សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កងទ័ពថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងខ្យល់លើពលរដ្ឋខ្មែរនៅ​ខេត្តបន្ទាយមានជ័យ Updated

កងទ័ពថៃ រាយបន្លាលួសនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ អ្នកនាំពាក្យក្រសួងការពារជាតិ)
កងទ័ពថៃ រាយបន្លាលួសនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ អ្នកនាំពាក្យក្រសួងការពារជាតិ)
UPDATES:

UPDATES: យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន១៧ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ យោងតាមលិខិតដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផ្ញើជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃ១៧ ខែកញ្ញា។

លិខិតបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួស បន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេបានរស់នៅ ដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគ ពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះ ដូចរៀបរាប់ ខាងលើ។

ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១ ០០០នាក់។

នាយករដ្ឋមន្ត្រីបានលើកឡើងក្នុងលិខិតទៀតថា សកម្មភាពឯកតោភាគីរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជា ឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជា លទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើត ឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះ ហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ២០០០)។

អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និង មានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាជ្ញាសឹកថៃ គឺជាការ រំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍»។ លោកបានបន្តថា៖ «លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សា»

លោកនាយករដ្ឋមន្ត្រីក៏បានស្នើសុំជំនួយពីប្រធានអស៊ាន ដើម្បីជំរុញឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ឈប់សកម្មភាពផ្សេងៗ ដូចជា រុះរើលួសបន្លា បណ្តេញប្រជាពលរដ្ឋខ្មែរ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលបណ្តេញចេញទៅរស់នៅលំនៅឋានវិញ ព្រមទាំងដោះលែងជាបន្ទាន់ និងបញ្ជូនយោធិនកម្ពុជាចំនួន១៨នាក់ត្រឡប់មកកម្ពុជាវិញ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញថ្ងៃទី១៨ ខែកញ្ញា។

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្តដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។

ក្រសួងការពារជាតិ បា​នគូសបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។

មួយសប្តាហ៍បន្ទាប់ពី «លទ្ធផលវិជ្ជមាន» នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កងទ័ពថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងខ្យល់លើជនស៊ីវិលខ្មែរ និងបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ រឿងនេះបានកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នានៅថ្ងៃអង្គាររវាងអ្នកភូមិកម្ពុជានៅភូមិព្រៃចាន់ និងកងទ័ពថៃ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា ទាហានថៃបន្តរំលោភលើអធិបតេយ្យភាព​កម្ពុជា ដោយពង្រីកទឹកដីចូលមកក្នុងភូមិ។ លោកបន្តថា ទាហានថៃដែលប្រដាប់ដោយខែល ដំបង និងអាវុធ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក ចំពាមកៅស៊ូ និងប្រើឧបករណ៍បំពងសំឡេងធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក ប្រឆាំងនឹងជនស៊ីវិលខ្មែរ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើនរងរបួស រួមទាំងព្រះសង្ឃផងដែរ។

វីដេអូដែលបង្ហោះលើបណ្តាញសង្គមបង្ហាញថា ព្រះសង្ឃ អ្នកកាសែត ជនស៊ីវិល និងទាហានបានរងរបួសដោយកាំភ្លើងខ្យល់របស់ថៃ។

ដោយយោងតាមអាជ្ញាធរខេត្ត លោក ភក្ត្រា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិខ្មែរ ២៣ នាក់ រួមទាំងព្រះសង្ឃ ទាហាន និងនគរបាល បានរងរបួសធ្ងន់។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ បានថ្កោលទោសកងទ័ពថៃចំពោះការវាយប្រហារលើជនស៊ីវិលកម្ពុជា ដែលរួមមានទាំងព្រះសង្ឃ និងបានជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់។

នៅព្រឹកនេះ អភិបាលខេត្តបន្ទាយមានជ័យ និងស្រះកែវបានរៀបចំកិច្ចប្រជុំមួយនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួល និងពិភាក្សារកដំណោះស្រាយល្អមួយសម្រាប់ប្រជាជននៅក្នុងខេត្តទាំងពីរ។

ក្នុងអំឡុងកិច្ចប្រជុំ អភិបាលខេត្តបន្ទាយមានជ័យ លោក អុំ រាត្រី បានស្នើសុំបួនចំណុចទៅកាន់ភាគីថៃដែលក្នុងនោះរួមមាន រក្សាស្ថានភាពដើម និងរង់ចាំការសម្រេចរបស់គណៈកម្មាធិការព្រំដែនរួម, អនុញ្ញាតឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះរបស់ពួកគេ និងដកបន្លាលួស ក៏ដូចជាឧបសគ្គផ្សេងៗចេញ, ចៀសវាងធ្វើសកម្មភាពបន្ថែម ដូចជាការដំឡើងរបាំងបន្ថែម ឬផ្តល់បណ្ណកម្មសិទ្ធិ, និងបញ្ជូនបញ្ហាដែលលើសពីសមត្ថកិច្ចខេត្តទៅគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនរួម (JBC)។

អ្នកភូមិព្រៃចាន់កាលពីម្សិលមិញបានថតផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុកនូវការប្រឈមមុខដាក់គ្នាជាមួយទាហានថៃជាង ១០០នាក់ដែលប្រដាប់ដោយអាវុធ។ កងទ័ពថៃបានព្យាយាមជាច្រើនលើកដើម្បីរាយបន្លាលួសនៅតំបន់ថ្មីផ្សេងទៀតនៃភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ បន្ថែមលើនៅទីតាំងពីរផ្សេងទៀតដែលបានដំឡើងរបាំងរួចរាល់។ ការរាយលួសដាក់របាំងទាំងនេះបានប៉ះពាល់ដល់អ្នកស្រុក១២ គ្រួសារ ពោលគឺ៦គ្រួសារក្នុងភូមិនីមួយៗ។

ការប៉ះទង្គិចថ្មីៗនេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា នៅភូមិជោគជ័យ។ ការសាងសង់របាំងរាយបន្លាលួសទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងតាំងពីថ្ងៃទី១២ ខែសីហា ដោយចោទប្រកាន់ទាហានថៃថាពង្រីកតំបន់ជម្លោះ និងធ្វើឱ្យខូចកិច្ចព្រមព្រៀងបទឈប់បាញ់។

ឧបទ្ទវហេតុនៅថ្ងៃទី១៦ ខែកញ្ញាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បានទៅទស្សនកិច្ចនៅឃុំអូរបីជាន់នៅថ្ងៃទី១៣ ខែកញ្ញា។ ក្រុមនេះនៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីស្ថានភាពនេះ​ទេ ហើយខណៈពេលដែលអាស៊ានមិនទាន់បានបង្កើតក្រុមអ្នកសង្កេតការណ៍ (AOT) នៅឡើយ។ នេះមិនមែនជាលើកទីមួយទេដែល IOT បានទៅទស្សនកិច្ចនៅទីនោះ។ ទោះជាមានការទស្សនកិច្ចទាំងនេះក៏ដោយ កងកម្លាំងថៃនៅតែបន្តរាយបន្លាលួស និងប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា។

ទន្ទឹមនឹងនេះ នៅថ្ងៃទី១០ ខែកញ្ញា ដែលជាថ្ងៃដែលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេសត្រូវបានធ្វើឡើង កងទ័ពថៃក៏បានសាងសង់លេណដ្ឋាននៅភូមិព្រៃចាន់ នៅតំបន់ដែលពួកគេហៅថាបានណងចាន់ខេត្តស្រះកែវ។ ការសាងសង់នេះត្រូវបានរាយការណ៍ថាបានបញ្ចប់ ៦០ភាគរយហើយ។

អ្នកភូមិព្រៃចាន់ អ្នកស្រី ហ៊ុល ម៉ាលីស ដែលរស់នៅទីនោះជាង២០ឆ្នាំ ហើយផ្ទះរបស់គាត់ត្រូវបានកងទ័ពថៃហ៊ុមព័ទ្ធយកក្នុងខែសីហា បានប្រាប់ អ្នកសារព័ត៌ខេមបូចាថា បន្លាលួសមួយទៀតត្រូវបានរាយនៅថ្ងៃទី១៦ ខែកញ្ញា ប្រហែល១៥០ម៉ែត្រពីក្រោយផ្ទះរបស់អ្នកស្រី។

អ្នកស្រីបានប្រាប់ថា ទាហានថៃបានសាងសង់លេណដ្ឋានប្រហែល ១០០ម៉ែត្រពីផ្ទះរបស់អ្នកស្រី។

បច្ចុប្បន្ន អ្នកស្រី ម៉ាលីស រស់នៅក្នុងតង់ក្បែររបងដែលបានសាងសង់ដោយទាហានថៃ។ អ្នកស្រីមិនអាចធ្វើការបានទេ ហើយពឹងផ្អែកលើការជួយពីអ្នកភូមិផ្សេងទៀត។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងបន្តទៀតទេ។ ទាហានថៃនៅតែចង់បានដីរបស់យើងជារៀងរាល់ថ្ងៃ។ ខ្ញុំព្រួយបារម្ភ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំមិនចង់ផ្លាស់ទៅឆ្ងាយពីផ្ទះរបស់ខ្ញុំទេ»

អ្នកស្រីបានបន្ថែមថា កងទ័ពថៃបានហោះដ្រូននៅក្នុងតំបន់នេះពីរទៅបីដងក្នុងមួយថ្ងៃ។ 

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ពីការប៉ះទង្គិចនៅថ្ងៃទី១៦ ខែកញ្ញា ដោយថ្លែងថា វាបានកើតឡើងពីម៉ោង ២:៣០ រសៀល ដល់ម៉ោង ៧:៣០ យប់នៅភូមិព្រៃចាន់។ លោកបានកត់សម្គាល់ថា ការសាងសង់លេណដ្ឋានរបស់កងទ័ពថៃកំពុងធ្វើឡើងនៅទីតាំងដែលថៃយកបន្លាលួសព័ទ្ធយកកាលពីខែសីហា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា បន្ទាប់ពីកិច្ចប្រជុំរវាងអភិបាលខេត្តបន្ទាយមានជ័យ និងស្រះកែវ កងទ័ពថៃបានលើកឡើងថា ខ្លួននឹងបណ្តេញជនជាតិខ្មែរចេញពីតំបន់ដែលខ្លួនអះអាងថាជាតំបន់ដែលភាគីកម្ពុជារំលោភលើទឹកដីថៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃកាលពីដើមខែនេះ អាជ្ញាធរនៅស្រះកែវបានដំឡើងផ្លាកសញ្ញាបញ្ជាឱ្យអ្នកភូមិខ្មែររុះរើផ្ទះរបស់ពួកគេ និងចាកចេញពីដីនោះ ដោយព្រមានថា ការមិនគោរពនូវបទបញ្ជាអាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនទាន់បានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរហូតមកដល់ពេលចុះផ្សាយនេះ។​ 

លើសពីការប៉ះទង្គិចនៅខេត្តបន្ទាយមានជ័យ កងនាវីថៃក៏បានតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាការរំលោភរបស់កម្ពុជានៅក្នុងតំបន់ចំនួនបីនៃខេត្តត្រាត ដោយទាមទារឱ្យកងទ័ពកម្ពុជាដកថយ និងបញ្ឈប់ការសាងសង់នានា។ កងនាវីថៃបានព្រមានពីការកើនឡើងនៃភាពតានតឹង ប្រសិនបើកម្ពុជាមិនរុះរើអគារ និងលេណដ្ឋានចេញពីតំបន់ជម្លោះ។

ខេត្តត្រាតមានព្រំដែនជាមួយស្រុកវាលវែង ខេត្តពោធិ៍សាត់ និងខេត្តកោះកុងរបស់កម្ពុជា។

ទាក់ទងនឹងរឿងនេះ ក្រសួងការពារជាតិបានលើកឡើងថា កម្ពុជាបានបកស្រាយបញ្ហានេះរួចហើយ ដោយបញ្ហាមួយចំនួនត្រូវបានដោះស្រាយនៅក្នុងការឆ្លើយតបនៅខែកុម្ភៈ ឆ្នាំ២០២២ ពីយោធភូមិភាគទី៥ កម្ពុជា។ ចំពោះជម្លោះដែលនៅសេសសល់ ក្រសួងបាននិយាយថា គួរតែបញ្ជូនទៅគណៈកម្មាធិការព្រំដែនរួម (JBC) ក្រោមអនុស្សរណៈនៃការកំណត់ព្រំដែនឆ្នាំ២០០០។

ក្រសួងក៏បានជំរុញឱ្យភាគីទាំងអស់ជៀសវាងធ្វើអ្វីដែលអាចបណ្តាលឱ្យមានភាពតានតឹង ឬពង្រីកតំបន់ជម្លោះ។

ភាពតានតឹងជាថ្មីនេះបានកើតឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ GBC ពិសេស ដែលត្រូវបានស្វាគមន៍ដោយស្ថានទូតនានានៅកម្ពុជាថាជាជំហានវិជ្ជមានឆ្ពោះទៅរកការធ្វើឱ្យស្ថានភាពព្រំដែនមានលក្ខណៈធម្មតាវិញ។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនប៊ីន បានសរសេរថា៖ «មិនមានឧបសគ្គណាមួយដែលមិនអាចឆ្លងកាត់បានទេ ហើយក៏មិនមានបញ្ហាណាដែលមិនអាចដោះស្រាយបានដែរ»។ លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងចាប់យកឱកាសនេះដើម្បីបង្កើនការផ្សះផ្សា ដោយកត់សម្គាល់ថា ប្រេសិតពិសេសរបស់ចិនកំពុងស្ថិតនៅក្នុងបេសកកម្មសម្របសម្រួលលើកទីបីរបស់ខ្លួន និងត្រៀមជាស្រេចដើម្បីជួយភាគីទាំងពីរដែលមានឆន្ទៈក្នុងការដោះស្រាយជម្លោះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Army Fires Tear Gas and Air Guns At Cambodian Civilians in Banteay Meanchey

256 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម