សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តត្បូងឃ្មុំបានសាកសួរតំណាង​សហគមន៍​ពីរនាក់ពាក់ព័ន្ធ​នឹងការទន្ទ្រានកាន់កាប់ដីរដ្ឋ

ប្រជាសហគមន៍កំពុងឈររង់ចាំតំណាងពលរដ្ឋពីរនាក់ដែលត្រូវបានសាកសួរដោយសាលាដំបូងខេត្តត្បូងឃ្មុំ។ រូបថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ
ប្រជាសហគមន៍កំពុងឈររង់ចាំតំណាងពលរដ្ឋពីរនាក់ដែលត្រូវបានសាកសួរដោយសាលាដំបូងខេត្តត្បូងឃ្មុំ។ រូបថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

តំណាងសហគមន៍ពីរនាក់នៅស្រុកមេមត់ត្រូវបានតុលាការខេត្តត្បូងឃ្មុំសាកសួរពាក់ព័ន្ធ​នឹង​ការ​ចោទថាចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ខណៈពួកគេអះអាងថាមិនបានប្រព្រឹត្ត​ដូច​ការ​ចោទ​​នោះ​​ឡើយ​ ព្រោះដីនោះជាដីដែលធ្លាប់អាស្រ័យផលកន្លងមក។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ លោក សូ សុវិទ្យា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានចេញដីការកោះហៅឱ្យតំណាង​សហគមន៍ពីរនាក់ គឺលោក ផុន សុផល និង​ លោក ស៊ុន សូ ឱ្យចូលខ្លួនបំភ្លឺក្នុងករណីកាប់ទន្ទ្រានដីដោយខុសច្បាប់ ដែលប្រព្រឹត្ត​នៅ​ចំណុច​​ភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែតុលា រហូត​ដល់ខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះបន្ទាប់ពីសាកសួរអស់រយៈពេលជាង១ម៉ោង ពួកគេត្រូវបាន​តំណាង​អយ្យការ​អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោក សូ សុវិទ្យា មានប្រសាសន៍ថា លោកពុំទាន់អាចប្រាប់បានថានឹងមានការ​ឃាត់​ខ្លួន​ដែរ​ទេ​ប្រសិនបើប្រជាសហគមន៍នៅតែបន្តចូលកាប់ទន្រ្ទានដីនោះ។​ ប៉ុន្តែលោកថាមកទល់​ពេល​នេះ​តុលាការកំពុងបន្តការស៊ើបសួរនិងធ្វើការពិនិត្យលើបញ្ហាមួយ​ចំនួនក៏ដូចជាត្រៀមរៀប​ចំ​នីតិវិធី​ផងដែរ។

លោកថ្លែងថា៖ «ខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេ! ប៉ុន្តែខ្ញុំបានជម្រាបគាត់ឱ្យឈប់ទៅដោយសារ​ដីហ្នឹងជាដីរបស់រដ្ឋ ទន្ទឹមហ្នឹងអាជ្ញាធរក៏អត់មានចេញឯកសារអីឱ្យគាត់ដែរ»។ លោកបន្តថា៖ «អត់ទេ! កំពុងតែស៊ើបសួរ ហើយសួរនាំ និងកំពុងពិនិត្យមើលបញ្ហានេះខ្លះបន្តទៅទៀត កំពុងតែដៅនីតិវិធីហើយ»

ប្រជាពលរដ្ឋអះអាងថា មានពលរដ្ឋជាង៥០គ្រួសារអាស្រ័យផលលើដីជាង៣០ហិកតា​ ប៉ុន្តែក្រោយមានជម្លោះ​រហូតដល់បច្ចុប្បន្ន​នៅ​សល់​តែជាង២០គ្រួសារដែលកំពុងតវ៉ាទាមទារដីពួកគាត់មកវិញ ព្រោះដីនោះជាដី​ដែលពួកគាត់ធ្លាប់អាស្រ័យផលកន្លងមកប៉ុន្តែក្រោយ​មក​ត្រូវ​​រង​កា​រ​​គំរាមនិងដាក់សម្ពាធ​ពី​ជនជាតិ​​វៀតណាមទើបសម្រេចចាកចេញក្នុងឆ្នាំ១៩៩៨ និងពួកគាត់​បាន​ត្រឡប់​​​​មកកាន់កាប់​វិញ​ក្រោយ​ពេលដែលកម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែន​រួចរាល់​ក្នុងកំឡុង​​ឆ្នាំ​២០២០​កន្លងទៅ។

ប្រជាសហគមន៍រងគ្រោះដីធ្លីឈររង់ចាំតំណាងពលរដ្ឋពីរនាក់ដែលបានចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការខេត្តត្បូងឃ្មុំ។ រូបថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ រូបភាព​ផ្ដល់ឱ្យ

លោក ផុន​ សុផល ជាតំណាងពលរដ្ឋដែលមានបញ្ហាដីធ្លីរស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវបានតុលាការកោះហៅ​ ឱ្យដឹងថា លោក​ពុំបានប្រព្រឹត្ត​ដូច​ដែលតុលាការបានលើកឡើងនោះឡើយព្រោះថាលោកមិនមានដីនៅទីនោះ​។ ផ្ទុយទៅវិញ លោកយល់ឃើញថាការកោះហៅឱ្យចូលខ្លួនបំភ្លឺនេះ​ជារូបភាពមួយ​ដើម្បី​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ដែលបានចូលរួមធ្វើការងារសង្គម និងហ៊ានតវ៉ាលើបញ្ហាដីធ្លី​ដែល​កើត​មានក្នុង​សង្គម​ប៉ុណ្ណោះ ខណៈលោកក៏ធ្លាប់ត្រូវបានជាប់ពន្ធធនាគារអស់រយៈពេល​១ឆ្នាំ​ក្រោម​បទញុះញង់​ផងដែរ។

លោក សុផល និយាយថា៖ «សម្រាប់ខ្ញុំវិញ ការយល់ឃើញរបស់ខ្ញុំ វាគ្រាន់តែជារូបភាពមួយ​ដើម្បីបំភ័យអ្នកដែលហ៊ានតវ៉ា អ្នកដែលធ្វើការងារសង្គមជួយទៅលើសង្គមប៉ុណ្ណោះ។ ហើយ​អ្នក​ដែលមានបញ្ហាដីធ្លី អ្នកដែលធ្វើការងារសង្គមអ៊ីចឹង គេភាគច្រើនគេយកប្រព័ន្ធ​តុលាការ​ហ្នឹងដើម្បីមកកំណត់»។

រីឯលោក ស៊ុន សូ ជាតំណាងពលរដ្ឋដែលមានបញ្ហាដីធ្លីរស់នៅភូមិចាន់មូល ឃុំចាន់មូល ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូចា ថា លោកបានចូលទៅកាន់កាប់ដីដែលលោក​អះ​អាង​ថាជាដីរបស់ខ្លួននោះ ក្រោយពេលដែលកម្ពុជា-វៀតណាមបានបញ្ចប់ការ​បោះបង្គោល​ព្រំដែនរវាងប្រទេសទាំងពីររួចរាល់កាលពីកំឡុងឆ្នាំ២០២០។ លោកបន្តថា លោកពុំបានដឹងពី​ការ​ដាក់បញ្ចូលដីនោះជារបស់រដ្ឋឡើយ ដូច្នេះហើយទើបលោកស្នើសុំ​អាជ្ញាធរយកវាមក​ទុក​អាស្រ័យ​ផលវិញ តែហាក់ពុំទទួលបានដំណោះស្រាយសមប្រកប។

លោកបន្តថា៖ «ក្រោយបោះបង្គោលព្រំដែនឆ្នាំ២០២០-២០២១ មកឃើញថាដីហ្នឹងយើង​ធ្លាប់​ធ្វើ​​ពីមុនមក វានៅលើដីខ្មែរយើងវិញ ហើយក៏គ្មានអ្នកណាទៅកាន់កាប់នោះដែរ។ យើងជា​ម្ចាស់​ដីដែល[វៀតណាម]ធ្លាប់ដេញ ហើយយើងធ្លាប់កាន់កាប់ពីមុនមក យើងក៏សុំអាជ្ញាធរ​ភូមិឃុំ​ស្រុក​ តែគាត់ថាគាត់មិនអាចដោះស្រាយឱ្យបានទេ ភូមិក៏ថាអ៊ីចឹង ឃុំក៏ថាអ៊ីចឹង ស្រុកក៏​ថា​អ៊ីចឹង តែស្រុកគាត់ថាទាល់តែថ្នាក់ជាតិបានដោះស្រាយបាន»។

យ៉ាងណាមិញ លោកថានឹងនៅតែបន្តទៅកាន់កាប់លើដីដែលគាត់ធ្លាប់បានអាស្រ័យផល​តាំង​ពីជំនាន់ឪពុកម្ដាយរបស់គាត់នោះ ដោយបន្ថែមថានឹងមិនបារម្ភពីការមានទោសទណ្ឌឡើយ។

ប្រជាសហគមន៍បានជួបជុំគ្នាដើម្បីទៅលើកទឹកចិត្តដល់តំណាងពលរដ្ឋពីរនាក់ដែលត្រូវចូលទៅបំភ្លឺនៅតុលាការខេត្តត្បូងឃ្មុំ។ រូបថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

ទាក់ទិននឹងបញ្ហានេះ លោក ស្រេង​ លី អភិបាលស្រុកមេមត់ បានថ្លែងថា បន្ទាប់ពីបញ្ចប់ការ​វាស់វែង​បង្គោលព្រំដែន រដ្ឋាភិបាលបានសម្រេចចុះ ស.ជ.ណ ដើម្បីយកដីតំបន់នោះមកជា​របស់​រដ្ឋក្នុងគោលបំណងទុកផ្ដល់ជូនអតីតយុទ្ធជនដែលបានចូលនិវត្តន៍។ លោកបន្ថែមថា ដូច្នេះហើយទោះបីជាប្រជាសហគមន៍បានដាក់ស្នើសុំឱ្យជួយអន្តរាគមន៍ក្ដីគឺលោកពុំមានសិទ្ធិក្នុងការសម្រេចឡើយដោយមានតែរដ្ឋតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា៖ «ហួសសមត្ថកិច្ចក្មួយ! បើសមត្ថកិច្ចថាឱ្យ ពូឱ្យបាត់ហើយ ប៉ុន្តែសួរ​នៅ​លើ​ពិភពលោកយើងទៅ មាន​[អាជ្ញាធរ]ស្រុកណាដែលថាមានសិទ្ធិយកដីឱ្យគេ។ រដ្ឋទាំងអស់​អាហ្នឹងនោះ រដ្ឋជាអ្នកសម្រេច គ្មានក្រុមស្រុកណាមួយហ៊ាន​សម្រេចយកដីឱ្យអ្នកណា​ទាំង​អស់​»។

ជាមួយគ្នា លោក ឡេង សេងហាន ជាមន្ត្រីអាដហុកប្រចាំខេត្តត្បូងឃ្មុំ យល់ឃើញថា រដ្ឋាភិបាល​គួរតែពិចារណាគិតគូរដោះស្រាយ ឬធ្វើការដោះដូរដីតំបន់ណាមួយ​ដែលវា​សម​ប្រកប​ក្នុងការឱ្យគាត់អាចធ្វើកសិកម្ម និងដំណាំផ្សេងៗជូនដល់ប្រជាសហគមន៍​ដែលអះ​អាង​​ថា​បានរងផលប៉ះពាល់ទាំងនោះ។ ដោយលោកបន្ថែមថា ប្រជាពលរដ្ឋអាចរស់នៅ និងផ្គត់ផ្គង់​ជីវភាព​គ្រួសារបានគឺដោយសារការប្រកបរបរទាំងនេះឯង បើពុំនោះទេពួកគេអាចនឹងធ្វើការ​ចំណាកស្រុកនាពេលខាងមុខ។

លោកបន្ថែមថា៖ «ជាការយល់ឃើញរបស់ខ្ញុំគឺរដ្ឋគួរតែមានការដោះដូរ ឫក៏សម្រួលនូវ​ប្រការ​ណាមួយដើម្បីឱ្យប្រជាពលរដ្ឋដែល​រង​ផល​ប៉ះពាល់ហ្នឹង ឱ្យគាត់ទទួលយក​បាននូវការ​ដោះ​ស្រាយ​របស់រដ្ឋ។ ឧទាហរណ៍ថាគាត់បាត់បង់ដី រដ្ឋគួរពិចារណារកដីត្រង់ណា​ដែល​អាច​ឱ្យ​គាត់​ទទួលបាន ទោះបីជាវាមិនបានប៉ុន ការបាត់បង់របស់ពួកគាត់​ប៉ុន្តែអាចសមល្មម​នឹង​អ្វី​ដែល​គាត់អាចទទួលយកបាន ហើយគាត់អាចប្រកបចិញ្ចឹមជីវិតទៅ​លើរបរកសិកម្ម​របស់​គាត់»

303 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម