សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋរស់នៅឃុំតាគ្រាមរងប៉ះពាល់សុខភាព ដោយសារក្រុមហ៊ុនធ្វើអាជីវកម្មកាយថ្មនិងរ៉ែ

កម្លាំងប៉ុស្ដិ៍នគរបាល និងប្រជាការពារភូមិ សហការគ្នា ដាក់កម្លាំងឈរចាំមើលចំពោះរថយន្ដដឹកថ្មដែលមិនគ្របត្រឹមត្រូវ។ រូបភាព៖ ឈឿន ថៃកឿ
កម្លាំងប៉ុស្ដិ៍នគរបាល និងប្រជាការពារភូមិ សហការគ្នា ដាក់កម្លាំងឈរចាំមើលចំពោះរថយន្ដដឹកថ្មដែលមិនគ្របត្រឹមត្រូវ។ រូបភាព៖ ឈឿន ថៃកឿ

ប្រជាពលរដ្ឋរស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រិះគន់ក្រុមហ៊ុនមួយចំនួន ដែល​ធ្វើអាជីវកម្មកាយថ្មនិងរ៉ែ បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដោយសារការបំផ្ទុះថ្ម​ធ្វើ​ឲ្យ​ភាយចេញក្លិន​​ខ្យល់អាក្រក់ ព្រម​ទាំង​ធ្វើ​ឲ្យហុយ និង​ខូចផ្លូវនៅពេល​ដឹកជញ្ជូនថ្ម​ចេញ​។

ប្រជា​ពលរដ្ឋដែល​ស្នើសុំ​មិន​បញ្ចេញឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋមានការព្រួយបារម្ភអំពី​ផលប៉ះពាល់ដោយសារការបំផ្ទុះថ្ម​ មាន​រំញ័រសំឡេង ហើយ​មាន​ក្លិន​ខ្យល់អាក្រក់។

ពលរដ្ឋដដែល​ថាបាននិយាយថា៖ «ការដឹកជញ្ជូនថ្មចេញ​ដែល​មាន​រថយន្ត​រាប់​សិបគ្រឿង​ បណ្ដាលឲ្យហុយ និង​ខូចផ្លូវ។ ខ្ញុំ​ស្នើ​ឲ្យ​អាជ្ញារធ​មូលដ្ឋាន​ក៏ដូច​ជា​ថ្នាក់ខេត្ត​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង​​»។

ជា​ការ​ឆ្លើយ​តប​ទៅ​និង​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ លោក នៃ ពៅ មេឃុំតាគ្រាម ដែលទើបជាប់ឆ្នោតឡើងកាន់តំណែងថ្មី ដែល​បាន​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេកកន្លង​មក​បាន​លើក​ឡើង​ថា​ លោកទទួលស្គាល់ថាកន្លងទៅផ្លូវថ្នល់នៅមូលដ្ឋានខាងលើពិតជាទទួលរងផលប៉ះពាល់ ពីឡានដឹកថ្មនិងរ៉ែនេះមែន។

លោកបន្ថែមថា៖ «វាមិនត្រឹមតែទទួលរងផ្លូវខូចបាក់ស្រុតប៉ុណ្ណោះទេ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅក្បែរៗនោះដោយសារតែធូលីហុយផងដែរ»។

លោកមេឃុំបន្ដថា អាជ្ញាធរឃុំ កម្លាំងប៉ុស្ដិ៍នគរបាល និងប្រជាការពារភូមិ សហការគ្នា ដាក់កម្លាំងឈរចាំមើលចំពោះរថយន្ដដឹកថ្មណាមួយដែលដឹក ហើយមិនគ្របត្រឹមត្រូវ គឺមិនអនុញាតឲ្យធ្វើដំណើរទៅមុខបន្ដទៀតឡើយ។

លោក នៃ ពៅ ជាមេឃុំតាគ្រាម បាន​ឲ្យដឹង​ថា​ ៖«ក្រុមហ៊ុនដែលធ្វើអាជីវកម្មមានដូចជា ក្រុមហ៊ុន ហេង ឆាត ខនស្រ្តាក់សិន ក្រុមហ៊ុន តាំង ថៃឡុង ក្រុមហ៊ុន ហុង ប៊ុននី ក្រុមហ៊ុនហ្គូណៃនិងក្រុម ពេញ អាន ដែល កំពុងធ្វើអាជីវកម្មវាយកម្ទេចថ្មស្ទើរអស់ភ្នំតាគ្រាមទាំងមូលដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ[ថ្នាក់លើ]ឡើយ»។

សូមបញ្ជាក់ថា តំបន់ភ្នំ ក្នុងឃុំតាគ្រាមដែលក្រុមហ៊ុន កំពុងជីកគាស់កាយស្ទើរតែបាត់រូបរាងភ្នំហើយ មានដូច​ជា ភ្នំតាគ្រាម ភ្នំតាត្រងោល ភ្នំថ្មក្រហម ភ្នំប៉ើយស្វាយ ភ្នំអន្សែ ភ្នំប៉ើយស្វាយ និងភ្នំពពូល ជាដើម។ ភ្នំធម្មជាតិទាំងនេះ ធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ។ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាការដ្ឋាន ជីកកកាយ និងកិនថ្ម ដែលមានឡាន គ្រឿងចក្ររាប់សិបគ្រឿង ដឹកជញ្ជូនថ្មធ្វើអាជីវកម្មស្ទើរតែរៀងរាល់ថ្ងៃ៕

214 views

ព័ត៌មានទាក់ទង