អ្នកស្រី ប៉ែន ស្រីពេជ្រ ជាអតីតពលករខ្មែរធ្លាប់ទៅធ្វើការនៅរោងចក្រត្រីខនៅក្នុងប្រទេសថៃ អស់រយៈពេលប្រមាណជាជិត៤ឆ្នាំ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយប្តីរបស់គាត់ កាលពីដើមឆ្នាំ២០១៨នៅពេលនាងមានទម្ងន់កូនដំបូងជិតគ្រប់ខែ។
អ្នកស្រីមានស្រុកកំណើត នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជា-វៀតណាម។ តាមគម្រោងស្ត្រីមានវ័យ៣០ឆ្នាំរូបនេះ និងប្តី នឹងវិលត្រឡប់ទៅធ្វើការនៅរោងចក្រត្រីខនៅក្នុងប្រទេសថៃវិញ បន្ទាប់ពីសម្រាលកូនរួច ប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ២០១៩ក៏មានផ្ទុះរាលដាលជំងឺកូវីដ-១៩ ហើយប្តីរបស់នាងដែលមានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានសុខភាពខ្សោយស្រាប់ ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានស្លាប់ក្នុងរយៈពេល៣ខែក្រោយមក។
ស្ត្រីមេម៉ាយកូន១រូបនេះ បានប្រាប់ សារព័ត៌មានខេមបូចា តាមរយៈបណ្តាញសង្គមថា៖ «ឥឡូវខ្ញុំធ្វើការនៅរោងចក្រកាត់ដេរក្នុងក្រុងបាវិតខេត្តស្វាយរៀង។ ខ្ញុំធ្វើការនៅទីនេះបានប្រមាណ៤ឆ្នាំហើយ។ ធ្វើការនៅនេះ បើខែខ្លះថែមម៉ោងច្រើនអាចបានប្រាក់ខែដល់៤០០ដុល្លារ ឬលើសតិចតួច ប៉ុន្តែបើថែមម៉ោងតិចអាចបាន៣៥០ដុល្លារអីទេ»។
ស្រីពេជ្រ បានជួលបន្ទប់ស្នាក់នៅជាមួយប្អូនប្រុសវ័យ២០ឆ្នាំ និងប្អូនប្រុសជីដូនមួយ វ័យ២១ឆ្នាំនៅជាយក្រុងបាវិត ដែលមានចម្ងាយពីកន្លែងធ្វើការប្រមាណជា៥០០ម៉ែត្រ។ នៅក្នុងខែតុលានេះម្ចាស់បន្ទប់ជួលបានដំឡើងថ្លៃបន្ទប់ដល់៤០ដុល្លារ ខណៈកាលពីមុនមានតម្លៃ៣០ដុល្លារគឺ៣នាក់បងប្អូនត្រូវចេញថ្លៃបន្ទប់១០ដុល្លារម្នាក់។
ស្រ្តីកម្មកររូបនេះបានត្អូញត្អែរថា៖ «ពិបាកដែរហ្នឹងបង ប្រាក់ឈ្នួលគោលទាល់តែឆ្នាំក្រោយបានឡើង២ដុល្លារ ប៉ុន្តែឥឡូវបន្ទប់ជួលឡើង១០ដុល្លារមុនបាត់។ ខ្ញុំពីរនាក់ប្អូនខ្ញុំត្រូវខំសន្សំលុយដើម្បីដោះបំណុលធនាគារដែលខ្ចីគេ៧ពាន់ដុល្លារ កាលពី៣ឆ្នាំមុន។ ខ្ចីគេ៧ពាន់ គឺដើម្បីសងគេខ្លះ ពីព្រោះកាលពីអំឡុងកូវីដនិងក្រោយកូវីដរកអីអត់បាន មើលជំងឺប្តីផងមើលជំងឺម៉ែផង និងទិញម៉ូតូ១ទុកជិះ២នាក់បងប្អូន។ ពិបាកណាស់បង អ្នកក្រ»។
នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ស្រីពេជ្រ និងប្អូនប្រុស ត្រូវវិលទៅផ្ទះដើម្បីជួបម្តាយនិងកូនហើយត្រូវវិលត្រឡប់មកធ្វើការវិញនៅព្រឹកព្រលឹមថ្ងៃចន្ទនៅសប្តាហ៍បន្ទាប់។
ចំណែកអ្នកនាង គឹម ជា ជាកម្មកររោងចក្រកាត់ដេរនៅម្តុំទំបន់កប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលមានកូន២នាក់ក្នុងបន្ទុក កូនប្រុសបងអាយុ១០ឆ្នាំ និងកូនស្រីពៅអាយុ៧ឆ្នាំបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ អ្នកនាងទទួលបានប្រាក់ឈ្នួលគោលក្នុង១ខែ២០៨ដុល្លារ ហើយបើបូករួមទាំងការធ្វើការថែមម៉ោងគិតជាមធ្យមក្នុងមួយខែបានច្រើនបំផុត៣៥០ដុល្លារ។
អ្នកនាងបានត្អូញត្អែរថា៖ «ការធ្វើការថែមម៉ោងមិនទៀងទាត់ទេលោកពូ ថ្ងៃខ្លះក៏ថែមម៉ោងថ្ងៃខ្លះក៏អត់។ បើថែមម៉ោងច្រើនបាន៣៥០ដុល្លារ តែបើអត់សូវមានការងារថែមម៉ោងបានតិចជាងនេះ។ មានគេប្រាប់ថា ចាប់ពីខែមករាឆ្នាំ២០២៦ទៅ ប្រាក់ឈ្នួលគោលកម្មករនឹងត្រូវដំឡើងឱ្យ២ដុល្លារទៀត ប៉ុន្តែឥឡូវប្រាក់ឈ្នួលមិនទាន់ឡើងផងផ្ទះជួលខ្មុំស្នាក់នៅម្នាស់ផ្ទះឡើង១០ដុល្លារមុនបាត់ហើយលំបាកណាស់លោកពូ»។
បន្ទប់ជួលរបស់អ្នកនាង គឹម ជា ត្រូវឡើងថ្លៃពី៣០ដុល្លារទៅ៤០ដុល្លារក្នុងមួយខែបូករួមទាំងថ្លៃទឹកថ្លៃភ្លើងជាមធ្យមអស់ប្រមាណជាង១០ដុល្លារទៀត និងការចំណាយលើការហូបចុកប្រចាំថ្ងៃ ព្រមទាំងការរៀនសូត្ររបស់កូនគឺមិនមានសល់ប្រាក់សម្រាប់សន្សំឡើយ។
ក្រៅពីជួបការលំបាកខាងជីវភាពស្ត្រីដែលមានកូន២នាក់ក្នុងបន្ទុករូបនេះបាននិយាយថា បច្ចុប្បន្ននាងក៏ជួបការលំបាកក្នុងការរស់នៅផងដែរ ដោយសារអ្នកជិតខាងតែងតែចាក់ធុងបាស់ឮខ្លាំងៗស្ទើតែរៀងរាល់ថ្ងៃ ធ្វើឱ្យមានសំឡេងរំខានពិបាករស់នៅ។
ចំណែកអ្នកនាង សន ស្រីការ អាយុ៣៥ឆ្នាំ ជាកម្មករដែលជួលបន្ទប់ស្នាក់នៅជាមួយប្អូនស្រីបង្កើតម្នាក់និងប្អូនស្រីជីដូនមួយម្នាក់ទៀត នៅក្បែររោងចក្រនៅផ្លូវវ៉េងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទប់ជួលនាងមិនបានឡើងថ្លៃនោះទេគឺនាងនិងប្អូនស្រីនាងបានជួលស្នាក់នៅជិត២ឆ្នាំមកហើយគឺនៅតែតម្លៃ៤០ដុល្លារដដែលក្នុង១ខែ។
កម្មកររោងចក្រដែលមកពីស្រុកកណ្តាលស្ទឹងខេត្តកណ្តាលរូបនេះនិយាយថា អ្នកនាងមិនសប្បាយចិត្តនឹងការដំឡើងប្រាក់ឈ្នួល២ដុល្លារស្មើនឹង៨ពាន់រៀលនៅឆ្នាំ២០២៦នោះទេ ខណៈបច្ចុប្បន្នអ្វីៗគ្រប់យ៉ាងសុទ្ធតែឡើងថ្លៃសូម្បីតែសាប៊ូបោកខោអាវនិងគ្រឿងហូបចុក។
ស្រីការ បាននិយាយទៀតថា៖ «ឥឡូវប្រាក់ខែបូកទាំងថែមម៉ោងថែមអីជាមធ្យមបាន៣៥០ឬ៣៦០អីនឹងពូ ចេះតែខំធ្វើការទៅបើមិនធ្វើកម្មកររោងចក្រមិនដឹងទៅរកអីទេខ្ញុំ។ ខ្ញុំមានកូន២នាក់ឆ្នាំនេះរៀនថ្នាក់ទី៨ និងថ្នាក់ទី១ ប្តីខ្ញុំគាត់ដើរធ្វើសំណង់១ថ្ងៃបាន៥-៦ម៉ឺនរៀលពេលខ្លះក៏អត់មានការងារធ្វើដែរ។ ចេះតែខំរកទាំងអស់គ្នាទៅពូ គ្រាន់បានប្រាក់ចិញ្ចឹមកូនឱ្យរៀនសូត្រផង និងសងបំណុលគេផង»។

ស្ត្រីម្ចាស់បន្ទប់ជួលម្នាក់នៅក្រុងបាវិតដែលបដិសេធប្រាប់ឈ្មោះបានឱ្យដឹងថា អ្នកស្រីមានបន្ទប់ជួលសរុប១៨បន្ទប់ក្នុងនោះទើបសង់ថ្មី៨បន្ទប់។ បន្ទប់ជួលរបស់អ្នកស្រី កម្មករអាចរស់នៅបាន៤នាក់។ ជាច្រើនឆ្នាំកន្លងមកនេះអ្នកស្រីជួល១បន្ទប់តម្លៃ៣០ដុល្លារ ប៉ុន្តែចាប់ពីខែតុលាឆ្នាំ២០២៥នេះទៅ ត្រូវដំឡើងងថ្លៃ១០ដុល្លារទៀត គឺក្នុងមួយបន្ទប់៤០ដុល្លារ។
អ្នកស្រីនិយាយថា៖ «ខ្ញុំដំឡើងថ្លៃនេះគឺមិនបានគិតទៅដល់ការដំឡើងប្រាក់ឈ្នួល២ដុល្លារដល់កម្មករនៅឆ្នាំក្រោយនោះទេ ប៉ុន្តែមកពីខ្ញុំរត់លែងរួច ពីព្រោះខ្ញុំសង់អា៨បន្ទប់ក្រោយនេះ គឺខ្ញុំយកលុយធនាគារទេ។ ក្នុង១ខែៗ ខ្ញុំត្រូវប្រមូលថ្លៃជួលបន្ទប់សម្រាប់បង់សងទៅធនាគារវិញ ពីព្រោះខ្ញុំក៏ជួបការលំបាកដែរ ទើបខ្ញុំឡើងថ្លៃ។ ម៉្យាងទៀតឡើងតែ១០ដុល្លារមិនច្រើនទេកម្មករម្នាក់ចេញថ្លៃបន្ទប់តែ១០ដុល្លារទេក្នុង១ខែបើពួកគេស្នាក់នៅ១បន្ទប់៤នាក់»។
យ៉ាងណាក្តី នៅតាមតំបន់ខ្លះបន្ទប់ជួលសម្រាប់កម្មករស្នាក់នៅ មិនបានឡើងថ្លៃនោះទេគឺមានតម្លៃជាមធ្យម៣០ដុល្លារក្នុងមួយខែ។
អ្នកស្រី សៅ ចាន់ធំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីមានបន្ទប់ជួលឱ្យកម្មកររោងចក្រកាត់ដេរ៥បន្ទប់ ក្នុង១ខែតម្លៃ៣០ដុល្លារអាចរស់នៅបាន២នាក់។ ចាប់តាំងពីឆ្នាំ២០១០មក អ្នកស្រីមិនដែលឡើងថ្លៃបន្ទប់ទេ ហើយក៏គ្មានគម្រោងឡើងថ្លៃដែរ ពីព្រោះកម្មករបានជួលបន្ទប់អ្នកស្រីរស់នៅយូរឆ្នាំមកហើយ និងបានរាប់អានគ្នាដូចគ្រួសារតែមួយ។
អ្នកស្រីនិយាយថា៖ «ផលលំបាកកម្មករអត់ការងារធ្វើ រោងចក្រនៅខាងចាក់អង្រែក្រោមបិតទ្វារ ប្តូរទីតាំងថ្មី ដូច្នេះកម្មករមួយចំនួនត្រូវប្តូរបន្ទប់ជួលទៅនៅក្បែររោងចក្រថ្មី។ បន្ទប់ជួលក៏មិនសូវដាច់នោះទេ។ ជួនកាលកម្មករជំពាក់បំណុលធនាគារ ត្រូវផ្ញើលុយឲ្យអ្នកផ្ទះគាត់សងបំណុលគេសិន គាត់សុំជំពាក់បន្ទប់ជួលខ្ញុំ១ខែ ឬ២ខែ មានលុយទើបសង»។
ទាក់ទងនឹងតម្លៃទឹកភ្លើងសម្រាប់បន្ទប់ជួលអ្នកស្រី ចាន់ធំ បានឱ្យដឹងថា គឺគិតតាមតម្លៃភ្លើងរដ្ឋ កុងទ័ររដ្ឋ មិនដំឡើងថ្លៃនោះទេ។ យ៉ាងណាក្តីម្ចាស់បន្ទប់ជួលរូបនេះបាននិយាយថា អាចប្រហែលមានតែអ្នកស្រីម្នាក់ទេមើលទៅដែលអាណិតកម្មករ មិនដំឡើងថ្លៃបន្ទប់ជួល និងថ្លៃទឹកថ្លៃភ្លើង ខណៈម្ចាស់ផ្ទះជួលផ្សេងទៀត គេដំឡើងថ្លៃបន្ទប់ជួលទាបបំផុតក៏៤០ដុល្លារដែរក្នុង១ខែ។
ចំណែកអ្នកស្រី ខៀវ សុវ៉ាន់នី ដែលមានបន្ទប់ជួលចំនួន៩បន្ទប់ នៅផ្លូវជាតិលេខ៣នៅចន្លោះគីឡូម៉ែត្រ៦០-៦១ បានឱ្យដឹងថា បន្ទប់ជួលរបស់អ្នកស្រីមានទំហំធំទូលាយ៤គុណនឹង៥ម៉ែត្រ គឺអាចរស់នៅបាន១គ្រួសារដែលមានសមាជិក៥រឺ៦នាក់។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំជួលមួយបន្ទប់៤០ដុល្លារក្នុង១ខែ អត់មានដំឡើងថ្លៃអីទេ ឱ្យតែរក្សាសុខឱ្យម្ចាស់ផ្ទះកុំបង្កបញ្ហា។ បញ្ហាប្រឈមម្ចាស់ផ្ទះមានច្រើន បញ្ហាអនាម័យ ការផឹកស៊ី ការឈ្លោះប្រកែកគ្នារបស់អ្នកជួលបន្ទប់ធ្វើឱ្យមានការរំខានគេជាដើម»។
ទាក់ទងនឹងការឡើងថ្លៃបន្ទប់ជួលនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃទី២០ ខែតុលានេះថា មន្ត្រីក្រសួងនឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចុះទៅពន្យល់ណែនាំដល់ម្ចាស់ផ្ទះជួលកុំឱ្យដំឡើងថ្លៃ។ ជាមួយគ្នានេះបងប្អូនកម្មករកម្មការិនីអាចទាក់ទងមកក្រសួងការងារនៅពេលដែលម្ចាស់បន្ទប់ជួលប្រាប់ពីការឡើងថ្លៃបន្ទប់។ ក្នុងនាមក្រសួងការងារលោក ស៊ុន មេសាបានអំពាវនាវដល់ម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួលសូមកុំដំឡើងថ្លៃបន្ទប់ ឬថ្លៃផ្ទះជួលសម្រាប់កម្មករនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «សម្រាប់រាជរដ្ឋាភិបាលគឺបានយកចិត្តទុកដាក់ណាស់ក្នុងការជួយទៅដល់កម្មករកម្មការិនីរបស់យើងដើម្បីធ្វើយ៉ាងម៉េចឱ្យបងប្អូននៅតែអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដោយកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករកម្មការិនីដើម្បីជួយសម្រួលទៅដល់បន្ទុករបស់ពួកគាត់ផងដែរ»។

លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានឱ្យដឹងថា បើតាមច្បាប់ស្តីពីភតិសន្យាដែលនិយាយពីកិច្ចសន្យាជួលផ្ទះ ម្ចាស់ផ្ទះមានសិទ្ធិក្នុងការដំឡើងថ្លៃជួលផ្ទះក្នុងរយៈពេល២ឆ្នាំម្តង ប៉ុន្តែការដំឡើងថ្លៃបន្ទប់ជួលទៅលើកម្មករក៏ត្រូវផ្អែកទៅលើការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំផងដែរ គឺម្ចាស់ផ្ទះមិនអាចដំឡើងតាមអំពើចិត្តបានទេ។
ក្នុងករណីដែលកម្មករយល់ថា ម្ចាស់ផ្ទះបានដំឡើងថ្លៃផ្ទះជួលខ្ពស់ហួសហេតុមិនស្របទៅនឹងការដំឡើងប្រាក់ឈ្នួលរបស់ពួកគាត់ កម្មករត្រូវរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក៏ត្រូវរាយការណ៍ប្រាប់ទៅតំណាងសហជីព ឬក៏សហព័ន្ធរបស់ពួកគេ ដើម្បីខាងសហជីព ឬសហព័ន្ធរាយការណ៍ពីបញ្ហានេះទៅក្រសួងការងារឱ្យចាត់វិធានការទប់ស្កាត់ ខណៈបច្ចុប្បន្នទំនិញផ្សេងៗនៅតាមទីផ្សារក៏ឡើងថ្លៃខ្ពស់ផងដែរ។
លោកបានថ្លែងថា៖ «ដូច្នេះចំណុចទាំងអស់នេះ គឺទាំងភាគីខាងសហជីព ទាំងភាគីក្រសួងការងារ ទាំងភាគីពាក់ព័ន្ធត្រូវតែគិតពិចារណាទៅលើការរកវិធីសាស្ត្រយ៉ាងម៉េចដើម្បីទប់ស្កាត់ចំពោះការដំឡើងថ្លៃទំនិញផ្សេងៗដែលធ្វើឱ្យប៉ះពាល់ទៅដល់ការចំណាយបន្ថែមរបស់កម្មករ។ យើងដឹងហើយថា ប្រាក់ឈ្នួលពួកគាត់ឡើងបានតែ២រៀលទេ ដូច្នេះការដំឡើងតម្លៃទំនិញនៅតាមទីផ្សារផ្សេងៗរួមទាំងតម្លៃបន្ទប់ជួលខ្ពស់ វាធ្វើឱ្យការដំឡើងប្រាក់ឈ្នួលដល់កម្មករវាហាក់ដូចជាគ្មានន័យ ដូច្នេះភាគីពាក់ព័ន្ធត្រូវតែរួមគ្នាទប់ស្កាត់»។
បើតាមក្រសួងការងារគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសចំនួន ១ ៥៣៨កន្លែង កំពុងបម្រើការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលផ្តល់ការងារដល់កម្មករនិយោជិត ៩១៣ ០១៧នាក់។ កម្មករទាំងនោះទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំសរុបប្រមាណ ២,៩៧ពាន់លានដុល្លារអាមេរិក។
បើតាមក្រសួងការងារដដែលគិតត្រឹមខែមេសា ឆ្នាំ២០២៥ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណ ២១,៩ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះការនាំចេញទៅអាមេរិក កើនឡើង ២៦,៧ភាគរយ ការនាំចេញទៅជប៉ុន កើនឡើង ២១,៨ភាគរយ ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧ភាគរយ ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១ភាគរយ ហើយការនាំចេញទៅចក្រភពអង់គ្លេសកើនឡើង ១១,៤ភាគរយ។
ទោះយ៉ាងណាក្តី ការវិលត្រឡប់យ៉ាងគំហុកនៃពលករចំណាកស្រុកមកពីប្រទេសថៃក្នុងចំនួនដ៏ច្រើន គឺប្រមាណយ៉ាងតិចរហូតដល់ជាង៩០ម៉ឺននាក់នៅពេលបច្ចុប្បន្នបន្ទាប់ពីមានការផ្ទុះសង្គ្រាមរយៈពេល៥ថ្ងៃកាលពីខែកក្កដាហើយនៅពេលនេះព្រំដែនដែនប្រទេសទាំង២នៅមិនទាន់បើកឡើងវិញនៅឡើយ បង្កជាផលប៉ះពាល់យ៉ាងខ្លាំងបន្ថែមទៅលើស្ថានភាពការងារ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដែលកំពុងតែលំបាកស្រាប់ទៅហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគម និងសហជីពចំនួន១៨កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្នុងនោះក៏មានអង្គការសង់ត្រាល់ អង្គការលីកាដូ អង្គការអាដហុក សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគមនិងសហជីពទាំងនេះបានលើកឡើងថា ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃដែលពុំធ្លាប់មាននេះ កំពុងក្លាយជាបន្ទុកដ៏ធ្ងន់មួយ ទៅលើសេដ្ឋកិច្ចរបស់ប្រទេស និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របពេលដែលបច្ចុប្បន្នកម្ពុជាមិនមានការងារធ្វើគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នានោះទេ ខណៈក្នុងចំណោមពលករទាំងនោះ មានប្រមាណ៨០ភាគរយមានផ្ទៃដីសម្រាប់ធ្វើកសិកម្មតិចជាង១ហិកតា ដែលហេតុដូច្នេះពួកគេមិនអាចវិលត្រឡប់ទៅធ្វើកសិកម្មបានឡើយ៕









