អ្នកលក់ដូរតាមដងផ្លូវអំពាវនាវឲ្យមានការផ្ដល់ការគាំពារសង្គមស្មើគ្នា ខណៈបញ្ហាអាកាសធាតុប្រែប្រួល ចំណូលមិនស្ថិតស្ថេរ និងកង្វះកន្លែងលក់ដូរត្រឹមត្រូវបន្តគំរាមកំហែងជីវភាពប្រចាំថ្ងៃ បើទោះបីជាកម្ពុជាបានបោះជំហានទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថលហើយក្ដី។
អ្នកប្រកបរបរលក់ដូរតាមដងផ្លូវបានលើកពីបញ្ហាប្រឈម និងបានស្នើឲ្យមានកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យស្ដង់ដារការងារ និងសុខុមាលភាពមានភាពល្អប្រសើរ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ក្រោមប្រធានបទគាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
បើតាមអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia) ទីផ្សារនៃអ្នកលក់ដូរតាមដងផ្លូវត្រូវគេរំពឹងថានឹងកើនពី២,៦៨ពាន់លានដុល្លារនៅឆ្នាំ២០២៤ ទៅ៤,៧៣ពាន់លានដុល្លារនៅឆ្នាំ២០២៩ ដែលការរីកចម្រើននេះកើតចេញពីភាពច្នៃប្រឌិតថ្មីៗ និងតម្រូវការរបស់អតិថិជន។ ប៉ុន្តែនៅពីក្រោយតួលេខនេះមើលទៅដូចជាគួរឲ្យស្ងើចសសើរ ប៉ុន្តែមានរឿងរ៉ាវសោកសង្រេងខ្លះកើតមាននៅពីក្រោយនេះ។ ជាក់ស្ដែង៦០ភាគរយនៃអ្នកធ្វើការងារ គឺជាកម្លាំងពលកម្មស្ថិតនៅក្នុងវិស័យក្រៅប្រព័ន្ធ ដែលអ្នកទាំងនោះមិនបានទទួលការគាំពារសង្គមដូចអ្នកផ្សេងនោះទេ។
បើតាមតួលេខរបស់វិទ្យាស្ថានជាតិស្ថិតិក្នុងឆ្នាំ២០២១ អ្នកប្រប្រកបការងារដោយខ្លួនឯងមាន៤៩ភាគរយ រួមមានទាំងអ្នកលក់ដូរតាមផ្លូវ ខណៈ៣៦ភាគរយផ្សេងទៀតជាអ្នកធ្វើការក្នុងប្រព័ន្ធ និងមាន១៥ភាគរយជាអ្នកធ្វើការនៅផ្ទះដែលមិនមានប្រាក់ឈ្នួល។
អ្នកស្រី សំ ស្រីណាក់ វ័យ៣០ឆ្នាំ ដែលជាអ្នកលក់ដូរភេសជ្ជៈតាមដងផ្លូវក្នុងរាជធានីភ្នំពេញអស់ពេលជិតមួយទសវត្សរ៍មកហើយនោះ បាននិយាយថា អ្នកលក់ដូរតាមផ្លូវក៏ចង់បានការគាំពារសង្គម និងទទួលបានការគាំទ្រដូចអ្នកធ្វើការក្នុងវិស័យផ្សេងដែរ ខណៈអ្នកទាំងនោះបានប្រឈមនឹងបញ្ហាចំណូលមិនទៀងទាត់ ផលប៉ះពាល់ពីអាកាសធាតុ មិនមានកន្លែងលក់ដូរច្បាស់លាស់ និងតម្លៃទំនិញក៏ឡើងថ្លៃ។
អ្នកស្រីឲ្យដឹងទៀតថា៖ «ពួកយើងជួបការលំបាកច្រើន ដូចជាកល់ដូរនៅលើដងផ្លូវសាធារណៈ និងជិតផ្ទះប្រជាជពលរដ្ឋ។ ពេលខ្លះអាជ្ញាធរដេញពួកយើងចេញពីដងផ្លូវទៀតក៏មាន»។
អ្នកស្រីបន្តថា ការរៀបចំឲ្យមានកន្លែងលក់ដូរត្រឹមត្រូវនឹងជួយដល់ទាំងអ្នកលក់ដូរ ក៏ដូចជារដ្ឋព្រោះថាការប្រកបរបរក្រៅប្រព័ន្ធក៏បានរួមចំណែកជួយដល់វិស័យសេដ្ឋកិច្ចដូចគ្នា។ អ្នកស្រីស្វាគមន៍ចំពោះការជួយគាំទ្រពីបេឡាជាតិសន្ដិសុខសង្គម ប៉ុន្តែសង្ឃឹមថានឹងមានការគាំទ្រកាន់តែខ្លាំងជាងនេះទៀត។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជួយយើងច្រើនទៀត ជាពិសេសតម្លៃទំនិញ គឺឡើងខ្លាំង វាធ្វើឲ្យពិបាករកប្រាក់ចំណេញ។ ពួកយើងក៏ចង់បានកន្លែងលក់ដូរត្រឹមត្រូវផងដែរ»។
អង្គការអុកស្វាមលើកឡើងថា អ្នកលក់ដូរតាមផ្លូវក្រៅពីរកចំណូលចិញ្ចឹមគ្រួសារ ក៏ជួយដល់សេដ្ឋកិច្ចជាតិផងដែរ ហេតុនេះអ្នកទាំងនោះគួរតែទទួលបានសិទ្ធិដូចទៅនឹងកម្មករផ្សេងទៀត រួមទាំងការទទួលបានប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពស្មើគ្នា។ ពួកគាត់គួរទទួលបានសេវាធានារ៉ាប់រងសុខភាព ការថែទាំកូនពេលមានជំងឺ សេវាថែទាំពេលមានផ្ទៃពោះ ការអប់រំ អនាម័យ និងសុវត្ថិភាពកន្លែងការងារ និងទទួលបានសេវាឥណទាន ដែលមានភាពចាំបាច់ និងអាទិភាពបំផុត។
ស្ថានភាពនេះគេមើលឃើញជាក់ស្ដែងច្រើននៅកម្ពុជា។ បើតាមវិទ្យាស្ថានជាតិស្ថិតិឆ្នាំ២០២១ មាន៨៨,៣ភាគរយជាអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអ្នកលក់ដូរតាមដងផ្លូវគឺប្រើរបរនេះជាប្រភពចំណូលចម្បងដើម្បីចិញ្ចឹមគ្រួសារ។

អ្នកស្រី កុប ការីម៉ាស់ អ្នកលក់ដូរតាមដងផ្លូវម្នាក់ទៀតនៅភ្នំពេញ បានលើកឡើងថា អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនមានបញ្ហាប្រឈមជាមួយនឹងបច្ចេកវិទ្យា ដែលជាហេតុធ្វើឲ្យអ្នកទាំងនោះមិនអាចចុះឈ្មោះជាមួយ ប.ស.ស. បានដោយខ្លួនឯង។ ហេតុនេះពួកគាត់មិនអាចទទួលបានសេវា ប.ស.ស. ទេពេលមានជំងឺ។
អ្នកស្រីក៏ជំរុញឲ្យរដ្ឋាភិបាលពិចារណាផ្ដល់ទីតាំងជួលសម្រាប់លក់ដូរក្នុងតម្លៃសមរម្យសម្រាប់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីលក់ដូរបានស្រួលផងដែរ។
អ្នកស្រីបន្តថា៖ «ពួកយើងគួរតែទទួលបានអត្ថប្រយោជន៍ដូចអ្នកធ្វើការនៅក្នុងប្រព័ន្ធដែរ។ មួយគឺការថែទាំសុខភាព ដែលវាមិនទាន់គ្រប់គ្រាន់ ហើយយើងមិនបានទទួលអត្ថប្រយោជន៍ពីរឿងផ្សេងទៀតទេ។ យើងក៏ស្នើឲ្យមានការកាត់បន្ថយការចំណាយលើថ្លៃទឹកស្អាត ព្រោះថាពេលក្ដីគឺវាក្ដៅណាស់ ហើយមានទឹកលិចពេលវាមានភ្លៀង»។
រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមមួយរបស់អ្នកលក់ដូរតាមផ្លូវ ប៉ុន្តែដូចគ្នានេះដែរ ក៏ទាមទារឲ្យអ្នកលក់ដូរទាំងនោះមានភាពបត់បែន និងផ្លាស់ប្ដូររបៀបរបបរស់នៅ និងធ្វើការឲ្យស្របទៅតាមការប្រែប្រួលនេះ។ លោកបញ្ជាក់ថា ថ្វីបើពេលនេះនៅតែមានអ្នកជួបការលំបាកច្រើន ប៉ុន្តែបើធៀបនឹងពីមុនគឺមានភាពល្អប្រសើរច្រើន។
លោកបានជំរុញឲ្យអ្នកលក់ដូរតាមដងផ្លូវទៅទទួលយកប្រយោជន៍ពីកម្មវិធីអភិវឌ្ឍន៍ជំនាញ១,៥លាននាក់របស់រដ្ឋាភិបាល ដើម្បីបានឱកាសសិក្សាបង្កើនជំនាញបន្ថែមឲ្យស្របទៅនឹងតម្រូវការរបស់សង្គម។ អ្នកលក់ដូរតាមផ្លូវអាចចុះឈ្មោះបាន ហើយរដ្ឋាភិបាលងាយនឹងជួយពួកគាត់ឲ្យមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ទៀតថា៖ «ខ្ញុំនឹងធ្វើការជាមួយអង្គការអុកស្វាម និងក្រសួងផ្សេងទៀត ដើម្បីពិនិត្យមើលថា យើងអាចជួយអ្នកលក់ដូរតាមផ្លូវបានបែបណា នៅពេលពួកយើងបានចុះបញ្ជីពួកគាត់។ ខ្ញុំនឹងណែនាំទៅកាន់សាលាទាំង៣៧ ឲ្យផ្ដល់វគ្គបណ្ដុះបណ្ដាលតាមអនឡាញដែលវាមានប្រយោជន៍ដល់គ្រប់គ្នា។ ចំណែកការគាំទ្រពីបេឡាជាតិសន្ដិសុខសង្គម គឺធ្វើឡើងតាមគោលការសមធម៌ និងស្មើភាព»។
ចំណែកលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA មានប្រសាសន៍ថា ថ្វីបើមិនមានតួលេខផ្លូវការពីចំនួនអ្នកលក់ដូរតាមផ្លូវនៅក្នុងប្រទេសក្ដី ក៏ពួកគាត់បានរួមចំណែកដល់ការរីកចម្រើនវិស័យសេដ្ឋកិច្ច និងជាប្រភពនៃការងារ ដោយអ្នកទាំងនោះបានរួមចំណែកដល់វិស័យទេសចរណ៍ និងជម្រើសនៃម្ហូបអាហារសម្រាប់ក្រុមអ្នកមានចំណូលទាប និងមធ្យម។
លោកបន្តថា ការវិវឌ្ឍន៍នៃគោលនយោបាយថ្មីៗនេះ រួមទាំងប្រព័ន្ធគាំពារសង្គមឌីជីថល និងការពង្រីកការបរិច្ចាគដោយស្ម័គ្រចិត្តលើគម្រោងថែទាំសុខភាពសម្រាប់អ្នកធ្វើការដោយខ្លួនឯង គឺជាជំហានមួយវិជ្ជមាន។
យ៉ាងណា អ្នកលក់ដូរតាមផ្លូវជាច្រើនទៀតនៅមិនទាន់បានឱកាសចូលក្នុងប្រព័ន្ធគាំពារផ្លូវការមួយនេះទេ។ នេះបើតាមអង្គការអុកស្វាម និងIDEA ។ ស្ថាប័នទាំងពីរបានអំពាវនាវឲ្យមានវិធានការផ្សេងៗទៀតដើម្បីធានាឲ្យមានបរិយាបន្នក្នុងការទទួលបានគោលនយោបាយគាំពារសង្គម ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការឆ្លើយតបរហ័សទៅនឹងភាពជាក់ស្ដែងរបស់អ្នកធ្វើការក្រៅប្រព័ន្ធ។
លោក វ៉ន ពៅ ឲ្យដឹងទៀតថា អ្នកលក់ដូរតាមផ្លូវនៅតែត្រូវចំណាយច្រើនលើការជួលទីតាំងលក់ដូរ និងថ្លៃសន្តិសុខ និងការចំណាយក្រៅផ្លូវការផ្សេងទៀត។ អ្នកទាំងនោះក៏ប្រឈមនឹងបញ្ហាគ្មានបន្ទប់ទឹកស្អាត ខ្វះទឹក និងអគ្គិសនីប្រើប្រាស់តាមតម្រូវការ ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងការមិនទាន់អាចទទួលបានចំណេះដឹងឌីជីថលដើម្បីអាចប្រើប្រាស់សេវាសន្តិសុខសង្គមបាន។
ហេតុនេះ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែពិចារណាផ្ដល់ទីតាំងលក់ដូរសមរម្យ រួមទាំងផ្សាររាត្រី ឬផ្លូវថ្មើជើងនៅតំបន់ទេសចរណ៍ និងដោះស្រាយបញ្ហាទឹក ភ្លើង និងអនាម័យផងដែរ។
នាយិកាអង្គការអុកស្វាម អ្នកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា ការរួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់អ្នកលក់ដូរតាមដងផ្លូវគួរតែត្រូវបានទទួលស្គាល់។
អ្នកស្រីបន្តថា៖ «ពួកគាត់ជាឆ្អឹងខ្នងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា។ ពួកគាត់ធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាកដើម្បីផ្ដល់ម្ហូបអាហារ និង[លក់]ទំនិញ និងសេវាកម្មដែលជួយឲ្យសហគមន៍មានស្ថិរភាព»។
ខណៈដែលពួកគាត់នៅតែស្ថិតក្នុងចំណោមជនងាយរងគ្រោះ និងមិនសូវបានទទួលការការពារ អ្នកស្រីលើកឡើងថា៖ «យើងត្រូវតែធានាថាប្រព័ន្ធគាំពារសង្គមត្រូវរៀបចំឡើងដោយមានបញ្ចូលពួកគាត់ ដោយមិនទុកចាំពេលក្រោយ តែជាអាទិភាព»។
ទន្ទឹមនឹងនេះ របាយការណ៍មួយរបស់អង្គការ Street Net International បានបញ្ហាញថា អ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវនៅកម្ពុជា ឡាវ និងវៀតណាម បានទទួលការគំរាមកំហែងកាន់តែខ្លាំងពីបញ្ហាប្រែប្រួលអាកាសធាតុ។ នៅកម្ពុជាសីតុណ្ហភាពកើនឡើង និងមានទឹកលិចជាញឹកញាប់ ប៉ះពាល់ជាពិសេសដល់អ្នកលក់ដូរជាស្រ្តី ដែលត្រូវចែកពេលលក់ដូរផង និងថែទាំគ្រួសារផង។
ទោះបីជាបែបនេះក្ដី ក្រុមអ្នកលក់ដូរទាំងនោះបានទទួលការគាំទ្រតិចតួច ហើយក្រុមអង្គការទាំងនេះបានអំពាវនាវឲ្យមានវិធានការជួយសម្របសម្រួលការងាររបស់ពួកគាត់ ដោយធ្វើឲ្យទៅជាការងារផ្លូវការ មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានជំនួយហិរញ្ញវត្ថុ និងបង្កើតគោលនយោបាយឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីការពារជីវភាពរស់នៅរបស់ពួកគាត់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Street Vendors Demand Inclusion in Social Protection as Climate Risks Intensify











