រដ្ឋាភិបាលបញ្ចេញក្រដាសប្រាក់មានរូបលោកហ៊ុន សែន ជាមួយសម្តេចសីហនុដើម្បីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

រដ្ឋាភិបាលនឹងប្រារព្ធខួបលើកទី ៣០នៃកិច្ចព្រៀមព្រៀងសន្តិភាពក្រុងប៉ារីស ដោយបញ្ចេញក្រដាសប្រាក់ ៣០.០០០រៀល ដែលមានរូបលោក ហ៊ុន សែន និងសម្តេចព្រះបាទ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ។

កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ចេញអនុក្រឹត្យ​មួយ​​ដោយអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ថ្មី ៣០.០០០​រៀល ដោយ​មាន​រូប​លោក​ផ្ទាល់ និង​សម្តេច​ព្រះ​បរមរតនកោដ្ឋ​ សម្តេច​ព្រះបាទ ​នរោត្តម សីហនុ​ ដែល​លោក​ទាំងពីរ​បាន​ដឹកនាំ​ភាគី​ចរចានៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថាបាន​ត្រួសត្រាយ​ផ្លូវ​ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ដ៏​យូរ​អង្វែង​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​និយាយ​ថា ក្រដាសប្រាក់​ថ្មី​ ដែល​បាន​ដាក់​នូវ​លាយល័ក្ខអក្សរ​សំដៅ​ទៅ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ខួប​រំឭក​ គឺ​មាន​គោលបំណង​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​ជ្រោមជ្រែង​បង្កើត​កិច្ចព្រមព្រៀង​នេះ​ឡើង។