សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍សមាគមធាងត្នោត ៖ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុងទីក្រុង​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​វិបត្តិ​បំណុល

អ្នកស្រី គង់ ស្រី ចង្អុលទៅផ្ទះដែលគេបោះបង់ចោលមួយ ដែលជាកម្មសិទ្ធិរបស់អ្នកភូមិពីរនាក់ ដែលត្រូវបានបណ្តេញចេញពីសហគមន៍បឹងតាមោកដូចអ្នកស្រីដែរកាលពីឆ្នាំ២០២២។ រូបភាពថតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)
អ្នកស្រី គង់ ស្រី ចង្អុលទៅផ្ទះដែលគេបោះបង់ចោលមួយ ដែលជាកម្មសិទ្ធិរបស់អ្នកភូមិពីរនាក់ ដែលត្រូវបានបណ្តេញចេញពីសហគមន៍បឹងតាមោកដូចអ្នកស្រីដែរកាលពីឆ្នាំ២០២២។ រូបភាពថតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

របាយការណ៍របស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំនិងដោយ​​គ្មាន​លំនៅឋាន​សមរម្យ​ កំពុងមាន​បញ្ហា​បំណុល ខ្វះ​​អាហារូបត្ថម្ភ ខណៈមានការ​រំខាន​ដល់​ការសិក្សារបស់កុមារ ហើយ​ពួកគេអាចធ្លាក់ទៅ​ក្នុង​ពលកម្មកុមារ។

អ្នក​ជំនាញ​បាន​ព្រមាន​ថា បញ្ហា​​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​​ក្នុង​​សហគមន៍។

នៅចន្លោះខែឧសភា និងខែកក្កដាឆ្នាំ២០២២ អង្គការ STT បានធ្វើការងារ​លើ​គម្រោង​ស្រាវជ្រាវរយៈ​ពេលបីខែ ដែលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរ នៃការបណ្តេញ​ចេញដោយបង្ខំនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ដែល​មាន​ចំណងជើងថា “ការបណ្តេញ​ចេញ សំណង និងបំណុល ឆ្នាំ២០២៣”  បានគូសបញ្ជាក់ពី “ការមិនគោរព​ទាំង​ស្រុង” ចំពោះ​ច្បាប់ជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងអនុសាសន៍របស់អង្គការសហប្រជាជាតិ។

មាន​ការ​សិក្សា​​លើ​ករណីនៃ​ការបណ្តេញ​ចេញ​ចំនួន១២ករណី​នៅទូទាំង​រាជធានីភ្នំពេញ​ ខេត្ត​កណ្តាល​និង​ខេត្ត​តាកែវ ទី​ដែលតាមចោទ​ថា ពលរដ្ឋត្រូវបានបណ្តេញចេញ អំឡុងពេលមាន​ជំងឺ​កូវីដ-១៩ ចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២២។

ភាគច្រើន នៃប្រជា​ពល​រដ្ឋ​នៅតំបន់ទាំងនោះបានរស់​នៅទីនោះតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែប្រជា​​ពលរដ្ឋ​ជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីកន្លែងនោះ ដោយសារគម្រោងអភិវឌ្ឍន៍តាមខេត្ត-ក្រុង។ តួយ៉ាង គម្រោងព្រលានយន្តហោះថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អ្នកដែលរស់នៅលើដី​កម្មសិទ្ធិ​ឯកជន ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍បាន​ទទួលសិទ្ធិ​ពីរដ្ឋ និងការពង្រីកផ្លូវ៣០ម៉ែត្រ​ក្នុងក្រុង។

យោងតាមរបាយការណ៍បាន​ឲ្យ​ដឹងថា​ ការបណ្តេញចេញនីមួយៗបានកើតឡើងខុសៗគ្នា ទាក់ទងនឹងដំណើរការចរចា និងកញ្ចប់សំណង ដែលមានន័យថា ការបណ្តេញចេញមិនអនុវត្តតាមដំណើរការដែលបានកំណត់ ដែលបណ្តាលឱ្យមានលទ្ធផលប្លែកៗពីគ្នា​។

អង្គការ STT ក៏បានរកឃើញថា ភាគច្រើន នៃការបណ្តេញចេញដោយបង្ខំបានប៉ះពាល់ការរស់នៅ​ និងផ្លូវ​ចិត្ត​របស់ប្រជា​ពលរដ្ឋ​ ដែលកំពុងតែជួប​ការលំបាកផ្នែកសេដ្ឋកិច្ច និងភាពក្រីក្ររួចទៅហើយនោះ​។ ដោយសារតែការចរចា និងដំ​ណើរការផ្តល់​សំណងមិនស៊ីសង្វាក់គ្នា គ្រួសារដែលត្រូវបានបណ្តេញចេញត្រូវបានប៉ះពាល់ផ្លូវចិត្ត បន្ថែមពីលើការបាត់បង់ផ្ទះសម្បែង ការងារ ប្រាក់ចំណូល ការអប់រំ និងលទ្ធភាពទទួលបានសេវាសាធារណៈ។

អ្នកស្រី ណុប ស៊ីណាន ​ពាក់​អាវ​លឿង​ជាមួយអ្នកស្រី គង់ ស្រី ក្រោយ​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ២០២៣។ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

ថ្លែងប្រាប់ខេមបូចា អ្នកស្រី គង់ ស្រី អាយុ៦៥ឆ្នាំ រៀបរាប់​ថា អ្នកស្រី​សម្រេចចិត្ត​ទទួលយកសំណង និងផ្លាស់ទីលំនៅពីភូមិសំរោងត្បូង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំ​ពេញ ដោយសារមានកង្វល់ច្រើន។ បញ្ហា​នេះ​រួម​ទាំង​ការ​ភ័យ​ខ្លាច​ថា ​អ្នកស្រីនិង​អ្នក​ជិត​ខាងរបស់អ្នក​ស្រី​​អាច​នឹង​មាន​ជោគ​វាសនា​ស្រដៀង​នឹង​សហគមន៍​ផ្សេង​ទៀត ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ​តំបន់បឹងកក់។

លោកស្រីបាននិយាយថា៖ «ពួកខ្ញុំ​ខ្លាច​គេរុះរើដូចនៅបឹងកក់ ខ្លាចគេ​ឈូសទទេៗ​ ដូច្នេះ​ហើយ​ខ្ញុំ​មក​ទី​នេះ ប៉ុន្តែ​ពេល​ខ្ញុំ​មក​ទី​នេះ ជីវិត​កាន់​តែ​លំ​បាក​ជាងមុន​»។

ចាប់តាំងពីអ្នកស្រីផ្លាស់ទីលំនៅទៅភូមិទួល ក្នុងសង្កាត់​ពន្សាំង ចម្ងាយប្រហែល១៥គីឡូម៉ែត្រពីផ្ទះចាស់​របស់អ្នកស្រី​ក្នុងឆ្នាំ២០២២ ជាមួយប្រជា​ពលរដ្ឋ​១៣គ្រួ​សារ​ផ្សេងទៀត អ្នកស្រី គង់ ស្រី បាននិយាយថា វាពិតជាលំបាកខ្លាំងណាស់ក្នុងការរកប្រាក់ចិញ្ចឹមជីវិត ព្រោះគ្មាន​ការងារ​អ្វីធ្វើនៅទីនោះទេ​។

ប្រជាពល​រដ្ឋ​ភាគច្រើនគ្មានជម្រើសអ្វីក្រៅពីស្វែងរកការងារធ្វើនៅ​ការដ្ឋាន​សំ​ណង់​ និងមាន​ប្រាក់ខែទាប។ ប្រជាពលរដ្ឋមួយចំនួនបានចាកចេញទៅស្វែងរកការ​ងារ​​ធ្វើតាម​ខេត្ត ខណៈអ្នក​ខ្លះទៀតបិទទ្វារ​ផ្ទះចោល ហើយត្រឡប់ទៅលក់ត្រីនៅតាម​តូបចាស់របស់ខ្លួន​ក្បែរមាត់​បឹងនិង​ជួលផ្ទះនៅក្បែរនោះ។

អ្នកស្រីនិយាយថា៖ «វាពិតជាលំបាកណាស់ បន្ទាប់ពីពួកយើងមករស់នៅទីនេះ។ បើយើងនៅទីនោះ [បឹងតាមោក] យើងអាចនេសាទត្រី​។ គួរឲ្យស្តាយ​ នៅទីនេះ យើងរក​​​អ្វី​ធ្វើ​ក៏គ្មាន​ដែរ​ ក្រៅ​ពី​ការងារ​សំណង់» ដោយអ្នកស្រី​​ចោទ​ថា​ មេការសំ​ណង់​បាន​បោក​ប្រាស់​ពួក​គាត់ ហើយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់ទេ​។

លើសពីនេះទៅទៀត អ្នក​ស្រី គង់ ស្រី ​សោកស្តាយ​ដែលអ្នក​ស្រី​ជាប់​បំណុលគេ​ជាង​ពីរ​លាន​រៀល ​ដែល​អ្នកស្រី​​ខ្ចី​គេយកមកជួល​មនុស្ស​ឲ្យ​ជួយ​រើ​អីវ៉ាន់​​របស់​អ្នកស្រី​​ពី​កន្លែង​ចាស់ ​ព្រោះ​សំណង​៥០០​ដុល្លារ​របស់​រដ្ឋាភិបាល​មិន​គ្រប់គ្រាន់ទេ​​។ រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ទាំង១៣​គ្រួសារ​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ​ទេ ព្រោះ​ឯកសារ​កំពុង​ដំណើរការនៅឡើយ​។

អ្នកស្រី ណុប ស៊ីណាន អាយុ៥២ ឆ្នាំ ដែលក៏ត្រូវបានបណ្ដេញចេញពីសហគមន៍បឹង​តាមោកមក​ភូមិទួល ដែលមាន​ចម្ងាយ ១៥គីឡូម៉ែត្រ ធ្លាប់រកចំណូលបានចន្លោះពី៨ម៉ឺន ទៅ១០ម៉ឺនរៀល ពីការលក់ត្រីដែលចាប់ក្នុងបឹង។ បន្ទាប់​ពី​អ្នកស្រី​​ផ្លាស់​ទីលំនៅ​ អ្នកស្រី​បាន​បាត់​បង់​ប្រាក់​ចំណូល​ភាគ​ច្រើន​។ ប្រាក់២៥.០០០រៀល ដែលអ្នកស្រី​រកបាន​ពី ការ​ងារ​សំណង់ក្នុងមួយថ្ងៃ មិនគ្រប់គ្រាន់ ដើម្បី​ដោះ​បំណុល​ចំនួនបួនលានរៀលរបស់អ្នកស្រី​ឱ្យបានទៀងទាត់នោះទេ។

ដោយ​មាន​ទឹកភ្នែក​រលីងរលោងផងនោះ អ្នកស្រី ស៊ីណាន បាន​និយាយ​ថា អ្នក​ស្រី​​​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​បច្ចុប្បន្ន ដោយសារ​តែ​បំណុល​ដែល​អ្នកស្រី​​ត្រូវ​សង ២០០ដុល្លារ​ជា​រៀង​រាល់​ខែ។ អ្នកស្រី​​បាន​បន្ថែម​ថា មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​គ្រួសារ​របស់​អ្នកស្រី ​ដែល​អាច​ធ្វើ​ការ​បាន ខណៈ​អ្នកស្រី​​មាន​កូន​ពិការ​ម្នាក់​​នៅ​ផ្ទះ។

អ្នកស្រីបាននិយាយថា៖  «វាអាច [ដែលថា ខ្ញុំអាចបាត់បង់ដីនេះ] ដោយសារខ្ញុំមិនអាចសង [ប្រាក់កម្ចីរបស់ខ្ញុំ] សូម្បីតែថ្លៃការប្រាក់»។

អ្នកស្រី នួន ឡា អាយុ៣៤ឆ្នាំ ជាអ្នកលក់ត្រី ដែល​ធ្លាប់រស់នៅក្បែរផ្សារដើមគរ ជាង១០ឆ្នាំ ត្រូវបានអាជ្ញាធរបណ្តេញចេញនៅឆ្នាំ២០២០ ហើយផ្លាស់ទីទៅរស់នៅភូមិវិហារសួគ៌ខាងជើង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណូល​របស់​អ្នក​​​ស្រី​​ធ្លាក់​ចុះ​តាំងពី​ពេល​នោះ​មក ហើយ​ក៏​មិន​អាច​ទ្រទ្រង់​ជីវភាពរស់នៅ​​បាន​សមរម្យទេ ​​ក្រៅ​ពី​ការ​លក់​ត្រី​បន្តិចបន្តួច​។

អ្នកស្រី​ក៏មានជាប់​ប្រាក់ចងការ​ចំនួនជាងពីរលានរៀល ផងដែរ​ហើយកំពុងពិបាកក្នុងការសង ព្រោះប៉ុន្មានខែបន្ទាប់ពីអ្នកស្រីចងការ​ប្រាក់​មករៀប​​ចំ​តូប​​រកស៊ី​នៅក្បែរផ្សារដើមគ ដែល​ត្រូវបានបណ្តេញចេញនោះ​។ ប្រាក់កម្ចីនេះមិនទាន់​បានប្រើប្រាស់សម្រាប់អាជីវកម្មណាមួយឡើយ។

អ្នកស្រី​​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​ប្រាកដ​ថា​ ខ្ញុំ​បង់​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ខែ ឬ​មួយ​សប្តាហ៍​នោះ​ទេ​»ដោយ​បន្ថែម​ថា ​អ្នកស្រី​​ចាប់​បាន​​ត្រីប៉ុន្មាន​លក់ប៉ុណ្ណឹង ​ប៉ុន្តែ​​មិន​ច្រើន​​ ដើម្បី​ប្រមូល​ប្រាក់​។ អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំ​មិន​ហ៊ាន​ហូប​​ត្រី​ទេ ព្រោះ​ខ្ញុំ​ត្រូវ​សង​ [បំណុល​] ហើយ​សន្សំប្រាក់​​ខ្លះ​ ដើម្បី​ទិញ​អង្ករ​ និង​បង់​ថ្លៃ​សាលា​កូន​ខ្ញុំ»។

កុមារ​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ជិះ​​រ៉ឺម៉ក​កង់​បី​ពី​សាលា​ត្រឡប់​ទៅ​ផ្ទះ ខណៈ​ឪពុក​ម្ដាយ​បង់​ថ្លៃ​ដឹក​ជញ្ជូន​ប្រចាំ​ខែ២៥.០០០រៀល​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

ថ្លែងជុំវិញ​បញ្ហានេះ លោក សឿង សារ៉ន​ នាយកប្រតិបត្តិនៃសមាគមធាងត្នោត និងលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានជំរុញឱ្យរដ្ឋាភិបាលផ្តល់លំនៅឋានឱ្យបានគ្រប់គ្រាន់ និងជួយពន្យារ​ពេលសងបំណុលរបស់ប្រជាពលរដ្ឋមុននឹងផ្លាស់ប្តូរទីលំនៅពួកគាត់។

អង្គការ STT បានលើក​ឡើង​ថា រដ្ឋាភិបាលគួរតែគិតគូរពីស្ថានភាពរបស់ប្រជាពលរដ្ឋមុននឹងបណ្តេញពួកគេចេញ ហើយផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈបន្ថែមដូចជាសាលារៀន មន្ទីរពេទ្យ អគ្គិសនី និងទឹកស្អាតសម្រាប់ជីវភាព​រស់នៅ​របស់ពួកគេ​។ ជុំវិញ​ការពន្យារពេលសងបំណុល លោក សារ៉ន​ បានមាន​ប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការជាមួយម្ចាស់បំណុល ដើម្បីពន្យារពេលសង​បំណុលរបស់ប្រជាពលរដ្ឋ​។

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលបដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បញ្ជាក់​ថា លោក​មិន​ទាន់​ឃើញ​របាយការណ៍​នេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ STT Report: Forced Evictions in Phnom Penh, Kandal, Takeo Pushed People into Debt Crisis

527 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម