សាលាដំបូងខេត្ដស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា សម្រេចឃុំខ្លួនលោក ជា ចាន់ថា មេដឹកនាំសមាគមIDEAប្រចាំខេត្ដ ជាបណ្ដោះអាសន្នក្រោមបទចោទ«ឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមមន្ត្រីសមាគម និងមេធាវី។
យោងតាមការបញ្ជាក់ពីលោក សេង រាជ មេធាវីការពារក្ដីឱ្យលោក ជា ចាន់ថា ថ្លែងថា តុលាការសម្រេចឃុំបណ្ដោះអាសន្នក្រោមបទចោទឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។ លោកបន្តថា នឹងបន្ដស្នើសុំឱ្យកូនក្ដីនៅក្រៅឃុំ។
លោកថ្លែងថា៖ «តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នបង។ ខ្ញុំនឹងសុំឱ្យគាត់នៅក្រៅឃុំបង»។
យោងតាមការចោទពីបទឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ និងមាត្រា៦១០ លោក ជា ចាន់ថា នឹងប្រឈមមុខជាប់ពន្ធនាគារចន្លោះពី៦ខែទៅ៣ឆ្នាំ។
ខេមបូចា មិនអាចសុំការបំភ្លឹពីលោក ម៉ៅ ពៅលិញ ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យសាលាដំបូងខេត្ដស្វាយរៀងបានលើករណីនេះ ដោយទូរសព្ទច្រើនដង គ្មានអ្នកលើក។
បើតាមអ្នកស្រី ឡេង ចាន់ធី ប្រពន្ធលោក ជា ចាន់ថា បានហៅការសម្រេចឃុំខ្លួននេះថា ជារឿងអយុត្ដិធម៌ដោយទាមទារឱ្យតុលាការដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាពវិញ។
អ្នកស្រីលើកឡើងថា៖ «អយុត្ដិធម៌បង គាត់អត់ធ្វើអីខុសផងបែរដាក់គុក។ខ្ញុំមិនយល់ទេបង។ មេធាវីថានឹងស្នើតុលាការឱ្យគាត់នៅក្រៅឃុំបង»។
បើតាមលោក ភី សំអុល មន្រ្ដីដោះស្រាយវិវាទក្រៅប្រព័ន្ធនៃសមាគម(IDEA) និងជាអ្នកតាមដានករណីនេះ បញ្ជាក់ថា ការសម្រេចតុលាការនេះហាក់មានការរៀបចំដើម្បីដាក់បន្ទុកដោយសំអាងថា សកម្មភាពលោក ចាន់ថា ត្រឹមហៅអប់រំណែនាំគឺចប់។
លោកចាត់ទុកថា៖ «ខ្ញុំយល់ថាអយុត្ដិធម៌បង។ រឿងគាត់ត្រឹមណែនាំបាន បែរជាមកដាក់ទោសឃុំខ្លួនចឹងវាអត់ត្រូវបង ដូចគេរៀបចំទុកម៉េចទេបង»។
បើតាមសេចក្ដីប្រកាសព័ត៌មានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)នាព្រឹកថ្ងៃទី១៧ ខែកក្កដា បញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តំណាងសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក ជា ចាន់ថា ប្រចាំខេត្តស្វាយរៀងបានចុះជួបអាជីវករ និងអ្នករត់រ៉ឺម៉ក់ទេសចរណ៍។ លោក ចាន់ថា បានផ្សព្វផ្សាយអំពីការបម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ប្លាស្ទិក ការធ្វើអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រួមទាំងផ្សព្វផ្សាយអំពីកិច្ចគាំពារសង្គម ឬហៅថា បណ្ណ(ប ស ស) ដោយបានលើកទឹកចិត្តឱ្យសមាជិក ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម។ នៅក្នុងបរិបទនេះស្របទៅតាមទិសដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលជួយជំរុញឱ្យបានឆាប់សម្រេចដល់គោលដៅ។
សមាគមបន្ដថា អំឡុងពេលផ្សព្វផ្សាយនោះនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៤:00រសៀល លោក ជា ចាន់ថា បានត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ដើម្បីសួរនាំ និងបានឃុំខ្លួនរយៈពេលមួយយប់។ លុះព្រឹកឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានបញ្ចូនលោក ជា ចាន់ថា ទៅកាន់ស្នងការខេត្តស្វាយរៀង។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក ពេជ្រ វិរៈ ស្នងការខេត្ដស្វាយរៀងបានទេ ដោយទូរសព្ទចូលលោកចុចបិទ។
តែយ៉ាងណា លោក អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋានក្រុងបាវិត ថ្លែងថា មូលហេតុនៃការឃាត់ខ្លួននេះដោយសារលោក ជា ចាន់ថា មិនបានជូនដំណឹងឱ្យអាជ្ញាធរមូលដ្ឋានដឹងអំពីសកម្មភាពដែលទៅរៃអង្គាសពីក្រុមអាជីវករ និងក្រុមរត់កង់បីដើម្បីចូលជាសមាជិកសមាគមខ្លួន។ លោកថា ពេលសមត្ថកិច្ចមូលដ្ឋានឃើញសកម្មភាពក្នុងក្រុងបាវិតបានរាយការណ៍ទៅអភិបាលក្រុងរហូតមានការនាំខ្លួនសាកសួរដើម្បីបំភ្លឺ។
លោកអះអាងថា៖ «គាត់[លោក ជា ចាន់ថា]ដើររៃអង្គាស(ប្រមូល)លុយពីក្រុមម៉ូតូឌុប អាជីករ និងអ្នកបម្រើរត់តុតាមហាងបាយថាគាត់ជាអ្នកធ្វើបណ្ណ បសស ឱ្យ។ គាត់រៃចូលអង្គការសមាគមរបស់គាត់ស្អីហ្នឹង។ ខ្ញុំក៏បានអញ្ជើញគាត់មកបំភ្លឺព័ត៌មាន ក្រោយពីបំភ្លឺរួចខ្ញុំក៏បានរាយការណ៍ទៅការិយាល័យជំនាញ និងបានបញ្ជូនគាត់បន្ដទៅការិយាល័យខេត្ដ»។
លោកបន្ថែមថា លោកមិនអាចបំភ្លឺបន្ថែមបានទេ ព្រោះផុតដែនសមត្ថកិច្ចលោកហើយដោយតួនាទីលោកត្រឹមតែបញ្ជូនប៉ុណ្ណោះ។ យ៉ាងណាលោកច្រានចោលថា ការចាប់ខ្លួនលោក ជា ចាន់ថា គ្មានមូលហេតុតែលោកអះអាងថា មានមូលដ្ឋានច្បាស់លាស់មុននឹងធ្វើការឃាត់ខ្លួននេះ។
លោកថ្លែងថា៖ «គាត់ចុះមកអត់មានកាតសម្គាល់ខ្លួនអីទេ មានតែក្នុងទូរសព្ទគាត់។ បងទៅសួរខេត្ដចុះ»។
ចំណែកលោក នុត បូពិណ្ណារ័ត្ន មន្រ្ដីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្ដស្វាយរៀង បានថ្លែងថា ការចាប់ខ្លួនធ្វើឡើងក្រោយពីលោក ចាន់ថា បានប្រជុំគ្នាជាមួយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)ពីភ្នំពេញទៅចំនួន២៥នាក់ ក្រោយមកលោក ចាន់ថា ក៏បានចុះផ្សព្វផ្សាយពីបណ្ណ បសស រួចមានការឃាត់ខ្លួន ប៉ុន្ដែខាងសមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុនៃការឃាត់នោះទេ។
លោកបន្តថា ការឃាត់នេះវាផ្ទុយនឹងច្បាប់ដែលមានចែង។ លោកបន្ដថា ការប្រើរូបភាពនេះកំពុងគំរាមកំហែងដល់សហជីព និងសកម្មជនសិទ្ធិមនុស្សដោយប្រើប្រព័ន្ធតុលាការដើម្បីដាក់បន្ទុក។
លោកថ្លែងថា៖ «បើយើងមើលសកម្មភាពលោក ជា ចាន់ថា ដូចជាមិនមានបទល្មើសព្រោះលោកចុះផ្សព្វផ្សាយបណ្ណ បសស»។ លោកបន្តថា៖ «ខ្ញុំគិតថាវាជាការគំរាមកំហែងសិទ្ធិធ្ងន់ធ្ងរដែលអាជ្ញាធរគួរបញ្ឈប់ដើម្បីបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋអាចប្រើសិទ្ធិបានពេញលេញបង»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាល់បទល្មើសទាំងអស់ទាល់តែមានតម្រុយទើបសមត្ថកិច្ចអាចឃាត់ខ្លួនដើម្បីបន្ដនីតិវិធី។ លោកបន្ដថា គ្រប់បទល្មើសជាក់ស្ដែងមិនចាំបាច់មានដីកាពីតុលាការទេអាចធ្វើការឃាត់ខ្លួនតែម្ដង។ យ៉ាងណាលោកបន្ដថា លោកបានដឹងពីករណីនេះតែថាវាជាដែនសមត្ថកិច្ចអាជ្ញាធរខេត្ដស្វាយរៀង ការសម្រេចបែបណាអាស្រ័យលើព្រះរាជអាជ្ញានៃសាលាដំបូងខេត្ដ។
លោកថ្លែងថា៖ «តាមសមត្ថកិច្ចបញ្ជាក់ គាត់ឱ្យគេបង់ប្រាក់បង់អី ហើយចុះក្នុងសមាជិកសមាគមគាត់ហូរហែ ដើម្បីបានធ្វើ បសស ហ្នឹងឆាប់រហ័ស។ សមត្ថកិច្ចគេមានសាក្សី គេមានអីមកបំភ្លឺចំពោះអំពើដែលគាត់ធ្វើហ្នឹង។ សមត្ថកិច្ចមិនចេះតែចាប់ខ្លួនគេទេ លុះត្រាតែមានមូលដ្ឋានធាតុផ្សំនៃបទល្មើសទើបចាប់ខ្លួន»។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បានទាមទារឱ្យអាជ្ញាធរដោះលែងមេដឹកនាំសមាគមខ្លួនដោយបញ្ជាក់ថា លោក ជា ចាន់ថា មិនបានប្រព្រឹត្ដបទល្មើសណាមួយទេ។ លោកថា ការចាប់ខ្លួននេះគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីដាក់បន្ទុកដែលផ្ទុយពីច្បាប់។
លោកបន្ដថា៖ «ខ្ញុំយល់ថាគួរតែដោះលែងឱ្យគាត់បានជួបគ្រួសារគាត់វិញ ព្រោគាត់ចុះផ្សព្វផ្សាយបណ្ណបសសទេ។ រឿងនេះវាអត់មានអង្គហេតុអីផង។ វារំលោភសិទ្ធិបញ្ចេញមតិដែលពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើសកម្មភាពសង្គម»។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា ការបើកលំហសិទ្ធិសេរីភាពក្នុងប្រទេសប្រជាធិបតេយ្យជារឿងចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកសង្កត់បន្ថែមថា ការចាប់ខ្លួនដោយគ្មានមូលដ្ឋានច្បាស់លាស់កំពុងបិទសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «ពលរដ្ឋចូលរួមបានវាទាល់តែបើកលំហ ការផ្ដល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋពេញលេញទៅ។ កាលណាពលរដ្ឋមានលំហសេរីភាពពួកគាត់អាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាតដែលរដ្ឋត្រូវកែលម្អ អាហ្នឹងគឺសំខាន់»។
មាត្រា ៣១ និង៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូបភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
លោក ជា ចាន់ថា ស្ថិតចំណោមសកម្មជនសហជីពយ៉ាងតិចណាស់ ៤នាក់ ដែលត្រូវចាប់ខ្លួន និងជាប់ពន្ធនាគារ ដូចជា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានជាប់ក្នុងពន្ធនាគារចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ។ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ក៏ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារនៅដើមខែនេះ មុនពេលមានការបោះឆ្នោតផ្ទៃក្នុងជ្រើសរើសប្រធានសហព័ន្ធសហជីព។ លោក ជា ចាន់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺផ្តន្ទាទោស១ឆ្នាំ ប៉ុន្តែអនុវត្តទោស៦ខែ ទោសនៅសល់ត្រូវបានព្យួរពីបទ «សមគំនិតក្នុងអំពើលួច»បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានសហជីពនៅក្នុងរោងចក្រ វីង ស្តារស៊ូ៕