កិច្ចប្រជុំរបស់សកម្មជនមាតាធម្មជាតិតាមប្រព័ន្ធហ្ស៊ូមត្រូវបានគេបង្ហោះថា ជាភស្តុតាងនៃការប្រមាថព្រះមហាក្សត្រ

សកម្មជនមាតាធម្មជាតិ៣នាក់បានមកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

វីដេអូឃ្លីបដែលត្រូវបានគេថតដោយចេតនាចេញពីការប្រជុំអនឡានតាមប្រព័ន្ធហ្ស៊ូម (Zoom) រវាងលោកAlejandro Gonzalez-Davidson សហស្ថាបនិកក្រុមបរិស្ថានមាតាធម្មជាតិនិងសកម្មជនបរិស្ថានមួយចំនួនទៀត ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមដោយចាត់ទុកជាភស្តុតាងដែលបង្ហាញថា សកម្មជនទាំងនោះមានពិរុទ្ធភាពពីបទប្រមាថព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា។ ការចាប់ខ្លួនសកម្មជនបរិស្ថានទាំង៣នាក់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រត្រូវបានស្ថានទូតបរទេសនិងក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់។