ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបានអះអាងថាបាននឹងកំពុងកាន់កាប់ដីស្រែជិត១០០ហិកតាក្នុងខេត្តស្វាយរៀងបានតវ៉ាប្រឆាំងនឹងអាជ្ញាធរខេត្ត ដោយបានបង្ខំឲ្យពួកគាត់ទទួលសំណងដីធ្លីក្នុងតម្លៃទាប ដើម្បីយកដីអនុវត្តគម្រោងស្តារប្រឡាយឡើងវិញ។
គម្រោងស្តារប្រព័ន្ធប្រឡាយទឹកកំពង់ជ្រៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក បានប៉ះពាល់ប្រជាពលរដ្ឋ១២០គ្រួសារលើផ្ទៃដីជាង៩៩ហិកតា ក្នុងឃុំចំនួនពីរ ក្នុងស្រុកស្វាយជ្រុំ។ អ្នកភូមិឲ្យដឹងថាគម្រោងពង្រីក និងស្ដារឡើងវិញប្រឡាយទឹកនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៩ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែមានការតវ៉ាពីប្រជាកសិករ។ ប៉ុន្តែ មន្ត្រីក្រសួងធនធានទឹកបានអះអាងថាតំបន់ដែលប៉ះពាល់ជាដីរបស់រដ្ឋ ហើយសំណងនោះគឺសងលើផលដំណាំ មិនមែនលើតម្លៃដីជាក់ស្ដែងនោះទេ។ មន្ត្រីឲ្យដឹងដែរថា គម្រោងនេះមិនពង្រីកប្រឡាយនោះទេ ដោយគ្រាន់តែជួសជុលស្ដារឡើងវិញប៉ុណ្ណោះ។
ចំពោះតម្លៃសំណងត្រូវបានគេរាយការណ៍ថា អាជ្ញាធរខេត្តផ្ដល់ឲ្យទៅប្រជាកសិករ៩០០រៀលក្នុងមួយម៉ែត្រការ៉េ ដែលចំនួននេះកសិករមិនព្រមទទួលយក។
អ្នកស្រី យស សុភ័ណ្ឌ ជាកសិករមកពីសហគមន៍សាមគ្គីចេកមាសក្នុងភូមិចេក ឃុំឈើទាល បានឲ្យដឹងថា គ្រួសារអ្នកស្រីបានធ្វើស្រែលើដីរបស់ខ្លួនតាំងពីឆ្នាំ១៩៨២។
អ្នកស្រីនិយាយថា៖ «បើសិនជារដ្ឋាភិបាលឲ្យសំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ ប្រជាពលរដ្ឋមិនអាចទទួលបានទេ ពីព្រោះប្រជាពលរដ្ឋពឹងលើដីធ្វើស្រែដើម្បីចិញ្ចឹមជីវិត»។ អ្នកស្រីបន្តថា៖ «ពេលដែលយើងគ្មានដី ជីវិតនឹងពិបាក វាគ្មានអ្វីពឹងពាក់ ដូចជាគ្មានដៃ និងជើងអញ្ចឹង»។
កាលពីថ្ងៃចន្ទ កសិកររាប់រយនាក់បានតវ៉ាប្រឆាំងនឹងអាជ្ញាធរដែលបានបង្ខំពួកគេឲ្យទទួលសំណង។ កសិករបានបន្តប្រមូលផ្ដុំគ្នានៅថ្ងៃអង្គារ ទាមទារប្រាក់សំណងខ្ពស់បន្តិច ប៉ុន្តែ អ្នកស្រី សុភ័ណ្ណ ថាអាជ្ញាធរស្រុកនៅព្រឹកថ្ងៃដដែល បានបង្ខំឲ្យប្រជាពលរដ្ឋខ្លះចុះហត្ថលេខាទទួលសំណង និងគំរាមអ្នកផ្សេងទៀតមិនឲ្យតវ៉ា។
អ្នកស្រីឥន សូត្រ ប្រធានសហគមន៍កសិករសាមគ្គីចេកមាស និងមានដីស្រែ០,៧០ហិកតាផង ថាប្រជាពលរដ្ឋទាមទារសំណងបីដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រីបន្ថែមថា៖ «យើងបានដាក់សំណើរទៅអាជ្ញាធរ ប៉ុន្តែពួកគាត់បានបដិសេធ និងថាប្រជាពលរដ្ឋគ្រាន់តែចង់បានសំណងកាន់តែច្រើនប៉ុណ្ណោះ»។
កសិករម្នាក់ទៀតឈ្មោះ ប៉ុល ស៊ី រស់នៅភូមិធ្នង់ បានឲ្យដឹងថាអាជ្ញាធរមិនបានដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋនោះទេ ហើយបានគំរាមកំហែង និងបង្ខំឲ្យទទួលសំណងជាកញ្ចប់តិចតួចទៀត។
កសិករដដែលបន្ថែមថា៖ «បើសិនជាយើងបាត់បង់ដី វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសារ…ខ្ញុំរស់នៅពឹងលើដីធ្វើស្រែពីរហិកតាចិញ្ចឹមកូនៗ និងរកប្រាក់បានខ្លះ»។

អភិបាលស្រុកស្វាយជ្រុំ លោក ហែម សារិទ្ធ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែមេឃុំឈើទាល អ្នកស្រី លន់ សូនី បានច្រានចោលការអះអាងរបស់កសិករថាមានកម្មសិទ្ធិលើដីទាំងនោះ ដោយលោកថាតំបន់នោះជាដីស្រែតាំងពីសម័យប៉ុល ពត និងមិនមាននរណាម្នាក់មានប្លង់នៅឡើយទេ។
អ្នកស្រីបន្ថែមថា៖ «គម្រោងប្រព័ន្ធធារាសាស្រ្តនេះផ្ដល់ប្រយោជន៍ច្រើនដល់កសិករក្នុងតំបន់ និង[សូម្បី] អ្នកបដិសេធនោះផងដែរ»។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកខេត្តស្វាយរៀង បានលើកឡើងដូចនឹងមេឃុំដែរ និងបានប្រាប់ខេមបូចា ថាអ្នកភូមិបានរស់នៅពឹងអាស្រ័យផលលើដីរដ្ឋជាយូរឆ្នាំមកហើយ។
លោកមានប្រសាសន៍ថា៖«ប្រជាពលរដ្ឋដែលបានធ្វើស្រែលើដីនោះច្រើនឆ្នាំគិតថាវាជារបស់ពួកគាត់ យើងឥឡូវនេះកំពុងធ្វើការដោះស្រាយដើម្បីប្រយោជន៍រួម មិនមានដើម្បីតែក្រុមណាមួយនោះទេ»។
លោក សាវុធ ថាអាជ្ញាធរគ្មានគម្រោងពង្រីកប្រឡាយទេ ហើយថារដ្ឋក៏មិនមានថវិកាធ្វើដូចនោះដែរ។
លោកបន្ថែមថា៖ «យើងគ្រាន់តែស្ដារ និងជួសជុលកន្លែងស្តុកទឹក យើងគ្មានលទ្ធភាពពង្រីកវាទេ…រដ្ឋនឹងផ្ដល់សំណងទៅប្រជាពលរដ្ឋផ្អែកលើផលដំណាំ មិនមែនដីនោះទេ»។
លោកឲ្យដឹងដែរថា អាងទឹកកំពង់ជ្រៃ ជាផ្នែកមួយរបស់ទន្លេវ៉ៃគោ បានជួយដល់ការស្រោចស្រប់ដីកសិកម្មរាប់ម៉ឺនហិចតាទាំងនៅខេត្តព្រៃវែង និងស្វាយរៀង។ អាងស្តុកទឹកនេះ ធ្លាប់បានស្ដារឡើងវិញម្ដងក្នុងសម័យប៉ុល ពត និងឥឡូវត្រូវជួសជុលឡើងវិញ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានប្រសាសន៍ថា កសិករតូចតាចពឹងលើដីស្រែដើម្បីចិញ្ចឹមជីវិត និងថាគម្រោងសំណងត្រូវតែឲ្យសមនឹងអាចដោះដូរបាន។
លោកនិយាយថា៖ «ការអភិវឌ្ឍរបស់រដ្ឋាភិបាល គឺដើម្បីជាប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប៉ុន្តែបើសិនជាយើងមើលលើរូបភាពនេះ [គម្រោង] ដែលបង្ខំប្រជាពលរដ្ឋឲ្យបាត់បង់ដីស្រែរបស់ពួកគេ វានឹងមិនឆ្លុះបញ្ចាំងទៅនឹងគោលបំណងនៃការអភិវឌ្ឍនោះទេ»។ ដោយលោកបន្ថែមថា៖ «បើសិនជាគ្រាន់តែស្ដារឡើងវិញ វាមិនគួរមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋមានឆន្ទៈក្នុងការកាត់ចំណែកដីរបស់ពួកគាត់ឲ្យរដ្ឋក្នុងការពង្រីងគម្រោង។ ប៉ុន្តែអាជ្ញាធរចង់បានវាទាំងអស់»។
អ្នកស្រី ប៉ុល សេត កសិករម្នាក់ទៀតនៅឃុំឈើទាល ឲ្យដឹងថាតម្លៃសំណង៩០០រៀលក្នុងមួយម៉ែត្រការ៉េនឹងមិនអាចឲ្យប្រជាពលរដ្ឋយកទៅទិញដីកន្លែងផ្សេងសម្រាប់ធ្វើស្រែបានទេ។
អ្នកស្រីនិយាយថា៖ «បើសិនជាខ្ញុំបាត់បង់ដី កូនៗរបស់ខ្ញុំនឹងមិនមានអ្វីស៊ីទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Svay Rieng farmers protest against irrigation project compensation