យោធាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នករស់នៅតំបន់ក្រហមនៅចុងសប្ដាហ៍នេះ

របាំងដែកដាក់លើស្ពានក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋាភិបាល​នៅ​ថ្ងៃទី​១ ខែឧសភា ខាង​មុខ​​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដល់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់ក្រហម ដែល​ជា​តំបន់មាន​វិធានការ​តឹង​រឹង​ក្នុង​ពេល​បិទខ្ទប់ ដោយសារ​តែ​តំបន់​នេះមាន​កម្រិត​ឆ្លង​កូវីដ១៩​ខ្ពស់​។ លោក ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវ​បាន​ចាត់តាំង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​។ លោក ឥត សារ៉ាត់ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ថា៖ «​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែឧសភា»។ លោក ឥត សារ៉ាត់ មានប្រសាសន៍ថា យុទ្ធនាការ​នេះ​នឹង​ដឹក​នាំ​ដោយ​ក្រសួង​ការពារជាតិ និង​មានជំនួយ​ពី​ក្រសួង​សុខាភិបាល ក្រសួង​ការ​ងារ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​​។​ ​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល​មាន​ប្រ​សាសន៍​ថា​វ៉ាក់សាំង​ប្រភេទ​ ស៊ីណូហ្វាម (Sinopharm) ចំនួន​ ៤០ម៉ឺនដូស​បាន​មក​ដល់កម្ពុជា​កាលពី​យប់​ថ្ងៃពុធ និង​បាន​រៀបចំ​ទុក​សម្រាប់​ចាក់​ជូក​អ្នក​នៅ​តំបន់​ក្រហម​។ ​លោកស្រី បញ្ជាក់ថា៖ «រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រូប​ខ្ញុំ បានពិភាក្សា[បញ្ហានេះ]​និង​បាន​សម្រេច​​ឲ្យគ្រូពេទ្យ​​របស់​ក្រសួង​ការពារ​ជាតិ​ជួយ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំងចំនួនបួនខណ្ឌ រួម​មាន​ខណ្ឌកំបូល ខណ្ឌពោធិ៍​សែន​ជ័យ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោរ»។ ​លោកស្រីថា នៅ​ពេល​វ៉ាក់សាំង​បន្ទាប់​មក​ដល់ ក្រសួងសុខាភិបាល​នឹង​បើក​យុទ្ធនាការ​ចាក់វ៉ាក់​​​នៅតំបន់​ផ្សេង​ទៀត​​។ ​លោកស្រី​បន្តថា៖ «​យើង​កំពុង​រៀប​តែត្រៀម​យុទ្ធនាការចាក់វ៉ាក់សាំង​​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ខណ្ឌផ្សេងទៀតក្រៅពីខណ្ឌទាំង​បួននេះ»។ ​លោក ហេង […]