កសិករជិត ១០០នាក់នៅក្នុងស្រុកបាទី ដែលដីរបស់ពួកគាត់ត្រូវបានយកទុកសម្រាប់ការអភិវឌ្ឍគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ តាខ្មៅ ដែលមានតម្លៃ ១,៥ពាន់លានដុល្លារ កំពុងនាំគ្នាអំពាវនាវដល់រដ្ឋាភិបាលថ្មីដើម្បីរកដំណោះស្រាយចំពោះការបាត់បង់មុខរបរចិញ្ចឹមជីវិត បន្ទាប់ពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់មហាសេដ្ឋី ពុង ឃាវសែ បានជីកប្រឡាយធ្វើព្រំដី ។ ពួកគេអះអាងថា ការស្វែងរកដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានចំពោះបញ្ហានេះដែលបានអូសបន្លាយពេលអស់ពីរឆ្នាំ គឺពុំមានប្រសិទ្ធភាពឡើយ ។
កសិករ ឃុត ថាច ដែលទើបតែត្រឡប់មកពីលក់បន្លែនៅផ្សារមកដល់ផ្ទះ បានអង្គុយពន្យល់រៀបរាប់ពីទុក្ខលំបាករបស់លោកប្រាប់ ខេមបូចា ។ លោកបាននិយាយថា លោកមិនអាចធ្វើស្រែនៅលើដីទំហំ៤ហិកតារបស់លោកបានទេ ដោយសារតែប្រឡាយជ្រៅដែលក្រុមហ៊ុនបានជីកកាលពីខែសីហា ឆ្នាំ២០២១ ។ នៅពេលនោះ ប្រជាជនមិនអាចតវ៉ាបានទេ ពីព្រោះតំបន់នោះត្រូវបានឡោមព័ទ្ធទៅដោយកម្លាំងនគរបាលស្រុកនិងខេត្ត ដែលអនុញ្ញាតឱ្យគ្រឿងចក្រឈូសឆាយជាង ៤០គ្រឿងជីកកាយប្រឡាយនោះដោយចំណាយពេលត្រឹមតែមួយថ្ងៃ ។
លោក ថាច អាយុ ៥៥ឆ្នាំ រស់នៅក្នុងភូមិជើងលង ឃុំចំប៉ី ។ លោកបានធ្វើស្រែនៅលើដីធ្លីរបស់លោកតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ និងអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ដោយទុកជាស្បៀងខ្លះសម្រាប់គ្រួសារនិងលក់ខ្លះ ។ ចំណូលរបស់លោកគ្រប់គ្រាន់សម្រាប់ការចាយវាយនៅក្នុងគ្រួសារ ដោយសងបំណុលធនាគារផង និងបង់សាលាឱ្យកូនផង ។ ប៉ុន្តែ ឥឡូវ លោកកំពុងជួបការលំបាកជាអ្នកលក់បន្លែនៅចំពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ។
ចាប់តាំងពីការសាងសង់បានចាប់ផ្ដើមនៅលើគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ តាខ្មៅ ដែលនឹងក្លាយជាព្រលានយន្តហោះថ្មីរបស់រាជធានីភ្នំពេញ ប្រជាជនជាច្រើនរយនាក់នៅក្នុងខេត្តកណ្ដាលនិងខេត្តតាកែវត្រូវបាត់បង់ដីធ្លីនិងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ។ កសិករខ្លះបានទទួលយកសំណង និងចាកចេញពីតំបន់នោះ ដោយយកលុយសំណងនោះទៅទិញដីនៅកន្លែងផ្សេងទៀត ប៉ុន្តែ ប្រជាជនជាច្រើនផ្សេងទៀតបដិសេធសំណងក្នុងតម្លៃទាប ។
កាលពីមួយសប្ដាហ៍មុន មេភូមិជើងលងបានជូនដំណឹងដល់កសិករថា ក្រុមហ៊ុននឹងឈូសឆាយដីស្រែរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះ បើទោះបីជាតម្លៃសំណងសម្រាប់ដីទាំងនេះមិនទាន់ត្រូវបានសម្រេចជាស្ថាពរនៅឡើយក្ដី ។ លោក ថាច បាននិយាយថា នេះជាមូលហេតុដែលកសិករបាននាំគ្នាតវ៉ា និងបានបន្តដាក់ញត្តិទៅកាន់ថ្នាក់ដឹកនាំស្រុកនិងខេត្ត ។
លោកបាននិយាយថា៖ «ពីដំបូង [បន្ទាប់ពីគេជីកប្រឡាយរួច] យើងបានស្នើសុំ ៥ដុល្លារ[ក្នុងមួយម៉ែត្រការ៉េ] និង[បានចុះ]មកនៅត្រឹម ៣ដុល្លារ ប៉ុន្តែ នៅពេលយើងដាក់សំណើទៅលើកក្រោយនេះ ពុំមានការឆ្លើយតបទេ ។ គេ[ប្រាកដជា]ទុកសំណើនោះចោលហើយមើលទៅ» ។ មួយខែមុន នៅពេលឡើងមកដល់ថ្នាក់ខេត្ត កសិករត្រូវបានគេជូនដំណឹងពីអត្រាតម្លៃថ្មីរបស់ OCIC ដែលបញ្ចុះបន្ថែមទៀតមកនៅត្រឹម ១ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ លោកបន្ថែមថា៖ «តើឱ្យយើងទទួលយកម្ដេចនឹងកើត ? តើយើងធ្វើម៉េចអាចទៅទិញដីស្រែផ្សេងទៀតដែលមួយហិកតាថ្លៃចាប់ពី ២០.០០០ដុល្លារ ទៅ ៣០.០០០ដុល្លារនោះ ?»។ នេះជាសំណួរដែលលោក ថាច បានចោទសួរ ដោយបញ្ជាក់បន្ថែមថា បើគេសងតែ១ដុល្លារក្នុងមួយម៉ែត្រការ៉េ នោះកសិករអាចទិញបានតែដីពីរបីអារប៉ុណ្ណោះ ។ «តើដីទំហំប៉ុណ្ណេះយើងធ្វើអ្វីកើតទៅ ?»
លោក ថាច ជឿជាក់ថា ជម្លោះរវាងក្រុមហ៊ុននិងកសិករអាចនឹងកើតឡើងនៅពេលដែលពួកគេចុះមកឈូសឆាយដីស្រែពីព្រោះពុំទាន់មានការចរចាអំពីតម្លៃត្រូវគ្នានៅឡើយទេ ។ លោកបានបន្តយ៉ាងដូច្នេះ៖ «តើហេតុអ្វីបានជាពួកគេត្រូវចុះមកឈូសឆាយដីរបស់យើង ? យើងមិនសប្បាយចិត្តទេ» ។
នៅក្នុងឃុំចំប៉ីនិងឃុំដូងស្រុកបាទីខេត្តតាកែវ ទាំងមេភូមិនិងទាំងគ្រួសារកសិករប្រហែល១០០គ្រួសារ ដែលបានធ្វើស្រែនៅលើដីជិត១០០ហិកតាចាប់តាំងពីឆ្នាំ១៩៧៩មក បានស្នើសុំឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍និងសម្រុះសម្រួលករណីរបស់ពួកគេជាមួយនឹងក្រុមហ៊ុន OCIC ។ កសិករទទូចទាមទារសំណង ៣ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនមែន១ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលក្រុមហ៊ុនបានផ្ដល់កាលពីមួយខែមុននោះទេ ពីព្រោះពួកគេ(កសិករ)ជឿជាក់ថា ដីស្រែរបស់ពួកគេមានតម្លៃខ្ពស់ជាងចំនួននោះ ។
ត្រូវបង្ខំចិត្តទិញអង្ករ
ដើរក្នុងដំណើរកោងខ្នងបន្តិចនៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ ស្ត្រីវ័យចំណាស់អាយុ ៧៦ឆ្នាំដែលពាក់អាវយឺតពីរជាន់ បានប្រាប់អ្នកសារព័ត៌មាន ខេមបូចា ថា «ដីស្រែរបស់កូនស្រីខ្ញុំបានរងប៉ះពាល់» នៅពេលអ្នកសារព័ត៌មានសួររកផ្លូវទៅកាន់ដីដែលកំពុងត្រូវបានឈូសឆាយសម្រាប់ការសាងសង់ព្រលានយន្តហោះ ។
លោកស្រី អៀត ប៉ិច បាននិយាយថា គ្រួសាររបស់លោកស្រីបានធ្វើស្រែនៅលើដីពីរហិកតាតាំងពីឆ្នាំ១៩៧៩មក រហូតមកទល់នឹងពេលដែលគម្រោងព្រលានយន្តហោះនបានប៉ះពាល់ដីរបស់ពួកគេកាលពីពីរឆ្នាំមុន ។ ចាប់តាំងពីនោះមក គ្រួសាររបស់លោកស្រីបានបាត់បង់ប្រភពចំណូលរបស់ខ្លួន និងត្រូវបង្ខំចិត្តទិញអង្ករគេហូប ។ លោកស្រីបានអំពាវនាវសូមឱ្យនាយករដ្ឋមន្ត្រីថ្មីជួយដល់ភូមិរបស់លោកស្រីផង ។
លោកស្រីបាននិយាយថា៖ «សូមសម្ដេច ហ៊ុន ម៉ាណែត ដោះស្រាយ[បញ្ហា]ដីធ្លីរបស់យើងខ្ញុំ ពីព្រោះយើងក្រណាស់ ។ [យើងខ្ញុំ]បានខ្ចីបំណុលធនាគារ [និង]កំពុងបង់សងរំលស់វិញ ប៉ុន្តែ ឥឡូវនេះ យើងមិនអាចធ្វើស្រែបានទេ ហើយអ្នកគ្រប់គ្នារស់ដោយលក់ម្ហូបអាហារដើម្បីរកចំណូលយកមកសងធនាគារ» ។
លោកស្រី ប៉ិច បាននិយាយថា ប្រសិនបើករណីនេះមិនត្រូវបានដោះស្រាយទេ ប្រជាជននឹងបាត់បង់ជំនឿលើរដ្ឋាភិបាលថ្មី ។ លោកស្រីបានបញ្ចេញមតិថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ស្រឡាញ់ប្រជាជនដូចឪពុករបស់លោកមែននោះ ប្រជាជននឹងបន្តបោះឆ្នោតជូនលោកទៀត ។ លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែ ប្រសិនបើពួកគេយកដីរបស់យើង និងមិនដោះស្រាយ[បញ្ហា]ឱ្យទេ យើងនឹងអស់សង្ឃឹមហើយ ដោយសារតែលែងមានដីធ្វើស្រែទៀតហើយ »។
កន្លងមក ធ្លាប់មានអ្នកសុំទិញដីរបស់លោកស្រីក្នុងតម្លៃ ៨០.០០០ដុល្លារក្នុងមួយហិកតា ប៉ុន្តែ លោកស្រីបានបដិសេធពីព្រោះលោកស្រីចង់ធ្វើស្រែជាបន្តទៀត ។
១ដុល្លារក្នុង១ម៉ែត្រការ៉េ
យោងតាមអ្នកភូមិ ឃុំចំប៉ីនិងឃុំដូងស្ថិតនៅចម្ងាយ ៧គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះថ្មី ។ ពួកគេក៏បាននិយាយផងដែរថា ពីរបីថ្ងៃម្ដង គេឃើញមានឧទ្ធម្ភាគចក្រ ឬដ្រូនហោះទាបៗបានហោះទៅហោះមកពីលើវាលស្រែរបស់កសិករនៅតាមកន្លែងដែលក្រុមហ៊ុនបានបោះបង្គោលព្រំដី ។
លោក ជីវ កុកសាយ ដែលទទួលបន្ទុកទិញដីសម្រាប់គម្រោងព្រលានយន្តហោះថ្មី បានប្រាប់ ខេមបូចា នៅល្ងាចថ្ងៃទី៦ ខែធ្នូ ថា ដីរបស់ប្រជាជនដែលបានប៉ះពាល់នៅក្នុងឃុំដូងនិងឃុំចំប៉ី ត្រូវបានកំណត់ទុកសម្រាប់ការសាងសង់ជាអាងទឹក ។
លោកបានបន្ថែមថា សំណើសុំឱ្យសងក្នុងតម្លៃ ៣ដុល្លារក្នុងមួយម៉ែត្រការ៉េគឺមិនអាចទៅរួចទេ ពីព្រោះ ដីស្រែទាំងនោះពុំមានបណ្ណកម្មសិទ្ធិទេ ។
លោក កុកសាយ បាននិយាយថា៖ «ក្រុមហ៊ុនមិនអាចផ្ដល់សំណងនោះបានទេ ពីព្រោះជាគោលការណ៍ ក្រុមហ៊ុនអាចផ្ដល់បានត្រឹមតែ ១ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ។ ប្រសិនបើពួកគេយល់ព្រម [ពួកគេត្រូវ]ធ្វើឯកសារ និងបញ្ជូនឈ្មោះមកឱ្យក្រុមហ៊ុន ហើយក្នុងពេលមិនលើសមួយខែទេ ពួកគេនឹងទទួលបានសំណងហើយ» ។
ប្រសិនបើកសិករនៅតែមិនទទួលសំណងទៀត ក្រុមហ៊ុននឹងបន្តធ្វើការជាមួយពួកគេ«ដោយពន្យល់»ពួកគេរហូតទាល់តែពួកគេយល់ព្រមទទួលយក ។ ប៉ុន្តែ លោក កុកសាយ មិនបានអត្ថាធិប្បាយលម្អិតថាតើពន្យល់យ៉ាងដូចម្ដេចនោះទេ ។
ប្រជាជនខ្លះបានទទួលយកសំណង
មេភូមិនៃភូមិទាំងពីរដែលស្ថិតនៅក្នុងឃុំទាំងពីរខាងលើ បាននិយាយថា អ្នកភូមិនឹងយល់ព្រមទទួលយកតែសំណងក្នុងតម្លៃ ៣ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ និងបានអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលនៅថ្នាក់លើ សូមឱ្យដោះស្រាយបញ្ហារបស់ប្រជាជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
មេភូមិជើងលងដែលស្ថិតក្នុងឃុំចំប៉ី លោក លាង ម៉ិច បាននិយាយថា លោកបានប្រគល់សំណើរបស់ប្រជាជនជូនអភិបាលខេត្តរួចហើយកាលពីបីខែមុន ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ។
លោកបានមានប្រសាសន៍ថា៖ «ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ខ្ញុំគិតថា សំណើរបស់ប្រជាជន[៣ដុល្លារក្នុងមួយម៉ែត្រការ៉េ] គឺសមហេតុផល ហើយខ្ញុំទទូចសុំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធរបស់រដ្ឋាភិបាល សូមជួយពន្លឿនការដោះស្រាយជូនប្រជាជនផង ។ [សូមឱ្យពួកគេ]ដឹងដំណឹងកាន់តែឆាប់កាន់តែល្អ ដើម្បីកុំឱ្យពួកគេរង់ចាំដោយគ្មានចម្លើយ» ។
នៅក្នុងភូមិរបស់លោក គ្រួសារជាង ៥០គ្រួសារនិងដីស្រែ ៨៤ហិកតាត្រូវបានរងផលប៉ះពាល់ពីគម្រោង ។ លោកបានទទួលព័ត៌មានអំពីសំណងក្នុងតម្លៃ១ដុល្លារក្នុង១ម៉ែត្រការ៉េកាលពីខែមុន ហើយកាលពីសប្ដាហ៍មុន លោកបានដឹងថា នឹងមានការឈូសឆាយដីស្រែរបស់កសិករក្នុងពេលឆាប់ៗ ។
លោក ម៉ិច បាននិយាយថា កសិករ១២គ្រួសារដែលកាន់កាប់ដីតូចៗ បានទទួលសំណងរួចហើយ ប៉ុន្តែ អ្នកទាំងឡាយដែលបានយល់ព្រមទៅនឹងសំណងរបស់ក្រុមហ៊ុនក្នុងតម្លៃ១ដុល្លារក្នុង១ម៉ែត្រការ៉េ ពុំទាន់ទទួលបានចម្លើយនៅឡើយទេ ។
នៅឯឃុំដូង មេភូមិនៃភូមិស្វាយខម លោក ចេង លី បាននិយាយថា មាន ២២គ្រួសារដែលរងផលប៉ះពាល់ ប៉ុន្តែ ៥គ្រួសារបានទទួលយកសំណងក្នុងតម្លៃ ១ដុល្លារក្នុង១ម៉ែត្រការ៉េ ។ ស្របពេលជាមួយគ្នានេះ ក៏មានកិច្ចប្រជុំជាច្រើនលើកច្រើនសាជាមួយអភិបាលខេត្តពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ។
លោក លី បាននិយាយថា មួយផ្នែកនៃបឹងជើងលង ដែលស្ថិតនៅក្នុងឃុំចំប៉ី ក៏រងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មីនេះដែរ ។ ដាច់ដោយឡែក បឹងនៅក្នុងភូមិស្វាយខមអាចនឹងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍មួយផ្សេងទៀត ពីព្រោះបឹងនោះត្រូវបានគេវាស់វែងដែរ ។
ផ្ដល់បណ្ណកម្មសិទ្ធិសម្រាប់ដីស្រែ
យោងតាមអនុក្រឹត្យមួយដែលចេញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាល«បានកាត់ឆ្វៀលដី» «៦៤១ហិកតា ៤៦អា»ពីតំបន់អាងទឹកស្វាយខម ដែលស្ថិតនៅក្នុងឃុំដូង ឃុំចំប៉ី និងឃុំពារាម ស្រុកបាទី ទៅឱ្យក្រុមហ៊ុន TP Moral Group កាន់កាប់ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ដីនេះនឹងត្រូវអភិវឌ្ឍន៍ជាថ្នូរនឹងការជីក ស្ដារ និងរៀបចំអាងទឹកស្វាយខម និងរក្សាទុកផ្ទៃដី«១៥៤ហិកតា ៩៣អា»ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន TP Moral Group ដែលកាន់កាប់ដោយមហាសេដ្ឋី ឃុន សៀ បានទទួលដីសម្បទានជាច្រើនកន្លែងពីរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ ជាពិសេស សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប ។ ទាំងនេះរាប់បញ្ចូលទាំងការចេញអនុក្រឹត្យមួយកាលពីខែមីនា ឆ្នាំនេះ ដែលក្នុងនោះ ដី ១២៤៧ហិកតានៃដែនទឹកនៃឆ្នេរសមុទ្រនៅខេត្តកែប ត្រូវបានផ្ដល់ទៅឱ្យមហាសេដ្ឋីរូបនេះ សម្រាប់អភិវឌ្ឍទៅជាទីក្រុងរណបថ្មីមួយ និងជាតំបន់ទេសចរណ៍ពិសេស ។ នៅឆ្នាំ២០២១ លោកបានទទួលដីប្រហែល ៧០ហិកតា ដើម្បីសាងសង់ទីក្រុងរណបអរិយក្សត្រ ។
ទន្ទឹមនឹងនេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់ ខេមបូចា នៅថ្ងៃទី៧ ខែធ្នូ ថា «យើងបានជូនដំណឹងទៅមន្ត្រីថ្នាក់លើរួចហើយ ហើយនឹងលើកយកករណីនេះជជែកបន្ថែមទៀត »។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការដោះស្រាយនោះទេ ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្ស លីកាដូ បានពន្យល់ថា ជាគោលការណ៍ គួរតែមានការអភិវឌ្ឍនៅគ្រប់ប្រទេស ប៉ុន្តែ ប្រសិនបើវាប៉ះពាល់ដល់ស្រែចម្ការ ដំណាំ ឬមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន ការចរចាគួរតែត្រូវបានធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយរួម ។ វាជាការល្អប្រសិនបើជម្លោះនេះត្រូវបានដោះស្រាយបានឆាប់រហ័សពីព្រោះថា បើវាអូសបន្លាយពេលកាន់តែយូរ វានឹងនាំឱ្យមានការរិះគន់និងបង្កផលលំបាកដល់ប្រជាជន ។ ការងាររបស់ក្រុមហ៊ុនក៏នឹងត្រូវបានរំខានផងដែរ ប្រសិនបើមានការតវ៉ាពីប្រជាជន ។
លោក សំអាត បាននិយាយយ៉ាងដូច្នេះ៖ «លទ្ធភាពនៃការចរចាដើម្បីឈានទៅដល់ការព្រមព្រៀងរួមគ្នា គឺប្រសើរជាងការគ្មានហេតុផលដែលបង្កជាបញ្ហា »។ លោកបានបន្ថែមថា «គ្មានអ្នកណាម្នាក់ចង់ឃើញការតវ៉ាទេ ។ ដូច្នេះ ក្រុមហ៊ុន OCIC និងកសិករគួរតែរកដំណោះស្រាយមួយដែលប្រកបដោយសន្តិភាពនិងអាចទទួលយកបានចំពោះគ្រប់ភាគី។ ប្រជាជនអាចទទួលផលប្រយោជន៍ពីការអភិវឌ្ឍ និង[ទទួលបាន]ភាពយុត្តិធម៌ ផងដែរ» ។
ត្រឡប់ទៅឯភូមិជើងលងងវិញ លោក ឃុត ថាច នៅតែប្រកាន់ជំហរតឹងរ៉ឹងចំពោះសំណើរបស់លោកដែលសុំតម្លៃ ៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយលោកបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលចង់ឱ្យប្រជាជនរស់នៅបានសុខ គាត់គួរតែផ្ដល់បណ្ណកម្មសិទ្ធិដល់ដីស្រែចម្ការរបស់ប្រជាជន ។
លោក ថាច និយាយថា៖ «ប្រសិនបើវាជា[គម្រោង]សង់អគារអាផាតមិន ដីនេះនឹងមានតម្លៃខ្ពស់ ពីព្រោះខ្ញុំបានឮថា ផ្លូវក្រវាត់ក្រុងទីបួនគឺរត់តាមផ្លូវនោះ» ។ លោកបាននិយាយថា ប្រសិនបើក្រុមហ៊ុនសងក្នុងតម្លៃទាប ប៉ុន្តែ លក់ក្នុងតម្លៃថ្លៃ «យើងមិនដឹងទេ។ យើងអាចត្រឹមតែសន្និដ្ឋានថា ពួកគេចង់ធ្វើអ្វីក៏បាន ប្រសិនបើតម្លៃសមហេតុផល ៣ដុល្លារគឺគ្រប់គ្រាន់សម្រាប់ពួកយើង ។ ប្រសិនបើ[រដ្ឋាភិបាល]ផ្ដល់អាទិភាពលើសុខុមាលភាពរបស់ប្រជាជន គាត់អាចផ្ដល់បណ្ណកម្មសិទ្ធិសម្រាប់ដីធ្លីរបស់ប្រជាជន ដើម្បីកុំឱ្យប្រជាជនជួបការលំបាកតទៅទៀត »៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Takeo Farmers Begrudge $1 Per Square Meter Land Compensation by Phnom Penh Airport Developer