សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចផ្តន្ទាទោសពលរដ្ឋ៤រូបឱ្យជាប់ពន្ធនាគារ​ចំនួន២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ

ពលរដ្ឋកំពុងឈរមុខសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ មុននឹងចូលស្ដាប់សាលដីកា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋកំពុងឈរមុខសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ មុននឹងចូលស្ដាប់សាលដីកា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំនៅថ្ងៃទី១៥ ខែកុម្ភៈ បានផ្តន្ទាទោសពលរដ្ឋត្បូងឃ្មុំ៤រូបដែលមាន​ជម្លោះ​​ដីធ្លី និងក្រុមហ៊ុនចិន Harmony Win Investment ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ប៉ុន្ដែ​ទោស​​នោះ​ព្យួរ នេះជាលើកទី២ហើយ​ដែល​សាលាឧទ្ធរណ៍បានសម្រេចក្រោយ​តុលាការ​កំពូល​​​បង្វែរសំណុំ​រឿង​​ឱ្យជំនុំជម្រះឡើងវិញ ខណៈពលរដ្ឋបានសម្ដែង​ការខកចិត្ដនឹង​សេចក្តី​សម្រេចនេះ។

លោក ទុំ សោភ័ណ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ បានថ្លែងប្រាប់តាមប្រព័ន្ធ​តេឡេក្រាម​​​នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ថា តុលាការបានសម្រេចដាក់ទោស​លើ​ជនជាប់​ចោទ​​​ទាំង៤នាក់​ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ។ យ៉ាងណាលោកថា ជនជាប់​ចោទ​​អាច​បន្ដបាន​ទៅតុលាការកំពូល។

អ្នកនាំពាក្យរូបនេះថ្លែងថា៖ «បាទ! គេសម្រេចដាក់ទោសពួកគាត់២ឆ្នាំ តែទោសព្យួរចោល។ ពួកគាត់អាច​ប្ដឹងបន្ដទៅតុលាការកំពូលបាន»

បើតាម​ជនជាប់​ចោទ​ម្នាក់​ គឺលោក វឿន វឿ បានឱ្យដឹងថា គាត់មានការខកចិត្ដ​នឹងការ​សម្រេច​របស់តុលាការ ហើយលោកពិតជាមិនអាចទទួលយកបាននូវ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ខេត្ដត្បូងឃ្មុំនោះទេ។ លោកបន្តថា ការសម្រេចដាក់ទោស​លើរូបលោកបន្ដទៀតនេះ វាពិត​ជា​អយុត្ដិធម៌​ណាស់សម្រាប់លោក និងជនជាប់ទោសផ្សេងទៀត។

លោកបានសម្ដែងការខកចិត្ដថា៖«ខ្ញុំពិតជាខកចិត្ដនឹងការសម្រេចនេះណាស់ វាអយុត្ដិធម៌​សម្រាប់​ខ្ញុំ។ ខ្ញុំស្មានថាគេនឹងទម្លាក់រឿងខ្ញុំហើយ តែតុលាការបែរជាកាត់ទោស​ឱ្យ​ខ្ញុំ​ជាប់​ទោស​២ឆ្នាំ។ ខ្ញុំនឹងបន្ដប្ដឹងទៅសាលាកំពូលទៀត»

នៅរសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះ​លើ​តំណាងប្រជាពលរដ្ឋ៤រូបពាក់ព័ន្ធនឹងបទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូប​ដែល​ធ្វើសកម្មភាព​ក្នុងឋានៈជាសហចារី»ជុំវិញ​ជម្លោះ​ដីធ្លីរបស់ពួកគេដែលអូសបន្លាយ​ពេល​ជា​ច្រើន​​ឆ្នាំជាមួយក្រុមហ៊ុនចិន ហាមិនី វិន អ៊ីនវេសមេន( Harmony Win  Investment)។

ចំណែកអ្នកស្រី ឃឹម សុខជាង និងជាជនជាប់ចោទម្នាក់ទៀត បានលើកឡើងថា ការកាត់​ទោស​នេះតុលាការហាក់មានចេតនាបន្ដឱ្យអ្នកស្រី និងពលរដ្ឋផ្សេង​ទៀតរងគ្រោះគ្មាន​ពេល​ដើម្បី​រកស៊ីចឹញ្ចឹមជីវិតទាល់តែសោះ។ អ្នកស្រីបន្ដថា ដោយសារតែការធ្វើទុកបុកម្នេញ​តាម​ប្រព័ន្ធតុលាការនេះបានបង្កការលំបាកដល់អ្នកស្រីជាច្រើន។

អ្នកស្រីលើកឡើងថា នេះជាលើកទី២​ហើយដែលអ្នកស្រី​ត្រូវសាលាឧទ្ធរណ៍បន្ដដាក់ទោស​ពួកអ្នកស្រីឱ្យជាប់ពន្ធនាគារ​ចំនួន២ឆ្នាំ ប៉ុន្តែព្យួរ។ ការព្យួរទោសនេះអ្នកស្រីថា ពួកអ្នកស្រី​មិន​ជាប់ពន្ធនាគារក៏ពិតមែន ប៉ុន្ដែពួក​អ្នកស្រីត្រូវ​នៅស្ថិតក្រោមការត្រួតពិនិត្យ​របស់តុលាការ​ដដែល ជាពិសេសគ្មានសិទ្ធិសេរីភាព​ពេញលេញ។

អ្នកស្រីបានចាត់ទុកថា៖ «វាអយុត្ដិធម៌សម្រាប់ខ្ញុំ។ វាជាលើកទី២ហើយសមា្រប់ការកាត់ទោស​នៅ​សាលាឧទ្ធរណ៍នេះ។ ពួកខ្ញុំនឹងបន្ដប្ដឹងទៅតុលាការកំពូលទៀត។ ខ្ញុំឈឺចាប់ណាស់ ការ​សម្រេច​នេះ»

ជនជាប់ចោទទាំង៤រូបរួមមាន អ្នកស្រី ឃឹម សុខជាង លោក វឿន វឿ លោក ចក់ ជ័យ លោក ពុំ ពេជ្រ និង​សមាជិក​ផ្សេង​ទៀត ដែលតុលាការបានចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស​ដោយសា​រការប្រព្រឹត្ត មានបុគ្គលច្រើនរូប ដែលធ្វើសកម្មភាព ក្នុងឋានៈ​ជា​សហចារី» ដែល​ប្រព្រឹត្តនៅចំណុចទួលពពែល ស្ថិតក្នុងភូមិសែប្រាំង ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ពួកគាត់ក៏បានទទូចនឹងស្នើសុំដល់រដ្ឋាភិបាលអាណត្តិថ្មី មេត្តាជួយពន្លឿន​ដល់អាជ្ញាធរ​ពាក់​ព័ន្ធ​ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដោយពួកគាត់អះអាងថា ចាប់តាំងពីបាត់បង់​ដីធ្លី​មក ប្រជាពលរដ្ឋចំណាកស្រុកកាន់តែច្រើន ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងឯកជន​កាន់តែ​កើន​ឡើង ហើយកន្លងមក តំណាងសហគមន៍ខ្លះ ក៏ធ្លាប់បានជាប់ពន្ធនាគារ ដោយសារបញ្ហា​ដីធ្លី​ដែរ។

លោក លី សុចិត្រា មេធាវីការពារក្ដីឱ្យជនជាប់ទាំង៤រូបបានថ្លែងប្រាប់ ខេមបូចា យ៉ាងខ្លីថា លោក​នឹងបន្ដប្ដឹងទៅតុលាការកំពូលបន្ដ ក្រោយពីលោកពិភាក្សានឹងកូនក្ដីលោករួច។

មេធាវីបញ្ជាក់ថា៖ «ខ្ញុំនឹងប្ដឹងទៅតុលាការកំពូលបន្ដទៀត។ ខ្ញុំពិភាក្សានឹងកូនក្ដីខ្ញុំសិនបង អរគុណ»

តាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានលើកឡើងថា ​​ការសម្រេច​ដាក់​ទោស​លើពលរដ្ឋនេះវាជារឿងអយុត្ដិធម៌ណាស់។ លោកបានឱ្យដឹងទៀតថា ការប្រើ​ប្រាស់​ប្រព័ន្ធតុលាការដើម្បីដាក់បន្ទុកលើពលរដ្ឋនេះវាដល់ពេលគួរបញ្ឈប់ហើយ។ ការណ៍​នេះ​លោកបានសង្កត់ធ្ងន់ថា ការកាត់ទោសឱ្យពលរដ្ឋជាប់ពន្ធនាគារ២ឆ្នាំ និងព្យួរទោស​​ ទោះបីពលរដ្ឋមិនជាប់ពន្ធនាគារក៏ដោយ ប៉ុន្ដែគឺស្ថិតក្រោមការតាមដានពីតុលាការរហូត។

លោកថ្លែងថា៖ «ខ្ញុំយល់ថាការសម្រេចនេះមិនត្រឹមត្រូវឡើយ សាលាឧទ្ធរណ៍​គួរទម្លាក់​សំណុំ​រឿង​​នេះចោលដើម្បីឱ្យពលរដ្ឋមានសេរីភាព ព្រោះពួកគាត់បានរងគ្រោះ​ច្រើនហើយ។ ឥឡូវ ត្រូវមកបន្ដរឿងនេះទៀត ខ្ញុំគិតថាវាអយុតិ្ដធម៌សម្រាប់ពួកគាត់ណាស់»

កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ​កន្លងទៅពលរដ្ឋមកពីឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ដ​ត្បូងឃ្មុំ​ ​បាននាំគ្នា​ដាក់​ពាក្យ​បណ្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំពន្លឿន​នីតិវិធី និង​ស្នើ​សុំឱ្យ​ភាគី​ខាង​ក្រុមហ៊ុន​ចិនបង្ហាញភស្ដុតាងលើសំណុំរឿងលេខ០៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០ ស្ដី​អំពីរក្សា​ការពារ។

នៅក្នុងពាក្យបណ្ដឹងដែលពលរដ្ឋបានដាក់ទៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ បង្ហាញថា ពួកគាត់​មិនអាច​ទទួល​យក​បាននូវការបង្ហាញ​សំអាងហេតុរបស់​ភាគី​ក្រុមហ៊ុនចិន និងមិនទាន់បាន​ដាក់​បង្ហាញ​ឱ្យមានភាពជាក់លាក់​នូវភស្ដុតាង​ដែល​ក្រុមហ៊ុន​​តែងតែ​អះអាង​ថាបានទិញដីពី​ពួកគាត់​​នោះ​នៅ​ឡើយទេ។

ដោយពលរដ្ឋបានស្នើសុំចំនួន៣ចំណុច៖ ទី១​ស្នើសុំពន្លឿននីតិវិធីជំនុំជម្រះលើសំណុំរឿង ទី២ ស្នើសុំឱ្យខាងក្រុមហ៊ុន ហាមិនី វិន អ៊ិនវេសមិន បង្ហាញភស្ដុតាង​នៃកិច្ចសន្យា​ទិញលក់​របស់​ក្រុមហ៊ុន​ជាមួយភាគី និងទី៣ ស្នើសុំឱ្យមានការធ្វើកោសល្យវិច្ឆ័យលើភស្ដុតាង រួមមាន​កិច្ច​សន្យា​ទិញលក់និងស្នាមមេដៃនៃភាគីលក់និងទិញ។

ក្នុងពាក្យបណ្ដឹងដដែលបន្ដថា៖ «យើងខ្ញុំទាំងអស់គ្នាជាសហកូនបំណុលនៃបណ្ដឹងខាងលើ បាននិងកំពុងរងចាំដំណោះស្រាយតាមយន្ដការតុលាការជាយូរមកហើយ ធ្វើឱ្យមានការ​អូស​បន្លាយ និងខាតបង់នូវប្រយោជន៍និងប៉ះពាល់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើងខ្ញុំ​ទាំងអស់​គ្នា ដោយក្រុមហ៊ុននៅតែបន្ដសកម្មភាពនៅលើអចលនៈវត្ថុដែលកំពុង​ស្ថិតនៅ​ក្នុងការ​រក្សា​ការពារនៅឡើយ យើងខ្ញុំមិនអាចទទួលយកបានទេ»

​យោងតាមឯកសារ​មួយ​ចងក្រង​ដោយសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​និយាយ​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ស្រែប្រាំង បាន​ចូល​មកកាន់​កាប់ដី​នៅ​តំបន់​នេះ​នៅ​ឆ្នាំ​២០០២​។ សហគមន៍​នេះមាន២៥០គ្រួសារ និង​កាន់កាប់​ដី​ទំហំ៧៨០ហិ​កតា។

ដី​ព្រៃលិចទឹក​របស់​សហគមន៍​ស្រែប្រាំង និង​សហគមន៍​បុស្ស​ស្នោ ​ទំហំ៥៨០ហិ​កតា ផ្តើម​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ហា​មិនី វិន អ៊ិ​នវេ​សមេន(Harmony Win Investment)  ចាប់តាំងពី​ឆ្នាំ២០១៤មក និង​ដី​ទំហំ​២០០ហិ​កតា​ទៀត មាន​ជម្លោះ​ជាមួយ​​ឧកញ៉ា ម៉ែ​ន ចាន់​ធឿន។

ចាប់ពី​ពេលនោះ​មក ពលរដ្ឋ​នៅក្នុង​សហគមន៍តែង​ចូលរួម​តវ៉ា និង​ទប់ស្កាត់​ប្រឆាំង​និង​ការ​ឈូស​ឆាយដី​ពីសំណាក់​ក្រុមហ៊ុន និង​បាន​ឡើង​មក​ភ្នំពេញ​ញឹកញាប់ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ រួមមាន ​ក្រសួង​ដែនដី ក្រសួងមហាផ្ទៃ និង​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្ត្រី​ ជាដើម។

របាយការណ៍​ដដែលនិយាយ​ទៀត​ថា ខណៈ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ តំណាង​សហគមន៍​៣រូបដែល​មានឈ្មោះ​ក្នុង​ញត្តិ​ រួមមាន ​លោក សែម សាង លោក ហឿន ស៊ី​នាថ និង លោក សែម ចំណាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​តាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​ត្បូងឃ្មុំ៕

493 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម