សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ផ្សាយពាណិជ្ជកម្ម

យោធា​ថៃ​បានសម្រេចបិទច្រកព្រំដែន​ កម្ពុជា-ថៃ​ ទាំងអស់​ ជាឯកតោភាគី

យោធា​ថៃ​បានសម្រេចចិត្ត​បិទច្រកព្រំដែន កម្ពុជា​-ថៃ ​ទាំងអស់ ជា​​ឯកតោភាគី នៅយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២៥ បន្ទាប់​ពី​ភាព​តានតឹង​នៃ​ជម្លោះ​ព្រំដែន​ និ​ង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បាន​អូស​បន្លាយ​អស់​រយៈ​ពេលជិត​មួយ​ខែ ។

ការសម្រេច​បិទទាំង​ស្រុង​នូវ​​ច្រក​តាម​បណ្ដោយ​ព្រំដែន​​កម្ពុជា-ថៃ ដែល​មាន​ប្រវែង​ ៨១៧​គីឡូម៉ែត្រ ពី​សំណាក់​ភាគី​ថៃ គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ដែល​ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២៥ ថា​នឹង​បញ្ឈប់ការនាំចូល​ប្រេង និងឧស្ម័ន ពី​ប្រទេស​ថៃ ដោយ​កំណត់​ឱសានវាទ​ត្រឹម​ម៉ោង ១២ រំលង​អាធ្រាត្រ ។

ទោះបី​ជា​​យោធាថៃបាន​សម្រេចបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក៏​ដោយ ក៏​ភាគីទាំង​ពីរចបាន​រចាគ្នា និង​អនុញ្ញាតឱ្យពលរដ្ឋ​រៀង​ៗ​ខ្លួន​ត្រឡប់​ចូល​ប្រទេសវិញ ។

ក្រៅ​ពី​ការ​បញ្ឈប់​ការ​នាំចូល​ប្រេង និងឧស្ម័ន​ រដ្ឋាភិបាលកម្ពុជា​ក៏​បានបិទច្រកព្រំដែនជាំ និងជប់គគីរ​ជាស្ថាពរ នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២៥ ដែរ ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាមិនអាចជាភាគីដែល​ត្រូវ​បើកច្រកព្រំដែនឡើង​​វិញ​មុនឡើយ ព្រោះការបិទ​ផ្ដើមចេញ​​ដោយភាគី​ថៃតែ​ម្នាក់​ឯង ។

ទោះយ៉ាង​ណាក្ដី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​កុំ​ឱ្យ​មាន​ការ​រើសអើង ឬ​ប្រកាន់​ពូជសាសន៍​រវាង​ប្រជាជាតិ​ទាំងពីរ ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​ខ្លះ​ប្រាប់​ ខេមបូចា ថា ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា-ថៃ មិន​បានបង្ក​ផល​​ប៉ះពាល់​អ្វី​ដល់​ពួក​គាត់​ទេ ប៉ុន្តែអ្នក​​ខ្លះ​ថា ការ​ប្រកប​របរ​ទទួល​ទាន​របស់​ពួក​គាត់បាន​ធ្លាក់​ចុះ​ដោយ​បាត់​អតិថិជនអស់​​មួយ​ចំនួន ។

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឱ្យ​អ្នក​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​បញ្ចប់​វិវាទ​​ដោយ​សន្តិវិធី ។ ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​ បាន​កម្រើក​ខ្លាំង​សាជាថ្មី​ បន្ទាប់​ពី​មាន​ការ​​ផ្ទុះ​អាវុធ​នៅ​តំបន់​មុំ​បី​ ដែល​បណ្ដាល​ឱ្យ​កង​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​ម្នាក់​បាត់បង់​ជីវិត ហើយ​ក្រោយ​មក​ ថៃ​បានកាត់​​បន្ថយម៉ោងប្រតិបត្តិការច្រក​ព្រំដែន​ជាប​ន្ត​បន្ទាប់ ​។ ចំណែក​​កម្ពុជាបាន​​កាត់ផ្ដាច់​ទូរគមនាគមន៍ បិទ​ការ​នាំ​ចូល​បន្លែ និងផ្លែឈើ​​ពី​ប្រទេស​ថៃ ហើយ​និង​អំពាវនាវ​ឱ្យ​​ពលករ​ចំណាក​ស្រុក​កម្ពុជា​​​ត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ ។

ការ​លាប់​ ឬ​រើ​ឡើង​វិញ​នៃ​ជំងឺ​វិវាទ​ព្រំដែន បាន​បំផុស​ស្មារតីជាតិ​និយម​ ទាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋថៃ ទាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ក្មេង​ ចាស់​ ប្រុស ​ស្រី ។ ដោយ​ឡែក​នៅ​កម្ពុជា អ្នក​ចូលរួម​​ច្រើន​កុះករ មានទាំង​​ព្រះសង្ឃ មន្ត្រីរាជការ សិស្ស​ និស្សិត ​និងប្រជាពលរដ្ឋ បាន​ជួបជុំ​គ្នា​ នា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ខែ​មិថុនា ដើម្បីបង្ហាញ​ការ​គាំទ្រជំហររបស់​រាជរដ្ឋាភិបាល ដែលបានបញ្ជូនករណី​វិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នា​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ និងដើម្បី​លើក​ទឹក​ចិត្ត​កងកម្លាំងការពារ​ជួរមុខ ។

ក្រៅ​ពី​ការ​បង្ហាញ​នូវ​ការ​គាំទ្រពេញ​ទំហឹង​​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល ដែល​បាន​​ប្រើប្រាស់​វិធាន​ច្បាប់​សម្រាប់​ដោះស្រាយ​វិវាទនេះ ក្រុម​អ្នក​ចូលរួម​​ថ្លែង​ថា ពួក​គេ​ហួស​ចិត្ត​ និង​គួរ​ឱ្យ​អស់​សំណើច ​ចំពោះ​ការ​ដែល​​ភាគី​ថៃ​បន្ត​ទាមទារ ដោយ​​អះអាង​ថា ​ប្រាសាទ​តាមន្ត​ធំ ប្រាសាទ​តាមន្ត​​តូច ប្រាសាទ​តាក្របី ​តំបន់​មុំ​បី​ និង​ទឹកដី​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ ​ជា​របស់​ខ្លួននោះ ។

អ្វី​ដែល​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា កាន់តែ​តានតឹង​និង​​ឡើង​កម្ដៅ​ចុងក្រោយនេះ គឺ​នៅពេល​ដែល​ប្រទេស​ថៃ​​កោះហៅ​ឯកអគ្គ​រាជទូត​កម្ពុជា ​ដើម្បីតវ៉ា​ជា​ផ្លូវ​ការ ​ក្រោយ​​ពី​​ការសន្ទនារវាង​ប្រធាន​ព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ ​​អំពី​វិវាទព្រំដែន ត្រូវ​បាន​បែក​ធ្លាយ​ ។

​ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានមួយថា ការលេចធ្លាយគឺជាទង្វើ​ដែលមិនអាចទទួលយកបានរវាង​រដ្ឋ ព្រោះ​ជា​ការ​បំផ្លាញបទដ្ឋានការទូត និងស្មារតីនៃអ្នកជិតខាងដ៏ល្អ ហើយ​ក៏​ធ្វើឱ្យបាត់​ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ​រវាងមេដឹកនាំនៃ​ប្រទេសទាំងពីរ និងរារាំងយ៉ាងខ្លាំង​ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងតែ​​បន្ត ដើម្បី​ដោះស្រាយជម្លោះដោយ​ស្មោះ​ត្រង់ ។

ជា​ប្រតិកម្មតប អ្នក​នាំ​ពាក្យនៃ​ប្រធានព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង ​របស់អ្នកនាំពាក្យ​នៃ​​ក្រសួង​ការ​បរទេស​ថៃ ​ដែល​ថា​ការ​លេច​ធ្លាយកិច្ច​សន្ទនា​​នោះ​បាន​បំពាន​ក្រមសីលធម៌​​​​​​​​​​​​​​ការទូត ។ លោក ជា ធីរិទ្ធ បញ្ជាក់​ថា ​ការ​ផ្ទុះ​ឡើង​នូវ​ភាព​តានតឹង​ទាក់ទង​នឹងបញ្ហា​​ព្រំដែន គឺភាគីថៃខ្លួន​ឯងជា​អ្នក​បង្ក ។

ទាក់ទិន​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត ​ហុង វ​ណ្ណៈ យល់​ឃើញ​ថា ការ​ដាក់​សម្ពាធ​លើ​គ្នាទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ ពាណិជ្ជកម្ម​និង​ពាណិជ្ជកម្ម និង​កាន់​តែ​បង្កើន​ភាព​តានតឹង​ផ្នែក​នយោបាយ​បន្ថែម​ទៀត គឺ​ប៉ះពាល់​ទាំង​សងខាង ៕

ផ្សាយពាណិជ្ជកម្ម

47 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ