គ្រូបង្រៀននិងសិស្សវិទ្យាល័យទួលប្រាសាទសែនសុខប្រហែល៦០នាក់ផ្ទុះការតវ៉ានៅក្លោងទ្វារសាលានៅព្រឹកថ្ងៃសុក្រ ក្រោយមន្ទីរអប់រំរាជធានីភ្នំពេញបានសម្រេចមិនដកលោកនាយកសាលា តាមសំណើរសុំដករបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន ខណៈដែលពួកគាត់យល់ថា ការសម្រេចនេះមិនបានផ្ដល់ភាពយុត្ដិធម៌និងមានភាពលម្អៀង។
មន្ទីរអប់រំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានចុះទៅប្រជុំសម្រេចលើករណីស្នើសុំរបស់លោកគ្រូអ្នកគ្រូឱ្យដកលោក អ៊ុំ សុកំ ចេញពីនាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខ ប៉ុន្ដែខាងមន្ទីរមិនបានសម្រេចតាមសំណើររបស់ពួកគាត់ទេ ថែមទាំងចោទថាពួកគាត់ចេះតែបង្កបញ្ហានៅក្នុងអង្គភាព ទើបពួកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សផ្ទុះការតវ៉ាភ្លាមៗនៅមុខក្លោងទ្វារសាលាដែលនៅតាមបណ្ដោយផ្លូវហាណូយស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកឯអ្នកស្រី លី ម៉េងជីង ជាគ្រូបង្រៀនម្នាក់ដែលបានចូលរួមតវ៉ាក្នុងការឱ្យប្ដូរនាយកសាលា បានប្រាប់ខេមបូចាដោយផ្ទាល់ថា មុននឹងមានការតវ៉ានេះកន្លងមកពួកអ្នកស្រីបាននាំគ្នាដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយដែរ ប៉ុន្ដែនៅតែគ្មានការឆ្លើយតបណាមួយ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក៏មានខាងមន្ទីរអប់រំរាជធានីភ្នំពេញបានចុះមកស៊ើបអង្កេតនៅសាលា ហើយមិនបានហៅលោកគ្រូអ្នកគ្រូឱ្យចូលរួមទេ គឺមានតែខាងនាយកសាលានិងក្រុមការងារពួកគាត់និងសិស្សសាលាមួយចំនួន រហូតមកដល់ព្រឹកថ្ងៃនេះក៏ខាងមន្ទីរអប់រំបានចុះមកប្រកាសសេចក្ដីសម្រេចដោយមិនបានដកនាយកសាលាដែលប្រព្រឹត្ដអំពើពុករលួយចោលទេ ថែមទាំងថាពួកអ្នកស្រីចេះតែបង្កបញ្ហាទៅវិញ ទើបឈានដល់ពួកអ្នកស្រីផ្ទុះការតវ៉ាដូច្នេះ។
អ្នកគ្រូ ម៉េងជីង បានអះអាងថា៖ «កន្លងមកលោកនាយកសាលាបានយកកូនប្រុសគាត់ដែលរៀនជំនាញអក្សរសាស្ដ្រអង់គ្លេស តែបែរជាយកមកឱ្យបង្រៀនជំនាញជីវៈវិទ្យាជំនួសតែម្ដងដោយមិនមានការស្នើសុំតាមផ្នែករដ្ឋបាលនោះទេ ដោយគាត់សម្រេចតែឯង នេះហើយជាអំពើពុករលួយដែលពួកខ្ញុំមិនអាចទទួលយកបាន»។
យ៉ាងណាក្ដីអ្នកស្រីបន្ដថា គោលបំណងនៃការតវ៉ាព្រឹកមិញនេះចង់ឱ្យថ្នាក់ដឹកនាំក៍ដូចជាមន្ទីរអប់រំ ក្រសួងអប់រំ ជួយស្វែងរកដំណោះស្រាយដើម្បីផ្ដល់ភាពយុត្ដិធម៌និងភាពត្រឹមត្រូវឱ្យពួកអ្នកស្រីក៏ដូចជាស្នើឱ្យដកលោក អ៊ុំ សុកំ ចេញពីនាយកវិទ្យាល័យទួលប្រាសាទសែនសុខដើម្បីកុំឱ្យចេះតែកើតអំពើពុករលួយនៅក្នុងសាលាបន្ដទៀត។
អ្នកគ្រូរូបនេះបន្ថែមថា៖ «យើងខ្ញុំទាំងអស់គ្នាងើបតវ៉ានេះមិនមែនចង់បានអ្វីមកជាផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺដោយសារតែមានរឿងអយុត្ដិធម៌ និងគ្មានតម្លាភាពក្នុងអង្គភាពដែលយើងមិនអាចទទួលយកបាននិងមានចំណុចជាច្រើនទៀត និយាយរួមរឿងទាំងអស់គាត់មិនដែលបានប្រជុំរួមជាមួយលោកគ្រូអ្នកគ្រូទេ គាត់ប្រើពាក្យថាឆន្ទានុសិទ្ធិគឺថាសម្រេចអីតែឯង»។
បើតាមគ្រូបង្រៀនម្នាក់នៅវិទ្យាល័យទួលប្រាសាទសែនសុខ លោក ហៀន សុភា បានថ្លែងថា មូលហេតុដែលពួកលោកនិងសិស្សផ្ទុះការតវ៉ានេះដោយសារតែខាងមន្ទីរអប់រំចុះមកស៊ើបអង្កេតករណីនាយកសាលាលោក អ៊ុំ សុកំ ដែលបានប្រព្រឹត្ដអំពើពុករលួយនិងបង្កបញ្ហាជាច្រើននៅក្នុងសាលាតែបែរជាខាងមន្ទីរអប់រំមិនហៅលោកគ្រូអ្នកគ្រូឱ្យចូលបំភ្លឺនិងបង្ហាញភស្ដុតាងពីសកម្មភាពរបស់នាយកសាលានោះទេ ថែមទាំងមិនព្រមដកលោកនាយកសាលាចេញទៀតផង។
លោក ហៀន បន្ដថា៖ «លោកគ្រូអ្នកគ្រូកំពុងតវ៉ាទាមទាររកដំណោះស្រាយពីខាងមន្ទីរអប់រំ ដោយសារមន្ទីរអប់រំគេចុះមកដោះស្រាយវិវាទគឺមានភាពលម្អៀងទៅរកក្រុមគណៈនាយកដោយមិនអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូបង្ហាញនូវភស្តុតាងឬក៏អ្វីផ្សេងៗ ទើបពួកខ្ញុំតវ៉ានៅមុខក្លោងទ្វារតែម្ដង»។
ជុំវិញរឿងនេះពេលដែលអ្នកសារព័ត៌មានខេមបូចាចុះទៅដល់ទីតាំងតវ៉ា បានសង្កេតឃើញថាក៏មានខាងអាជ្ញាធរនិងខាងមន្ដ្រីអប់រំខណ្ឌសែនសុខចុះមកអន្ដរាគមន៍និងបានស្នើឱ្យលោកគ្រូអ្នកគ្រូបំបែកគ្នានិងស្នើឱ្យបញ្ឈប់សកម្មភាពតវ៉ានៅមុខក្លោងទ្វារសាលាវិទ្យាល័យទួលប្រាសាទសែនសុខផងដែរ តែទោះបីជាមានការស្នើសុំក៏លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតែបន្ដសកម្មភាពតវ៉ាដដែល។
ចំណែកឯលោក គឹម ចិន្ដា ប្រធានការិយាល័យផ្នែកអប់រំនិងស៊ីវិលនៃខណ្ឌសែនសុខ មិនអាចផ្ដល់បទសម្ភាសន៍ឱ្យខេមបូចាបានទេ ដោយលោកថា លោកកំពុងសម្របសម្រួលករណីនេះជាមួយកូនចៅលោកសិន ទើបលោកអាចឆ្លើយបាន។
លោក ចិន្ដា បន្ដថា៖ «ខ្ញុំមិនអាចឆ្លើយបានទេ សុទ្ធតែកូនចៅខ្ញុំទេ ខ្ញុំសុំសម្របសម្រួលនឹងពួកគាត់សិន សុំទោសផងប្អូន»។
កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២២មន្ទីរអប់រំរាជធានីភ្នំពេញបានចុះទៅបើកការស៊ើបអង្កេតលើករណីភាពមិនប្រក្រតីរបស់លោក អ៊ុំ សុកំ ដឹកនាំដោយលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ ប៉ុន្ដែការចុះស៊ើបអង្កេតនេះគ្រាន់ចុះប្រមូលភស្ដុតាងនិងប្រមូលព័ត៌មានផ្សេងៗពីក្រុមនាយកសាលានិងមានការចូលរួមពីសិស្សសាលាមួយចំនួនប៉ុណ្ណោះ ប៉ុន្ដែមិនមានការសម្រេចបែបណានោះទេ។
ជុំវិញរឿងផ្ទុះការតវ៉ានេះដែរ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានលើកឡើងថា លោកបានដឹងរឿងរបស់លោកគ្រូអ្នកគ្រូតវ៉ាហ្នឹងហើយ ហើយលោកក៏កំពុងរាយការណ៍បញ្ហាទាំងអស់នេះទៅថ្នាក់លើ ដូច្នេះលោកមិនទាន់អាចឆ្លើយបានទេ ក្នុងពេលនេះ។
លោកបន្ដថា៖ «រឿងហ្នឹងខ្ញុំដឹងហើយ ហើយខ្ញុំកំពុងរាយការណ៍ទៅថ្នាក់លើសិន ខ្ញុំរាយការណ៍ សុំអធ្យាស្រ័យផង»។
ខេមបូចាមិនអាចសុំការបំភ្លឺពីលោក អ៊ុំ សុកំ នាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខបានទេ ប៉ុន្ដែលោកធ្លាប់បានប្រាប់ខេមបូចាថា លោកសុំច្រានចោលការចោទប្រកាន់ទាំងស្រុងលើរូបលោកថា លោកមិនបានប្រព្រឹត្ដដូចអ្វីដែលលោកគ្រូអ្នកគ្រូបានលើកឡើងនោះទេ។ លោកថា បញ្ហារបស់លោកគឺខាងមន្ទីរអប់រំនិងអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែដោះស្រាយហើយដូច្នេះការសម្រេចបែបណាគឺខាងមន្ទីរក៏ដូចជាACUនឹងដោះស្រាយ។
លោក សុកំ បានបញ្ជាក់ថា៖ «ខ្ញុំសុំបដិសេធទាំងស្រុងពីព្រោះរឿងនេះខ្ញុំកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ»។
បើតាមលោក ប៉ា ចាន់រឿន នាយកប្រតិបត្ដិនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍ថា ការតវ៉ានេះជាការសម្ដែងឱ្យឃើញនូវការកើតទុក្ខមិនសុខចិត្តរបស់គ្រូបង្រៀនមួយចំនួន ដូច្នេះហើយក្រសួងអប់រំនិងអាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យមើលការលើកឡើងនៃការទាមទារដោយបង្កើតគណៈកម្មការត្រួតពិនិត្យវាយតម្លៃនិងដោះស្រាយមួយដែលមានភាពឯករាជ្យដើម្បីធានាថានឹងស្វែងរកការពិតថាតើវាមានបាតុភាពដូចអ្វីដែលគ្រូបង្រៀនលើកឡើងដែរឬទេ?។
លោកបានថ្លែងថា៖ «បើសិនជារកឃើញថាវាមានអំពើពុករលួយនិងគ្រួសារនិយមចឹងមែន ច្បាប់យើងមានតើ ច្បាប់ក្នុងការគ្រប់គ្រងមន្ដ្រីសាធារណៈយើងហ្នឹង គឺថាមន្ដ្រីដែលធ្វើបានល្អគួរតែលើកទឹកចិត្ដ ចំណែកមន្ដ្រីដែលប្រព្រឹត្ដអំពើពុករលួយគួរតែដាក់ពិន័យតាមច្បាប់ចែង»។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក គ្រូបង្រៀននិងសិស្សវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីឱ្យក្រសួងដកនាយកសាលាឈ្មោះ អ៊ុំ សុកំ ចេញ ក្រោយពីនាយកសាលាត្រូវបានលោកគ្រូអ្នកគ្រូរកឃើញថា នាយកសាលាបានប្រព្រឹត្ដអំពើពុករលួយនិងភាពមិនប្រក្រតីជាច្រើន។
នៅក្នុងលិខិតមួយដែល ខេមបូចា ទទួលបានបញ្ជាក់ថា លោកគ្រូអ្នកគ្រូនិងសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខបានដាក់ទៅរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជូនណារ៉ុន ដើម្បីស្នើឱ្យក្រសួងផ្លាស់ប្ដូរនាយកសាលាចេញដោយសារនាយករូបនេះបានប្រព្រឹត្តអំពើពុករលួយជាច្រើន។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២កន្លងមក លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានអញ្ជើញសាកសួរអំពីភាពមិនប្រក្រតីមួយចំនួនតាមពាក្យបណ្តឹងចោទប្រកាន់របស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខបានដាក់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ប៉ុន្ដែនៅមិនទាន់បានសម្រេចជាផ្លូវការណាមួយទើបពួកគាត់បន្ដប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំបន្ថែមទៀត៕