គ្រូបង្រៀននៅតាមសាលាចំណេះដឹងទូទៅមួយចំនួនលើកឡើងពីក្តីបារម្ភ ករណីសិស្សវក់នឹងការប្រើប្រាស់ទូរសព្ទ ដោយលេងហ្គេម និងមើលរឿងអាសអាភាស មិនយកចិត្តទុកដាក់លើការសិក្សាហើយឈានដល់ការប្រព្រឹត្តបទល្មើសផ្សេងៗ។
គ្រូបង្រៀននៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ច័ន្ទ រដ្ឋា សង្កេតឃើញថា សិស្សមានទូរសព្ទភាគច្រើនមិនបានប្រើក្នុងគោលដៅសិក្សាទេគឺប្រើដើម្បីកម្សាន្តសប្បាយ។ លោកបន្តថា ការកម្សាន្តសប្បាយដែលប៉ះពាល់ធ្ងន់ធ្ងរនោះគឺមើលរឿងដែលមានពាក្យសម្តី និងកាយវិការមិនសមរម្យ ហើយក៏ឈានដល់មើលរូបភាពអាសអាភាសពីទូរសព្ទទៀតផង។
លោក ច័ន្ទ រដ្ឋា៖ «ដូចអត់មានវិជ្ជមាន ដូចជារឿងអាសអាភាស ដូចជារឿងកំប្លែងវាហួសពេក ។ មើលយូធូប មើលទីតុក វាអត់ស្រាវជ្រាវ។ វាយកទៅជាការកម្សាន្តសប្បាយជាធំ។ ចឹងទៅវាគេចសាលា វាមិនត្រឹមតែគេចសាលាទេថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង»។
គ្រូបង្រៀននៅវិទ្យាល័យមួយនៅខេត្តកំពង់ចាម លោក ជា ធារ៉ា លើកឡើងថា កាលពីប្រមាណ១០ឆ្នាំមុនសិស្សតិចតួចបំផុតដែលមានទូរសព្ទប្រើ ហើយទូរសព្ទនោះទៀតសោតមិនមែនជាទូរសព្ទទំនើបអាចមើលវីដេអូបានទេ។ លោកថា ពេលនោះសិស្សហាក់មានអារម្មណ៍នឹងនរក្នុងការរៀនសូត្រ។
ប៉ុន្តែលោក ច័ន្ទ រដ្ឋា សង្កេតឃើញថា រយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ សិស្សរៀនចន្លោះពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ មានទូរសព្ទទំនើបប្រើស្ទើរគ្រប់គ្នា។ លោកថា សិស្សប្រើដោយបើកទូលាយទាំងនៅផ្ទះ និងនៅសាលារៀន។ លោក ច័ន្ទ រដ្ឋា បញ្ជាក់ថា សិស្សដែលភ្ជាប់បណ្តាញទំនាក់ទំនងសង្គមជាមួយលោកគឺភាគច្រើនពួកគេមិនបានចែករំលែកមេរៀនទេ គឺចែករំលែកតែរឿងអត់មានប្រយោជន៍ ឬប្រភេទរឿងអាសអាភាស។
លោក រដ្ឋា បន្ថែមថា៖ «នៅពេលដែលគាត់អេដមក ខ្ញុំចូលទៅមើលប្រូហ្វាល់របស់គាត់ អត់មានការស៊ែ ការចែករំលែក ឬការផុសណាដែលទាក់ទងការរៀនសូត្រទេគឺគាត់ផុសតែរូបណាដែលបណ្តាញសង្គមផ្សេងទៀតគេផុសមកដូចជា រឿងកំប្លែង រឿងបែបអាសអាភាស ឬ រឿងជេរបញ្ចោរជាដើម»។
គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនវត្តភ្នំ លោក ឡុង រឹម លើកឡើងថា រូបលោកផ្ទាល់ក៏ដូចជាគ្រូផ្សេងទៀតគឺជួបការលំបាកនៅពេលដែលសិស្សនៅក្នុងម៉ោងរៀនចុចទូរសព្ទ ហើយមិនយកចិត្តទុកដាក់លើការសិក្សា។
លោក ឡុង រឹម លើកឡើងថា៖ «ពេលបង្រៀនពេលអីហ្នឹង កូនសិស្សខ្លះក៏ឆ្លៀតចុច ឆ្លៀតមើលទូរសព្ទ។ នៅម៉ោងចេញលេង សិស្សដែលមានទូរសព្ទសង្វាតតែមើលទូរសព្ទ មើលអីក្រៅពីការសិក្សា អាហ្នឹងហើយជាផលអវិជ្ជមាននោះ»។
ប្រធានសមាគមគ្រូបង្រៀនប្រចាំខេត្តតាកែវ លោកគ្រូ នី ចន្ទតារាវុធ សង្កេតឃើញថា សិស្សនៅកម្រិតបឋមក៏រងគ្រោះពីការប្រើទូរសព្ទដូចគ្នាគឺកាលពីតូចមុនចូលរៀន ឪពុកម្តាយឱ្យមើលទូរសព្ទដើម្បីមានពេលធ្វើការងារ ហើយនៅពេលចូលរៀននៅតែបន្តមើលទោះរបស់ខ្លួនឯងឬរបស់អ្នកដទៃ។ លោកបារម្ភថា សិស្សដែលរៀនដល់ថ្នាក់ទី៦ហើយនៅមិនចេះអានអក្សរ និងមិនចេះសរសេរឈ្មោះខ្លួនឯង។
លោក ចន្ទតារាវុធ ឱ្យដឹងថា៖ «សិស្សនៅបឋមសិក្សាជាទូទៅ ខ្ញុំក្រឡេកមើលទៅរហូតដល់ថ្នាក់ទី៦ពួកគាត់មួយចំនួនអត់ទាន់ចេះសរសេរឈ្មោះខ្លួនឯង អត់ទាន់ចេះអានចេះអានអក្សរ អត់ស្រៈព្យញ្ជនៈទាំងអំបាលម៉ានគឺគាត់អត់ចេះតែម្តង»។
អ្នកគ្រូ រស់ ម៉ាល័យ ជាគ្រូបង្រៀនចូលនិវត្តន៍រស់នៅក្នុងរាជធានីភ្នំពេញ ហើយកំពុងបង្រៀននៅតាមសាលឯកជន ក៏មើលឃើញថា បច្ចុប្បន្នសិស្សកំពុងប្រឈមមុខប៉ះពាល់ខ្លាំងលើការប្រើប្រាស់ទូរសព្ទ។
លោកគ្រូ និងអ្នកគ្រូដែលខេមបូចា បានសម្ភាសសុទ្ធតែយល់ឃើញថា ទូរសព្ទមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្នដោយសារមិនមានការវិន័យ ឬ ការរឹតបន្តឹងការប្រើប្រាស់ធ្វើឱ្យសិស្សានុសិស្សភាគច្រើនកំពុងប្រើប្រាស់ក្នុងផ្លូវខុសបំផ្លាញខ្លួនឯង។
ម្ចាស់សាលាឯកជនអន្តរទ្វីប អាមេរិកកាំងលោក គួច ម៉េចលី លើកឡើងថា នៅតាមបណ្តាលប្រទេសរីកចម្រើនគេឱ្យសិស្សតាំងពីកម្រិតបឋមប្រើប្រាស់ទូរសព្ទ អាយផេត ឬកុំព្យូទ័រ តែប្រើក្នុងកម្រិតតិចបំផុតក្រោម១ម៉ោង។ លោក បន្តថា ការប្រើប្រាសនោះ គឺផ្តោតតែលើកម្មវិធីអប់រំតែបណ្ណោះ។
លោក គួច ម៉េងលី បន្តថា សិស្សនៅក្នុងសង្គមខ្មែរប្រើប្រាស់ទូរសព្ទដោយគ្មានការគ្រប់គ្រង គឺប្រើបានជាប្រយោជន៍ក្រោម១០ភាគរយ ជាហេតុនាំឱ្យមានផលប៉ះពាល់ច្រើន។
លោក គួច ម៉េងលី ថ្លែងថា៖ «ប្រទេសយើងមានការចែកចាយច្រើន Company Provider។ ប្រើប្រាស់តាមស្ថាប័នអប់រំដោយអត់មានការ Filter។ យើងអត់ទាន់មានអ្នកយល់ដឹងខ្លាំងពីប្រព័ន្ធបច្ចេកវិទ្យា។ ច្បាប់យើងធូររលុងលើរការចែកចាយរឿងរ៉ាវមិនគប្បី រឿងព្រាននារីព្រានបុរសវ័យក្មេងលើអនឡាញ»។
លោក គួច ម៉េងលី ឱ្យដឹងថា នៅក្នុងសាលារបស់លោកក្នុងបន្ទប់មានវិន័យតឹងរឹងមិនឱ្យប្រើទូរសព្ទ។ លោកបន្តថា នៅក្នុងបរិវេណសាលា គឺខាងបច្ចេកទេបិទអ៊ីនធើណេត មិនឱ្យស្វែងរកឃើញ រូបភាពអាសអាភាស ហ្គេម ឬរឿងទាក់ទងអំពើហិង្សានោះទេ។
ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនអត្ថាធិប្បាយច្រើនទេ គ្រាន់តែបញ្ជាក់ថា ក្រសួងមិនបានចេញគោលការណ៍ប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំនោះទេ ប៉ុន្តែក្រសួងក៏មានគណៈកម្មាធិការដើម្បីឃ្លាំមើលបញ្ហាទាំងនេះដែរ។
លោក រស់ សុវាចា មានប្រសាសន៍ថា៖ «គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការរដ្ឋបាលតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា»។
របាយការណ៍របស់ Data Reportal បង្ហាញនៅត្រឹមខែកុម្ភៈឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតបានគឺមានជាង១១លាននៃចំនួនប្រើប្រាស់។ ចំណែកតាមសាលារៀនរដ្ឋ ឬនៅតាមផ្ទះឯកជន មិនសូវមានការរឹតបន្តឹង ឬ មានគោលការណ៍ច្បាស់លាស់ពីការប្រើប្រាស់អ៊ីនធើណេតនេះទេ៕