សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កងទ័ព​ថៃ​ត្រូវ​បាន​ចោទ​ពីការធ្វើទុក្ខបុកម្នេញលើ​ផ្លូវចិត្តពលរដ្ឋខ្មែរ ខណៈ​​​ភាព​តានតឹង​​​កើន​ឡើង​នៅខេត្ត​បន្ទាយមានជ័យ

អ្នក​ភូមិ​ព្រៃចាន់​ដែល​ត្រូវ​បាន​កម្លាំង​ថៃ​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា មិន​អាច​គេង​ក្នុង​តង់​របស់​ពួក​គេ​នៅ​ភូមិ​ព្រៃចាន់​បានស្រួល​ទេ ដោយសារ​តែភាគី​ថៃ​បាន​ចាក់​​សំឡេង​ដ៏​គួរ​ឱ្យខ្លាច​នៅ​ពេល​យប់​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន​ សូវៀត)
អ្នក​ភូមិ​ព្រៃចាន់​ដែល​ត្រូវ​បាន​កម្លាំង​ថៃ​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា មិន​អាច​គេង​ក្នុង​តង់​របស់​ពួក​គេ​នៅ​ភូមិ​ព្រៃចាន់​បានស្រួល​ទេ ដោយសារ​តែភាគី​ថៃ​បាន​ចាក់​​សំឡេង​ដ៏​គួរ​ឱ្យខ្លាច​នៅ​ពេល​យប់​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន​ សូវៀត)

ទាហាន​ថៃ​បាន​បន្ត​ឈូស​ឆាយ​ដី​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ចាក់សំឡេង​ខ្មោចលង ឆ្កែលូ ដ៏ព្រឺព្រួចនៅ​ពេល​យប់ ដែល​បណ្តាល​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​បញ្ហា​សុខភាពដល់អ្នកភូមិ ដែលករណីនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំភិត​បំភ័យ​ផ្លូវចិត្ត​ដែល​បំពាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។

នៅ​​ប្រហែលម៉ោង ១១ព្រឹកថ្ងៃ​ចន្ទ ទាហាន​ថៃ​ប្រមាណ ២០ ទៅ ៣០នាក់​បាន​មក​ដល់​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ដោយនាំមក​ជាមួយ​នូវ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​មួយគ្រឿង។ នេះ​បើ​យោង​តាម​សាក្សី​នៅ​នឹង​កន្លែង ​និង​មន្ត្រី​រដ្ឋាភិបាល។

អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា ថា ទាហាន​ថៃ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ដី​ដែល​ពួក​គេ​បាន​ដាក់​​បន្លា​លួសព័ទ្ធយកកាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា។

លោក​បាន​បន្ថែម​ថា ពួក​គេ​បាន​ចាក់​សំឡេងបែប​លង​បន្លាច​ និង​សំឡេង​ខ្មោច​យ៉ាង​ខ្លាំង​នៅ​ពេល​យប់ ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​ភ្ញាក់​ពី​ដំណេក​ និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ។

លោក សុវណ្ណារិទ្ធ បាន​ថ្លែង​ថា​៖ «ឥឡូវ​នេះ ពួក​គេ​កំពុង​ឈូស​ឆាយ​ដី​ម្ដង​ទៀត ហើយ​យើង​មិន​ឃើញ​មាន​បន្លាលួស​ទេ ប៉ុន្តែ​យើង​អាច​ឃើញ​ថា ពួក​គេ​កំពុង​ដំឡើង​ការ​តភ្ជាប់​អ៊ីនធឺណិត​និង​កាមេរ៉ា​ដើម្បី​សង្កេត​មើល​ប្រជាពលរដ្ឋ​របស់​យើង»។

លោក វីរយុទ្ធ រ៉ាក់ស៊ីន​( Weerayut Raksin) មេបញ្ជាការ​យោធភូមិ​ភាគ​ទី២របស់​ប្រទេស​ថៃ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ថ្លែង​ថា កងកម្លាំង​របស់​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ការពារ​ទឹកដីគ្រប់​ពេលវេលា ដោយ​ប្តេជ្ញា​ថា​នឹង «ការពារទឹកដី​គ្រប់​អ៊ីញ​» និង «ទាមទារ​យក»​ប្រាសាទ​តា​ក្របី​និង​ប្រាសាទខ្នារ​មក​វិញ។

ស្របពេលជាមួយគ្នានេះ កិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ដែល​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១២ ខែ​តុលា នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​ភាគី​ថៃ​មិន​បាន​ចូលរួម។ នេះបើយោងតាម​អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ។​

នៅពេលដែលអ្នកសារព័ត៌មានកំពុងសរសេរអត្ថបទនេះ អ្ន​ក​ភូមិ​ព្រៃចាន់​ម្នាក់​ឈ្មោះ ហ៊ុល ម៉ាលីស បាន​ប្រាប់​ថា ទាហាន​ថៃ​កំពុង​ឈូស​ឆាយ​ដី​នៅ​ក្នុង​ភូមិ​របស់​គាត់។

អ្នកស្រីបានលើកឡើងថានៅ​ពេល​យប់ ពួក​គេ​ចាក់​ភ្លេងរំខាន​ដល់​អ្នក​ភូមិ ដែល​បណ្តាល​ឱ្យ​អ្នកភូមិ​គេងមិនបាន ប៉ះពាល់ដល់ការ​គេង​ និងជួប​បញ្ហា​សុខភាពនានា ដូច​ជា​ឈឺ​ទ្រូង ក្តៅ​ខ្លួន​និង​ជំងឺ​ផ្លូវចិត្តផងដែរ។

តាមការឱ្យដឹងពីអ្នកភូមិរូបនេះ ទាហាន​ថៃ​ចាក់​សំឡេង​នៅ​ចន្លោះ​ម៉ោង១០យប់​ដល់​ម៉ោង៣ទៀប​ភ្លឺ ហើយ​នៅ​ថ្ងៃ​ខ្លះ​វា​បន្ត​ពេញ​មួយ​យប់ ទោះ​បី​ជា​អាជ្ញាធរ​រួម​ទាំង​មន្ត្រី​ក្រសួង​ និង​អ្នកព័ត៌មាន​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​ក៏​ដោយ។ សំឡេង​ទាំង​នោះ​រួម​មាន សំឡេង​ឧទ្ធម្ភាគចក្រ​ហោះ សំឡេង​ឆ្កែ​លូ ​និង​សំឡេង​ស្ត្រី​ស្រែកជាដើម។

អ្នកស្រី ម៉ាលីស ​បាន​និយាយ​ថា​៖ «សំឡេង​នេះ​បង្ក​គ្រោះថ្នាក់ណាស់​ជា​ពិសេស​ដល់​កុមារ​និង​មនុស្ស​ចាស់ ដែល​ងាយ​នឹង​ភ័យ​ខ្លាច​និង​ឆាប់គ្រុន ព្រោះ​ពួក​គេ​មិន​អាច​គេង​លក់​ស្រួលឡើយ ឬ​ពេលខ្លះខ្លាចទាំងគេងទៀត។ សំឡេងនេះ​ហ្នឹងរំខាន​ខ្លាំង​ណាស់​នៅ​ពេល​យប់ ហើយ​វា​លឺខ្លាំង [ព្រោះថា​វា​នៅ] ខាង​មុខ​ផ្ទះ​របស់​ខ្ញុំ។ មនុស្ស​ចាស់ដូចខ្ញុំ ​មិន​អាច​គេង​លក់​ទេ ប៉ុន្តែ​ខ្ញុំទម្លាប់ហើយ អ៊ីចឹង​មិន​រត់​ចេញទៅណា​ទេ»

ទាហាន​ថៃ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​លើ​ទឹកដី​កម្ពុជា​ក្នុង​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

សារព័ត៌មាន​មួយរបស់ថៃ​បាន​រាយការណ៍​ថា យោធភូមិភាគី១របស់​ថៃ​គ្រោង​នឹង​ដោះ​មីន​នៅ​ភូមិ​បាន​ណងចាន់​និង​ភូមិ​បាន​ណងយ៉ាកែវ ដែល​កម្ពុជា​កំណត់​ថា​ជា​ភូមិ​ជោគ​ជ័យ​និង​ភូមិព្រៃចាន់​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

ភូមិ​ព្រៃចាន់​ស្ថិត​នៅ​ទល់​មុខ​ភូមិ​ណងយ៉ាកែវ​ក្នុង​ប្រទេស​ថៃ ខណៈ​ភូមិ​មាន​ជម្លោះ​មួយ​ទៀត​គឺ​ភូមិ​ជោគ​ជ័យ​ស្ថិត​នៅ​ទល់​មុខ​ភូមិបាន​ណងចាន់​របស់​ប្រទេស​ថៃ។

កាល​ពី​ថ្ងៃ​ទី១១ ខែ​តុលា មន្ត្រី​មក​ពី​ក្រសួង​ការពារ​ជាតិ​និង​អនុព័ន្ធយោធា​មក​ពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) បាន​ទៅមើល​ភូមិ​ជោគជ័យ​ និង​ភូមិ​ព្រៃចាន់ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ផ្ទៀងផ្ទាត់​ជុំវិញការរាយការណ៍​ថាថៃបានប្រើ​ឧបករណ៍​បំពង​សំឡេង​ដោយ​ចាក់​សំឡេង​ដ៏​គួរ​ឱ្យ​ខ្លាច​នៅ​ពេល​យប់។

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ យី ភឿក បាន​និយាយ​អំពី​ការ​ភ័យ​ខ្លាច ​និង​ការ​គេង​មិន​លក់​របស់​គាត់ នៅ​ពេល​ដែល​គាត់​ព្យាយាម​គេង ​និង​ចេញដើររកម្ហូបនៅ​ពេល​យប់​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​គាត់។

លោក ភឿក ​បាន​និយាយ​ថា​៖ «ខ្ញុំ​តែង​តែ​ខ្លាច​ខ្មោច។ បេះដូង​ខ្ញុំ​លោត​ញាប់​ខ្លាំង​ណាស់​ពេល​ឮ​សំឡេង [គួរ​ឱ្យ​ខ្លាច]ហ្នឹង។ ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​រក​កង្កែប​ ឬ​ត្រី​នៅ​ពេល​យប់​ទេ»។

កាល​ពី​ថ្ងៃ​អាទិត្យ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ​និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ទាំងស្រុង។

លោក​បាន​ថ្លែង​នៅ​ទីក្រុង​កូឡាឡាំពួរ​ថា​៖ «កម្ពុជា​គ្មាន​ចេតនា​ទាមទារ​អ្វី​ដែល​មិន​មែន​ជា​របស់​យើង​ទេ ប៉ុន្តែ​យើង​ក៏នឹង​មិន​ទទួល​យក​ការ​បាត់បង់​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ដោយ​ស្រប​ច្បាប់​ឡើយ។ យើង​ស្វែង​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ មិន​លម្អៀង​ និង​ផ្អែក​លើ​ច្បាប់ ដែល​អាច​ធានា​បាន​នូវ​សន្តិភាព​យូរ​អង្វែង​សម្រាប់​ប្រជាជន​របស់​យើង»

ថ្មីៗនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធថៃ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា–ថៃ។

​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ស៊ើប​អង្កេត​លើ​ឧប្បត្តិហេតុ​ដែល​បាន​រាយការណ៍​ និង​ធានា​ឱ្យមានការទទួលខុសត្រូវ ខណៈ​ពេល​ដែល​ទាមទារ​ឱ្យ​បញ្ឈប់​គ្រប់សកម្មភាពបំភិត​បំភ័យ​ផ្លូវចិត្ត​លើ​ជន​ស៊ីវិល​កម្ពុជា​ជា​បន្ទាន់។

ស្ថាប័ននេះក៏​បាន​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ ​និង​ផ្លូវចិត្ត​ដល់​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់ និង​លើក​ទឹកចិត្តក្នុងការពង្រឹង​កិច្ច​សន្ទនា​តាមព្រំដែន​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​កើត​ឡើង​វិញនូវភាពតានតឹង និង​លើក​កម្ពស់​ស្មារតី​នៃ​បទ​ឈប់​បាញ់។

ទាហាន​ថៃ​ឈរ​កាន់​កាំភ្លើង​នៅ​លើ​ទឹកដី​កម្ពុជា​យាម​បន្លាលួស​​​ក្នុង​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន សូវៀត​)

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នោះ សមាជិក​ព្រឹទ្ធសភា​ថៃ Angkhana Neelapaiji បាន​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោកស្រី​គួរ​បាន​ដឹង​ពី «សកម្មភាព​ណា​មួយ​ដែល​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ឬ​ប៉ះពាល់​ដល់​សុខុមាលភាព​ផ្លូវចិត្ត​របស់​ជន​ស៊ីវិល ទាំងអ្នកដែលក្នុង​តំបន់​ជម្លោះ ជា​ពិសេស​ក្រុម​ដែល​ងាយ​រងគ្រោះ អាច​បង្កើត​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​ក្រោម​អនុសញ្ញា CAT (គណៈកម្មាធិការប្រឆាំងទារុណកម្ម) ដែល​​ថៃ​ជាប្រទេសហត្ថលេខីមួយ»។ លោក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​ចង់ឮ​ពី​រដ្ឋាភិបាល​ថានឹង​បញ្ជាក់​បញ្ហា​នេះ​នៅ​លើ​ឆាក​អន្តរជាតិដោយរបៀបណា»

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ព្រំដែន​កម្ពុជា–ថៃ បាន​បញ្ចប់​ដោយ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី៧ ខែ​សីហា ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​អនុវត្ត​ចំនួន១៣ចំណុច​បន្ថែម​ទៀត។

លោក វ៉ុលកឺ ធួក (Volker Türk) នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ប្រទេស​ថៃ​ដែល​បាន​ឃុំ​ខ្លួន​ទាហាន​កម្ពុជា គួរ​តែ​គោរព​តាម​ច្បាប់​អន្តរជាតិ​ដោយ​បញ្ជាក់​ថា​យោធាកម្ពុជា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ ត្រូវតែទទួលបានការយកចិត្តទុកដាក់​ដោយ​អនុលោម​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ​និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែល​មានជាធរមាន។

លោកបាន​ជំរុញ​ឱ្យ​កម្ពុជា​និង​ថៃ «គោរព​ឱ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀងបទ​ឈប់​បាញ់​និង​ចាត់​វិធានការ​ដើម្បី​ធានា​ការ​ការពារ​ជន​ស៊ីវិល»។ លោក​បាន​បញ្ជាក់​ថា ការិយាល័យ​របស់​លោក​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​ទាំង​ពីរ​និង​លើក​កម្ពស់​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​ពួក​គេ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោកស្រី ម៉ាលី សុជាតា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពី​ស្ថានការណ៍​នេះ​ទេ។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ក្នុង​ជម្លោះ​ព្រំដែន​នេះជាបន្តបន្ទាប់ ហើយក៏ដូចជា​ចាត់​វិធានការ​ការទូត​បន្ថែម​ទៀត​តាម​រយៈ​ក្រសួង​ការបរទេស ​និង​ភ្នាក់ងារ​រដ្ឋាភិបាល។

លោក បូណា បាន​ថ្លែង​ថា​៖ «អ្វី​ដែល​យើង​បាន​ធ្វើ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​រួច​ហើយ។ យើង​បាន​ដាក់​ពាក្យ​បណ្ដឹង ហើយ​យើង​បាន​ជជែក​វែកញែក[​តាម​រយៈ​យន្តការ​]ជា​ច្រើន។ យើង​ផ្សព្វផ្សាយ​តែ​អ្វី​ដែល​យើង​បាន​ធ្វើ​ប៉ុណ្ណោះ។ យើង​មិន​អាច​ចែក​រំលែកសកម្មភាព​បន្ទាប់​នៅ​ពេល​នេះ​ទេ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Troops Accused of Psychological Harassment as Border Tensions Escalate in Banteay Meanchey

670 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម