សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណីទំនាស់ដីធ្លីដែលអូសបន្លាយពេលជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន Harmony Win Investment នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
បើតាម វឿន វឿ អាយុ៣៦ឆ្នាំ ជាជនជាប់ចោទម្នាក់ដែលបានចូលឆ្លើយក្នុងសវនាការនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានឱ្យដឹងថា សវនាការត្រូវបានបញ្ចប់នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមករា។ លោកបន្ដថា លោកនិងពលរដ្ឋ៣រូបទៀតបានចូលឆ្លើយក្នុងសវនាការហើយ ប៉ុន្តែខាងក្រុមហ៊ុនចិនមិនមានតំណាងនោះទេ មានតែសាក្សីប៉ុណ្ណោះ។
លោកបន្តទៀតថា តុលាការហាក់មានចេតនាក្នុងការដាក់បន្ទុកលើពួកគាត់ ប៉ុន្ដែគាត់បានបកស្រាយថា អ្វីដែលព្រះរាជអាជ្ញាលើកឡើង គឺពួកគាត់មិនបានប្រព្រឹត្ដនោះទេ។ លោកលើកឡើងទៀតថា ក្រោយចប់សវនាលោកហាក់មានសង្ឃឹម៨០%លើការប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ អាចនឹងទម្លាក់បទចោទទាំងអស់លើពួកលោក ដើម្បីឱ្យពួកគាត់មានសេរីភាព និងទទួលបាននូវយុត្ដិធម៌លើការសម្រេចនេះ។
ជនជាប់ចោទរូបនេះបន្ថែមថា៖«អ្វីដែលគេ[តុលាការ]សួរ ខ្ញុំបានឆ្លើយតបថាខ្ញុំមិនបានប្រព្រឹត្ដដូចការចោទប្រកាន់នោះទេ។ ខ្ញុំគា្រន់តែការពារដីដែលខ្ញុំបានអាស្រ័យផលប៉ុណ្ណោះ។ ខ្ញុំសង្ឃឹម៨០%ថាតុលាការនឹងទម្លាក់បទចោទលើពួកខ្ញុំនៅថ្ងៃ១៥ខែក្រោយនេះ ដើម្បីឱ្យពួកខ្ញុំទទួលបានយុត្ដិធម៌ឡើងវិញ»។
ប្រជាសហគមន៍ចំនួន៣ភូមិ រួមមាន ភូមិកំប្រើស ភូមិត្រពាំងព្រីង និងភូមិស្រែប្រាំង ដែលស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ មានគ្នាប្រមាណ៥៥នាក់ ក្នុងនោះមានស្ត្រី២៩ នាក់បាននាំគ្នាកាន់បដានៅមុខសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំដោយពួកគាត់ស្នើសុំឱ្យតុលាការ ទម្លាក់បទចោទមកលើសមាជិកសហគមន៍របស់ពួកគាត់។
ជនជាប់ចោទទាំង៤រូបរួមមាន អ្នកស្រី ឃឹម សុខជាង លោកវឿន វឿ លោក ចក់ ជ័យ លោក ពុំ ពេជ្រ និងសមាជិកផ្សេងទៀត ដែលតុលាការបានចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្ត មានបុគ្គលច្រើនរូប ដែលធ្វើសកម្មភាព ក្នុងឋានៈជាសហចារី» ដែលប្រព្រឹត្តនៅចំណុចទួលពពែល ស្ថិតក្នុងភូមិសែប្រាំង ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២០។
ពួកគាត់ក៏បានទទូចនឹងស្នើសុំដល់រដ្ឋាភិបាលអាណត្តិថ្មី មេត្តាជួយពន្លឿនដល់អាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដោយពួកគាត់អះអាងថា ចាប់តាំងពីបាត់បង់ដីធ្លីមក ប្រជាពលរដ្ឋចំណាកស្រុកកាន់តែច្រើន ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងឯកជនកាន់តែកើនឡើង ហើយកន្លងមក តំណាងសហគមន៍ខ្លះ ក៏ធ្លាប់បានជាប់ពន្ធនាគារ ដោយសារបញ្ហាដីធ្លីដែរ។
ចំណែកឯជនជាប់ចោទម្នាក់ទៀត គឺអ្នកស្រី ឃឹម សុខជាង បានលើកឡើងថា ក្រោយបញ្ចប់ការសាកសួររបស់សាលាឧទ្ធរណ៍កាលពីម្សិលមិញនេះ អ្នកស្រីសង្ឃឹមថា ការប្រកាសសាលក្រមខាងមុខ តុលាការនឹងទម្លាក់បទចោទលើអ្នកស្រី ដោយអ្នកស្រីលើកឡើងថា អ្វីដែលគេចោទជាអ្វីដែលអ្នកស្រីមិនបានប្រព្រឹត្ដនោះទេ។ អ្នកស្រីបន្ដថា ជុំវិញបញ្ហាដីធ្លីនេះធ្វើឱ្យអ្នកស្រីបាត់បង់ប្រាក់ចំណូល និងត្រូវជំពាក់ធនាគារថែមទៀតដែលធ្វើឱ្យជីវភាពអ្នកស្រីកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកស្រីបែរមករងបណ្ដឹងតុលាការទាំងភាពអយុត្ដិធម៌ទៀត។
អ្នកស្រី សុខជាង បន្ថែមថា៖ «ជីវភាពខ្ញុំរាល់ថ្ងៃកាន់តែលំបាកទៅៗ ណាមួយគ្មានដីធ្វើស្រែធ្វើចំការ ណាមួយជំពាក់ធនាគារទៀត ខ្ញុំពិបាកណាស់។ ខ្ញុំសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទខ្ញុំ ហើយប្រគល់ដីមកឱ្យខ្ញុំវិញ បើមិនអឹចឹងទេខ្ញុំមិនដឹងរំពឹងអីដើម្បីចឹញ្ចឹមជីវិតទេ»។
កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំបានចេញដីកាកោះហៅប្រជាពលរដ្ឋចំនួន៤រូបឱ្យចូលសវនាការតាមបណ្ដឹងរបស់មេធាវី លី សុចិត្រា និងមេធាវី ណាត ច័ន្ទតារា ដោយប្ដឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងខេត្ដត្បូងឃ្មុំត្រង់ចំណុចនៃសេចក្ដីសម្រេចទាំងមូល។
ក្នុងដីកាកោះហៅបានបញ្ជាក់ពីបទចោទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាសហចារី»។
ជុំវិញរឿងនេះដែរ លោក ទុំ សោភ័ណ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ បានថ្លែងប្រាប់ តាមប្រព័ន្ធតេឡេក្រាមថា លោកមិនមានអ្វីបន្ថែមទេ ដោយលោកគ្រាន់តែថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែកុម្ភៈ ហើយការសម្រេចបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកបន្ថែមថា៖ «គេប្រកាសថ្ងៃទី១៥ខែ២។ តុលាការគេសម្រេចបែបណាវាជាឆន្ទានុសិទ្ធិរបស់តុលាការ»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានលើកឡើងថា វាដល់ពេលដែលរដ្ឋាភិបាល និងអ្នកមានអំណាចមិនគួរយកប្រព័ន្ធតុលាការក្នុងការដាក់បន្ទុក ឬក៏ជាយន្ដការក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីនោះទេ។ លោកបន្ដថា ការដែលរដ្ឋាភិបាលនៅតែបន្ដប្រើប្រាស់វិធីសាស្រ្ដនេះគឺវាមិនអាចដោះស្រាយបាន មានតែធ្វើឱ្យពលរដ្ឋកាន់តែខ្លាចរអារ និងបាត់ទំនុកចិត្ដលើរដ្ឋាភិបាល។
លោកបន្ដថា ជុំវិញករណីពលរដ្ឋចូលបំភ្លឺនៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៦ ខែមករានោះ លោកសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទទាំងអស់លើពលរដ្ឋដើម្បីឱ្យពួកគាត់មានសិទ្ធិសេរីភាពឡើងវិញ ហើយតុលាការមិនគួរបន្ដដាក់បន្ទុកលើពួកគាត់បន្ដទេ។
លោកថ្លែងថា៖ «វាល្មមដល់ពេលដែលយើងឈប់ប្រើប្រាស់នូវប្រព័ន្ធតុលាការជាឧបករណ៍សម្រាប់ដាក់បន្ទុក ឬក៏គំរាមកំហែងទៅលើជនរងគ្រោះដោយសារបញ្ហាដីធ្លី ដើម្បីធ្វើការដោះស្រាយព្រោះការប្រើប្រាស់ប្រព័ន្ធតុលាការវាប៉ះពាល់ច្រើនណាស់សម្រាប់ប្រព័ន្ធយុត្ដិធម៌»។ លោកបន្ថែមថា៖ «ទំនាស់ដីធ្លី រដ្ឋាភិបាល និងអាជ្ញាធរគួរតែដោះស្រាយដោយសន្ដិវិធីសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាដីធ្លីរបស់ពួកគាត់។ ខ្ញុំយល់ថា រដ្ឋាភិបាលធ្វើម៉េចកុំឱ្យគាត់រងគ្រោះបញ្ហាដីធ្លីហើយ បែរជាមករងគ្រោះតាមប្រព័ន្ធតុលាការថែមទៀត អាហ្នឹងមិនមែនជាយន្ដការល្អទេ»។
ត្រឡប់មកវិញ សំណុំរឿងនេះមុននឹងឈានដល់ការជំនុំជម្រះនៅសាលាឧទ្ធរណ៍ម្ដងទៀត បើតាមការបញ្ជាក់របស់លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា សំណុំរឿងនេះគឺមេធាវីរបស់អង្គការ លីកាដូ ជាអ្នកកាន់តាំងពីដើមមក។ លោកបន្ដថា កាលពីថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ ពលរដ្ឋសរុប៩នាក់ត្រូវបានជាប់ចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាសហចារី»ដោយសម្រេចក្នុងម្នាក់ៗជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ។ ក្រោយពីជំនុំជម្រះចប់ពលរដ្ឋបានប្ដឹងទៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដោយមានគ្នា៥នាក់ ហើយសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លើសំណុំរឿងរបស់ពួកគាត់ ប៉ុន្ដែពួកគាត់នៅតែទទួលភាពអយុត្ដិធម៌ដដែល។ ពួកគាត់បន្ដប្តឹងសារទុក្ខទៅតុលាការកំពូល ដោយនៅសល់តែ៤នាក់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លោកបន្ដថា ក្រោយពីតុលាការកំពូលកាត់ក្តីរួចក៏បានបង្វិលសំណុំរឿងរបស់ពួកគាត់ឱ្យសាលាឧទ្ធរណ៍ត្បូងឃ្មុំកាត់ក្ដីម្ដងទៀត។
ចំណែកឯលោក សែម សាង អាយុ៤២ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ និងជាតំណាងប្រជាសហគមន៍ស្រែប្រាំងត្រូវបានតុលាការសម្រេចបញ្ចប់រឿងក្ដីរបស់លោកកាលពីដើមឆ្នាំ២០២៣ បានឱ្យដឹងថា លោកចង់ឱ្យតុលាការទម្លាក់បទចោទទាំងអស់លើតំណាងពលរដ្ឋទាំង៩រូប ព្រោះលោកយល់ថា រឿងក្ដីនេះមិនគួរបន្ដឬដាក់បន្ទុកលើពលរដ្ឋដោយគ្រាន់តែការពារដីអាស្រ័យផលរបស់ខ្លួននោះទេ។ លោកបានបញ្ជាក់ថា រឿងក្ដីរបស់ពលរដ្ឋនេះ គឺត្រូវបានតុលាការកំពូលរុញមកឱ្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំកាត់ក្ដីម្ដងទៀត ក្រោយពីតុលាការរកឃើញថា មិនមានភាពប្រក្រតី។
លោកបន្ដថា៖ «រឿងហ្នឹងដល់តុលាការកំពូលម្ដងរួចហើយ ប៉ុន្ដែតុលាការកំពូលសម្រេចឱ្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំកាត់ក្ដីម្ដងទៀត។ ខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍នឹងទម្លាក់បទចោទលើពួកគាត់ទាំង៩នាក់ឱ្យមានសេរីភាពឡើងវិញ។ រឿងជាមួយក្រុមហ៊ុនចិនឈ្មោះ Harmony Win Investmentដែលមកយកដីពួកខ្ញុំអាស្រ័យផល»។
កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ពលរដ្ឋមកពីឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ដត្បូង បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំពន្លឿននីតិវិធី និងស្នើសុំឱ្យភាគីខាងក្រុមហ៊ុនចិនបង្ហាញភស្ដុតាងលើសំណុំរឿងលេខ០៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ស្ដីអំពីបណ្តឹងរក្សាការពារ។
នៅក្នុងពាក្យបណ្ដឹងដែលពលរដ្ឋបានដាក់ទៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំថា ពួកគាត់មិនអាចទទួលយកបាននូវការបង្ហាញសំអាងហេតុរបស់ភាគីក្រុមហ៊ុនចិន និងមិនទាន់បានដាក់បង្ហាញឱ្យមានភាពជាក់លាក់នូវភស្ដុតាងដែលក្រុមហ៊ុនតែងតែអះអាងថាបានទិញដីពីពួកគាត់នោះនៅឡើយទេ។
ដោយពលរដ្ឋបានស្នើសុំចំនួន៣ចំណុច៖ ទី១ស្នើសុំពន្លឿននីតិវិធីជំនុំជម្រះលើសំណុំរឿង ទី២ ស្នើសុំឱ្យខាងក្រុមហ៊ុន Harmony Win Investment បង្ហាញភស្ដុតាងនៃកិច្ចសន្យាទិញលក់របស់ក្រុមហ៊ុនជាមួយភាគីពលរដ្ឋ និងទី៣ ស្នើសុំឱ្យមានការធ្វើកោសល្យវិច្ឆ័យលើភស្ដុតាង រួមមានកិច្ចសន្យាទិញលក់ និងស្នាមមេដៃនៃភាគីលក់ និងទិញ។
ក្នុងពាក្យបណ្ដឹងដដែលបន្ដថា៖ «យើងខ្ញុំទាំងអស់គ្នាជាសហកូនបំណុលនៃបណ្ដឹងខាងលើ បាន និងកំពុងរងចាំដំណោះស្រាយតាមយន្ដការតុលាការជាយូរមកហើយ ធ្វើឱ្យមានការអូសបន្លាយនិងខាតបង់នូវប្រយោជន៍ និងប៉ះពាល់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើងខ្ញុំទាំងអស់គ្នា ដោយក្រុមហ៊ុននៅតែបន្ដសកម្មភាពនៅលើអចលនៈវត្ថុដែលកំពុងស្ថិតនៅក្នុងការរក្សាការពារនៅឡើយ យើងខ្ញុំមិនអាចទទួលយកបានទេ»។
យោងតាមឯកសារមួយចងក្រងដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិយាយថា ប្រជាពលរដ្ឋក្នុងសហគមន៍ស្រែប្រាំង បានចូលមកកាន់កាប់ដីនៅតំបន់នេះនៅឆ្នាំ២០០២។ សហគមន៍នេះមាន២៥០គ្រួសារ និងកាន់កាប់ដីទំហំ៧៨០ហិកតា។
ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ៥៨០ហិកតា ផ្តើមមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចាប់តាំងពីឆ្នាំ២០១៤មក និងដីទំហំ២០០ហិកតាទៀត មានជម្លោះជាមួយឧកញ៉ា ម៉ែន ចាន់ធឿន។
ចាប់ពីពេលនោះមក ពលរដ្ឋនៅក្នុងសហគមន៍តែងចូលរួមតវ៉ា និងទប់ស្កាត់ប្រឆាំងនិងការឈូសឆាយដីពីសំណាក់ក្រុមហ៊ុន និងបានឡើងមកភ្នំពេញញឹកញាប់ដើម្បីដាក់ញត្តិទៅក្រសួងពាក់ព័ន្ធឱ្យជួយអន្តរាគមន៍រកដំណោះស្រាយ រួមមាន ក្រសួងដែនដី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម។
របាយការណ៍ដដែលនិយាយទៀតថា ខណៈគ្មានកិច្ចអន្តរាគមន៍ពីថ្នាក់ជាតិ តំណាងសហគមន៍៣រូបដែលមានឈ្មោះក្នុងញត្តិ រួមមាន លោក សែម សាង លោក ហឿន ស៊ីនាថ និង លោក សែម ចំណាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់តាមដីកាបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ៕