កសិករមួយចំនួនខកខានធ្វើស្រែចម្ការដោយសារឆ្លងជំងឺកូវីដ១៩

កសិករម្នាក់ភ្ជួរស្រែរបស់គាត់ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, រូបភាពថតថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ភ្នំពេញ៖ កសិករនៅតាមបណ្ដាខេត្តមួយចំនួន​ បានត្អូញត្អែរពីការខកខានធ្វើស្រែ និងដាំដំណាំកសិកម្ម ដោយសារពួកគេមួយ​ចំ​នួនរងផលប៉ះពលពីជំងឺ​កូវីដ១៩ ខណៈកសិករមួយចំនួនកំពុងព្យាបាលជំងឺ និងខ្លះទៀតកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ​។ អ្នកស្រី កុយ យឿន តំណាងសហគមន៍កសិករស្រុកបុទុមសាគរ ខេត្តកោះកុងបានថ្លែងថា ភូមិស្រុកអ្នកស្រីក៏មានផ្ទុះជំងឺកូវីដ១៩ដែរ។ កសិករមួយចំនួនមិនហ៊ានចេញទៅធ្វើស្រែចម្ការទេ ដោយសម្រេច​ចិត្ត​ធ្វើ​ដីស្រែមួយចំនួន និងបោះបង់ចោលឱ្យទំនេរដីមួយចំនួន ដើម្បីបានចៀសផុតពីការឆ្លងជំងឺកូវីដ១៩។ អ្នកស្រីបន្តថា ផលដំណាំដាំលើដីប្រមាណជិត ២ហិកតារបស់អ្នកស្រីខិតខំផលិតបានបន្ដិចបន្ដួច ក៏មិនមានទីផ្សារសម្រាប់លក់ដែរ ហើយកសិករបង្ខំចិត្តលក់ដូរនៅតាមតំបន់របស់ខ្លួន​ក្នុងតម្លៃថោកបំផុត។ អ្នកស្រីចង់ឱ្យមាន​អ្នកជួយសម្របសម្រួល ឬធានាតម្លៃកសិផលរបស់កសិករដែលខំផលិតបានក្នុងគ្រាលំបាកនេះ ជាពិសេសស្នើសុំឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍និរន្តភាពតម្លៃឱ្យបាន​សមរម្យ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំជាប់ធ្វើចត្តាឡីស័កពីរដងមកហើយ អំឡុងពេលចុះទៅស្ទូងស្រូវបានស្រែមួយ ក៏ជាប់ធ្វើ​ចត្តាឡីស័កម្ដង បន្ទាប់មកចាប់ផ្ដើមដាំឪឡឹកបានជិតពេញមួយចម្ការ ក៏ជាប់ធ្វើចត្តាឡីស័ក​ម្ដងទៀត»។ ដោយអ្នកស្រីបន្ថែមថា៖ «ទម្រាំតែ​ធ្វើស្រែចម្ការរួចរាល់ពិតជាវេទនាណាស់ រីឯអ្នកភូមិខ្ញុំមួយចំនួន ពួកគាត់បោះបង់ស្រែចម្ការចោល ក៏នាំ​គ្នា​ទៅរកការងារណាដែល​ទទួល​បានលុយភ្លាមៗវិញ​»។ ប្រទេសកម្ពុជាបានឆ្លងរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅទូទាំងប្រទេសចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងមួយថ្ងៃៗមានអ្នកឆ្លងជំងឺនេះចន្លោះ៥០០ ទៅ ៦០០នាក់ និងមានអ្នកស្លាប់ផងដែរ។ រដ្ឋាភិបាលបានចេញវិធានការតឹងរ៉ឹង ដើម្បីទប់ស្តាក់ការរីករាលដាលនៃជំងឺនេះ ដោយខេត្ត-រាជធានី ឬតំបន់ខ្លះត្រូវបិទខ្ទប់។ ចំណែកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កពី១៤ទៅ២១ថ្ងៃ។ គិតត្រឹមថ្ងៃទី១ ខែតុលា មានអ្នកឆ្លងជំងឺកូវីដសរុបជាង១១ម៉ឺននាក់ អ្នកស្លាប់ចំនួន ២ ៣៣៦នាក់ និងអ្នកជាសះស្បើយជាង ១០ម៉ឺននាក់ […]