សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ថៃបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា និងកោះហៅ​ឯកអគ្គរដ្ឋទូតត្រឡប់ទៅវិញ Breaking

យោធា​ថៃបាន​បិទទ្វារ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល ដែល​បាន​កំណត់​ពេល​វេលា​ជា​ថ្មី​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន នៅថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ព្រីង សំរាំង)
យោធា​ថៃបាន​បិទទ្វារ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល ដែល​បាន​កំណត់​ពេល​វេលា​ជា​ថ្មី​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន នៅថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៣ ខែកក្កដា ៖ ប្រទេសថៃបានបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយបានកោះហៅឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជាត្រឡប់ទៅវិញ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះគ្រាប់មីនមួយផ្សេងទៀតដែលបណ្តាលឱ្យទាហានថៃម្នាក់ដាច់ជើង នៅរសៀលថ្ងៃពុធនេះ ខណៈដែលយោធាជួរមុខកំពុងតែប្រឈមនឹងភាពតានតឹងតាមព្រំដែនបានខ្លាំងឡើង។ យោងតាមការផ្សាយរបស់ Khaosod English

ទំនាក់ទំនង​កម្ពុជា​-​ថៃ​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​នៅ​ថ្ងៃទី​២៣ ខែកក្កដា បន្ទាប់ពី​ទាហាន​ល្បាត​ម្នាក់​បាន​ជាន់​មីន​ដាច់​ជើង​ក្នុង​ឧប្បត្តិហេតុ​ចុងក្រោយ​នៅ​តាម​ព្រំដែន​ដែលមាន​ជម្លោះ។ យោធាថៃបានឆ្លើយតបដោយការបិទប្រាសាទបុរាណចំនួនពីរនៅក្នុងតំបន់ប្រកួតប្រជែង និងបិទច្រកព្រំដែនចំនួនបួន ខណៈដែលនាយករដ្ឋមន្រ្តីថៃស្តីទី Phumtham Wechayachai ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ បានបញ្ជាឱ្យបន្ថយកម្រិតការទូតជាមួយកម្ពុជា។

លោក Phumtham មានប្រសាសន៍ថា៖ «រដ្ឋាភិបាលបានសម្រេចឱ្យឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រឡប់ទៅកាន់ប្រទេសថៃវិញ ហើយបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឱ្យត្រឡប់ទៅប្រទេសរបស់គាត់វិញផងដែរ។ យើងនឹងពិចារណាកម្រិតនៃទំនាក់ទំនងបន្ថែមទៀត»

លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា បានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ

ក្រសួងការពារជាតិ សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃចៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។

វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

សារព័ត៌មានខេមបូចាធ្វើបច្ចុប្បន្នភាពនៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥

108 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម