អ្នកលក់ដូរបានចាប់ផ្ដើមបើកតូបរបស់ខ្លួនឡើងវិញបណ្ដើរៗហើយនៅថ្ងៃអង្គារ បន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសកាលពីថ្ងៃចន្ទឲ្យផ្សាររដ្ឋទាំងអស់បើកដំណើរការពេញលេញសារជាថ្មី។
អនុប្រធានផ្សារអូរឡាំពិក លោក យ៉ន យ៉ាន ប្រាប់ខេមបូចាថា លោកជឿថាអ្នកលក់ទាំងអស់សប្បាយចិត្តចំពោះការសម្រេចរបស់សាលាក្រុង។
លោកមានប្រសាសន៍ថា៖ «យើងអនុញ្ញាតឲ្យតូបទាំងអស់បើកឡើងវិញ ប៉ុន្តែមានអ្នកលក់ប្រហែលពីប្រាំទៅដប់ភាគរយប៉ុណ្ណោះបានមកបើកតូបលក់ក្នុងចំណោមតូបទាំងអស់៥ ៦៨៩ ពីព្រោះថ្ងៃនេះជាថ្ងៃដំបូង…ស្អែក ឬខានស្អែកពួកគាត់នឹងមកលក់កាន់តែច្រើន»។
លោកឲ្យដឹងទៀតថារដ្ឋបាលរាជធានីភ្នំពេញតម្រូវឲ្យទាំងអ្នកលក់ និងអ្នកទិញត្រូវវាស់កម្ដៅ និងលាងដៃនឹងអាល់កុលមុនចូលផ្សារ ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាព។ សេចក្ដីសម្រេចកាលពីថ្ងៃចន្ទនេះតម្រូវឲ្យអ្នកលក់ទាំងអស់ត្រូវអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានតឹងរឹង ដូចជាពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងស្កែនQRកូដ ព្រមទាំងអនុវត្តវិធានការ «៣ការពារ ៣កុំ»។
តាមរយៈសេចក្ដីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ ក៏ដូចជាមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងត្រូវសហការគ្នា ដើម្បីត្រួតពិនិត្យគ្រប់ផ្សារទាំងអស់ឲ្យប្រាកដថាអ្នកលក់ទាំងអស់បានអនុវត្តតាមគោលការណ៍ណែនាំ។ សម្រាប់អ្នកដែលមិនអនុវត្តតាមវិធានការនេះអាចប្រឈមមុខនឹងផ្លូវច្បាប់។
ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបានបញ្ជាឲ្យបិទកាលពីយប់ថ្ងៃទៅ២៤ ខែមេសា នៅពេលកម្ពុជាមានការផ្ទុះរាលដាលជំងឺកូវីដ១៩ ខ្លាំងដែលពេលនោះចំនួនអ្នកឆ្លងស្ទើរតែកើនដល់១០០០ករណីក្នុងមួយថ្ងៃៗ បន្ទាប់ពីមានការឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ នៅថ្ងៃទី២ ខែឧសភា ផ្សាររដ្ឋទាំងនោះបានអនុញ្ញាតឲ្យបើកលក់ដូវរវិញ តែលក់តែបន្លែ និងម្ហូបអាហារប៉ុណ្ណោះ។ ចំណែកអ្នកលក់ដូរនៅតាមផ្សារមិនរៀបរយ ត្រូវបន្តលក់ទំនិញរបស់ខ្លួនតាមរទេះ ឬតាមដងផ្លូវដដែល។
កញ្ញា ស៊ីវ ម៉ីម៉ី វ័យ២១ឆ្នាំ អ្នកលក់សម្លៀកបំពាក់នៅផ្សារអូឡាំពិក ជាអ្នកលក់ម្នាក់ក្នុងចំណោមអ្នកលក់ផ្សេងទៀតដែលបានវិលត្រឡប់មកបើកតូបរបស់ខ្លួនជាលើកដំបូងបន្ទាប់ពីបានបិទជិតបីខែ។
កញ្ញានិយាយថា៖ «ថ្ងៃនេះ ខ្ញុំគ្រាន់តែមករៀបចំតូប ហើយស្អែកខ្ញុំនឹងចាប់ផ្ដើមបើកលក់»។
កញ្ញា ម៉ីម៉ី ប្រាប់ខេមបូចា ថាការបិទផ្សារបានធ្វើឲ្យជីវភាពគ្រួសារជួបការលំបាក បង្ខំឲ្យកញ្ញាត្រូវចាយប្រាក់សន្សំ ដោយសារតែខ្វះខាតចំណូល។ សូម្បីមុនពេលផ្សារបិទ កញ្ញាថាការលក់ដូរក៏បានធ្លាក់ចុះពាក់កណ្ដាល បើធៀបទៅនឹងមុនមានការផ្ទុះជំងឺកូវីដ១៩។
កញ្ញានិយាយថា៖ «ខ្ញុំនៅតែខ្លាចឆ្លង ប៉ុន្តែយើងត្រូវការចំណូលដើម្បីទ្រទ្រង់គ្រួសារ» ដោយបន្ថែមថា៖ «ដូចនេះ យើងត្រូវតែការពារសុវត្ថិភាពសុខាភិបាលដោយខ្លួនឯងតាមតាយៈការពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល រឺ ជែលលាងដៃ និងវាស់កម្ដៅរាល់ពេលយើងចូល ឬចេញពីផ្សារ»។
អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន មានប្រសាសន៍ថាអាជ្ញាធរបានអនុញ្ញាតឲ្យផ្សារបើកដំណើរការឡើងវិញ ដើម្បីជួយដល់ការរកចំណូលរបស់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ ដោយសារអ្នកទាំងនោះបានជួបការលំបាកផ្នែកជីវភាពប៉ុន្មានខែមកហើយ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែ[ថ្ងៃនេះ] មិនមានមនុស្សមកទិញច្រើនទេ»។ លោកបន្ថែមថា អ្នកទិញអាចនឹងមកច្រើននៅថ្ងៃស្អែក។
លោក ហៀង វិទ្យា អនុប្រធានផ្សារដើមគ បដិសេធធ្វើអត្ថាធិប្បាយ។ មន្ត្រីផ្សារដើមគផ្សេងទៀតនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានលើកឡើងថាអ្នកលក់ដូរបានវិលទៅលក់វិញប្រហែល៧០ទៅ៨០ភាគរយក្នុងចំណោមអ្នកមានតូបនៅផ្សារទាំងអស់ជាង៨០០តូប។
លោកឲ្យដឹងថា៖ «មានអ្នកលក់ដូរខ្លះមិនទាន់មកលក់នៅឡើយ ពីព្រោះអ្នកខ្លះមិនទាន់បានទទួលព័ត៌មាន ហើយអ្នកខ្លះមិនទាន់ហ៊ានមកលក់ ព្រោះពួកគាត់ខ្លាចឆ្លងជំងឺ»។ លោកបន្ថែមថា អ្នកលក់ដូរក្នុងផ្សារទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់ហើយ ប៉ុន្តែថាអ្នកលក់នៅខាងក្រៅផ្សារមួយចំនួនតូចនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
លោកមានប្រសាសន៍ទៀតថា៖ «មន្ត្រីផ្សាររបស់យើងបានដើរជុំវិញផ្សារដើម្បីផ្សព្វផ្សាយព័ត៌មានពីវិធានការសុខាភិបាល និងការរក្សាគម្លាតសុវត្ថិភាព»។ លោកថា៖ «យើងក៏បានដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមច្រកចូល និងច្រកចេញ ដើម្បីតាមដានសកម្មភាពមនុស្សទាំងអស់ដែលបានចូលក្នុងផ្សារ»។
អ្នកស្រី ទ្រី ស្រីមុំ អ្នកលក់គ្រឿងក្រអូបនៅផ្សារដើមគ បានត្រឡប់មកសម្អាត និងបើកលក់ដូរនៅតូបរបស់ខ្លួនវិញ។ អ្នកស្រី បានប្រាប់ខេបូចា ថា ជាអ្នកលក់បោះដុំ អ្នកស្រីអាចលក់បានច្រើនមុនមានកូវីដ១៩។ ប៉ុន្តែឥឡូវនេះ អ្នកស្រីថាអតិថិជនចាស់ៗមិនទាន់ត្រឡប់មកវិញនៅឡើយ។
អ្នកស្រីបន្ថែមថា៖ «[ផលិតផលរបស់ខ្ញុំ] អាចលក់បានពីពីរទៅបីលានរៀលក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះលក់បានត្រឹម២០ម៉ឺនរៀលប៉ុណ្ណោះ»។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
មានប្រសាសន៍ថា ការសម្រេចចិត្តនេះធ្វើឡើងអាស្រ័យលើលទ្ធភាពរបស់រដ្ឋាភិបាលគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «បើសិនជាអាជ្ញាធរអាចគ្រប់គ្រងកូវីដ១៩ បានល្អ មិនមានករណីឆ្លងណាមួយកើតឡើងនៅក្នុងផ្សារ…វានឹងជាសញ្ញាល្អសម្រាប់ប្រជាពលរដ្ឋ»។ លោកថា៖ «វាអាចជាដំណោះស្រាយល្អសម្រាប់អ្នកលក់ដូរដែលអាចចាប់ផ្ដើមអាជីវកម្មឡើងវិញបាន ពីព្រោះពួកគាត់ក៏ជួបការលំបាកច្រើនពីវិបត្តិកូវីដ១៩នេះដែរ»។
លោកបានបន្ថែមថា៖ «យ៉ាងណា បើអាជ្ញាធរមិនអាចគ្រប់គ្រងវាបាន វានឹងមានគ្រោះថ្នាក់ ខណៈចំនួនករណីឆ្លងកូវីដ១៩ នៅតែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បដិសេធធ្វើអត្ថាធិប្បាយនៅថ្ងៃអង្គារនេះ។ អភិបាលរាជធានី លោក ឃួង ស្រេង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
នៅថ្ងៃអង្គារ ក្រសួងសុខាភិបាលបានឲ្យដឹងថាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៩៥ករណីបន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់៣៩ ៤៦៤ករណី គិតតាំងពីដើមឆ្នាំ២០២០មក។ ករណីឆ្លងភាគច្រើនក្នុងចំណោមអ្នកឆ្លងទាំងនេះ បានកើនឡើងចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ពេលដែលមានការផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ក្រសួងឲ្យដឹងដែរថា អ្នកជាសះស្បើយមានចំនួន៣៣ ៥៧១នាក់ និងអ្នកស្លាប់ដោយសារកូវីដ១៩មានចំនួន៣៦១នាក់៕ (រាយការណ៍បន្ថែមដោយ សំ សុពេជ្រ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ State-run markets fully reopen despite high COVID-19 numbers