សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវករមួយចំនួនភ័យខ្លាចក្នុងការនាំបន្លែទៅលក់នៅភ្នំពេញ បន្ទាប់ពីមានការគំរាមពីសមត្ថកិច្ច

អាជីវករមួយចំនួននៅស្រុកកោះធំ និងស្រុកស្អាងខេត្តកណ្តាល បង្ហាញការភ័យខ្លាចមិនហ៊ានដឹកបន្លែយកទៅលក់នៅក្នុងរាជធានីភ្នំពេញដូចមុនទៀត ដោយអ្នកខ្លះអះអាងថា ធ្លាប់រងការគំរាមកំហែងដាក់ខ្នោះ និងខ្លះទៀតថា សុំលិខិតបញ្ជាក់ពីអាជ្ញាធរមិនបាន។

អ្នកស្រី ម៉ី ឡៃហ៊ាង ជាអ្នកប្រមូលទិញបន្លែពីស្រុកស្អាងយកទៅលក់ឱ្យក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ។ អ្នកស្រីអះអាងថា អ្នកស្រីមានលិខិតបញ្ជាក់ពីអាជ្ញាធរឃុំស្វាយប្រទាល និង លិខិតពីក្រុមហ៊ុនដែលទិញបន្លែ ប៉ុន្តែនៅថ្ងៃទី២២ ខែមេសា ត្រូវអាជ្ញាធរក្រុងតាខ្មៅឃាត់ទុកអស់ជាងមួយម៉ោងទើបអនុញ្ញាតឱ្យដឹកបន្តទៅភ្នំពេញ។

អ្នកស្រី ម៉ី ឡៃហ៊ាង បញ្ជាក់ថា អ្វីដែលតក់ស្លុតខ្លាំងនោះ ពេលទៅដល់ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកស្រីផ្ទាល់ បងប្រុស និងឪពុកត្រូវសមត្ថកិច្ចមួយក្រុមយាមល្បាត គំរាមវាយខ្នោះ។

អ្នកស្រី ម៉ី ឡៃហ៊ាង៖«សុំកូនចៅគាត់ចូលបានហើយ គេឱ្យចូលដល់ពេលចូលទៅដល់លេងមេគាត់ស្រែកមកពីក្រោយ ស្រែកមកពីខាងក្រោយថា អាណាឱ្យពួកហ្អែងចូលហ្អាស់! អាណាឱ្យពួកហ្អែងចូល ផាកម្នាក់២លានហ្អាស់!។ មើលៗ យកខ្នោះមកដាក់ពួកហ្អែងហ្មង»។

អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីការសុំទោស ហើយព្យាយាមសុំអង្វរ និងបង្ហាញឯកសារផ្សេងៗទើបបានទៅបន្ត។ អ្នកស្រីនៅតែមានអារម្មណ៍ភ័យខ្លាចដក់នៅក្នុងចិត្ត ហើយមិនហ៊ានប្រមូលទិញបន្លែយកទៅភ្នំពេញទៀតទេ។

អ្នកស្រី ម៉ី ឡៃហ៊ាង៖«មានអារម្មណ៍ថា ស្លុតហ្មង ទន់ដៃទន់ជើងអស់ហើយមិនដឹងធ្វើអីកើត។ ដល់ពេលចឹងបាក់តែម្តង»។

ជុំវិញករណីនេះអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែងថា លោក មិនជឿថា សមត្ថកិច្ចដល់ថ្នាក់គំរាមដាក់ខ្នោះពលរដ្ឋគ្រាន់តែដឹកបន្លែលក់នោះទេ។

លោក ម៉េត មាសភ្តី៖«ខ្ញុំគិតថា មិនដល់ថ្នាក់អាជ្ញាធរណា គំរាមរហូតដល់ទៅខ្នោះជាឃ្នាងអ៊ីចឹងទេ និយាយត្រង់»។

លោក ក៏មិនបានបញ្ជាក់ថា គួរស្រាវជ្រាវលើករណីនេះថា មានពិតឬអត់ដែរ ដោយលោកប្រាប់ថារវល់ ហើយបានបិទទូរសព្ទ។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យដឹងថា ចាប់ពីការបិទខ្ទប់រាជធានីភ្នំពេញពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ខែមេសា គឺសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបំពានវិធានការបិទខ្ទប់ចំនួន២៤០នាក់ ក្នុងនោះ ១១នាក់បញ្ជូនទៅតុលាការ ២១៣នាក់ត្រូវផាកពិន័យ និងអ្នកផ្សេងទៀត ត្រូវណែនាំអប់រំមុនអនុញ្ញាតឱ្យទៅផ្ទះវិញ។

អាជីវករម្នាក់ទៀតនៅឃុំព្រែកស្តី ស្រុកកោះធំ អ្នកស្រី សែម សុភា អះអាងថា គាត់ស្នើសុំលិខិតបញ្ជាក់ពីអាជ្ញាធរ តែខាងអាជ្ញាធរឃុំថា មិនមានសិទ្ធិចេញឱ្យទេ។ អ្នកស្រី បានទាក់ទងទៅអាជ្ញាធរស្រុកកោះធំ និងខេត្តកណ្តាល ក៏អាជ្ញាធរទាំងនេះមិនព្រមចេញលិខិតឱ្យដែរ ដោយលើកហេតុផលថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យចេញលិខិតបញ្ជាក់ឱ្យអ្នកដឹកបន្លែទៀតទេ ព្រោះត្រូវរឹតបន្តឹងការទប់ស្កាត់ការឆ្លងមេរោគកូវីដ។

សមត្ថកិច្ចដាក់បារ៉ាស់បិទខ្ទប់ព្រំប្រទល់ក្រុងតាខ្មៅនៃខេត្តកណ្តាល និងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សមត្ថកិច្ចដាក់បារ៉ាស់បិទខ្ទប់ព្រំប្រទល់ក្រុងតាខ្មៅនៃខេត្តកណ្តាល និងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រុងតាខ្មៅនៃខេត្តកណ្តាល និងរាជធានីភ្នំពេញដាក់បារ៉ាស់បិទផ្លូវចេញនិងចូល អ្នកស្រីបញ្ជាក់ថា មានអាជីវករមួយចំនួននៅតែលួច ឬព្យាយាមសម្របសម្រួលជាមួយអាជ្ញាធរដើម្បីដឹកបន្លែចូលរាជធានី ប៉ុន្តែអ្នកស្រីថា សម្រាប់រូបគាត់មិនហ៊ានដឹកយកទៅភ្នំពេញទេ ដោយសារឃើញព័ត៌មាន និងដឹងពីមិត្តភ័ក្តិជាអ្នកលក់ដូចគ្នាពីការរឹតបន្តឹង ឬ ឃាត់ខ្លួន។

អ្នកស្រី សែម សុភា និយាយថា៖ «គេអត់ឱ្យចេញតែម្តង គេអត់ឱ្យទៅ គេអត់ឱ្យនាំចូលទេព្រោះគេបិទតាំងពីថ្ងៃហ្នឹងមក។ ទៅគេមិនឱ្យទៅបន្លែអីក៏គេមិនឱ្យចូលភ្នំពេញទាំងអស់ហ្នឹង។ អត់អនុញ្ញាតគាត់លែងហ៊ានទទួលខុសត្រូវហើយ។ បើយើងចេះតែទៅៗ លួចលាក់ទៅបើសិនជាគេចាប់បាន ទុកនៅភ្នំពេញទៅ ឃុំឃាំងនៅណឹងទៅ ៤ទៅ១០ថ្ងៃចឹងទៅ»។

អ្នកស្រី សែម សុភា បន្តថា ការរឹតបន្តឹងរបស់អាជ្ញាធរធ្វើឲ្យប៉ះពាល់ទាំងកសិករ និងអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

អ្នកស្រី សែម សុភា៖«គាត់ធ្វើចឹងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅភ្នំពេញដែលគាត់អត់អីហូបហើយ ចំពោះប្រជាពលរដ្ឋដែលគាត់ខំដាំបានផលហើយ ហើយបើមានអ្នកនាំម្នាក់ចឹងទៅប្រជាជននៅនេះគាត់មានលុយហើយអ្នកនោះបានហូបគ្រប់គ្រាន់ហើយតម្លៃក៏សមរម្យ។ ដល់ពេលយកទៅលួចលាក់ចឹង អ្នកលួចទៅបានមួយរ៉ឺម៉កពីររ៉ឺម៉កលក់ថ្លៃខ្លាំង»។

កសិករដាំបន្លែដូចជា ម្អម ជីរ ម្ចេស ត្រកួនជាដើមនៅស្រុកកោះធំ អ្នកស្រី ហុង កុលាប លើកឡើងថាបន្លែរបស់គាត់ និងអ្នកភូមិនៅជិតខាងគាត់ជួបបញ្ហាដូចគ្នាដោយលក់មិនអស់ ព្រោះឈ្មួញកណ្តាលឈប់មកទិញ បន្ទាប់ពីមានការបិទខ្ទប់ក្រុងតាខ្មៅ និងភ្នំពេញ។

អ្នកស្រីសម្រេចចិត្តផ្អាកប្រមូលផល ដោយទុកឱ្យខូចចោលនៅក្នុងចំការ។

អ្នកស្រី ហុង កុលាប៖«ប៉ះពាល់ វាផ្កា វាចាស់ខូចចោល ចឹងទៅច្រូតចោលទៅ ហើយយើងក៏មិនមានប្រាក់ចំណូលយើងសង្ឃឹមលើវា»។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ លើកឡើងថា ក្នុងតំបន់បិទខ្ទប់អាជីវករមានការភ័យខ្លះជារឿងធម្មតាព្រោះសមត្ថកិច្ចត្រូវការសួរនាំ ប៉ុន្តែលោកថា មិនមានការរារាំងឬឃាត់ខ្លួនទេ។

លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា៖«គាត់ភ័យវាត្រូវហើយ គាត់ត្រូវភ័យខ្លាចចឹងហើយ ព្រោះគេត្រូវការត្រួតពិនិត្យភាពត្រឹមត្រូវ ដឹកជញ្ជូនត្រឹមត្រូវទេ? បន្លែត្រឹមត្រូវទេ? ព្រោះតំបន់ដែលមានការរាំងខ្ទប់។ ប៉ុន្តែជារួមអត់មានពីណាទៅឃាត់គាត់ទេ»។

លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាលបានដោះស្រាយបន្តបន្ទាប់សម្រាប់ជួយដល់កសិករ ក៏ដូចជាអាជីវករលក់បន្លែ ហើយបានរៀបចំកន្លែងថ្មីសម្រាប់បន្លែបោះដុំនៅក្រុងតាខ្មៅ។

លោក គង់ សោភ័ណ្ឌ៖«អាជីវករដែលគាត់មានបន្លែអាចបោះដុំបាននៅសង្កាត់រកាខ្ពស់។ សង្កាត់រកាខ្ពស់ណឹង គាត់អាចមកបោះដុំបោះអីបានមួយចំនួន»។

អាជីវករលក់បន្លែ ត្រីនិងសាច់ នៅតាមចិញ្ចើមផ្លូវ៣១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា បន្ទាប់ពីបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ។ ខេមបូចា/ អាន វិចិត្រ
អាជីវករលក់បន្លែ ត្រីនិងសាច់ នៅតាមចិញ្ចើមផ្លូវ៣១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា បន្ទាប់ពីបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ។ ខេមបូចា/ អាន វិចិត្រ

អ្នកជំនាញទីផ្សារកសិកម្ម និងការដាំដុះ លោក យ៉ង សាំងកុមារ លើកឡើងថា ជាឱកាសល្អបើអាជ្ញាធរពាក់ព័ន្ធអាចសម្របសម្រួលបានជួយទាំងកសិករ និងការផ្គត់ផ្គង់ស្បៀងអាហារ ដែលកំពុងខ្វះខាតក្នុងរាជធានីភ្នំពេញ។

លោក យ៉ង សាំងកុមារ៖«វាចូលរួមចំណែកមិនមែនតែកសិករទេ បញ្ហាសេដ្ឋកិច្ច បញ្ហាទីផ្សារ គឺវាជួយទៅដល់ការប្រយុទ្ធជាមួយកូវីដ-១៩។ ព្រោះរឿងស្បៀងជារឿងមួយសំខាន់ណាស់ ក្នុងការគ្រប់គ្រងកូវីដ-១៩ ព្រោះមនុស្សកាលណាអត់ស្បៀងគាត់មានការស្រេចឃ្លាន ពិបាកគ្រប់គ្រងណាស់»។

នៅថ្ងៃទី២៣ខែមេសា សាលារាជធានីភ្នំពេញសម្រេចឱ្យផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ដោយមូលហេតុការពារកុំឱ្យឆ្លងរីករាលដាលមេរោគកូវីដ-១៩។ អាជីវករមួយចំនួនបាននាំគ្នាលក់ចល័តដោយដឹកតាមរ៉ឺម៉ក និងខ្លះទៀតលក់តាមចិញ្ចើមផ្លូវ។

ក្នុងអំឡុងពេលបិទខ្ទប់នេះ ពលរដ្ឋនៅរាជធានីភ្នំពេញមួយចំនួនត្អូញត្អែរថា តម្លៃម្ហូបអាហារឡើងថ្លៃខ្លាំងដូចជា ត្រកួននៅស្រុកកោះធំ និងស្រុកស្អាងតម្លៃពី១៥០០រៀលទៅ២០០០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែនៅរាជធានភ្នំពេញពី៨០០០រៀលទៅ ១ម៉ឺនរឿល ក្នុង១គីឡូក្រាម។

កញ្ញា ថុន ចិន្តា រស់នៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញថ្លែងថា បន្លែគ្រប់មុខនៅតំបន់គាត់រស់នៅឡើងថ្លៃខុសពីធម្មតា ដោយឡើងលើសមុនពីចន្លោះ២០០០ ទៅ៣០០០រៀលក្នុង១គីឡូក្រាម។ ក្នុងស្ថានភាពនេះ ចិន្តា និងអ្នកដទៃទៀតមិនអាចរកចំណូលបានហើយត្រូវចំណាយលើអាហារឡើងថ្លៃកាន់តែលំបាកថែមទៀត។

កញ្ញា ថុន ចិន្តា៖«ចង់ឱ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃបន្លែឱ្យដូចតម្លៃដើម ដែលអត់ទាន់មានកូវីដចឹង។ ព្រោះបើបន្លែនៅតែឡើងថ្លៃ គឺប្រជាពលរដ្ឋគាត់កាន់តែត្អូញត្អែរ ព្រោះសម័យកូវីដហើយបន្លែកាន់តែឡើងថ្លៃ ហើយប្រជាពលរដ្ឋខ្មែរគាត់រកចំណូលអត់បានទេ ដោយសារតែម្នាក់ៗគាត់នៅតែក្នុងផ្ទះ»។

បើតាមលោក យ៉ង សាំងកុមារ នៅរាជធានីភ្នំពេញត្រូវការបន្លែក្នុង១ថ្ងៃប្រមាណ១០០០តោន ហើយផ្សារធំៗដែលបែងចែកបន្លែនៅក្នុងរាជធានីភ្នំពេញមានផ្សារដើមគរ ផ្សារនាគមាស និងផ្សារច្បារអំពៅ ប៉ុន្តែបច្ចុប្បន្នផ្សារទាំង៣នេះ ក៏ស្ថិតនៅក្នុងចំណោមផ្សារផ្សេងទៀតដែលអាជ្ញារសម្រេចឱ្យផ្អាកដំណើរការដែរ៕

767 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម