេលមានភ្លៀង ទឹកលូនឹងហូរចេញពីខាងស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន លិចផ្ទះ និងផ្លូវ ពិសេសធ្វើឱ្យក្មេងៗកើតរមាស់ ក៏ដូចជាប៉ះពាល់សុខភាពទៀតផង។ អ្នកស្រី ខេម រំពឹង ថាអាជ្ញាធរឃុំសង្កាត់ នឹងរៀបចំប្រព័ន្ធលូឱ្យមានរបៀបរៀបរយ ដើម្បីឱ្យពលរដ្ឋរស់នៅដោយមានបរិស្ថានស្អាត។
អ្នកស្រី ខេម បន្ថែមថា៖ «វាពិបាកត្រង់ថាវាមានក្លិនស្អុយ ក្មេងលេងទឹកប៉ះពាល់សុខភាព កើតរមាស់ ឈឺ។ ចឹងខ្ញុំចង់ឱ្យខាងសង្កាត់ដោះស្រាយរឿងលូខាងស៊ីធីអិនគាត់បង្ហូរមក ឱ្យមានប្រព័ន្ធលូត្រឹមត្រូវ មានអនាម័យ ព្រោះអានេះប៉ះពាល់ទាំងអស់បរិស្ថាន ពួកខ្ញុំក៏ប៉ះពាល់»។
លោក ម៉ម វណ្ណា ចៅសង្កាត់ឫស្សីកែវ ថ្លែងថា លោកក៏បានដឹងឮពីបញ្ហាដែលពលរដ្ឋលើកឡើង ហើយនឹងរៀបចំដោះស្រាយទៅតាមលទ្ធភាព ត្បិតថាកាលពីមុនតំបន់នេះមិនទាន់មានមនុស្សរស់នៅច្រើនឡើយ។
លោក វណ្ណា ថ្លែងថា៖ «លូហ្នឹងវាមានយូរហើយ ប៉ុន្តែប្រជាពលរដ្ឋពីមុនគាត់អត់សូវស្នាក់នៅអីប៉ុន្មានទេ ទើបរយៈក្រោយមានច្រើន ចឹងការរស់នៅធម្មតាទេ កាលពីអត់ទាន់មានមនុស្សហាក់បីដូចជាអត់មានអ្វីកើតឡើងចឹង។ ចឹងបើគាត់មានចឹង យើងនឹងពិនិត្យលទ្ធភាពជូនគាត់»។
យ៉ាងណាមិញ ចៅសង្កាត់រូបនេះ អះអាងថា សង្កាត់នឹងដោះស្រាយបញ្ហាជូនពលរដ្ឋតាមសំណូមពរតែទន្ទឹមនឹងនេះសង្កាត់ក៏ប្រទះនឹងកង្វះខាតថវិកាផងដែរ។
លោកចៅសង្កាត់លើកឡើងថា៖ «ធម្មតាទេ មូលដ្ឋានយើងមានច្រើន ហើយទាក់ទងថវិកាគឺតាមការយើងកៀរគរចឹងយើងធ្វើតាមលទ្ធភាព»។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ ថ្លែងប្រាប់ខេមបូចា ថា លោកនឹងចាត់ឱ្យក្រុមការងារចុះទៅពិនិត្យមើលទីតាំងដែលប្រជាជនភូមិក្រោលគោស្នើសុំឱ្យរៀបចំប្រព័ន្ធលូ។
លោក ឃុនឌឿន ថ្លែងថា៖ «ប្អូនឯងបញ្ជាក់ឱ្យច្បាស់ នៅក្រោយស៊ីធីអិនមែនទេ? បងនឹងឱ្យពួកហ្នឹងចុះទៅ ព្រោះអីកាលពីទឹកជំនន់ បងដើរទៅអត់មានអ្នកលើកឡើង»។
ជុំវិញបញ្ហានេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ ថ្លែងថា អាជ្ញាធរមូលដ្ឋានគប្បីគិតគូរ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធលូ ដើម្បីសុខមាលភាពរបស់ប្រជាជន និងបរិស្ថានស្អាត។
លោក គឹមអេង មានប្រសាសន៍ថា៖ «លូបង្ហូរទឹកអី ខ្ញុំថា ត្រូវតែរៀបចំឱ្យប្រជាពលរដ្ឋកុំឱ្យមានការលិចលង់ កុំឱ្យមានផលប៉ះពាល់ ឬទឹកកខ្វក់ហូរចូលផ្ទះ ប៉ះពាល់សុខភាព ដែលនេះជារឿងសំខាន់ដែលត្រូវគិត»។
លោក គឹមអេង បន្ថែមថា ផ្ដើមចេញពីលូបង្ហូរទឹកនេះ គួរតែជាផ្នែកមួយដែលគួរតែមានការយកចិត្តទុកដាក់ ហើយការអភិវឌ្ឍគួរតែមើលឱ្យគ្រប់ជ្រុងជ្រោយ និងស្មើភាពគ្នាសម្រាប់ពលរដ្ឋទូទៅ និងប្រជាពលរដ្ឋក្រីក្រ។
លោក គឹមអេង បន្ថែមថា៖ «ការយកចិត្តទុកដាក់របស់រដ្ឋ គឺសំខាន់ណាស់ ដើម្បីធានាបាននូវសុខភាពសាធារណៈ ធានាការរស់នៅស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋផងដែរ»។
សូមជម្រាបជូនថា កាលពីខែមេសា ឆ្នាំ២០២២ សាលារាជធានីភ្នំពេញបានចាប់ផ្តើមគម្រោងការការពារទឹកជំនន់ និងប្រព័ន្ធលូបង្ហូរទឹកក្នុងដំណាក់កាលទី៤ ក្នុងទំហំទឹកប្រាក់ជាង២៧ លានដុល្លារ ដែលត្រូវបានសាងសង់ដោយមានជំនួយអភិវឌ្ឍន៍ពីប្រទេសជប៉ុន។ គម្រោងដែលកំពុងដំណើរការនេះ ត្រូវបានកំណត់ដើម្បីកែលម្អប្រព័ន្ធលូនៅភាគខាងជើងវត្តភ្នំ រួមមានការដំឡើងបំពង់លូប្រវែងជាង១គីឡូម៉ែត្រ រួមទាំងការសាងសង់ស្ថានីយ៍បូមទឹក និងការសាងសង់កន្លែងស្តុកទឹកក្រោមដីដែលមានសមត្ថភាពផ្ទុកទឹកបានចំនួន ៦ ៥០០ម៉ែត្រគូប៕