អាណាព្យាបាលសិស្សនិងនិស្សិតបានលើកឡើងថាពេលនេះជំងឺកូវីដ១៩នៅក្នុងប្រទេសបានធូរស្រាលហើយ ដូច្នេះគួរតែឱ្យសិស្សអាចរៀនផ្ទាល់ជាជាងការរៀនតាមអនឡាញដែលធ្វើឱ្យគុណភាពនៃការសិក្សាបានធ្លាក់ចុះ។
អ្នកស្រី នាង លន់ អាយុ៤៨ឆ្នាំ ជាអាណាព្យាបាលសិស្សថ្នាក់ទី១១ នៃសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ ដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ថា កូនអ្នកស្រីក៏រៀនអនឡាញដែរ គឺថាបង់តែលុយចោលគឺគ្មានចេះស្អីទេ សាលាឱ្យកូនអ្នកស្រីរៀនតាមអនឡាញដូចឱ្យគាត់ចេះលេងហ្គេមអ៊ីងចឹង ពេលអ្នកស្រីសួរកូនម្ដងៗ កូនឆ្លើយថារៀនរហូត តែពេលយើងឈប់សួរ គាត់លេងហ្គេមបន្តទៀត។
អ្នកស្រីឱ្យដឹងថា៖ «ជំងឺកូវីដដូចជាលែងអីហើយ ក្រសួងគួរតែឲ្យសិស្សរៀនផ្ទាល់វិញល្អជាងរៀនអនឡាញ ខាតតែលុយហើយ គ្មានគុណភាពទៀត »។
រីឯអាណាព្យាបាលសិស្សថ្នាក់ទី១២នៃសាលាវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ អ្នកស្រី ឡុង ធារី អាយុ៤៧ឆ្នាំ បានឲ្យដឹងដែរថា រៀនអនឡាញវាមិនល្អទេ ប៉ុន្ដែគ្រាន់បើជាងអត់ តែបើនិយាយរឿងរៀនផ្ទាល់និងរៀនអនឡាញគឺខុសគ្នាឆ្ងាយណាស់ បើអត់តែម្ដងបានយ៉ាប់ អ្នកស្រីថាកូនរបស់គាត់កាលរៀនផ្ទាល់គឺពិន្ទុល្អច្រើន ពេលងាកមករៀនអនឡាញដឹងតែលេងហ្គេមនិងលេងហ្វេសប៊ុកគឺអត់កើតទេ។
អ្នកស្រីបន្ថែមថា៖ «រៀនអនឡាញវាអន់ជាងរៀននៅសាលាហើយ រៀនផ្ទាល់បានល្អ»។
លោក ខាត់ តារារចនា នាយកវិទ្យាល័យវត្តកោះបានលើកឡើងថា វិទ្យាល័យវត្តកោះគឺបានឲ្យសិស្សទាំងអស់រៀនផ្ទាល់វិញ ប៉ុន្ដែនៅប្រលងតាមអនឡាញជាប្រចាំខែហើយការប្រលងតាមអនឡាញនេះគឺគ្មានបានការអ្វីសោះ។
លោកបន្តថា លទ្ធផលប្រលងមិនអាចយកជាការបាន វាទៅជាសិស្សរៀនក្នុងថ្នាក់មិនល្អ ពេលប្រលងតាមអនឡាញបែរជាទទួលបានពិន្ទុល្អជាងសិស្សរៀនពូកែ ពីព្រោះពេលប្រលងវាលួចមើលគ្នា វាលួចមើលស្អីផ្សេងៗ ជាដើមវាធ្វើឲ្យគុណភាពសិស្សធ្លាក់ចុះខ្លាំង។
លោកឱ្យដឹងបន្ថែមថា៖ «ខ្ញុំនឹងឲ្យប្រលងផ្ទាល់វិញក្នុងពេលឆាប់ៗ បើមិនអ៊ីងចឹងទេគឺអត់កើតទេ»។
យុវតី វណ្ណៈ និច អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ រៀនថ្នាក់ទី១១ បាននិយាយថា ការរៀនអនឡាញក៏ល្អម្យ៉ាងដែរ ប៉ុន្ដែអត់សូវបានជួបលោកគ្រូផ្ទាល់អ៊ីងចឹងវាមានការពិបាកបន្ដិចបន្ដួច ពីព្រោះចំណុចណាឆ្ងល់ត្រូវសួរលោកគ្រូ ប៉ុន្តែនៅពេលអ៊ីនធឺណេតយឺត ឬក៏ដាច់ គឺរាងពិបាក ហើយនៅវិទ្យាល័យស៊ីសុវត្ថិរៀនផ្ទាល់ប៉ុន្ដែប្រលងតាមអនឡាញ។
យុវតី និច បន្ដថា៖ «សម្រាប់ខ្ញុំ ខ្ញុំថាប្រលងផ្ទាល់ក៏ល្អដែរ ពីព្រោះសិស្សទាំងអស់បានប្រលងជុំគ្នា ធ្វើលំហាត់ជុំគ្នា តែបើអនឡាញសិស្សខ្លះរវល់ អ៊ីងចឹងអត់បានចូលទៅប្រលងក្នុងអនឡាញទេ»។
កញ្ញា សា តីម៉ះ និស្សិតឆ្នាំទី២មុខវិជ្ជាធនាគារនិងហិរញ្ញវត្ថុនៃសកលវិទ្យាល័យន័រតុន បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា កញ្ញាកំពុងតែបន្ដរៀនតាមអនឡាញដដែល បើទោះបីជាជំងឺវីដ១៩បានធូរស្រាលហើយ ក៏ខាងសាលាគេមិនឲ្យចូលរៀនផ្ទាល់វិញទេ ការរៀនតាមអនឡាញវាធ្វើឲ្យគុណភាពនៃសិក្សាធ្លាក់ចុះខ្លាំង។
កញ្ញា តីម៉ះ បន្ដថា គុណភាពនៃការសិក្សាធ្លាក់ចុះខ្លាំងដោយសារតែកត្ដា២ ទី១គឺកត្ដាសិស្សខ្លួនឯងបើកតែទូរសព្ទឬកុំព្យូទ័រចោលជូនកាលដេកលក់បាត់ទៅនិងមិនមានចិត្តចង់រៀនផង ទី២កត្ដាគ្រូ មិនសូវជាតាមដានការសិក្សារបស់សិស្សចេះតែដាក់មេរៀនហើយសួរសិស្សតិចតួចក៏ចប់ទៅ។
កញ្ញាក៏បានបន្ថែមទៀតថា៖ «ខ្ញុំសុំស្នើដល់ក្រសួងអប់រំនិងសាលាមេត្តាប្ដូរកម្មវិធីសិក្សាឱ្យពួកខ្ញុំបានរៀនដោយផ្ទាល់វិញ បើមិនចឹងទេគឺពិបាកណាស់សម្រាប់ការសិក្សារបស់ពួកខ្ញុំ ចប់តែឆ្នាំគ្មានចេះស្អីទេ»។
និស្សិតឆ្នាំទី២មុខវិជ្ជាជីវវិទ្យា)នៃអង្គការកម្មវិធីអភិវឌ្ឍន៍អៀនផ្ងាយដចិត្តចង់រៀនផងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ទៀត កញ្ញា ហម ស្រីពេជ្រ បានរៀបរាប់ថា ការរៀនអនឡាញនិងការរៀនផ្ទាល់ខុសគ្នាឆ្ងាយណាស់ ការរៀនអនឡាញមានកម្រិតទាប តែវាក៏មានអត្ថប្រយោជន៍ខ្លះដែរ ដូចជាគាត់មានពេលស្រាវជ្រាវច្រើន មានពេលអនុវត្តន៍ខ្លួនឯងច្រើនហើយគាត់ក៏មានពេលជួយកិច្ចការសង្គមខ្លះៗដែរ។ ទន្ទឹមគ្នានេះបើបានរៀនផ្ទាល់សិស្សបានជួបលោកគ្រូ អ្នកគ្រូ ពួកគេបានសួរនាំដោយផ្ទាល់វាធ្វើឲ្យពួកគេឆាប់ចេះ ឆាប់យល់និងទទួលបានចំណេះដឹងច្រើនពីគ្រូ។
កញ្ញាបន្ថែមថា៖ «បើអាច ក្រសួងអប់រំគួរតែដាក់ម៉ោងរៀនផ្ទាល់ឲ្យច្រើនជាងការរៀនតាមអនឡាញទៅ ដូចជាថារៀនផ្ទាល់១០ម៉ោង រៀនអនឡាញ២ម៉ោងគឺសិស្សពួកគាត់អាចស្រាវជ្រាវខ្លួនឯង អ៊ីងចឹងសិស្សចេះទាំង២ ចេះទាំងការរៀនផ្ទាល់ ចេះទាំងតាមអនឡាញ»។
ឆ្លើយតបនឹងបញ្ហានេះ លោក រស់ សុវាចា អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការនៃក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំបាននឹងបន្តអនុវត្តការរៀននិងបង្រៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សានៃដំណើការគ្រឹះស្ថានសិក្សាសាធារណ:និងឯកជន តាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ។
លោក សុវាចា បានបន្ថែមថា៖ «សុំឲ្យអាណាព្យាបាលទាំងអស់មេត្តាយោគយល់ផង ក្រសួងកំពុងគិតគូររឿងហ្នឹង »។
លោក នី វាសនា មន្ដ្រីកម្មវិធីវិនិយោគយុវជនដើម្បីការងារនិងអភិវឌ្ឍភាពជាអ្នកដឹកនាំនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) បានថ្លែងថា ការរៀនអនឡាញវាជាបរិបទថ្មីសម្រាប់ប្រទេសកម្ពុជា ប៉ុន្ដែវាមិនថ្មីសម្រាប់ប្រទេសសេរីឬក៏ប្រទេសជឿនលឿន អ៊ីងចឹងទាំងសិស្សទាំងគ្រូតាមអត់ទាន់បច្ចេកវិទ្យាហ្នឹងទេ ហើយវានាំឱ្យការបង្រៀនរបស់គ្រូមិនបានដិតដល់ ជាពិសេសគឺគ្រូនិងសិស្សមើលមុខអត់ឃើញ ហើយមានបញ្ហាអ៊ីនធើណេតទៀត ពេលខ្លះសិស្សបើកតែចោលក៏មាន។
លោក វាសនា បន្ដថា អាណាព្យាបាលសិស្សកាន់តែចំណាយច្រើនថែមទៀត បង់ថ្លៃសាលាផង ថ្លៃសេវាអ៊ីនធើណែតផងហើយអាណាព្យាបាលត្រូវចំណាយពេលតាមដានកូនរៀនទៀត។
លោកបន្ថែមទៀតថា៖ «បើក្រសួងនៅតែបន្ដអនឡាញនេះ គឺវាអាចបន្ដបានលុះតែក្រសួងត្រូវធ្វើការច្រើនទៅលើរឿងហ្នឹង ជាពិសេសការបំពាក់បច្ចេកវិទ្យានិងគ្រូត្រូវពង្រឹងសមត្ថភាពគាត់បែបបង្រៀនអនឡាញទើបការបង្រៀនអស់ហ្នឹងវាមានគុណភាពខ្លះ»។
កញ្ញា វណ្ណ ស្រីរ័ត្ន អាយុ២០ឆ្នាំជានិស្សិតឆ្នាំទី៣នៃសកលវិទ្យាល័យកម្ពុជា ដែលរៀនខាងជំនាញទំនាក់ទំនងអន្ដរជាតិ ប្រាប់ខេមបូចាថា កញ្ញានៅតែបន្ដរៀនអនឡាញដដែល បើទោះបីជាបញ្ហាជម្ងឺកូវីដ១៩បានធូរស្រាលហើយក៏ដោយ។ កញ្ញាមើលឃើញថាមូលហេតុដែលសាលាបន្ដឲ្យរៀនអនឡាញដោយសារតែគេមើលឃើញពីផលប្រយោជន៍មួយចំនួនដូចជាមិនបាច់ចំណាយថ្លៃទឹកថ្លៃភ្លើងនិងចំណាយអ្វីផ្សេងៗទៀតនោះទេ។
កញ្ញាបន្ដថា បើនិយាយពីគុណភាពវិញគឺបានតែ២០%យ៉ាងច្រើនបើរៀនផ្ទាល់អាចបាន៧០%ទៅ៨០% ដូច្នេះវាខុសគ្នាច្រើនពីការៀនផ្ទាល់ជាពិសេសកញ្ញាថាក៏ចង់បោះបង់ការសិក្សាម្ដងម្កាលដែរ ប៉ុន្ដែខ្លាចខាតឆ្នាំទើបចេះតែបន្ដទៅ។
កញ្ញាបានប្រាប់ថា៖ «ក្រសួងគួរតែមានការជំរុញទៅគ្រប់សាលាទាំងអស់ឲ្យសិស្សអាចរៀនផ្ទាល់វិញ ពីព្រោះជំងឺដូចជាលែងអីហើយ»។
លោក ញ៉ សញ៉េ សកលវិទ្យាធិការងទទួលបន្ទុកផ្នែកគុណភាពអប់រំនៃសកលវិទ្យាល័យកម្ពុជា មានប្រសាសន៍ថា លោកមិនអាចឆ្លើយបានទេពាក់ព័ន្ធនិងរឿងសិក្សាតាមអនឡាញ។
លោកមានប្រសាសន៍យ៉ាងខ្លីថា៖ «ខ្ញុំបានពិភាក្សាជាមួយរដ្ឋបាលសាលាហើយ ខ្ញុំមិនអាចឆ្លើយបានទេ បងអាចទៅមើលព័ត៌មានលើផេករបស់សាលាបាន»។
ចំណែកឯ លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា បានលើកឡើងថា ការសិក្សាតាមអនឡាញវាមិនអាចជំនួសការរៀនផ្ទាល់បានទេ ប៉ុន្ដែវាក៏គ្រាន់បើជាងអត់ មួយវិញទៀតកូវីដដូចជាស្ងាត់ហើយដែរ ក្រសួងក៏គួរតែគិតគូរឲ្យពួកគាត់ចូលរៀនផ្ទាល់វិញក្នុងពេលឆាប់ៗបើអាច ណាមួយខកខាតរៀនផ្ទាល់យូរហើយ។
លោកបន្ដថា៖ «ខ្ញុំគិតថាក្រសួងអប់រំគួរតែបើកឲ្យរៀនផ្ទាល់កាន់តែច្រើនកាន់តែល្អនិងទៅតាមលទ្ធភាពពីព្រោះយើងខាតច្រើនហើយ ក្រែងលអាចស្រង់ដើមបានវិញខ្លះ»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា( CITA) បានអះអាងថា ការសិក្សាតាមអនឡាញ គឺវាធ្វើឲ្យការសិក្សារបស់សិស្សធ្លាក់គុណភាព ជាពិសេសវាគ្រាន់តែរៀននៅពេលមានជំងឺកូវីដកើតឡើងទេ ប៉ុន្ដែពេលនេះតាមរបាយការណ៍ក្រសួងសុខាភិបាល គឺគ្មានអ្នកឆ្លងទេ អ៊ីងចឹងសិស្សអាចរៀនផ្ទាល់វិញបានហើយត្រង់ចំណុចនេះក្រសួងគួរតែគិតឡើងវិញ។
អ្នកស្រីបន្តថា ការសិក្សាតាមអនឡាញមួយវិញទៀតសោត គឺអាចមានបញ្ហា៤ធំៗដែលសិស្សប្រឈម ទី១បញ្ហាអ៊ីនធើណេត ទី២ត្រូវចំណាយលុយបន្ថែម និងទី៣ខ្វះអ្នកជម្រុញនិងអ្នកតាមដាន ទី៤បញ្ហាជីវភាពធ្លាក់ចុះដោយសារសេដ្ឋកិច្ចសង្គម ទាំងអស់នេះក៏ជាកត្ដាដែលធ្វើឱ្យសិស្សធ្លាក់គុណភាពអប់រំ។
អ្នកស្រី ឆាយាវី លើលឡើងទៀតថា អ្នកស្រីហ៊ានវាយតម្លៃថា រីឯថ្នាក់ដឹងនាំក្រសួងអប់រំខ្លួនឯងគួរតែចំណាយពេលគិតគូររកវិធីសាស្រ្ដនិងយកចិត្តទុកដាក់បង្កើតការអប់រំឱ្យបានច្រើនជៀសវាងយកពេលវេលាដែលត្រូវគិតគូររឿងគុណភាពនៃការអប់រំទៅបម្រើនយោបាយ។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «ការសិក្សាតាមអនឡាញគឺបានតែ២៥%ប៉ុណ្ណោះបើក្រសួងនៅតែបន្ដគឺយ៉ាប់តែម្ដង»។