សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការកំពូលបង្វែររឿងក្តីទឹកដោះគោ​នូទ្រីលេតទៅសាលាឧទ្ធរណ៍​ដើម្បីជំនុំជម្រះឡើងវិញ

មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល បន្ទាប់ពីពួកគេចាកបានស្តាប់ការប្រកាសសាលដីកាក្នុងសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)
មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល បន្ទាប់ពីពួកគេចាកបានស្តាប់ការប្រកាសសាលដីកាក្នុងសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

តុលាការកំពូលបានសម្រេចបង្វែរសំណុំរឿងម្ស៉ៅទឹកគោ នូទ្រីលេត (Nutrilatt) ទៅសាលាឧទ្ធរណ៍ ជំនុំជម្រះសាជាថ្មី ដោយសំអាងថា ទឹកប្រាក់ពិន័យដែលកំណត់ឱ្យក្រុមហ៊ុនបង់ចំនួន៨លានរៀល​នេះ មិនបានបញ្ជាក់ឱ្យច្បាស់ថា ឱ្យក្រុមហ៊ុនអ្នកបង់ ឬបុគ្គលជាប្រធានក្រុមហ៊ុនអ្នកបង់។

សាលដីកាដែលអានដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម គង់ ស្រ៊ីម នៅព្រឹកថ្ងៃទី២១ ខែធ្នូ បានបញ្ជាក់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម​ថា​មិនបានបញ្ជាក់ឱ្យច្បាស់ពីចំនួនលុយ​ផាកពិន័យ៨លានរៀលនោះអ្នកណាអ្នកចេញនោះទេ។

ក្រោយស្តាប់សាលដីការបស់តុលាការហើយក្រុមដើមបណ្តឹងចាត់ទុកសេចក្តីសម្រេចបង្វែរសំណុំ​រឿងនេះ ជាការអូសបន្លាយពេលធ្វើឱ្យពួកគាត់ឈឺចាប់ និងមានអារម្មណ៍ថា មានកំហុសកាន់តែខ្លាំង​ចំពោះកូន ដែលខ្លួនទិញទឹកដោះគោមានជាតិពុលឱ្យពួកគេបៅ។

ដើមបណ្តឹងម្នាក់ក្នុងចំណោម២១នាក់អ្នកស្រី លីវ​ សំណាង ឱ្យដឹងថា កូនភ្លោះរបស់អ្នកស្រី២នាក់​បៅ​ទឹកដោះគោនេះ រយៈពេល៣ខែបានកើតជំងឺខ្វះគ្រាប់ឈាម និងខ្វះជាតិដែកធ្ងន់ធ្ងរ។ អ្នកស្រី ចាត់ទុកការបង្វែរសាច់រឿងនេះ ជាការពន្យារពេលធ្វើឱ្យរូបគាត់មិនទទួលបានយុត្តិធម៌។

អ្នកស្រី លីវ សំណាង៖«រឿងហ្នឹងខ្ញុំស្មានអត់ត្រូវ និយាយរួមសូមស្មានលែងត្រូវ សូមឈប់​ស្មាន​ទៀត ព្រោះអីយើងគិតថាយើងដល់ដំណាក់កាលទី៣ហើយណា­ យើងគិតថាបញ្ចប់ ខ្ញុំឮគេថា​ប្រវត្តិសាស្ត្រហ្នឹងគឺវាត្រូវអូសបន្លាយជាច្រើនឆ្នាំ តែឥឡូវជួបខ្លួនឯងខ្ញុំជឿ ជឿខ្លាំងម៉ងថា​មែន​ពិតជាមែនសម្រាប់រឿងក្តីមួយៗនៅស្រុកខ្មែរយើង ដែលធំៗគឺអូសបន្លាយរាប់ឆ្នាំ»

អ្នកស្រី ប៉ុន ពេជ្រវត្តា ជាម្តាយម្នាក់ស្ថិតនៅក្នុងចំណោមដើមបណ្តឹងដែរ​បង្ហាញការខកចិត្តដោយ​អះអាងថា ភស្តុតាងមានគ្រប់គ្រាន់បង្ហាញថា ទឹកដោះគោមានជាតិពុល ធ្វើឱ្យប៉ះពាល់ដល់កូន​អ្នកស្រី និងកុមារផ្សេងទៀត។  អ្នកស្រីបញ្ជាក់ថា រូបគាត់តែងតែតក់ស្លុតពេលនឹកឃើញ​ស្ថានភាព​កូន ហើយប្តេជ្ញាស្វែងរកយុត្តិធម៌តទៅមុខរហូត។

អ្នកស្រី ប៉ុន ពេជ្រវត្តា៖ «ខ្ញុំនៅតែហ៊ុននិយាយភាសាមួយម៉ាត់ថាពិតជាអយុត្តិធម៌សម្រាប់​ពួកខ្ញុំ​ណាស់​២១គ្រួសារនេះ អយុត្តិធម៌ខ្លាំងមែនទែនមកដល់ពេលនេះ ខ្ញុំនឹងព្យាយាម និងសូមអង្វរទៅ​ខាងសម្តេចបវរធិបតីឱ្យជួយដោះស្រាយរឿងនេះ ព្រោះអីរឿងនេះសំខាន់ណាស់សម្រាប់ក្មេង បង កុមារ ពួកខ្ញុំត្រូមានកូនទៀត»

ដើមបណ្តឹងម្នាក់ទៀត អ្នកស្រី គង់ ចន្ទម៉ាលីស ឱ្យដឹងថា កូនអ្នកស្រីបៅទឹកដោះគោនេះតាំងពី កើត​ភ្លាមរហូតដល់៦ខែពេលធ្វើទុក្ខខ្លាំងរហូតវៀចមាត់ និងពកបង្ហើយទើបយកទៅពេទ្យ បានដឹងថា បញ្ហា​បណ្តាលមកពីទឹកដោះគោនេះ។ អ្នកស្រីឱ្យដឹងថា កូនអ្នកស្រីពេលនេះ អាយុ៤ឆ្នាំហើយ ប៉ុន្តែ​ពេលអ្នកស្រីមើលមុខកូនតែងតែហូរទឹកភ្នែកហើយមានអារម្មណ៍ថា បានសាងកំហុសធ្វើ​ឱ្យខូច​សុខភាព​កូន។

អ្នកស្រី គង់ ចន្ទម៉ាលីស ក៏បានតាំងចិត្តដូចដើមបណ្តឹងផ្សេងទៀតដែរ គឺបន្តស្វែងរកយុត្តិធម៌រហូត ទទួលបានលទ្ធផលដែលអាចទទួលបាន។

អ្នកស្រី គង់ ចន្ទម៉ាលីស៖«អ្វីដែលពួកខ្ញុំនៅតែទទូចចង់ឃើញ នៅតែបន្តសកម្មភាពបន្តទៀត ទោះបី​រឿងក្តីនេះតតាំងឡើងរហូតដល់កូនខ្ញុំក្រាបផ្ទឹមសំពះ វាដឹកដៃភរិយាវា​ចូល​មក​ស្តាប់​សវនាការ​ទៀតក៏ពួកខ្ញុំនៅតែតតាំងរហូតដល់ទីបញ្ចប់ដែរ គឺពួកខ្ញុំចង់ឃើញពាក្យថាតុលាការកំពូល ចង់ឃើញភាពយុត្តិធម៌ សគឺស ខ្មៅគឺខៅ  កុំឱ្យមាន​ពាក្យ​ថាពណ៌​ប្រផេះបន្តទៀត»

មេដោះ​ម្នាក់​រៀបចំ​ទឹកដោះ​សម្រាប់​កុមារ​នៅ​ភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

កាលពីដើមខែធ្នូឆ្នាំ២០២០ គ្រួសារកុមារដែលរងផលប៉ះពាល់ដល់សុខភាពពីទឹកដោះគោ នូទ្រីលេត ចំនួន២១គ្រួសារបានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យក្រុមហ៊ុនទទួលខុសត្រូវ។ ការដាក់បណ្តឹងនេះបន្ទាប់ពីឪពុកម្តាយកុមារទាំងនោះយកទឹកដោះគោទៅពិសោធន៍ ហើយរក​ឃើញ​ថា ពិតជាដើមហេតុធ្វើឱ្យកុមារបាត់បង់គ្រាប់ឈាមក្រហម និងខ្វះជាតិដែកធ្ងន់ធ្ងរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន  ថ្លែងថា លោកពិតជា ដឹកនាំក្រុមការងារត្រួត​ពិនិត្យក្រុមហ៊ុន​ទឹកដោះគោ នូទ្រីលេត មែន ប៉ុន្តែលោកបដិសេធមិនបង្ហាញលទ្ធផលទេ ​ដោយ​បញ្ជាក់​ថា របាយការណ៍បានដាក់ទៅតុលាការអស់ហើយ។

ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ជាប់រវល់ប្រជុំមិនបាន​ឆ្លើយតប​ករណីនេះបានទេនៅថ្ងៃទី២១ ខែធ្នូ។ 

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា បញ្ហានាំផលិតផលខូចគុណភាពចូលប្រទេសបានដោយសារតែអំពើពុករលួយ។ លោកចាត់ទុកថា ទង្វើនេះប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈដែលត្រូវផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង​ទប់​ស្កាត់​កុំឱ្យមានបទល្មើសរបៀបនេះកើតឡើងទៀត។

លោក យង់ គិមអេង៖«សំខាន់បំផុតគឺស្ថាប័នដែលទទួលខុសត្រូវរឿងច្បាប់ទម្លាប់ហ្នឹងដែល​ជា​អ្នកត្រូវធនាការខុសត្រូវចំពោះប្រជាពលរដ្ឋនៅក្នុងការផ្តល់យុតិ្តធម៌ក្នុងការដាក់ទោសទណ្ឌកុំ​ឱ្យ​ករណីដដែលៗហ្នឹងវាកើតឡើងទៀត»

នៅ​ខែ​មេសា ឆ្នាំ២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទជាប្រធានក្រុមហ៊ុន នូទ្រីលេត គឺ​លោកស្រី ខុន កែវកេសី ដាក់​ពន្ធនាគារ​រយៈពេល ១០ខែ និង​ពិន័យ​ជា​ប្រាក់៨លាន​រៀល (៨ ០០០ ០០០) និង​បង្គាប់​ឱ្យ​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ចន្លោះ​ពី​ ១ម៉ឺន(១០ ០០០) ទៅ​២ម៉ឺន​ដុល្លារ (២០ ០០០) ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន បាន​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានរក្សាសេចក្តីសម្រេចរបស់ តុលាការដំបូងរាជធានីភ្នំពេញ ទុកជាបានដោយឥតកែប្រែ ហើយក្រុម​ភាគីក្រុមហ៊ុនក៏បន្ត​ប្ដឹង​ជំទាស់​ដល់​តុលាការ​កំពូល ដោយបញ្ជាក់​ថា ក្រុមហ៊ុននាំចូលផលិតម្ស៉ៅទឹកដោះគោម៉ាកនូទ្រីលេត ពី ប្រទេស​សិង្ហបុរីមកលក់នៅកម្ពុជានេះ មានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

4,717 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម