សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាណាព្យាបាលសិស្សនៃវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ តវ៉ាឱ្យបញ្ចុះការបង់ថ្លៃសិក្សានៃសាលាជំនាន់ថ្មី

លោក អ៊ូ ប៊ុណ្ណារិទ្ធ តំណាងអាណាព្យាបាលសិស្សនៃវិទ្យាល័យ ព្រែកអញ្ចាញ កាន់ក្រដាសពាក្យស្នើអនុគ្រោះនៃសាលាជំនាន់ថ្មី ពន្យល់ប្រាប់ប្រជាពលរដ្ឋនៅមុខអគាររដ្ឋបាលសាលាស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ចេញពីប្រជុំជាមួយអភិបាលស្រុក។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត
លោក អ៊ូ ប៊ុណ្ណារិទ្ធ តំណាងអាណាព្យាបាលសិស្សនៃវិទ្យាល័យ ព្រែកអញ្ចាញ កាន់ក្រដាសពាក្យស្នើអនុគ្រោះនៃសាលាជំនាន់ថ្មី ពន្យល់ប្រាប់ប្រជាពលរដ្ឋនៅមុខអគាររដ្ឋបាលសាលាស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ចេញពីប្រជុំជាមួយអភិបាលស្រុក។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត

ឪពុកម្ដាយ និងអាណាព្យាបាលរបស់សិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ  ខេត្តកណ្ដាល ប្រមាណជាងពីររយនាក់​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​ការ​តវ៉ា នៅមុខសាលាស្រុក នាដើមសប្តាហ៍នេះ ដោយស្នើឱ្យបញ្ចុះការបង់ថ្លៃសិក្សាត្រឹម​មួយរយដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់ការរៀននៅសាលាជំនាន់ថ្មី និងបើកសាលារៀនរដ្ឋធម្មតាវិញ។

សាលារៀនេះមានឈ្មោះពេញគឺ វិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ មានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជិត៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។  

អ្នកស្រី ស៊ឹង ស៊ីយ៉ន មុខរបរជាអ្នកលក់នំតាមភូមិ រស់នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុក​មុខកំពូល ថ្លែងប្រាប់សារព័ត៌មានខេមបូចានៅពីមុខអគាររដ្ឋបាលស្រុកមុខកំពូលថា សព្វថ្ងៃ​អ្នកស្រីមានចំណូលត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈកូនពីរនាក់​កំពុង​សិក្សា​នៅ​ក្នុងសាលាជំនាន់ថ្មី នៃវិទ្យាល័យ ព្រែកអញ្ចាញ នេះ។

អ្នកស្រី និយាយថា៖ «ខ្ញុំកាន់តែចាស់កូនរៀនដល់ទៅ២ [នាក់នៅក្នុងសាលាជំនាន់ថ្មី] ឆ្នាំហ្នឹងចូលវិញ កូនខ្ញុំទី៩ម្នាក់ និងម្នាក់ទៀតទើបចូលកត់ឈ្មោះព្រឹកមិញទេ អាយុ៥ឆ្នាំ»។

អ្នកស្រី ឈឿន លីណា ជាអាជីវករលក់ត្រី ដែលមានកូនស្រីម្នាក់ត្រូវចូលរៀននៅសាលា​ជំនាន់ថ្មី នៃវិទ្យាល័យ ព្រែកអញ្ចាញ ក្នុងឆ្នាំនេះ ឱ្យដឹងថា សាលាបានតម្រូវឱ្យអាណាព្យាបាល​សិស្សបង់ចំនួន១លានរៀល ក្នុងមួយឆ្នាំជាកំហិត ខណៈអ្នកស្រីបង្ហាញជំហរតវ៉ា​រហូតទាល់តែ​មានដំណោះស្រាយ។

អ្នកស្រី ឱ្យដឹងថា៖ «គាត់[សាលា]តម្រូវឱ្យបង់មួយលាន[រៀល]ហ្នឹងហ្មង ពី[ថ្នាក់]ទី៧ ដល់[ទី]១២ តែគាត់ទុកអាទិភាពឱ្យ ១ឆ្នាំបង់២ដង។ មិនមែនតាមលទ្ធភាពជាក់ស្ដែងទេ»។

លោក ​កី លន់ ជាកម្មកររោងចក្រទឹកក្រូច រស់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មានកូនប្រុសរៀនថ្នាក់ទី៧ និងកូនស្រីរៀន​ថ្នាក់ទី១១ ក្នុងសាលាជំនាន់ថ្មី នៃវិទ្យាល័យ ព្រែកអញ្ចាញ ថ្លែងថា លោកចង់ឱ្យកូនរៀននៅសាលាជំនាន់ថ្មីនេះ ដោយឮថា សាលាមានឧបករណ៍ទំនើបៗ ក្នុងការបង្រៀន ព្រមទាំងសិស្សានុសិស្សតម្រូវឱ្យ​រៀនក្នុងថ្នាក់​រហូតដល់៨ម៉ោងក្នុងមួយថ្ងៃ។

លោក លន់ និយាយថា៖ «យើងខ្វះខាតរឿងជីវភាព ហើយយើងធ្វើការរោងចក្រប្រាក់​ខែតិចៗ។ យើងគិតទៅដកថ្លៃទឹក ថ្លៃភ្លើង ថ្លៃស៊ី ហើយបង់ឱ្យវាទៀតវាអត់រួច។ ត្រឹមមួយឆ្នាំ១០០[ដុល្លារ] អីយើងរត់រួច»។

អ្នកស្រី រ៉ា ឆៃយ៉ាង អាយុ៣២ឆ្នាំ ជាអ្នកលក់ដូរឥវ៉ាន់ចាប់ហ៊ួយ រស់នៅភូមិព្រែកថ្មី ឃុំ​ព្រែកអញ្ចាញ ស្រុកមុខកំពូល ឱ្យដឹងថា អ្នកស្រីមានលទ្ធភាពក្នុងការបង់ប្រាក់ចំនួន​១លាន​រៀលក្នុងឆ្នាំ ប៉ុន្តែស្នើឱ្យមានសាលាចាស់ត្រលប់មកវិញ ដើម្បីឱ្យកូនស្រីរបស់អ្នកស្រី​ដែល​ប្រឡងធ្លាក់ចូលរៀនសាលាជំនាន់ថ្មី នៅតែអាចរៀនក្បែរផ្ទះបាន។

អ្នកស្រី ថ្លែងថា៖ «កូន[ខ្ញុំ]ជាស្រី ឱ្យទៅរៀននៅ[ឆ្ងាយ] ពិបាកណាស់ (ប្រឡងចូលទី៧​ធ្លាក់)។ កូនខ្ញុំជាស្រី ហើយអាណាព្យាបាលក៏ពិបាកទៀត ធ្វើដំណើរទៅមក។ ចឹងសូមឱ្យកូនរៀននៅ​ហ្នឹង ចង់ឱ្យមានសាលាជំនាន់ចាស់[សាលារដ្ឋធម្មតា] ឱ្យកូនខ្ញុំរៀន ព្រោះកម្រិតគ្នាខ្សោយឱ្យ​បានរៀននៅហ្នឹងផង»។

សិស្សស្រីម្នាក់ជិះកង់ចេញពីវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត
សិស្សស្រីម្នាក់ជិះកង់ចេញពីវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត

លោក អ៊ូ ប៊ុណ្ណារិទ្ធ តំណាងឱ្យអាណាព្យាបាលដែលបានចូលរួមពិភាក្សារកដំណោះស្រាយ​ជាមួយអភិបាលស្រុកមុខកំពូល អស់រយៈពេឡជាងមួយម៉ោង បានអះអាងថា ក្រោយធ្វើការ​ចចាររួច អាជ្ញាធរសម្រេចឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាបីដំណាក់កាល គឺ​លើកលែងការបង់​ប្រាក់មួយរយភាគរយ ដល់ពលរដ្ឋណាដែលមានបណ្ណក្រីក្រ និងបង់ត្រឹមតែហាសិប ឬចិតសិបភាគរយ តាមលទ្ធភាពជាក់ស្ដែង ក្រោយអាជ្ញាធរចុះពិនិត្យនិងវាយតម្លៃរួច។

ក្រោយពីការប្រកាសលទ្ធផលចំពោះការបង់ប្រាក់នៅថ្ងៃទី២៧ ខែធ្នូ នេះ ប្រជាពលរដ្ឋដែល​នៅជុំវិញនោះ បានស្រែកតវ៉ាបដិសេធលើលទ្ធផលនេះ ដោយពួកគេទាមទារឱ្យមានការ​បង់​ប្រាក់ស្មើភាពគ្នាចំនួនមួយរយដុល្លារ និងអត់បង់ថ្លៃសម្រាប់ពលរដ្ឋដែលមាន​បណ្ណក្រីក្រ​ពិត​ប្រាកដ។

បើតាមតំណាងពលរដ្ឋរូបនេះ អភិបាលស្រុកសម្រេចយកសាលាបឋមសិក្សាព្រែកអញ្ចាញ និងសាលាបឋមសិក្សាឈើទាល ដើម្បីធ្វើអនុវិទ្យាល័យ សម្រាប់អ្នកប្រឡងអត់ជាប់​ចូល​រៀន​សាលាជំនាន់ថ្មីនៃវិទ្យាល័យ ព្រែកអញ្ចាញ អាចបន្តការសិក្សានៅទីនោះបាន។

លោក ប៊ុណ្ណារិទ្ធ និយាយថា៖ «គាត់[អភិបាលស្រុក]ថា បើយកសាលា ជា ស៊ីម ព្រែកអញ្ចាញ ធ្វើការបែងចែកសាលាជំនាន់ថ្មី និងចាស់ មិនអាចទៅរួចទេ វាហាក់ដូចជាការបែងចែក​វណ្ណៈ»។

លោក ប៊ុណ្ណារិទ្ធ តំណាងអាណាព្យាបាល ឱ្យដឹងថា លោកនឹងប្រមូលស្នាមមេដៃពីឪពុកម្ដាយ ឬអាណាព្យាបាល​សិស្សានុសិស្សទាំងនោះ ដើម្បីដាក់ញត្តិទៅកាន់មន្ទីរអប់រំយុវជននិងកីឡា​ខេត្ត ឱ្យជួយរកដំណោះស្រាយក្នុងករណីនេះ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វិទ្យាល័យ ព្រែកអញ្ចាញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយ​អំពាវនាវឱ្យអាណាព្យាបាលសិស្សមានបណ្ណក្រីក្រ ដែលរៀននៅវិទ្យាល័យហ្នឹង ក្នុងកម្ម​វិធីសាលាជំនាន់ថ្មី មកដាក់ពាក្យចូលរៀនឱ្យបានត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។

លិខិត​ដដែលបន្តថា នាយកវិទ្យាល័យ ព្រែកអញ្ចាញ លោក​ សៅ ចន្ថា ស្នើឱ្យអាណាព្យាបាល​សិស្សមានបណ្ណក្រីក្រដែលសិក្សាក្នុងកម្មវិធីជំនាន់ថ្មី ចូលរួមប្រជុំនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

លោក សៅ ចន្ថា នាយកវិទ្យាល័យ ព្រែកអញ្ចាញ បដិសេធលើការចោទប្រកាន់ថា សាលា​តម្រូវឱ្យមានការបង់ប្រាក់មួយលានរៀលក្នុងមួយឆ្នាំ សម្រាប់អាណាព្យាបាលគ្រប់រូប។

លោក ចន្ថា លើកឡើងថា ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំបង់ថវិការទៅតាមលទ្ធភាព​ជាក់ស្ដែងរបស់ពួកគេ ខណៈសាលាទាមទារត្រឹមមួយលានរៀលច្រើនបំផុត ហើយការ​កំណត់តម្លៃនេះ  ក្រោយមានការប្រជុំជជែកជាមួយអាណាព្យាបាលផងដែរ។ នាយក​សាលា​រូបនេះ ឱ្យដឹងទៀតថា តាំងពីបង្កើតឱ្យមានសាលាជំនាន់ថ្មី ការចំណាយបានកើនឡើងទ្វេដង ដោយថ្លៃទឹកភ្លើង មួយខែ ៣លានរៀល ដោយឡែកពីមុនត្រឹម២០ទៅ៣០ម៉ឺនរៀលប៉ុណ្ណោះ ព្រមទាំងថ្លៃសេវាអ៊ីនធឺណិត​ចំនួន៣៥០ដុល្លារក្នុងមួយខែទៀត។ 

លោក មានប្រសាសន៍ថា៖ «អ្នកក្រីក្រ លើកលែងគាត់តាមជាក់ស្ដែង យើងមានឧបករណ៍​វាយតម្លៃគាត់ បើអត់មែនទែន គឺមួយរយភាគរយ មិនមែនមានន័យថា អត់លុយអត់រៀនបាន​ទេ ប៉ុន្តែត្រូវពិតប្រាកដថាអត់មែន។»។

បើតាមនាយកសាលារូបនេះ វិទ្យាល័យ ព្រែកអញ្ចាញ ប្ដូទៅកម្មវិធីសិក្សាជំនាន់ថ្មីទាំងស្រុង និងមានចំនួន៥០បន្ទប់សិក្សាដែលមានលក្ខណៈទំនើប និងក្នុងមួយបន្ទប់មានសិស្ស​ត្រឹម​៣៤នាក់ ខណៈសិស្សសរុប ១ ២០០នាក់។

លោក បន្ថែមថា សាលាជំនាន់ថ្មីនៃវិទ្យាល័យ ព្រែកអញ្ចាញ ត្រូវបានបង្កើតឡើង​រយៈពេល​៤ឆ្នាំរួចមកហើយ ដោយកន្លងមករដ្ឋជាអ្នកធានារ៉ាប់រង ខណៈឆ្នាំនេះជាលើកទីមួយដែល​តម្រូវឱ្យអាណាព្យាបាលបង់ប្រាក់។

លោក​ ចន្ថា បានគូសបញ្ជាក់ថា រាល់សិស្សានុសិស្សដែលពុំមានសមត្ថភាព​ក្នុងការ​ប្រឡង​ចូលរៀនសាលាជំនាន់ថ្មី ពួកគេអាចស្វែងរកចុះឈ្មោះចូលរៀន​នៅវិទ្យាល័យផ្សេង​ដែល​ពួកគេចង់សិក្សា។ លោកសង្កេតឃើញ កូនសិស្សដែលរៀននៅសាលាជំនាន់ថ្មី មិនត្រឹម​ផ្លាស់ប្ដូរសមត្ថភាព រួមទាំងឥរិយាបទក៏ខុសប្លែក។

លោកមានប្រសាសន៍ថា៖ «NGS [សាលាជំនាន់ថ្មី] មិនមានសិស្សពូកែទេ ប៉ុន្តែសិស្ស NGS គឺមានសមត្ថភាព ហើយមានការផ្លាស់ប្ដូរ ឥរិយាបទក្មេងគឺផ្លាស់ប្ដូរ​ បានន័យថា សិស្សបើដាក់​ឱ្យប្រឡងមិនបាច់ឈរមើលវាទេ មិនមើលគ្នាទេ មកដល់ហ្នឹង គឺឥរិយាបទវាផ្លាស់ប្ដូរ គេយល់​ពីការរៀនសូត្រ អត់ចម្លងគ្នាដើម្បីជាប់ផង»។

លោកនាយកសាលា ឱ្យដឹងទៀតថា គោលបំណងនៃការបង្កើតសាលាជំនាន់ថ្មី គឺចង់ឱ្យ​សាលារៀននេះក្លាយជាសាលារបស់សហគមន៍ ព្រមទាំងមានការគាំទ្រ​ពីប្រជាពលរដ្ឋ​ដែល​រស់នៅក្នុងសហគមន៍ នៅពេលសាលាខ្វះខាតអ្វីសម្រាប់កូនរបស់ពួកគេក្នុងការសិក្សា គឺ​ពលរដ្ឋទាំងនោះត្រូវរៃអង្គាសប្រាក់គ្នាដើម្បីទិញឧបករណ៍សិក្សា។

លោកមានប្រសាសន៍ថា៖ «យើងខិតខំប្រឹងប្រែងឱ្យកូនខ្មែរយើងនៅស្រុកស្រែចំការហ្នឹង បានចេះដឹងទៅ។ ឧបមាថា សាលាបច្ចេកវិទ្យា វាចេញទៅវិញ ជាវិស្វករជាអីអ៊ីចឹង»។ លោកបន្តថា៖ «យើងចាស់ទុំ យើងថ្លឹងថ្លែង យើងធ្វើអីដើម្បីក្មេងជំនាន់ក្រោយ»។

អាណាព្យាបាលសិស្សនៃវិទ្យាល័យ​ ជា ស៊ីម ព្រែកអញ្ចាញ ឈរប្រមូលផ្តុំគ្នា​តវ៉ា​នៅមុខ​អគារ​រដ្ឋបាលសាលាស្រុកមុខកំពូល ខេត្តកណ្តាល រងចាំលទ្ធផលកិច្ចប្រជុំ​រវាងតំណាង​អាណាព្យាបាលនិងអភិបាលស្រុក។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត
អាណាព្យាបាលសិស្សនៃវិទ្យាល័យ​ ជា ស៊ីម ព្រែកអញ្ចាញ ឈរប្រមូលផ្តុំគ្នា​តវ៉ា​នៅមុខ​អគារ​រដ្ឋបាលសាលាស្រុកមុខកំពូល ខេត្តកណ្តាល រងចាំលទ្ធផលកិច្ចប្រជុំ​រវាងតំណាង​អាណាព្យាបាលនិងអភិបាលស្រុក។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត

អំឡុងឆ្នាំ២០១៥ សាលាជំនាន់ថ្មីត្រូវបានបង្កើតឡើងដោយក្រសួងអប់រំយុវជននិងកីឡា ដោយដំបូងគេ នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងគោលបំណងពង្រឹងសមត្ថភាព​សិស្សា​នុសិស្សកម្ពុជា ដោយផ្ដោតលើការសិក្សានិងបង្រៀនមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ដើម្បីពង្រឹងការអប់រំឌីជីថល សម្រាប់ចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល​របស់កម្ពុជា។ ក្រៅពីនេះក្រសួងអប់រំក៏ បានដាក់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ​គរុកោសល្យ​ជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញផងដែរ។

លោក យី យ៉េន អភិបាលស្រុកមុខកំពូល បដិសេធមិនឆ្លើយសំណួរអ្នកសារព័ត៌មាន​ខេមបូចា​ ដោយលោកតម្រូវឱ្យអ្នកសារព័ត៌មានសម្ភាសផ្ទាល់នៅសាលាស្រុក។ ប៉ុន្តែនៅពេល​អ្នកសារព័ត៌មានទៅដល់សាលាស្រុកមុខកំពូល មន្ត្រីសាលាស្រុកប្រាប់ថា គាត់មិននៅទេ។

ប្រធានមន្ទីរអប់រំយុវជនខេត្តកណ្ដាល លោក ចេង​ សំអុល មានប្រសាសន៍ថា ការប្រមូលថវិកា​ពីអាណាព្យាបាលនេះ គឺដើម្បីយកប្រាក់ទៅលើកទឹកចិត្តបន្ថែមឱ្យគ្រូបង្រៀន ហើយការ​កំណត់ចំនួនប៉ុន្មាន គឺទាល់តែមានការឯកភាពពីអាណាព្យាបាលសិស្សផងដែរ។

លោក សំអុល មានប្រសាសន៍ថា៖ «ការអភិវឌ្ឍសាលាជំនាន់ថ្មី គឺមាតាបិតាសិស្ស ត្រូវចូលរួម ដើម្បីរកថវិការឱ្យគ្រូម៉ោងបន្ថែម។ ជូនកាលគេកំណត់ អាស្រ័យលើសាលាគេចង់ពង្រីកអី ដោយគណៈកម្មការគ្រប់គ្រង់របស់សាលា»។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ជំរុញឱ្យអាណាព្យាបាលសិស្ស​ដែលស្នើសុំ​បញ្ចុះ​ការបង់ថ្លៃសិក្សា និងបង្កើតសាលារដ្ឋធម្មតាឡើងវិញចំនួនពាក់កណ្ដាល​នៃបន្ទប់​សរុប​នៃ​វិទ្យាល័យជា ព្រែកអញ្ចាញ ដាក់ញត្តិទៅក្រសួងអប់រំ ដើម្បីឱ្យក្រសួងមានចំណាត់ការតាម​រយៈមន្ទីរអប់រំខេត្តកណ្ដាល។

លោក មានប្រសាសន៍ថា៖ «សូមស្នើភាគីពាក់ព័ន្ធរៀបចំលិខិតស្នើមកក្រសួងអប់រំ យុវជន និងកីឡាតាមរយ:មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងតាមឋានានុក្រម»។

បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នមានសាលាចំនួនដប់មួយ កំពុងដាក់ឱ្យអនុវត្តកម្មវិធី​សិក្សា​សាលារៀនជំនាន់ថ្មី ដោយមានចំនួនប្រាំទីតាំងស្ថិតនៅ​រាជធានីភ្នំពេញ និងខេត្ត។ ក្នុងនោះ​រួម​មាន សាលាបឋមសិក្សាចំនួនបួន វិទ្យាល័យចំនួនប្រាំមួយ និងអនុវិទ្យាល័យចំនួនមួយ។

ទោះយ៉ាងណាអ្នកនាំពាក្យរូបនេះ ពុំបានឆ្លើយបញ្ជាក់ថា តើសាលាទាំងនោះ ដាក់ឱ្យអនុវត្ត​កម្មវិធីសិក្សាសាលាជំនាន់ថ្មី គ្រប់បន្ទប់ឬយ៉ាងណានោះទេ?។

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលាជំនាន់ថ្មី លើក​ឡើង​ថា អាណាព្យាបាលតវ៉ាទាក់ទិននឹងការបង់ថ្លៃសិក្សានេះ ព្រោះពួកគេពុំសូវ​យល់ច្បាស់ពី​គោលការណ៍របស់សាលាជំនាន់ថ្មី។

លោក កំសាន្ត មានប្រសាសន៍ថា សាលាជំនាន់ថ្មីនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ តម្រូវឱ្យ​អាណាព្យាបាល បង់ប្រាក់ចំនួន២៨០ដុល្លារ ក្នុងមួយឆ្នាំ និងសម្រាប់អ្នកពុំមាន​លទ្ធភាព​អាច​ដាក់ពាក្យស្នើសុំការអនុគ្រោះបាន។ លោកអះអាងថា នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាល់ឆ្នាំ​ក៏តែងមានការតវ៉ាពីអាណាព្យាបាលផងដែរ ពាក់ព័ន្ធនឹងការបង់ប្រាក់នេះ ដោយសារ​ពួកគេ​មិនសូវយល់ពីការសិក្សានៃសាលាជំនាន់ថ្មី។

លោក កំសាន្ត បន្ថែមថា វិទ្យាល័យព្រះស៊ីសុវត្ថិ បច្ចុប្បន្ននៅបន្តបែងចែងជាពីរ គឺសាលា​ជំនាន់ថ្មី និងសាលារដ្ឋធម្មតា ខណៈលោកអះអាងថា ហេតុដែលនាំឱ្យ​វិទ្យាល័យ​ ព្រះស៊ីសុវត្ថិ ពុំអាចផ្លាសប្ដូរទៅជាសាលាជំនាន់ថ្មីទាំងស្រុង ដោយសារតែប៉ះពាល់ដល់គ្រូបង្រៀន​មួយ​ចំនួនដែលអាចរកចំណូលបានដោយសារការបង្រៀនគួរក្រៅម៉ោង។

លោកមានប្រសាសន៍ថា៖ «ជាក់ស្ដែង[វិទ្យាល័យ] ព្រះស៊ីសុវត្ថិដំបូងក៏ពិបាកចឹងដែរ​។ ក្រោយយើងបង្ហាញលទ្ធផល ជាក់ស្ដែងឆ្នាំនេះសិស្សយើងជាប់អាហារូបករណ៍ មួយរយហាសិបប្រាំពីរនាក់ ទៅបរទេស ពេលនេះហើយដែលមហាជនទូទៅទទួលស្គាល់​ពីគុណភាព»។

បើតាមនាយករងរូបនេះ ឱ្យដឹងថា សាលាជំនាន់ថ្មីនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ មាន​កូនសិស្ស​ត្រឹម៣៦នាក់ប៉ុណ្ណោះ ក្នុងមួយបន្ទប់ និងសិស្សានុសិស្សសរុបជាង មួយពាន់បីរយនាក់ ខណៈសិស្សរៀនសាលារដ្ឋធម្មតា សរុបមាន បីពាន់នាក់កំពុងសិក្សា។ លោកបន្ថែមថា ក្នុងឆ្នាំនេះ មានអាណាព្យាបាលជាង២០នាក់ បានស្នើសុំអនុគ្រោះ​លើការបង់ប្រាក់ចូលរៀន​សាលាជំនាន់ថ្មី។

លោកមានប្រសាសន៍ថា៖ «ឪពុកម្ដាយខ្លះគាត់រត់កង់បី គាត់បង់មួយខែសាមសិបដុល្លារ​ក៏បាន។ មានអ្នកខ្លះសូមអត់បង់សោះក៏មានដែរ​ ប៉ុន្តែចចារជាមួយគាត់អាចជួយ​អ្វីដល់​សាលាបាន។ ខ្លះគាត់សុខចិត្តមកសម្អាតសាលា ហើយគិតលុយឱ្យគាត់ទៅ នេះជាការទទួលខុសត្រូវរបស់គាត់មួយដែរ»។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា ក្រសួង​គួរពិនិត្យមើលលទ្ធភាពជាមុនសិន ក្រោយសម្រេចកែប្រែសាលារៀន​ណាមួយឱ្យក្លាយជា​សាលាជំនាន់ថ្មី។ រដ្ឋគួរតែទទួលខុសត្រូវលើការសិក្សារបស់សិស្សានុសិស្សទាំងអស់ដែល​រៀនសាសារដ្ឋ​ ដោយមិនតម្រូវឱ្យអាណាព្យាបាល​បង់ប្រាក់សិក្សានោះទេ។

លោកស្រី យ៉ាវី មានប្រសាសន៍ថា៖ «ខ្ញុំយល់ថា ហាក់បីដូចជាដាក់បន្ទុកពលរដ្ឋខ្លួនឯងកាន់​តែធ្ងន់ បើថានៅតែចឹងទៀត ខ្ញុំគិតថា ពេលខ្លះសិស្សអាចបោះបង់ការសិក្សាច្រើនជាងនេះ»៕

1,190 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម