សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការកំពូលបដិសេធសំណើសុំដោះលែងរបស់សកម្មជនបរិស្ថានមាតាធម្មជាតិចំនួន៥នាក់

សកម្មជនបរិស្ថាន លោក យីម លាងហ៊ី បានធ្វើដំណើរមកដល់តុលាការកំពូលដើម្បីស្ដាប់សាលដីកាលើបណ្តឹងសុំដោះលែងរបស់លោក នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
សកម្មជនបរិស្ថាន លោក យីម លាងហ៊ី បានធ្វើដំណើរមកដល់តុលាការកំពូលដើម្បីស្ដាប់សាលដីកាលើបណ្តឹងសុំដោះលែងរបស់លោក នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

តុលាការកំពូលនៅថ្ងៃចន្ទនេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការលើសំណើសុំដោះលែងឱ្យមានសេរីភាពរបស់សកម្មជនបរិស្ថានមាតាធម្មជាតិចំនួន ៥ រូប ដែលត្រូវបានផ្ដន្ទាទោសពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងថា ការបន្តឃុំខ្លួនពួកគេបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋាន។

សវនាការលើបណ្តឹងសារទុក្ខរបស់ក្រុមមេធាវីតំណាងឱ្យសកម្មជនទាំងនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ដើម្បីស្នើសុំឱ្យមានការដោះលែងពួកគេពីពន្ធនាគារ។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមនៃតុលាការកំពូល លោក សាលី ធារ៉ា នៅថ្ងៃចន្ទនេះ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយសម្រេចមិនដោះលែង លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ឡើយ។ យ៉ាងណាមិញ លោកចៅក្រម មិនបានផ្តល់ការពន្យល់បន្ថែមណាមួយចំពោះការសម្រេចនេះទេ។

លោក យីម លាងហ៊ី បានលើកឡើងនៅខាងក្រៅសាលសវនាការ បន្ទាប់ពីការប្រកាសសាលដីកាថា៖ «ខ្ញុំមិនអាចទទួលយកបានទេចំពោះការសម្រេចនេះសូម្បីតែឃុំខ្លួនមួយថ្ងៃក៏ដោយ។ គិតមកដល់ពេលនេះ ខ្ញុំត្រូវបានគេឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ១៨ ខែហើយ»។

សកម្មជនទាំង៥រូបខាងលើ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០២៤ នៅពេលដែលពួកគេបានបើកយុទ្ធនាការការពារធនធានបរិស្ថាន។ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានថ្កោលទោសចំពោះការសម្រេចនេះ ដោយហៅវាថាជាការគំរាមកំហែងលើសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ប៉ាត់ រស្មី ជាភរិយារបស់លោក ថុន រដ្ឋា បានសម្តែងការខកចិត្តដែលតុលាការបន្តឃុំខ្លួនស្វាមីរបស់ខ្លួន ដោយអ្នកស្រីកត់សម្គាល់ថា ការបន្តឃុំខ្លួនពួកគេបែបនេះនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។ 

អ្នកស្រីបានបន្តថា៖«វាជារឿងអយុត្តិធម៌ណាស់ ដែលស្វាមីរបស់ខ្ញុំ និងសកម្មជនផ្សេងទៀត ត្រូវបានជាប់ពន្ធនាគារដោយសារតែការការពារបរិស្ថាន»។

នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ក៏បានសម្តែងការសោកស្តាយចំពោះការបដិសេធរបស់តុលាការកំពូល លើបណ្តឹងសុំដោះលែងរបស់អ្នកទាំង ៥ ផងដែរ។ 

លោកបានមានប្រសាសន៍ថា៖ «សកម្មភាពចូលរួមការពារបរិស្ថានមិនមែនជាបទល្មើស និងមិនត្រូវបានផ្តន្ទាទោសដោយសារតែភាពសកម្មក្នុងការកាពារបរិស្ថានរបស់ពួកគេនោះទេ»។ 

លោកបន្ថែមថា៖ «ការសម្រេចនេះគឺអាចធ្វើឱ្យសកម្មជនបរិស្ថាន ឬយុវជន មានការភ័យខ្លាចក្នុងការចូលរួមក្នុងកិច្ចការពារបរិស្ថាន និងជះឥទ្ធិពលមិនល្អដល់ការខិតខំប្រឹងប្រែងក្នុងកិច្ចការពារបរិស្ថានរបស់សកម្មជន និងអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកនេះដោយសារតែភាពភ័ខ្លាច»។

អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)​ លោក រស់ សារ៉ាត់ ដែលបានចូលរួមក្នុងសវនាការ ក៏បានយល់ឃើញដូចទៅនឹង លោក សំអាត ដែរ ដោយលោកថា កិច្ចខិតខំប្រឹងប្រែងរបស់សកម្មជនបរិស្ថានទាំងនេះដើម្បីធានាឱ្យមានបរិស្ថានស្អាត និងការពារធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា តែបែរជាត្រូវគេចោទថាជាសកម្មភាពឧក្រិដ្ឋ ទោះបីជាពួកគេគ្រាន់តែបង្ហាញពីស្ថានភាពបរិស្ថានក៏ដោយ។ 

លោកក៏បានសង្កេតឃើញថា មានជនជាប់ចោទតែម្នាក់គត់ដែលបានបង្ហាញខ្លួនក្នុងសវនាការទាំងស្រុងនៅព្រឹកមិញនេះ ខណៈពីរនាក់ទៀតត្រូវបាននាំមកយឺត ហើយពីរនាក់ផ្សេងទៀតមិនត្រូវបាននាំមកទាល់តែសោះ។ ការណ៌នេះ លោក សារ៉ាត់ បញ្ជាក់ថា៖ «រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការបង្ហាញខ្លួនក្នុងសវនាការ ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ»។

លោកបានបន្ថែមថា CCHR ធ្លាប់បានចង្អុលបង្ហាញពីការយឺតយ៉ាវយ៉ាងខ្លាំងក្នុងការបើកសវនាការឧទ្ធរណ៍របស់ពួកគេ រហូតដល់ ១៩ ខែ គិតចាប់តាំងពីការផ្ដន្ទាទោស ដែលវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានពន្យារពេល និងសិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស។

អង្គការលីកាដូ បានកត់ត្រាឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរសម្រាប់សេរីភាពនៃការបញ្ចេញមតិ។ គិតត្រឹមខែធ្នូកន្លងទៅ មានការចាប់ខ្លួនយ៉ាងហោចណាស់ ៨២ ករណី ដែលពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ ដោយក្នុងនោះមានមនុស្ស ៧៦ នាក់ នៅតែត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ ពួកគេត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបញ្ចេញមតិយោបល់ ដែលភាគច្រើនធ្វើឡើងតាមរយៈបណ្តាញសង្គម៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Supreme Court Denies Motion to Release Five Environmental Activists

ព័ត៌មានថ្មី

អត្ថបទពេញនិយម