តុលាការកំពូល កាលពីថ្ងៃចន្ទ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលត្រូវបានផ្តន្ទាទោសកាលពីខែកញ្ញា ឆ្នាំ២០២៣ ពីបទចេញសែកគ្មានសាច់ប្រាក់កាលពីឆ្នាំ២០១៩។ តុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែឧសភា។
កាលពីខែកញ្ញាឆ្នាំមុន លោក សេដ្ឋា បានបដិសេធការចោទប្រកាន់របស់តុលាការជាន់ទាប ដោយបានបញ្ជាក់ថា លោកមិនដែលបានចេញសែកទាំងនោះទេ ហើយបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ប៉ុន្តែសាលាឧទ្ធរណ៍បានតម្កល់សាលក្រមកាលពីខែមករា ឆ្នាំនេះ។
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សេដ្ឋា ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់៣លានរៀល ពាក់ព័ន្ធនឹងបទចោទចេញសែកគ្មានសាច់ប្រាក់ចំនួន៥សន្លឹក។ លើសពីនេះទៀត លោកត្រូវបានតុលាការបង្គាប់ឱ្យសងបំណុលមិនទាន់សងចំនួន ៣ ៣៤០០ដុល្លារទៅឲ្យដើមបណ្តឹង និងសំណងជំងឺចិត្តចំនួន៥លានរៀលបន្ថែមទៀត។
ដោយឡែកសវនាការលើបណ្តឹងសាទុក្ខកាលពីថ្ងៃចន្ទ លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានកាត់សំដីរបស់លោក សឺន ជុំជួន មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា នៅពេលលោកព្យាយាមទាញហេតុផលជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលខកខានមិនបានពិចារណាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ស្របតាមច្បាប់អន្តរជាតិ។ លោកមានប្រសាសន៍ថា លោក សេដ្ឋា គួរតែត្រូវបានបង្ហាញភស្តុតាង ដែលប្រើប្រាស់ដើម្បីយកមកផ្ដន្ទាទោសលោក ប៉ុន្តែតុលាការមិនបានធ្វើដូច្នេះទេ។
លោក និល ណុន បានមានប្រសាសន៍ថា៖ «កុំមក [ទីនេះ] បង្រៀនខ្ញុំ។ តុលាការនេះ [អនុវត្តតាម] ច្បាប់ជាតិ [មិនមែន] ច្បាប់អន្តរជាតិទេ។ ខ្ញុំទុកពេលឲ្យលោកពីរនាទី ដើម្បីនិយាយ។ សូមលើកឡើងតែកំហុសនៃសាលក្រមរបស់ [តុលាការជាន់ទាប] វាខុសនៅកន្លែងណា»។
លោក សឺន ជុំជួន បានឆ្លើយតបថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញមិនអាចទទួលយកបានទេ។ លោកបានមានប្រសាសន៍ថា៖ «[សាលក្រម] ទាំងមូលមិនបានពិចារណាលើច្បាប់អន្តរជាតិដែលចែងថា កូនក្តីរបស់ខ្ញុំមានសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ដែលគាត់មិនបានទទួល»។
លោកបានគូសបញ្ជាក់ថា កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស្មើភាពគ្នាចំពោះមុខតុលាការ និងសាលាក្តី និងសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌។ ទោះជាយ៉ាងណា ពេលកូនក្តីរបស់លោកទាមទារពិនិត្យមើលមូលប្បទានបត្រច្បាប់ដើម ដែលគេចោទប្រកាន់នោះ តុលាការមិនដែលបានបង្ហាញភស្តុតាងនោះទេ។
នៅក្នុងតុលាការ លោក ថាច់ សេដ្ឋា ដែលស្លៀកពាក់ឯកសណ្ឋានអ្នកទោសពណ៌ទឹកក្រូច ត្រូវបានគេឃើញឈរម្នាក់ឯង។ លោកបានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលសម្រេចឲ្យលោករួចពីបទចោទទាំងអស់ ព្រោះលោក «មិនដែលបានចេញមូលប្បទានប័ត្រទាំងនោះ»ទេក្នុងឆ្នាំ២០១៩នោះ។
លោកមានប្រសាសន៍ថា៖ «សូមបង្ហាញសែកពិតប្រាកដមក ប្រសិនបើវាជាសែកពិតប្រាកដ។ ខ្ញុំ [មិនជំទាស់] ការដែលត្រូវបានកាត់ទោសនោះទេ»។
លោក ជូង ជូងី មេធាវីការពារម្នាក់ទៀតរបស់លោក ថាច់ សេដ្ឋា បានស្នើសុំឲ្យចៅក្រមទម្លាក់ចោលបទចោទប្រឆាំងនឹងកូនក្តីរបស់លោក ដោយសារមូលប្បទានបត្រ «កូពី» «មិនអាចយកមកធ្វើជាភស្តុតាងបានទេ»។ លោកបានមានប្រសាសន៍ថា៖ «វាជាកំហុស ការយកសែកកូពីធ្វើជាភ័ស្តុតាង ព្រោះវាងាយស្រួលក្នុងការក្លែងបន្លំ»។
សូមរំឮកថា លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនកាលពីខែមករាឆ្នាំមុន ដែលតាមចោទពីបទចេញសែកគ្មានសាច់ប្រាក់នៅឆ្នាំ២០១៩។ លោកខកខានមិនបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរនៅឆ្នាំ២០២១ បន្ទាប់ពីដើមបណ្តឹងឈ្មោះ ហាយ វណ្ណរិន ដែលជាម្ចាស់ហាងបញ្ចាំ រិន ឆាយ បានដាក់ពាក្យបណ្តឹង។ តាមចោទថា លោក វណ្ណរិន មានទំនាក់ទំនងជំនួញជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
ទាំងលោក ហាយ វណ្ណរិន និងមេធាវីរបស់លោកមិនមានវត្តមានក្នុងសវនាការទេ។ លោក វណ្ណរិន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈកញ្ញាមេធាវី ធីម សុភាព បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញមូលប្បទានបត្រច្បាប់ដើម ដោយបញ្ជាក់សារជាថ្មីថា លិខិតរបស់ធនាគារពាណិជ្ជក្រៅប្រទេស«បានបញ្ជាក់យ៉ាងច្បាស់ថា លោក សេដ្ឋា មិនមានប្រាក់នៅក្នុងគណនីរបស់គាត់ទេ»។
លោកស្រីប្រាប់ ខេមបូចា ថា៖ «វាជានីតិវិធីរបស់តុលាការ ដូច្នេះខ្ញុំមិនអាចអត្ថាធិប្បាយលើ [មូលប្បទានប័ត្រដើម] បានទេ។ វាជាឆន្ទានុសិទ្ធិរបស់តុលាការ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Supreme Court Hears Thach Setha’s Appeal Against Fake Checks, Verdict on May 31