តុលាការកំពូលនៅថ្ងៃទី១៣ ខែឧសភា តម្កល់សេចក្តីសម្រេចសាលាដំបូងរាជធានីភ្ណំពេញ និងសាលាឧទ្ធរណ៍លើស្ថាបនិកគណបក្សបេះដូងជាតិ៤រូបទុកជាបានការក្រោមបទចោទ«ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ តាមបណ្ដឹងក្រសួងមហាផ្ទៃ។
បើតាមអ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល បានថ្លែងប្រាប់ខេមបូចាថា ចៅក្រមបានសម្រេចតម្កល់សំណុំរឿងនេះនៅដដែលដោយទុកសាលក្រមសាលាដំបូង និងសាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ។ យ៉ាងណាអ្នកស្រីមិនឆ្លើយបន្ដលើសំណួរខេមបូចាពីការសម្រេចដោយមេធាវីកូនក្ដីថ្លែងថាជារឿងអយុត្ដិធម៌ជុំវិញការសម្រេចនេះ។
អ្នកស្រីថ្លែងថា៖ «គេ[តុលាការកំពូល]តម្កល់ក្មួយ។ មីងមិនអាចឆ្លើយបានទេ មីងជាប់ប្រជុំ»។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក តូច ថឹង, អ្នកស្រី នូ សិទ្ធារី និង លោក ខឿន វីរ៉ាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសម្នាក់ៗឱ្យ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀលពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងបង្កើតគណបក្សបេះដូងជាតិ នៅក្នុងសំណុំរឿង លោក សៀម ភ្លុក។
អ្នកស្រី ថាន់ ចន្ធូ ប្រពន្ធលោក ខឿន វីរ៉ាត់ បានឱ្យដឹងថា ការតម្កល់សាលក្រមតុលាការកំពូល គឺជារឿងអយុត្ដិធម៌សម្រាប់អ្នកស្រី ខណៈអ្នកស្រីថា មូលហេតុប្ដីអ្នកស្រីចង់ចូលរួមបង្កើតគណបក្សនយោបាយមួយដើម្បីប្រកួតប្រជែងដោយមានចេតនាចង់ជួយជាតិ។ អ្នកស្រីទទូចឱ្យតុលាការដោះលែងប្ដីអ្នកឱ្យមានសេរីភាពដើម្បីបានជួបជុំគ្រួសារឡើងវិញ។
អ្នកស្រីនិយាយថា៖ «ប្ដីខ្ញុំគាត់ស្រែកថាគាត់អត់ប្រព្រឹត្ដអីខុសទេ។ ប្ដីខ្ញុំអត់ដែរចឹងទេ តុលាការអយុត្ដិលើគាត់បានគាត់ស្រែក។ ខ្ញុំសុំឱ្យតុលាការដោះលែងប្ដីខ្ញុំឱ្យមានសេរីភាព គាត់អត់បានប្រព្រឹត្ដខុសដូចការចោតទេ»។
លោក ជូ ជូងី មេធាវីម្នាក់ការពារក្ដីឱ្យលោក សៀម ភ្លុក មានប្រសាសន៍ថា ការសម្រេចតុលាការកំពូលនេះ គឺអយុត្ដិធម៌សម្រាប់កូនក្ដីលោកដោយសំអាងថា កូនក្ដីលោកគ្មានចេតនាក្លែងបន្លំដូចការចោទទេ។ លោកថា កូនក្ដីលោកមានចេតនាបង្កើតគណបក្សបេះដូងជាតិ ដើម្បីចូលរួមការបោះឆ្នោតអភិវឌ្ឍន៍ប្រទេសជាតិ បែរជារងការចោទប្រកាន់ និងផ្ដន្ទាទោសទៅវិញ។
លោកថ្លែងថា៖ «អយុត្ដិធម៌សម្រាប់គាត់[លោក សៀម ភ្លុក] គាត់ក៏មិនមែនជាអ្នករៀបចំក្លែងបន្លំដែរ គាត់ចង់ចូលរួមប្រកួតការបោះឆ្នោតទេ»។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លោក នី សុខា ប្រធានសមាគមអាដហុក ចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ការតម្កល់សំណុំរឿងពាក់ព័ន្ធសកម្មជននយោបាយជារឿងធម្មតាទៅហើយ។ តែយ៉ាងណាលោកថា ក្រសួងមហាផ្ទៃគួរតែប្រើយុទ្ធសាស្រ្ដសម្របសម្រួលល្អជាងការប្រើប្រព័ន្ធតុលាការដូច្នេះ វារឹតតែធ្វើឱ្យកម្ដៅបែកបាក់ជាតិកើនឡើង ហើយវាមិនចំណេញដល់ការអភិវឌ្ឍសង្គមជាតិនោះទេ។ លោកបន្ដថា សកម្មភាពនេះនឹងរងការរិៈគន់ពីស្ថាប័នជាតិ និងអន្ដរជាតិបន្ថែមលើកម្ពុជា។
លោក នី សុខា ថ្លែងថា៖ «រឿងនេះវាទាក់ទងនឹងច្បាប់បោះឆ្នោតបើយើងមើលទៅ។ ខ្ញុំយល់ថាក្រសួងមហាផ្ទៃគួរតែកែតម្រូវលើឯកសារឬក៏ណែនាំលើចំណុចខ្វះខាតទើបជាការល្អ។ ការប្ដឹងផ្ដល់នេះធ្វើឱ្យសិទ្ធិធ្វើនយោបាយនៅមានការព្រួយបារម្ភ»។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក សៀម ភ្លុក តំណាងគណបក្សបេះដូងជាតិ បានដាក់លិខិត ស្នើសុំក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលោក ស ខេង បានចេញលិខិត អនុញ្ញាតឱ្យបង្កើត«គណបក្សបេះដូងជាតិ»។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដោយរម្លឹកជាលើកទីពីរ ចំពោះ «គណបក្សបេះដូងជាតិ» ដើម្បីឲ្យកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈគណបក្ស ដែលបានដាក់ទៅកាន់ក្រសួងមហាផ្ទៃ រួមទាំងបំពេញលក្ខខណ្ឌនានា ក្នុងការចុះបញ្ជីគណបក្ស ដោយស្របច្បាប់ នៅក្រសួងមហាផ្ទៃ។ ប៉ុន្តែគណបក្សនេះ មិនអនុវត្តតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ឡើយ។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស ខេង បានចេញលិខិត ជម្រាបជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដោយក្រសួងមហាផ្ទៃ សម្រេចបដិសេធក្នុងការសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ។ មូលហេតុ ក្រសួងមហាផ្ទៃលើកឡើងថា ដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។
ចុងក្រោយនេះ ក្រសួងមហាផ្ទៃ បានសម្រេចប្តឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ទៅតុលាការ ដោយសារតែស្នាមដៃ ដែលផ្តិតក្នុងបែបបទចុះបញ្ជីគណបក្ស នៅក្រសួងមហាផ្ទៃ គឺមានភាពមិនប្រក្រតី។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក សៀម ភ្លុក ជាស្ថាបនិកគណបក្សបេះដូងជាតិ ពីបទក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
ដោយឡែកកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះភ្នំពេញ ពេលត្រឡប់មកពីប្រទេសជប៉ុនពាក់ព័ន្ធបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម»៕