សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍សមាគមធាងត្នោត​៖ សហគមន៍ក្រីក្រនៅទីក្រុង​​បារម្ភ​ពី​ការបណ្តេញ​ចេញដោយបង្ខំ និង​គ្មានបណ្ណកម្មសិទ្ធិដីធ្លី

បុរសម្នាក់កំពុងនេសាទត្រីនៅបឹងតាមោក ខណៈរថយន្តដឹកដីចាក់លុបបឹង ស្ថិតនៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
បុរសម្នាក់កំពុងនេសាទត្រីនៅបឹងតាមោក ខណៈរថយន្តដឹកដីចាក់លុបបឹង ស្ថិតនៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំ​ណងជើងថា សុវត្ថិភាព​ដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង ដែលរៀបរាប់លម្អិតអំ​ពីបញ្ហាសុវត្ថិភាព​ដីធ្លី ដែលកំពុងញាំញីសហគមន៍ក្រីក្រនៅ​រាជធានី​ភ្នំពេញ ហើយ​​សហគមន៍​ទាំងនេះ​​បានសម្តែងការព្រួយបារម្ភ​ចំពោះការបណ្តេញចេញ និងសំណងមិនគ្រប់គ្រាន់។ 

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ អង្គការក្រៅ​រដ្ឋាភិបាលនេះ​បាន​​ស្ទង់មតិសហគមន៍ក្រីក្រនៅ​ទីក្រុងចំនួន១១ ដែល​មាន​ពលរដ្ឋ​សរុបចំនួន៨៨៤​គ្រួសារ ឬ ៣ ៧៩៨នាក់ ដែលបាននិយាយថា ពួកគាត់​ប្រឈមនឹងការគំ​រាមកំហែងបណ្តេញ​ចេញ ដោយសារដីរបស់ពួកគាត់​ត្រូវបានកំណត់ថា ជាដីរដ្ឋ ឬដី​សាធារណៈ។ 

របាយការណ៍នេះបានគូសបញ្ជាក់ថា សកម្មភាពនេះ គឺជា​ «ការមិនអើពើ​​​ទាល់តែ​សោះ​​» ចំពោះច្បាប់ជាតិ សិទ្ធិមនុស្សអន្តរជាតិ និងអនុសាសន៍របស់អង្គការសហប្រជាជាតិ។ របាយ​ការណ៍នេះ​សរសេរ​​ថា៖​ «​សហគមន៍​ភាគច្រើន​មិន​បាន​ទទួល ឬ​​មិន​​​​ត្រូវ​បាន​រាប់​បញ្ចូល​នៅក្នុង​​​ដំណើរ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ទេ​»។  

លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោតប្រាប់ខេមបូចាថា របាយការណ៍នេះមានគោលបំណងលើកយក​បញ្ហាសហគមន៍ជំរាប​ជូនសាធារណជន និងភាគី​ពាក់ព័ន្ធ រួមទាំងអាជ្ញាធរផង ដើម្បីឱ្យពួកគាត់​អាចទទួលបានព័ត៌មាន​ និងផ្តល់ដំណោះស្រាយដល់​សហគមន៍ដែលកំ​ពុង​​ជួបប្រទះបញ្ហាដីធ្លី។ 

លោក មួយឡៃ មាន​ប្រសាសន៍ថា៖ «អាជ្ញាធរ​នៅតាម​​សហគមន៍​នីមួយៗ​ក្នុង​ចំ​ណោម​​សហគមន៍​ទាំង ១១ បាន​បង្ហាញ​កម្រិត​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ខុសៗគ្នា​​ទៅតាមទីតាំងភូមិសាស្ត្រ​។ ជារួមពាក់ព័ន្ធបញ្ហាដីធ្លីនេះ សហគមន៍ក្រីក្រអ្នកដែលងាយរងគ្រោះភាគច្រើនមិនមានភាពស្មើគ្មាដំណោះស្រាយរួមចំពោះបញ្ហារបស់ពួកគាត់​ទេ»។ 

ជាក់ស្តែង សហគមន៍សំរោងត្បូង​ជា​សហគមន៍មួយក្នុងចំណោម​សហគមន៍​ទាំង​នោះ​ បានអះអាង​ថា ពួកគាត់បានរស់នៅទីនោះ​យូរមកហើយ ហើយមិនរស់នៅលើដីអនុក្រឹត្យ​នៅ​តំ​បន់​បឹងតាមោក ដែលគ្រប់ដណ្តប់​លើផ្ទៃដីប្រមាណ៣០០០ហិកតា ប៉ុន្តែរដ្ឋាភិបាលអះអាងថា វាគឺ​ជាដីរបស់​រដ្ឋ តម្រូវឱ្យគាត់ចាកចេញក្រោមហេតុផលការអភិវឌ្ឍ។ បឹង​នេះ​កំពុង​ត្រូវ​បាន​ចាក់ដី​លុប​​ជា​បណ្តើរៗ ហើយ​បាន​ឱ្យទៅ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​ឯកជន​។ 

យោងតាមរបាយការណ៍ដដែលនេះបាន​ឲ្យ​ដឹងថា​ បញ្ហាទាំងនេះ​​មួយផ្នែកគឺបណ្តាលមកពីកង្វះលទ្ធភាពទទួលបានព័ត៌មាន និងការមិន​រាប់​បញ្ចូលក្នុងដំណើរការស្វែងរកដំ​ណោះស្រាយនៅពេល​ធ្វើ​ការអភិវឌ្ឍ និងការ​បណ្តេញចេញ។ សហគមន៍ក្រីក្រទាំងនេះ​ក៏ខកខាន​មិន​បាន​ទទួលឯកសារជាក់​លាក់​មួយចំនួនដែលអាចគាំទ្រសិទ្ធិ​កាន់កាប់ដីធ្លីរបស់ពួកគាត់​ផងដែរ​។ នៅពេលដែលគម្រោងអភិវឌ្ឍន៍ត្រូវបានរៀប​ចំឡើង​ ពួកគាត់​ត្រូវ​បាន​គេ​តម្រូវឱ្យចាកចេញពីដីរបស់ពួកគាត់​ហើយ​ជួនកាលគ្មាន​សំណងគ្រប់គ្រាន់ទេ។ 

 សហគមន៍​ទាំងនេះ​បាន​បង្ខំចិត្ត​រួប​រួម​គ្នា​​និង​តស៊ូ​មតិទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល ​ដើម្បី​ការពារ​ដី​ដូនតា​របស់​ពួកគាត់​ បើ​ទោះ​បីជា​ប្រឈម​នឹង​ការ​បំភិតបំភ័យ​​ក៏​ដោយ និង​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​​តុលាការក៏ដោយ​។ របាយការណ៍បានសរសេរថា៖ «វា​ជា​ការ​តស៊ូ​ដ៏​លំបាក​មួយ​​ ​ដើម្បី​រក្សា​ទី​កន្លែង​ដែលពួក​គាត់​​ធ្លាប់​ហៅ​ថា​ផ្ទះ»។ 

អ្នកស្រី សឿន ស្រីសុទ្ធ ពលរដ្ឋ​សហគមន៍​សំរោង​ត្បូងបាន​និយាយ​ថា អ្នកស្រី​ជា​ជន​​រងគ្រោះ​ដោយសារ​ការ​ការអភិវឌ្ឍបឹង​តាមោក ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​បណ្តឹងនៅតុលាការ​។

អ្នកស្រីនិយាយថា៖ «ក្នុងនាមជាអ្នកតំណាងសហគមន៍ ខ្ញុំសូម​ស្នើ​ឱ្យរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ពួកយើង ជាជាងគំរាមកំហែង ឬធ្វើបាបពួកយើង​។ ដើម​បណ្តឹង​ពីរ​បី​នាក់​ចង់​ឲ្យទម្លាក់​ពាក្យ​​បណ្តឹង​នេះ​ចោល​ ហើយ​ចង់​ឲ្យ​អភិវឌ្ឍន៍​​ដី​ដែល​​យើងកំពុង​​រស់​នៅ​នេះ ​សម្រាប់​យើងទាំង​អស់​គ្នា​»។

 អ្នកស្រី ស្រីសុទ្ធ និង​អ្នក​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​បាន​បាត់​បង់​ប្រ​ភព​​ចំណូលរបស់ខ្លួន​​ បន្ទាប់​ពី​បឹង​ធម្មជាតិ​ត្រូវ​បានគេ​​ចាក់​ដីលុប​។ អ្នកស្រីអាចរកចំណូលបានយ៉ាងតិចពី ៥០០០ ទៅ ១០ ០០០រៀលក្នុងមួយថ្ងៃពី​ការ​​លក់បន្លែ ដើម្បី​ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែពេលខ្លះ ពួកគាត់គ្មានប្រាក់ចំណូលទេ នៅ​ពេល​លក់មិនដាច់​។ អ្នក​ស្រីក៏បានចងការ​ប្រាក់គេចំនួន៥០០ដុល្លារផងដែរ​ ដោយ​សារតែអ្នក​ស្រី​គ្មាន​លទ្ធភាពរ៉ាប់រងការចំណាយប្រចាំថ្ងៃ។

 អ្នកស្រី ស្រីសុទ្ធ មានកូន៣នាក់ អាយុ១៥ឆ្នាំម្នាក់​រៀនថ្នាក់ទី៩ អាយុ១៣ឆ្នាំម្នាក់​រៀនថ្នាក់ទី៤ និងអាយុ៩ឆ្នាំម្នាក់​រៀន​ថ្នាក់​ទី៣។  អ្នកស្រី​​​និយាយ​ថា៖​ «ខ្ញុំ​មាន​​សម្ពាធ​ខ្លាំង ហើយ​នៅ​ខាងក្រោយ​ផ្ទះ ​ពួកគេ​​ចាប់ផ្តើម​សាងសង់​ស្ពាន ជួនកាល​ខ្ញុំ​​ដេកមិន​លក់​​ពីរ​ទៅ​បី​យប់​ហើយ​​ហូបមិនបាន» ដោយ​អ្នក​ស្រី​​បន្ថែមថា អាជ្ញាធរ​ចេញលិខិតមួយជូនដំណឹង​​ឱ្យ​រុះរើ​​ទៅ​តំបន់​ផ្សេង​។ 

អ្នកស្រី​និយាយថា៖ «យើង​បាន​ទាមទារ​​រក​​ដំណោះ​ស្រាយ។ ទីបំផុត ពួកគេមិនបាន​​អនុវត្តតាម​លិខិត​ជូនដំណឹង​នោះទេ។ នេះ​គឺ​ជា​ទម្រង់​នៃ​ការ​បង្ខិតបង្ខំ […] ជា​រូបភាព​គំរាមកំហែង​ខ្លាំង​ចំពោះ​យើង»។ 

សហគមន៍សំរោងត្បូងនៅ​ក្នុងខណ្ឌព្រែកព្នៅស្ថិតនៅ​តំបន់ដីសើម ដែលត្រូវ​បាន​ចាក់ដីលុបជាច្រើនឆ្នាំកន្លងមកនេះ​ ហើយ​តំបន់នោះ​ត្រូវ​​ផ្តល់​ជា​ដីសម្បទាន ដែល​​​នាំ​ឲ្យមានការអភិវឌ្ឍបុរី។ របាយការណ៍ដដែល​​សរសេរ​​ថា៖ «បុរី​ទាំងនោះ​មាន​​បណ្ណ​កម្ម​សិទ្ធិ​ដី ប៉ុន្តែ​ប្រជា​សហគមន៍​មិន​មានបណ្ណកម្មសិទ្ធិដីទេ» ។ 

ទោះ​បី​ជា​យ៉ាង​ណា នៅ​ខែ​តុលា ឆ្នាំ​២០២៣ អាជ្ញាធរ​សង្កាត់​បាន​ស្នើ​ឲ្យ​សហគមន៍​ពិចារណា​ទទួល​យក​សំណង​សម្រាប់​ដី​របស់​ពួក​គាត់។ គ្រួសារ​ខ្លះ​​ស្នើ​សុំ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ សហគមន៍​សំរោង​ត្បូង ​គឺ​ជា​ផ្នែក​មួយ​នៃ​​បឹង​តាមោក ​ជា​​​បឹង​ធម្មជាតិនៅសល់​​ចុងក្រោយ​នៅ​​ក្នុង​ខណ្ឌ​ព្រែកព្នៅ។ បឹង​ដែលត្រូវ​បាន​គេចាក់​ដី​លុប​​​នេះ ​ត្រូវ​បានបែង​ចែក​និង​​ផ្តល់​ជូន​​ក្រុមហ៊ុន និង​បុគ្គល​ដែល​មាន​ខ្នងក្រាស ​ដើម្បី​អភិវឌ្ឍ​បឹងនេះ​។ យ៉ាងហោច​ណាស់ ផ្ទៃដី​ទំហំ​ ២​ ២៤៤​ហិកតាក្នុងចំណោម​ផ្ទៃដីសរុប ​៣ ២៣៩ហិក​​តា​ ​នៃ​បឹងនេះ​ ត្រូវបានចាក់ដីលុប​។ 

អ្នកស្រី​ ស៊ីន ស៊ីនួន ជា​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​​សហគមន៍​កៅពីរ បាន​យល់​ស្រប​នឹង​លទ្ធផល​​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវនេះ​។ អ្នកស្រីបាននិយាយថា សហគមន៍​របស់អ្នកស្រី​បាននឹងកំពុងប្រឈម​នឹងបញ្ហា បើទោះបីជាពួកគាត់​បានរស់នៅទីនោះ​តាំងពីឆ្នាំ១៩៩២ និង​បាន​ចងក្រង​ជា​សហគមន៍តាំងពីឆ្នាំ២០១៣ ក៏ដោយ។ 

មាន​ក្រុមហ៊ុនមួយអះអាងសិទ្ធិ​កាន់កាប់ដីនោះចាប់តាំង​ពីចុងឆ្នាំ២០២២មក ​ ប៉ុន្តែរហូត​​មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។ ក្រុមហ៊ុននោះ​​កំពុង​​ប្តឹងពលរដ្ឋ​​ប្រមាណ៣៥​ខ្នងផ្ទះ ឬ​ប្រហែល៤០​គ្រួសារ​ពី​បទ «​រំលោភ​យក​ដី​» ដែល​មាន​ទំហំ​៤​អា​។

 អ្នក​ស្រី​ ស៊ីនួន បាន​និយាយ​ថា៖​ «យើង​តែង​តែ​ទទួល​បាន​ការ​គំរាម​កំហែង​ពី​ក្រុមហ៊ុន» ដោយ​អ្នកស្រីទទូច​​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ផល​ប៉ះពាល់​មក​លើ​ប្រជាពល​​រដ្ឋ​​ក្នុង​សហគមន៍ ​ព្រោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ។

ប្រជាពលរដ្ឋ​មាន​ឯកសារ និង​មាន​សិទ្ធិ​រស់​នៅ​លើ​ដីនោះ ដូច្នេះ​សហគមន៍​មិន​ចង់​ផ្លាស់​ប្តូរទីលំនៅទេ។ 

អ្នកស្រី​បន្ថែម​ថា​៖ «ប្រជា​ពលរដ្ឋ​ក្រីក្រ​មិន​បាន​ជិះជាន់​​អ្នក​មាន​ទេ មានតែ​អ្នកមានទេ ដែល​​ជិះជាន់​អ្នកក្រ​» ។ 

អ្នកស្រី​ ស៊ីន ស៊ីនួន ចង្អុលបង្ហាញនៅ​​សហគមន៍​កៅពីររបស់អ្នកស្រី ស្ថិតនៅខណ្ឌសែនសុខ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង) 

សហគមន៍កៅពីរ ធ្លាប់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនបីផ្សេងគ្នាតាំងពីឆ្នាំ២០១៦​​។ លើកទីមួយ គឺជាមួយក្រុមហ៊ុន ឧស្ម័ននៅឆ្នាំ២០១៦ ប៉ុន្តែពួកគេបានប្រគល់ដីនេះឱ្យសហគមន៍វិញ បន្ទាប់ពីមានជម្លោះ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនចិនមួយ​បានអះ​អាង​​​កាន់កាប់​លើ​ដីចំនួន១៨ ប្លង់និងបានផ្តល់សំណងពី៥០០០ ទៅ១០ ០០០​ដុល្លារក្នុងមួយគ្រួសារ។ បច្ចុប្បន្ន​ ក្រុមហ៊ុន​មួយ​ឈ្មោះ «Junk Shop Company» កំពុង​ទាមទារ​យក​ដី​ ​ដែល​​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចំនួន៣៣​គ្រួសារ។

របាយការណ៍នេះ​​បាន​អះអាង​​ថា សហគមន៍​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​សង្កាត់​ និង​ខណ្ឌ​ ប៉ុន្តែពួកគាត់​​មិនទាន់​​​ទទួលបាន​​ការ​ឆ្លើយ​តបនៅឡើ​យ​​ទេ។ មេគ្រួសារប្រជាពលរដ្ឋ​មួយចំនួន​ (២៧,០៧ ភាគរយ) នៅក្នុងសហគមន៍នេះ ពឹងផ្អែក​​លើមុខរបរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីរស់ ដោយ​បំពេញ​ការងារជាកម្មករសំណង់ អ្នករើសអេតចាយ អ្នកបើកបរ អ្នកលក់ដូរតាមដងផ្លូវ និងអ្នកលក់អីវ៉ាន់តាមផ្ទះ(៦៨,៤៧ ភាគរយ) និងអ្នកគ្មានការងារធ្វើ​ (៤,៤៦ ភាគរយ)។ 

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានបដិសេធធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការសមាគមធាងត្នោត​ ដោយសាររបាយការណ៍នេះធ្វើឡើងដោយគ្មានការសហការពីសាលារាជធានីភ្នំពេញ​ ហើយថា លោកមិនបានអានរបាយ​ការណ៍នេះទេ​។

លោក​មាន​ប្រសាសន៍​ថា៖​ «នេះ​ជា​របាយការណ៍​របស់​អង្គការ​សមាគមធាងត្នោត​​តែ​ម្នាក់ឯង ដូច្នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ»។ 

លោក​បាន​ស្នើ​ឲ្យ​អ្នក​សារ​ព័ត៌មានខេមបូចា​សួរ​ទៅ​អង្គការសមាគម​ធាងត្នោត​វិញ​ ព្រោះ​អង្គការ​នេះជាអ្នក​សរសេរ​របាយការណ៍។

លោក កើត​ ឆែ បាន​ព្រមាន​ថា៖​ «​ប្រ​សិនបើ​គាត់​​និយាយ​អ្វី​ដែល​ប៉ះពាល់​ដល់​សាលា​រាជធានី​ភ្នំពេញ គាត់​នឹង​ប្រ​ឈម​មុខ​ច្បាប់»​​។

 លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលបាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ ចំណែកលោក សេង ឡូត ​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់មិន​អាច​ទាក់​ទង​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ STT Report: Urban Poor Communities Fear Forced Evictions, No Land Titles

692 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម