សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករដែលជួបការលំបាកក្នុងតំបន់ក្រហមទាមទារឲ្យមានការលើកលែងថ្លៃបន្ទប់ជួល

កម្មករកាត់ដេរដែលត្រូវផ្អាកការងារបានឈរនៅរាលហាលមុខបន្ទប់ជួលរបស់ពួកគេក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កម្មករកាត់ដេរដែលត្រូវផ្អាកការងារបានឈរនៅរាលហាលមុខបន្ទប់ជួលរបស់ពួកគេក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នក​រស់​នៅ​តំបន់​ត្រូវ​បន្ត​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ក្នុង​ខណ្ឌមានជ័យ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​លើ​ក​លែង​ថ្លៃ​ជួល​បន្ទប់ ខណៈ​​ពួកគេ​មិន​អាច​ចេញ​ទៅ​ធ្វើ​ការបាន​។​

កម្មករ​រោងចក្រ​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​វេងស្រេង​ក្នុងភូមិ​ដំណាក់ធំ៣ សង្កាត់​ស្ទឹង​មានជ័យ​៣។ ការ​ទាម​ទារ​​របស់​កម្មករ​ទាំង​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ផ្អាក​យក​ថ្លៃ​ឈ្នួល​បន្ទប់ ឬបញ្ចុះតម្លៃបន្ទប់ ​ពី​កម្មករ​​ក្នុង​អំឡុងពេល​ការ​បិទខ្ទប់​នៅ​បន្ត​ក្នុង​តំបន់​មួយ​ចំនួនដើម្បី​បញ្ឈប់​ការ​រាល​ដាល​វីរុស​កូវីដ១៩​។​

ទោះបី​ជាកម្មករកាត់​ដេរ​ជួល​បន្ទប់​​ក្នុង​តំបន់​ក្រហម​ទាំង​នោះកំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​មិន​បាន​ចេញទៅ​ធ្វើការ​អស់​ជា​ច្រើន​សប្ដាហ៍ ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ក៏បាន​អះអាង​ដែរថា​ ខ្លួន​ក៏​កំពុង​ប្រឈមការ​លំបាក​ដែរ ដោយ​ត្រូវ​សងប្រាក់ទៅ​ធនាគារ​ដែរ​។​

ក្នុង​ចំណោម​អ្នក​ជួល​បន្ទប់​ទាំង​នោះ លោក ស្ដើង សៀង គឺ​ជា​កម្មករ​កាត់​ដេរ​ម្នាក់ ដែល​បាន​ជួល​ផ្ទះ​នៅ​ភូមិ​ដំណាក់​ធំ៣នោះដែរ។ លោក​ប្រាប់​ខេមបូចា ថាកម្មករ​នៅ​ក្នុង​តំបន់​របស់​លោក​ត្រូវ​ចំណាយ​៧០​ទៅ​៨០​ដុល្លារ​ក្នុង​មួយ​ខែ​លើ​ថ្លៃ​បន្ទប់ ហើយថា​លោក​ផ្ទាល់​ក៏​បាន​ស្នើ​ទៅ​កាន់​ម្ចាស់​បន្ទប់​ជួល ឈ្មោះ ក្រូច ដារ៉ាក ឲ្យ​ជួយ​បន្ថូរបន្ថយ​ថ្លៃឈ្នួលល​ខ្លះ។ បន្ទាប់ពី​មានការ​ចរចា​គ្នា លោក​ថា ម្ចាស់​បន្ទប់ជួល ថានឹង​ផ្ដល់​ចម្លើយ​នៅ​ថ្ងៃពុធ។

លោកឲ្យ​ដឹងថា៖ «​ជា​ដំបូង​យើង​ស្នើ​សុំ​ឲ្យ​គាត់​លើក​លែងថ្លៃជួល​មួយ​ខែ ប៉ុន្តែ​ម្ចាស់​បន្ទប់ជួល​បដិសេធ ហើយ​បាន​យល់ព្រម​បញ្ចុះ​ថ្លៃ​២០​ភាគ​រយ។ ​យើង​ទាម​ទារ​ថាយ៉ាង​ហោច​ណាស់​បាន​ចុះ​ថ្លៃ៥០​ភាគរយ» ដោយលោកបន្ថែមថា៖ «​គេ​បាន​ប្រាប់​យើង​ថា​ពួកគេ​ក៏​ខ្ចី​លុយ​ពី​ធនាគារ​ដែរ បើ​ធនាគារ​ជួយ​សម្រួលពួកគេ​ខ្លះ ពិតណាស់ ពួកគេ​ក៏អាច​ជួយ​សម្រួល​ដល់​កម្មករ​ខ្លះដែរ»។

លោក បញ្ជាក់ថា បើ​សិន​ជាម្ចាស់​បន្ទប់​ជួល​មិន​យល់​ព្រម​ទេ អ្នក​ជួល​ទាំង​អស់អាច​នឹង​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ។​

បើ​តាម​តួលេខ​ក្រ​សួង​ការងារ​កាលពី​ដើម​ខែមេសា ការបិទខ្ទប់​រយៈពេល​បី​សប្ដាហ៍​ បាន​នាំ​ឲ្យ​មាន​រោងចក្រ​ចំនួន២០៦ បានផ្អាក​ប្រតិបត្តិការ​បណ្ដោះអាសន្ន ដោយ​មាន​ទាំង​រោងចក្រ​កាត់ដេរ រោងចក្រដេរស្បែកជើង និង​រោងចក្រ​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ ក្នុង​នោះ​មាន​១៣៤​នៅ​ភ្នំពេញ និង​មាន​២៣​នៅ​ខេត្ត​កណ្ដាល​ និងខេត្តផ្សេងៗទៀត។ ជា​សរុប ការ​បិទ​ខ្ទប់​នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ បាន​ធ្វើ​ឲ្យ​រោងចក្រ និង​អាជីវកម្ម​ ជាង​៧ ០០០​បាន​បិទ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន និង​ប៉ះពាល់​កម្មករ​កម្មករ​ប្រ​ហែល​១,២លាន​នាក់។

បន្ទាប់​ពី​ជំងឺ​កូវីដ១៩ បានរាលដាល​ដល់​រោង​ចក្រ និង​ដល់​ប្លុក​ផ្ទះជួលរបស់​កម្មករ​រោងចក្រ​នៅភាគខាងលិចទីក្រុង តំបន់​ដែល​មាន​កម្មករ​រស់​នៅទាំងនេះ​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម​ និង​មានការ​រឹតបន្តឹង​ខ្លាំង​ដើម្បី​ទប់​ស្កាត់​អត្រាឆ្លង​ជំងឺកូវីដ១៩​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​​របស់​កម្មករ​មួយ​ចំនួន​នេះ ប៉ុស្ដិ៍នគរបាល​រដ្ឋបាលស្ទឹង​មានជ័យ​៣ កាលពី​ថ្ងៃចន្ទ បានស្នើ​ឲ្យ​កម្មករកុំ​ប្រមូល​ផ្តុំ​គ្នា​​ក្នុងចំនួន​ច្រើន ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​កូវីដ១៩​។ បើ​តាម​ការ​ផ្សាយ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន មន្ត្រី​នគរបាល​បាន​ស្នើ​ឲ្យ​តំណាង​កម្មករ​ទៅជួប​ចរចារ​ជាមួយ​ម្ចាស់​បន្ទប់​ជួលជំនួស​វិញ​ ឬទាក់ទងមកអាជ្ញាធរមូលដ្ឋានដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហានេះ។

ម្ចាស់ផ្ទះជួល លោក ដារ៉ាក ដែលមាន​​បន្ទប់​ជួល​ជាង​១០០​បន្ទប់ និង​មានកម្មករ​ជួល​ប្រហែល​៥០០​នាក់ បាន​ប្រាប់​ខេមបូចា ថាលោក​ក៏ជំពាក់​ធនាគារ និង​ត្រូវ​សង់​លុយ​វិញ​ដែរ។ លោក​ថា​ លោក​បាន​ដាក់​សំណើ​ទៅធនាគារ​សុំ​ឲ្យ​ពន្យា​ការ​បង់​ប្រាក់​សង​មួយ ឬពីរ​ខែ។  បើ​សិន​ជា​​លោក​អាច​បានទទួល​ការ​លើក​លែង​នេះ លោក​ថា​លោក​ក៏​នឹង​សម្រួល​ដល់​អ្នក​ជួល​បន្ទប់​ដែរ​។​

លោក​បន្ថែមថា៖ «​ខ្ញុំ​អាច​នឹង​ជួយ​សម្រួល​ដល់​កម្មករ​បន្ថែម​ទៀត​ [ប៉ុន្តែ] ខ្ញុំ​កំពុង​រង់​ចាំ​ចម្លើយ​ពី​ធនាគារ។ ខ្ញុំ​មិន​រំពឹង​អ្វីច្រើនពី​ពួកគេ​ទេ ព្រោះពួកគេ​បាន​ប្រាប់ខ្ញុំ​ហើយ​ថា​ធនាគារ​មិន​មាន​គោលការណ៍​បែបនេះ​ទេ»។​

លោកឲ្យ​ដឹង​ដែរ​ថា លោក​បាន​បញ្ចុះ​ថ្លៃ​ឈ្នួល​១០​ដុល្លារ​ម្ដង​ហើយ ហើយ​​ពេលនេះ​នឹង​បញ្ចុះ​ថ្លៃ​១០​ដុល្លារ​ទៀត​។

លោក​បន្ថែមថា៖ «​យើង​មិន​អាច​ចុះ​ថ្លៃ​ឲ្យ​ពួកគាត់​១០០​ភាគ​រយ​ទេ ព្រោះ​បើ​យើង​ធ្វើ​ដូច​នេះ យើង​នឹង​ស្លាប់ទាំអស់​គ្នា​។ ប៉ុន្តែ​យើងអាច​ត្រឹម​តែ​ពន្យា​ពេល​ឲ្យ​ពួកគាត់ ហើយ​នៅ​ពេល​ស្ថាន​ភាព​ល្អ​ប្រសើរ​វិញ ខ្ញុំ​នឹង​ឲ្យ​ពួកគាត់​បង់​វិញ​ទៅ​តាម​លទ្ធភាព»។​

កាល​ដើមខែមេសា អំឡុងពេល​មាន​ការ​បិទខ្ទប់​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មុនមាន​ការ​បិទខ្ទប់​ទីក្រុង​ទាំង​ស្រុង​នៅ​ថ្ងៃទី​១៥ ខែមេសា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧត្ថម្ភ​៣០ម៉ឺន​រៀល សម្រាប់​គ្រួសារ​ដែល​ជាប់​ក្នុង​តំបន់​បិទខ្ទប់​។ លោក នាយក​រដ្ឋមន្ត្រី​ប្រកាស​ទៀតថា រដ្ឋ​នឹង​ជួយ​ចេញ​ថ្លៃ​អគ្គិសនី​ខ្លះ​ដល់​អ្នក​រង​ផល​ប៉ះពាល់ និង​គ្រួសារ​អ្នក​មាន​ឆ្លង​កូវីដ១៩ ក៏​ដូច​ជា​អ្នក​ដែល​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​សម្រាប់រយៈពេល​ពីមួយខែ​ដល់​បីខែ។ យ៉ាងណា ក្រោយ​មក​ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​លុប​ចោល​គម្រោង​នោះ​វិញ ដោយ​ជំនួស​មក​វិញ​ដោយ​ការ​ផ្ដល់​ជាអំណោយ​ស្បៀង​អាហារ បន្ទាប់​ពី​ទីក្រុង​ទាំង​មូល​ត្រូវ​បិទខ្ទប់​ទាំង​ស្រុង ក្នុង​រយៈពេល​បី​សប្ដាហ៍​។​

ជាថ្មីម្តងទៀត​កាលពីថ្ងៃសប្តាហ៍មុន លោក ហ៊ុន សែន ក៏​បាន​ស្នើ​ដល់​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​ស្វយ័តក្រុង​​ភ្នំពេញ​​ ឲ្យ​រក​វិធី​សម្រួល​ដល់​ថ្លៃប្រើ​ប្រាស់​របស់​កម្មករ​ក្នុង​តំបន់​ក្រហម​។​

​រដ្ឋាករទឹក​ស្វយ័តក្រុង​​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ​បាន​ប្រកាស​លើកលែង​ថ្លៃ​ប្រើ​ប្រាស់ទឹក​បី​ខែ ពីខែ​មីនា ដល់​ខែឧសភា សម្រាប់​ផ្ទះ​ជួល​ចំនួន​៨៧០​ ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​ក្រហម។ បន្ទប់​ដែល​ទទួល​បាន​ការ​លើក​លែង​ថ្លៃ​ប្រើ​ប្រាស់​ទឹក​នេះ គឺ​ភាគច្រើនជា​កម្មករ​រោងចក្រ និង​និស្សិត​។ ចំណែក​​ឯខាង​អគ្គិសនី​កម្ពុជា​វិញ នៅ​មិន​ទាន់​ប្រកាសពី​វិធានការ​បន្ធូរ​បន្ថយ​ថ្លៃ​អគ្គិសនី​ដល់​អ្នក​ទាំង​នោះ​នៅ​ឡើយ​។​​

ទោះបី​ជា​វិធានការ​បិទខ្ទប់ត្រូវ​បាក​ដកចេញ​ស្ទើ​រគ្រប់​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ពិត​មែន តែ​ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩ បន្ថែម​ទៀត។

នៅ​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ចំនួន៥០៦​ករណី​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​គិត​តាំង​ពី​ផ្ទុះ​ការ​រាល​ដាល​តាំងពី​ដើម​ឆ្នាំ​២០២០ ឡើង​ដល់​១៩ ៧៤៣​ករណី។ ជាមួយ​គ្នា​នោះដែរ មាន​មនុស្ស​ចំនួន​១២៦​នាក់​បាន​ស្លាប់​ដោយ​សារ​កូវីដ១៩​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​ប្រ​សាសន៍ថា ម្ចាស់​បន្ទប់​ជួល​ជា​ច្រើ​ន​មិន​បាន​អនុគ្រោះ​​ថ្លៃជួល​បន្ទប់​ទេ ព្រោះថា​វិស័យ​ឯកជន​គ្មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ធ្វើ​ដូច​នេះ។ ដូច្នេះពួកគេ​មានសិទ្ធិធ្វើ​តាម និង​មិនធ្វើ​តាម​ការអំពាវនាវរបស់​រដ្ឋាភិបាល​។

លោក​បន្តថា៖ «ការប្រឈម​របស់​កម្មករ​​នៅ​តែ​មាន ពេល​ម្ចាស់​ផ្ទះជួល​ខ្លះ​បាន​ឲ្យ​ពន្យា​ការ​បង់​ថ្លៃឈ្នួល ហើយ​តម្រូវ​ឲ្យ​បង់​សង​​ពេល​កម្មករ​ត្រឡប់ចូល​ធ្វើ​ការ​វិញ»

ខណៈកម្មករ​ទំនង​ជាមិន​អាច​ទទួល​បាន​ប្រាក់ឈ្នួល​​ក្នុង​រយៈពេល​ផ្អាក​ការងារ ការ​សង​បំណុល​នឹង​រឹត​តែជា​បន្ទុក​ធ្ងន់​លើ​អ្នក​ទាំង​នោះ។​

លោក អាត់ ធន់ ថា​នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋា​ភិបាល ក្នុង​ការ​ជួយ​ដល់កម្មករ​ទាំង​នោះ។​

លោក​ បន្ថែមថា៖ «ជា​ការពិត​ រដ្ឋ​ត្រូវ​តែ​ផ្ដល់ជំនួយ​ដូច​ជា​ស្បៀង​អាហារ និង​ថវិកា ជួយ​ដល់​កម្មករ នេះជាកាតព្វកិច្ច​របស់​រដ្ឋាភិបាល​…​ជំនួយជា​ថវិកា​ពិតជា​សំខាន់ រដ្ឋា​ភិបាល​ត្រូវ​តែ​បង្ខំ​ឲ្យថៅកែ​រោចក្រ​ទាំង​នោះ​ផ្ដល់​ប្រាក់​ឈ្នួល​ដល់កម្មករ​ក្នុង​អំឡុងពេល​ផ្អាកការ​ងារ​នេះ។ ជាមួយ​គ្នា​នេះដែរ រដ្ឋ​គួរ​ផ្ដល់​ការ​លើក​លែង​លើ​ថ្លៃ​ទឹក និង​ភ្លើង»។​

ទន្ទឹមនឹង​នេះ​ ភាព​លំបាក​​នៃការ​ជួល​បន្ទប់​នៅ​ក្នុង​​ភូមិ​ដំណាក់ធំ៣ ក៏​កំពុង​កើត​មាន​នៅ​កន្លែង​ផ្សេង​ពាសពេញ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​។ ​ថ្វីដ្បិតការ​តវ៉ា​ដូច​នៅ​ព្រឹក​ថ្ងៃចន្ទ អាច​នឹង​ ​កើតមានជាថ្មីនៅ​កន្លែង​ផ្សេង​ទៀត ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ក៏​បាន​លើក​លែង​​ថ្លៃឈ្នួល​ផ្ទះ​ពី​កម្មករ​ដែល​មិន​មាន​លទ្ធភាព​បង់​ដែរ​។​

លោក សុង សាន ជាកម្មករ​នៅរោងចក្រកាត់ដេរ ឌីន ហាន ដែល​រង​ការ​ឆ្លង​កូវីដ១៩ ជាចង្កោមកាលពី​ដើម​ខែមេសា។ លោក​ សាន បច្ចុប្បន្ន​កំពុង​ជួល​បន្ទប់​រស់​នៅ​ក្នុង​តំបន់ក្រហម ក្នុងភូមិ​ចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាន​ឲ្យ​ដឹង​ថាម្ចាស់​បន្ទប់​ជួល​របស់​លោក​បាន​លើក​លែង​ថ្លៃឈ្នួល​បន្ទប់​សម្រាប់​ខែនេះ។

លោក​ សាន ប្រាប់ខេមបូចា នៅថ្ងៃចន្ទនេះថា៖ «​ខ្ញុំ​មិន​ដឹង​ថា​គាត់​ធ្វើ​នេះ បន្ទាប់ពីការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬយ៉ាងណា ប៉ុន្តែនៅព្រឹក​នេះ គាត់ថា​ គាត់​មិន​យក​ថ្លៃឈ្នួល​ខែនេះ​ទេ…នេះ​ជួយ​សម្រួល​បន្ទុក​ដល់កម្មករ​ដែល​មិនមានការងារធ្វើ មិ​នមាន​ចំណូល និង​កំពុង​ខ្វះអាហារ»។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Struggling workers in quarantine zones demand rent waivers for COVID-19 crisis

317 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម