លោកស្រី មូរ សុខហួរ អះអាងថា កម្ពុជាប្រឈមទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត បន្ទាប់ពីរារាំងលោកស្រីមិនឲ្យចូលប្រទេស

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានជួបជាមួយអ្នកគាំទ្រនៅឯអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងឡូសអាន់ជឺឡេសកាលពីសប្តាហ៍មុន មុនពេលលោកស្រីចេញដំណើរតាមការគ្រោងទុក មកប្រទេសកម្ពុជា។ រូបភាព៖ហ្វេសប៊ុក

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរារាំងការវិលត្រឡប់របស់លោកស្រីមកប្រទេសកម្ពុជានាពេលថ្មីៗនេះ អាចនាំឱ្យមានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុបន្ថែមទៀតមកលើប្រទេសនេះ ដែលស្រដៀងនឹងការលុប ចោលផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធដែលគេហៅថា «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»។