នគរបាលក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវរកមេក្លោងក្នុងករណីជួញដូរមនុស្ស បន្ទាប់ពីសង្គ្រោះក្មេងស្រីអាយុ១៦ឆ្នាំមួយរូបដែលត្រូវបានជួញដូរក្រោមរូបភាពរៀបការទៅប្រទេសចិន។
យុវតីជនរងគ្រោះមកពីខេត្តត្បូងឃ្មុំបានចែករំលែកពីរឿងរ៉ាវអកុសលរបស់នាងនៅក្នុងវីដេអូមួយដែលមានរយៈពេល ១នាទី និងដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងចែករំលែកបន្តដោយគណនីហ្វេសប៊ុក ឈ្មោះ នាង ធីតា ដោយក្នុងវីដេអូនោះ នាងបាននិយាយថា នាងត្រូវបានមេខ្យល់ឆបោកនិងលក់មកកាន់ប្រទេសចិន ។
នាងបាននិយាយថា៖ «គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែឥឡូវ គេយកខ្ញុំមកលក់ គេចាប់ខ្ញុំឃុំនៅតែក្នុងបន្ទប់៥-៦ខែហើយ គេអត់ដែលឱ្យខ្ញុំចេញទៅក្រៅទេ ។ គេចាក់សោពីខាងក្រៅទៀត»។
ដោយអំពាវនាវសុំឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ភីផា បាននិយាយថា មេខ្យល់ដែលនាំនាងមកប្រទេសចិនបានគំរាមនាង«មិនឱ្យរត់ ឬធ្វើអ្វីទេ»។
នាងបានបន្ថែមថា៖ «មេខ្យល់តែងតែតេមកគំរាម កុំឱ្យខ្ញុំគិតធ្វើអ្វីផ្ដេសផ្ដាស ឬគិតចង់រត់ […]។ ប៉ុន្តែ ខ្ញុំថតវីដេអូហ្នឹង ខ្ញុំភ័យខ្លាចមែនទែន ។ ខ្ញុំខ្លាចផុសវីដេអូនេះទៅ គេឃើញ គេមកធ្វើបាបខ្ញុំទៀត»។
រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីនេះ ។ មន្ត្រីនគរបាលបានស៊ើបអង្កេត និងបានជួបបងស្រីរបស់យុវតីដើម្បីបញ្ជាក់អត្តសញ្ញាណរបស់នាង ។ ភីផា ត្រូវបានគេនិយាយថា បានចាកចេញពីស្រុកកំណើតទៅធ្វើការជាកម្មកររោងចក្រកាត់ដេរ និងផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសាររៀងរាល់ខែ ប៉ុន្តែក្រោយមក៥ ឬ៦ខែ ក៏លែងមានទំនាក់ទំនងពីនាង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា ក្មេងស្រីអាយុ១៦ឆ្នាំនេះត្រូវបានសង្គ្រោះពីអគារកម្ពស់៧ជាន់នៅក្នុងខេត្តជើជាំង កាលពីថ្ងៃអាទិត្យ នៅក្នុងប្រតិបត្តិការរួមគ្នាមួយជាមួយអាជ្ញាធរចិន។ បច្ចុប្បន្ន រូបនាងកំពុងស្នាក់នៅឯការិយាល័យសន្តិសុខសាធារណៈ នៅមុនពេលបញ្ជូនត្រឡប់មកកម្ពុជាវិញ ។
បច្ចុប្បន្ន អាជ្ញាធរចិនកំពុងធ្វើការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិនដើម្បីបើកការស៊ើបអង្កេតបន្ថែមទៀត និងរៀបចំឱ្យនាងវិលត្រឡប់មកផ្ទះវិញ ។
លោក សុខៈ បាននិយាយថា៖ «យោងតាមការបញ្ជាក់របស់ប្អូនស្រីនោះ វាជាបញ្ហាជួញដូរមនុស្ស ពីព្រោះមានមេខ្យល់នាំប្អូនទៅធ្វើការនៅប្រទេសចិន ប៉ុន្តែតាមពិត លក់នាងឱ្យរៀបការជាមួយបុរសជនជាតិចិនធ្វើជាប្រពន្ធគេជាដើម»។
លោក អំ សំអាត នាយកចាត់ការទូទៅរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានសម្ដែងការព្រួយបារម្ភថា អំពើជួញដូរមនុស្សបានលេចចេញជារូបភាពថ្មីមួយទៀត ដោយគេថានាំមនុស្សទៅធ្វើទេសចរណ៍ ឬទៅធ្វើការ ប៉ុន្តែ បង្ខំឱ្យរៀបការជាមួយជនបរទេស ឬបុរសជនជាតិចិន។ ការបន្តកើតឡើងនូវអំពីជួញដូរមនុស្ស គឺជាការគួរឱ្យបារម្ភ ជាពិសេសការជួញដូររៀបការទៅចិន ។
លោក សំអាត បានថ្លែងថា៖ «យើងកត់សម្គាល់ឃើញថា នៅមានចន្លោះខ្វះខាតនៅក្នុងការអនុវត្តច្បាប់ ទាក់ទងមេខ្យល់មួយចំនួនដែលធ្វើការជួញដូរមនុស្សហ្នឹងមិនត្រូវបានចាប់ខ្លួននៅក្រៅប្រទេស ផ្ទុយទៅវិញ វាជារឿងមួយធ្វើឱ្យស្ត្រីនិងកុមារត្រូវរងគ្រោះរឿងមេខ្យល់ឆបោកហ្នឹង»។
លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របាយការណ៍រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្ទាបចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា មកនៅត្រឹមលេខ៣ នៅក្នុង«បញ្ជីខ្មៅនៃករណីជួញដូរមនុស្ស»។ ចំណាត់ថ្នាក់នេះបានបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជា ក្នុងន័យពាក់ព័ន្ធនឹងការវិនិយោគ ទេសចរណ៍ និងបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ។
កាលពីឆ្នាំ២០២៣ របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជាបានបង្ហាញថា ករណីជួញដូរមនុស្ស១៥៧ករណីត្រូវបានបង្ក្រាប ក្នុងនោះចាប់ខ្លួនជនល្មើសបាន១៨៥នាក់ ដោយ៣៧នាក់ជាស្ត្រី និង១១នាក់ជាជនបរទេស។ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះបាន ៤៩៥នាក់ ក្នុងនោះ ១៣១នាក់ជាប់ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ។ លើសពីនេះ ១៥១នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ មានស្ត្រី២៧នាក់ និងជនបរទេស៤នាក់។
ចំពោះករណីជួញដូរមនុស្ស២៦ករណីត្រូវបានបង្ក្រាប ក្នុងនោះមនុស្ស ៣៤នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ១០នាក់ជាស្ត្រី និង៧នាក់ជាជនបរទេស ហើយជនរងគ្រោះ ២២១នាក់ បានត្រូវដោះលែង។ ជនរងគ្រោះប្រមាណ១៨២នាក់ ត្រូវបានបញ្ជូនទៅក្រសួងសង្គមកិច្ច និង៣១៣នាក់ ត្រូវបានបញ្ជូនទៅឱ្យអាណាព្យាបាលរបស់ពួកគេវិញ ៕
(រាយការណ៍បន្ថែមដោយ លី រួស្សឡាន)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Teenager Rescued After Trafficked To China For Marriage, Police Search For Ringleader