នគរបាលជាតិកម្ពុជាកំពុងសាកសួរជនសង្ស័យជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ ជាមួយគ្នានេះដែល អាជ្ញាធរថៃបានទទួលដីកាពីតុលាការឧក្រិដ្ឋកម្មថៃ ដើម្បីចាប់ខ្លួនជនជាតិខ្មែរម្នាក់ ដែលជាប់សង្ស័យថាជាអ្នកប្រាប់តម្រុយដល់ខ្មាន់កាំភ្លើង។
លោក គិមយ៉ា អតីតសមាជិកសភាគណបក្សប្រឆាំងកម្ពុជា ដែលមានសញ្ជាតិខ្មែរ-បារាំង ត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ បន្ទាប់ពីធ្វើដំណើរតាមឡានក្រុងពីខេត្តសៀមរាប ជាមួយប្រពន្ធ និងពូរបស់លោក។
ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Ekkalak Pheanoim ជាជនជាតិថៃ និងជាអតីតទាហានជើងទឹក ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែមករា។
យោងតាមអគ្គស្នងការនគរបាលជាតិកម្ពុជា លោក Pheanoim នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីអាជ្ញាធរបំពេញនីតិវិធីរួចរាល់។
ស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ បានប្រាប់ សារព័ត៌មានខេមបូចា ថា ក្រោយការចាប់ខ្លួន លោក Pheanoim ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ឆាយ គឹមខឿន បដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលើកឡើងពីការស៊ើបអង្កេតដែលកំពុងបន្ត។
ខណៈពេលដែលជនសង្ស័យថៃកំពុងត្រូវបានសួរនាំ ប៉ូលិសថៃបានកំណត់អត្តសញ្ញាណជនជាតិខ្មែរជាជនសង្ស័យម្នាក់ទៀត ដែលគេជឿថាបានដើរតួជាអ្នកប្រាប់តម្រុយជួយដល់ខ្មាន់កាំភ្លើងស្វែងរកទីតាំងលោក គិមយ៉ា។
ជនសង្ស័យជាជនជាតិខ្មែរត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរតាមរថយន្តក្រុងជាមួយគ្នានឹងលោក គិមយ៉ា។ ប៉ូលិសថៃនិយាយថា ជនសង្ស័យដែលមានសញ្ជាតិខ្មែរបានត្រឡប់មកកម្ពុជាវិញក្រោយការបាញ់ប្រហារ ហើយប៉ូលិសថៃបានទទួលដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មថៃ។
នាយកដ្ឋានប៉ូលិសក្រុង Chanasongkhram ដែលមានយុត្តាធិការលើករណីបាញ់សម្លាប់ លោក គិមយ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ពួកគេបានឱ្យ សារព័ត៌មានខេមបូចា សួរទៅកាន់មន្ត្រីស៊ើបអង្កេត ដើម្បីសាកសួរអំពីនីតិវិធី និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ជុំវិញឃាតកម្មលើលោក លិម គិមយ៉ា ដែលចេញផ្សាយដោយស្ថានទូតបារាំងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានថ្កោលទោសចំពោះអំពើឃាតកម្មនេះ។
យោងតាមសេចក្តីថ្លែងការណ៍លើកឡើងថា៖ «ប្រទេសបារាំងថ្កោលទោសអំពើឃាតកម្មលើលោក លិម គិមយ៉ា ពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងកម្ពុជា ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃ»។
ក្នុងសេចក្តីថ្លែងការដដែលក៏បានបញ្ជាក់ថា ប្រទេសបារាំងសូមសម្តែងមរណទុក្ខចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព។ ប្រទេសបារាំងមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់សពក្នុងក្របខ័ណ្ឌនៃការផ្តល់ការគាំពារផ្នែកកុងស៊ុល។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ប្រទេសបារំាងនឹងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ»។
លោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារប្រចាំតំបន់អាស៊ី (AHRLA) បានលើកឡើងថា លោក Pheanoim ប្រហែលជាបានភៀសខ្លួនមកប្រទេសកម្ពុជា ដើម្បីទទួលបានការការពារពីអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែបញ្ជូនខ្មាន់កាំភ្លើងត្រឡប់ទៅប្រទេសថៃវិញជាបន្ទាន់ ដើម្បីសាកសួរ ស៊ើបអង្កេតពីមូលហេតុដែលគាត់ភៀសខ្លួនទៅខេត្តបាត់ដំបង ហើយកំណត់ថានរណាដែលគាត់បានជួបនៅទីនោះ»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានសរសើរអាជ្ញាធរដែលបានសហការក្នុងការចាប់ខ្លួនជនសង្ស័យ ប៉ុន្តែបានសង្កត់ធ្ងន់ថាត្រូវមានការស៊ើបអង្កេតបន្ថែមទៀតដើម្បីកំណត់អត្តសញ្ញាណអ្នកផ្សេងទៀតដែលអាចពាក់ព័ន្ធ។
លោកបន្តថា៖ «ដើម្បីធានាតម្លាភាពក្នុងការស៊ើបអង្កេត និងបញ្ចៀសការចោទប្រកាន់មកលើកម្ពុជា ជនសង្ស័យគួរត្រូវបានបញ្ជូនទៅឱ្យប៉ូលិសថៃ»។
លោក សុខា ក៏បានសម្ដែងការព្រួយបារម្ភថា ប្រទេសថៃលែងជាជម្រកសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរដែលរត់គេចពីការគាបសង្កត់ផ្នែកនយោបាយទៀតហើយ។
ក្រៅពីជាអ្នកនយោបាយបក្សប្រឆាំង លោក គិមយ៉ា ធ្លាប់ជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជា តាមរយៈហ្វេសប៊ុកជាញឹកញាប់ ដើម្បីលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងការបំភិតបំភ័យសកម្មជន។
ថ្មីៗនេះ អាជ្ញាធរថៃបានចាប់ខ្លួន និងនិរទេសសកម្មប្រឆាំងកម្ពុជាជាច្រើននាក់ ដែលបង្កើនការភ័យខ្លាចក្នុងសហគមន៍និរទេស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដោយកត់សម្គាល់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើដីថៃ ហើយតួនាទីរបស់កម្ពុជា គឺសហការក្នុងការចាប់ខ្លួនជនសង្ស័យ។
ទោះយ៉ាងណា លោកបញ្ជាក់ថា កម្ពុជាមិនបានបដិសេធក្នុងការស៊ើបអង្កេតរឿងនេះទេ។
លោក សុខៈ ក៏បានជំរុញឲ្យសាធារណជនទាក់ទងបញ្ហានេះដោយប្រុងប្រយ័ត្ន ដោយចាត់ទុកថាជាប្រធានបទរសើប។ លោកបានព្រមានថា ការចែករំលែករូបភាពជនសង្ស័យខ្មែរលើបណ្តាញសង្គមអាចរំលោភសិទ្ធិឯកជនភាពដោយគ្មានភស្តុតាងគ្រប់គ្រាន់ ហើយថែមទាំងអាចជួយជនសង្ស័យគេចពីការចាប់ខ្លួន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Suspect in Lim Kimya Shooting Questioned as Thai Police Obtain Warrant for Possible Cambodian Spotter