ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា ឱ្យដឹងថា អ្នកឆ្លងជំងឺរបេងនៅឆ្នាំ២០២២មានការកើនឡើងជាង៣ម៉ឺននាក់ដែលតួលេខនេះកើនជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០២១ មូលហេតុនៃការកើនឡើងដោយសារថាជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាលនិងការបើកទទួលសេវាឡើងវិញនៅទូទាំងប្រទេស។
លោក ចាន់យុដា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២នេះតួលេខវាប្រហាក់ប្រហែលជា ៣ ១០០០ទៅ ៣ ២០០០នាក់ នេះសរុបអ្នកជំងឺរបេងទាំងអស់។ ហើយតួលេខនេះវាអាចកើនឡើងប្រហែលជា១០ទៅ១៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១»។
លោកបន្តថា សម្រាប់តួលេខអ្នកឆ្លងជំងឺរបេងនៅឆ្នាំ២០២១គឺមានចំនួនជាង២ម៉ឺននាក់ តែថាចំពោះទិន្នន័យនៃអ្នកជាសះស្បើយ និងចំនួនអ្នកស្លាប់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ គឺពុំទាន់អាចបញ្ជាក់បាននៅឡើយ។ ដោយលោកថាជំងឺនេះត្រូវប្រើប្រាស់រយៈពេលជាង៦ទៅ១២ខែដើម្បីធ្វើការព្យាបាលនិងបន្សាំជាមួយថ្នាំ ទើបអាចយកទិន្នន័យជាក់លាក់បាន។ លោកបន្តថា ជារៀងរាល់ឆ្នាំគឺកម្ពុជាអាចព្យាបាលអ្នកជំងឺរបេងបានប្រមាណជា៩០ភាគរយ។
លោកលើកឡើងថា៖ «អ៊ីចឹងបើថាចង់សួរអំពីអ្នកជាសះស្បើយនោះ ទាល់តែយកតួរលេខឆ្នាំ២០២០ អ្នកដែលព្យាបាលក្នុងឆ្នាំ២០២០ឯណោះ បានយើងអាចយកធ្វើការផ្សព្វផ្សាយបាន។ គ្រាន់តែថាតួលេខហ្នឹង[តួលេខអ្នកឆ្លងនិងស្លាប់ក្នុងឆ្នាំ២០២១និង២០២២]គឺវាមានដែរ ប៉ុន្តែគ្រាន់តែយើងអាចនិយាយបានថា ការព្យាបាលហ្នឹងវាមានអ្នកជាសះស្បើយហ្នឹងគឺវាលើស៩០ភាគរយ[..] បាទ!នេះជារៀងរាល់ឆ្នាំ»។
លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន មានប្រសាសន៍ដើមឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺរបេងមានចំនួន ២១ ៥៦៤ករណីកាលពីឆ្នាំកន្លងទៅ ដោយចំនួននេះ បានធ្លាក់ចុះពីជាង ២៩ ០០០ករណីកាលពីឆ្នាំមុនហ្នឹងទៀត។ យ៉ាងណា លោកថាទិន្នន័យនេះ អាចមិនមែនជាតួលេខជាក់ស្ដែងតំណាងឱ្យអ្នកកើតជំងឺរបេងពិតប្រាកដនោះទេ ដោយសារតែមានអ្នកជំងឺតិចតួចប៉ុណ្ណោះ បានស្វែងរកការព្យាបាលក្នុងបរិបទកូវីដ-១៩។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា មានប្រសាសន៍ថា ក្រុមមនុស្ស៨ប្រភេទដែលត្រូវបានរាប់បញ្ចូលជាជនរងគ្រោះដោយសារជំងឺរបេង មានដូចជា ទី១ ក្រុមមនុស្សដែលមានវ័យលើសពី៥៥ឆ្នាំ ទី២ ក្រុមមនុស្សដែលរស់នៅជិតស្និទជាមួយអ្នកដែលវិជ្ជមានជំងឺរបេង ទី៣ អ្នកដែលមានផ្ទុកមេរោគអេដស៍ ឫទឹកនោមផ្អែម ទី៤ ក្រុមមនុស្សដែលរស់នៅក្នុងស្ថានភាពប្រមូលផ្ដុំនិងហេដ្ឋារចនាសម្ព័ន្ធមិនរៀបរយ ទី៥ អ្នកដែលរស់នៅក្នុងពន្ធធនាគារ ទី៦ អ្នកដែលចំណាកស្រុក ទី៧ អ្នកដែលគាត់ផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ និងទី៨ គឺកុមារដែលខ្វះអាហារូបត្ថម្ភ។
តំណាងនៃអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងរស់នៅស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី វ៉ាត លីដា បានឱ្យដឹងថា កត្តាដែលធ្វើឱ្យពលរដ្ឋរស់នៅតំបន់ខ្លួនមានការផ្ទុកជំងឺរបេងច្រើន គឺដោយសារថា ពួកគាត់រស់នៅប្រមូលផ្ដុំគ្នា អ្នកខ្លះមានជំងឺប្រចាំកាយមិនអាចទទួលទានថ្នាំរបេងបាន ក៏ដូចជាមួយចំនួនទៀតមិនទៅទទួលសេវាពិនិត្យជាដើមដោយថាមិនទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យ និងការគំរោះគំរើយដាក់ពួកគាត់ជាដើម។ តែយ៉ាងណា អ្នកស្រីថានៅមានគ្រូពេទ្យមួយចំនួនធំដែលបានផ្ដល់ការយកចិត្តទុកដាក់មកលើពួកគាត់។
អ្នកស្រីបញ្ជាក់ថា៖ «ហើយអ្នកខ្លះរបៀបថាគាត់ទៅពេទ្យរដ្ឋគាត់មិនសូវយកចិត្តទុកដាក់ ហើយគំរោះគំរើយដាក់គាត់អ៊ីចឹងទៅជាហេតុផលមួយដែលអ្នកខ្លះគាត់ថាគាត់មិនចង់ទៅ»។
ថ្លែងតាមប្រព័ន្ធអនឡាញ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យសម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ភា្នក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោកស្រី លូស៊ីកា ឌីទូ ជានាយិកានៃ Stop TB partnership បានឱ្យដឹងថា ការស្ដារឡើងវិញនៃដំណើរការស្វែងរកអ្នកជំងឺរបេងនឹងមានភាពប្រសើរឡើងនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានការធូរស្រាល។
ដោយលោកស្រីបន្តថា ការឈានទៅរកការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ក៏អាចនឹងទៅរួចផងដែរ ប្រសិនវាមានការចូលរួមពីប្រភពធនធានផ្សេងៗតាមរយៈការព្យាបាល ការកំណត់រកអ្នកជំងឺដើម្បីធានាឱ្យបានថាអ្នកជំងឺមកទទួលការព្យាបាលបានត្រឹមត្រូវ។
លោកស្រីថ្លែងថា៖ «អ៊ីចឹង យើងគិតថាយើងអាចបញ្ចប់ជំងឺរបេងបាននៅក្នុង២០៣០ ប៉ុន្តែទោះបីយ៉ាងណាដើម្បីអាចបញ្ចប់បានគឺយើងត្រូវការធនធានមួយចំនួនទីមួយគឺធនធានហិរញ្ញវត្ថុ ដែលវាជារឿងសំខាន់មែនទែនក្នុងការផ្ដល់ជាជំនួយទៅដល់ប្រទេសជាសមាជិកដែលពាក់ព័ន្ធ និងមួយទៀតគឺការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានស្នើឱ្យស្ថាប័ននិងភាគីពាក់ព័ន្ធចូលរួមនិងជំរុញក្នុងការឈានទៅបញ្ឈប់ជំងឺរបេងនៅឆ្នាំ២០៣០ តាមរយៈផ្ដល់ការអប់រំ ជាពិសេសចំពោះអ្នកដែលមានផ្ទុកមេរោគផ្ទាល់ ដោយថាវិស័យសុខាភិបាលតែឯងមិនអាចបានសម្រេចនោះទេ តែត្រូវការពហុវិស័យដើម្បីចូលរួម។
លោកស្រី មានប្រសាសន៍ថា៖ «អ៊ីចឹងអ្វីដែលសំខាន់គឺការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលយើងហៅថាពហុវិស័យ។ ពីព្រោះមិនអាចតែវិស័យសុខាភិបាលម្នាក់ឯងទេ ដែលត្រូវដើរទៅ។ វាត្រូវមានការចូលរួមពីផ្នែកផ្សេងៗ ត្រូវឱ្យមានការទទួលខុសត្រូវរៀងៗខ្លួនទៅតាមកាតព្វកិច្ច ភារកិច្ចអ្វីដែលអាចធ្វើទៅបាន»។
លោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា សម្រាប់ការអនុវត្តគឺតម្រូវឱ្យអ្នកផ្ដល់ និងអ្នកទទួលសេវានៅក្នុងសហគមន៍នីមួយៗត្រូវមានការផ្សារភ្ជាប់គ្នាឱ្យបានច្បាស់លាស់។ លោកស្រីបន្តថា ការបណ្ដុះបណ្ដាលពីរបៀបថែទាំបឋមទៅតាមសហគមន៍ផ្ទាល់គឺពិតជាមានសារៈសំខាន់ណាស់។
លោកស្រីលើកឡើងថា ភាគីទាំងសងខាងគួរតែមានទំនាក់ទំនងហានិភ័យ ឫRisk Communication ដើម្បីធ្វើការផ្ដល់ព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវជាមួយនឹងការអប់រំសុខភាពជូនទៅដល់បុគ្គលគ្រប់រូបនៅក្នុងសហគមន៍ឱ្យមានការយល់ដឹង និងចេះថែទាំសុខភាពដោយខ្លួនឯង។
ជាមួយគ្នា នាយិកានៃUSAID ប្រចាំកម្ពុជា លោកស្រី ឡេនណា នៀតអារាំងហ្គូ ក៏បានថ្លែងបញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះដំណើរកិច្ចប្រជុំនេះ ដោយសង្ឃឹមថានឹងបង្កើតបាននូវធាតុចូលសំខាន់ៗពីគ្រប់វិស័យទាំងអស់ ដែលនឹងជួយក្នុងការបង្កើតឱ្យបានយុទ្ធសាស្រ្តដែលមានសារៈសំខាន់ និងបានដឹងអំពីតួនាទីរបស់ស្ថាប័ននីមួយៗក្នុងការធ្វើការបង្ការ ការអភិវឌ្ឍ និងការអនុវត្តនូវក្របខណ្ឌគណនេយ្យភាពសម្រាប់ពហុវិស័យដើម្បីឆ្លើយតបនឹងជំងឺរបេងក្នុងប្រទេសកម្ពុជាផងដែរ។
វិលមកតំណាងសហគមន៍នៃអ្នករងផលប៉ះពាល់ជំងឺរបេង អ្នកស្រី វ៉ាត លីដា បានស្នើដល់សហគមន៍ដែលគ្រួសារធ្លាប់មានជំងឺរបេង ឫរស់នៅក្បែរខាងអ្នកជំងឺ គួរទៅធ្វើរោគវិនិច្ឆ័យឱ្យបានទាំងអស់គ្នា។ មួយវិញទៀត អ្នកស្រីបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឱ្យជួយផ្សព្វផ្សាយពីបញ្ហាជំងឺរបេង និងការជួយផ្ដល់នូវជំនួយថវិកាមួយចំនួនទៅដល់អ្នកជំងឺដែលពុំមានលទ្ធភាព ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាការទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យនៅពេលពលរដ្ឋទៅទទួលយកសេវាផងដែរ៕