អតីតមេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឲ្យពលរដ្ឋខ្មែរវិលត្រឡប់ទៅផ្ទះវិញ ដោយគាំទ្រផែនការវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី និងដើម្បីទម្លាក់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ។
តំណាងអយ្យការនិងចៅក្រមបានផ្តោតខ្លាំងលើការបង្ហោះសារតាមទំព័រហ្វេសប៊ុកដែលក្នុងនោះ លោក ព្រំ រ័ត្ន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង «តស៊ូ» និង «លះបង់» អំឡុងសវនាការថ្មីបំផុតក្នុងចំណោមបទចោទ «រួមគំនិតក្បត់» និង «បទញុះញង់» លើសមាជិកនិងអ្នកមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ។
«តើអ្វីទៅជាគោលបំណងនៃពាក្យ តស៊ូ និងការលះបង់?» នេះគឺជាការចោទសួររបស់លោកចៅក្រម រស់ ពិសិដ្ឋ ទៅលើលោក ព្រំ រ័ត្ន ដែលធ្លាប់ជាអនុប្រធានចលនាយុវជននៅប្រទេសកូរ៉េខាងត្បូង ដែលមានយុវជនកម្ពុជារាប់ម៉ឺននាក់ដែលភាគច្រើនបានធ្វើចំណាកស្រុកទៅរកការងារធ្វើ។
លោក ព្រំ រ័ត្ន បានឆ្លើយថា៖ «សារដែលបានបង្ហោះនេះមិនមែន ដើម្បីញុះញង់ប្រជាជនឲ្យបះបោរនោះទេ។ ខ្ញុំគ្រាន់តែចង់ឲ្យប្រជាពលរដ្ឋតាមឃ្លាំមើលសកម្មភាពនយោបាយទាំងអស់នៅកម្ពុជា» ដោយលោកបានបន្ថែមថា បំណងរបស់លោកគឺ លើកស្ទួយសិទ្ធិមនុស្ស មិនមែនផ្តួលរំលំរដ្ឋាភិបាលទេ។
លោក ព្រំ រ័ត្ន ស្ថិតក្នុងចំណោមជនជាប់ចោទជាង ១៣០ នាក់ ដែលប្រឈមនឹងការ ចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ញុះញង់» ដែលបានធ្វើឡើងកាលពីឆ្នាំមុនប្រឆាំងនឹងសមាជិកនិងអ្នកមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ ២០១៧ ជុំវិញផែនការដែលតាមចោទថា គាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
ការជំនុំជម្រះក្តី ដែលភាគច្រើនផ្តោតលើការបង្ហោះសារនិងការទំនាក់ទំនងតាមបណ្តាញសង្គមត្រូវបានថ្កោលទោសទាំងនៅក្នុងប្រទេសកម្ពុជានិងជាអន្តរជាតិដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានហៅថា «ដំណាក់ កាលចុងក្រោយនៃយុទ្ធនាការធ្វើទុក្ខបុកម្នេញឥតឈប់ឈរលើអ្នកនយោបាយប្រឆាំងនៅប្រទេសកម្ពុជា» ។
នៅថ្ងៃព្រហស្បតិ៍នេះផងដែរ ជនជាប់ចោទ ជា យ៉ាម៉ន អតីតចៅសង្កាត់បឹងទំពុនទី ២ រាជធានីភ្នំពេញបានបដិសេធមិនឆ្លើយសំណួរទាំងអស់ពីព្រះរាជអាជ្ញានិងចៅក្រមដោយអះអាងថា មានការរំលោភនីតិវិធីផ្លូវការ។
លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចាកចេញពីបន្ទប់សវនាការថា៖ «ខ្ញុំមិនមានឯកសារណាមួយ ដែលទាក់ទងនឹងការចោទប្រកាន់មកលើខ្ញុំទេ។ ទី២ ខ្ញុំអត់មានជំ នឿថា រាល់ការឆ្លើយរបស់ខ្ញុំនឹងទទួលបានលទ្ធផលល្អសម្រាប់ខ្ញុំហើយទទួលបានយុត្តិធម៌ក្នុងពេលបច្ចុប្បន្ននេះទេ ដោយសារការប្តឹងចោទប្រកាន់ខ្ញុំពីទោសក្បត់ជាតិនេះគឺជារឿងនយោបាយសុទ្ធសាធ»។
មេធាវីការពារក្តីលោក សំ សុគង់ ដែលតំណាងឲ្យជនជាប់ចោទជាច្រើននាក់នៅក្នុងរឿងក្តី ដែលមានមនុស្សដ៏ច្រើននេះ បាននិយាយថា លោក យ៉ាម៉ន បានអនុវត្តសិទ្ធិបញ្ចេញមតិរបស់គាត់និងមានអាជីពនយោបាយ ដោយបានកត់សម្គាល់ថា លោក យ៉ាម៉ន គ្មានតួនាទីអ្វីនៅក្នុងថ្នាក់ដឹកនាំកំពូលនោះទេ។
លោកបានមានប្រសាសន៍ថា៖ «គោលបំណងរបស់ពួកគាត់ គឺគាត់គ្មានចេតនាប្រព្រឹត្តិបទល្មើសទេ។ ពួកគេចង់ឲ្យពលរដ្ឋយល់ពីសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យ ហើយចង់ឃើញប្រទេសកម្ពុជាមានប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលឃ្លាំ មើលសវនាការបានមានប្រសាសន៍ថា លោកស្រីមានការព្រួយបារម្ភថា ពាក្យ «តស៊ូ» និងពាក្យ «លះបង់» កំពុងត្រូវបានកំណត់និងភ្ជាប់ទៅនឹងការបះបោរដោយមិនត្រឹមត្រូវ ។
លោកស្រី សុភាព បានមានប្រសាសន៍ថា៖ « [ការប្រើ] ពាក្យតស៊ូនិងការលះបង់បាន ន័យថា ម៉េច តើវាបង្កប់ចេតនាបះបោរឬយ៉ាងម៉េច។ វាគឺជាសេរីភាពបញ្ចេញមតិសាធារណ» ។
លោកស្រីបន្ថែមថា៖ «ពាក្យនេះខ្ញុំធ្លាប់លើក ខ្ញុំប្រើខ្លួនឯងដែរ។ ខ្ញុំតែងតែលើកសរសើរដល់សកម្មជនទាំងឡាយ ដែលគាត់បានតស៊ូលះបង់ក្នុងបុព្វហេតុ ដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្ស»។ តុលាការនឹងបន្តសវនាការនៅថ្ងៃទី១៨ ខែកុម្ភៈ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Struggle, sacrifice’: CNRP youth leader questioned over inciting from South Korea