ប្រទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាដើម្បីតវ៉ាជាផ្លូវការ បន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចែករំលែកជាសាធារណៈនូវសំឡេងសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃដែលពិភាក្សាអំពីវិវាទព្រំដែន។
ការកោះហៅនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បន្ទាប់ពីគណបក្សដៃគូដ៏សំខាន់មួយបានចាកចេញពីរដ្ឋាភិបាលចម្រុះកាលពីយប់ថ្ងៃពុធ ត្រឹមតែប៉ុន្មានម៉ោងក្រោយពីលោកស្រីត្រូវបានគេដឹងថាបាននិយាយបន្ទាបជំហររបស់ឧត្តមសេនីយ៍ម្នាក់នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា។ ការសន្ទនាតាមទូរសព្ទកាលពីថ្ងៃទី១៥ ខែមិថុនា គឺត្រូវបានលោក ហ៊ុន សែន បានបង្ហោះលើកហ្វេសប៊ុកឡើងវិញ។
ប្រឈមមុខនឹងការអំពាវនាវរបស់បក្សប្រឆាំងឱ្យលាលែងពីតំណែង និងរំលាយសភា លោកស្រី ផែថងថាន បានកោះហៅជួបជាបន្ទាន់ជាមួយមេដឹកនាំយោធានៅព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលចេញលិខិតសុំទោសជាសាធារណៈជាមួយពួកគេ។
លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំសូមអភ័យទោសចំពោះការលេចធ្លាយសំឡេងនៃការសន្ទនារបស់ខ្ញុំជាមួយមេដឹកនាំកម្ពុជា ដែលបានបង្កការអាក់អន់ចិត្តជាសាធារណៈ»។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikorndej Balankura បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយផ្សេងទៀតថា ការលេចធ្លាយគឺជា «ការប្រព្រឹត្តដែលមិនអាចទទួលយកបានរវាងរដ្ឋ» ដែលបំផ្លាញបទដ្ឋានការទូត និង «ស្មារតីនៃអ្នកជិតខាងដ៏ល្អ»។
លោកបានបន្ថែមថា ឧបទ្ទវហេតុនេះបានធ្វើឱ្យខូចដល់ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងមេដឹកនាំប្រទេសទាំងពីរ និងរារាំងយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីដោះស្រាយជម្លោះដោយស្មោះត្រង់។
ក្រសួងការបរទេសកម្ពុជា និងស្ថានទូតរបស់ខ្លួននៅទីក្រុងបាងកក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់ក្រសួងការបរទេសថៃដែលថាការសន្ទនាលេចធ្លាយនោះបានបំពានក្រមសីលធម៌ការទូត និងថា ការផ្ទុះឡើងនៃភាពតានតឹងទាក់ទងនឹងព្រំដែនគឺមកពីភាគីថៃ។
លោកលើកជាសំណួរថា៖ «តើនរណាបំពានក្រមសីលធម៌ការទូតមុន? តើអ្នកណាបាញ់សម្លាប់ទាហានខ្មែរមុន? តើអ្នកណាបិទព្រំដែនដោយឯកតោភាគី? តើនេះជាក្រមសីលធម៌ឬ? តើនេះជាកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសជិតខាងមែនទេ?»។
លោកបានបន្ថែមថា៖ «ពួកគេបានចាប់ផ្តើមឡើងទាំងអស់ដោយខ្លួនឯង។ ខ្ញុំគិតថាការថ្លែងរបស់អ្នកនាំពាក្យគឺនៅដូចកូនក្មេង និងគួរឲ្យខ្មាស់»។
ចាប់តាំងពីការប៉ះទង្គិចគ្នានៅជិតតំបន់ព្រំដែន ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា បានបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់។ ទាំងនោះរួមមានការរឹតបន្តឹងនៅច្រកទ្ធារព្រំដែន ការកាត់ទូរគមនាគមន៍ ការហាមឃាត់ទំនិញកសិកម្មរបស់ថៃ និងការអំពាវនាវឲ្យពលករចំណាកស្រុកកម្ពុជាត្រឡប់មកវិញ។
ប្រទេសថៃក៏បានថ្កោលទោសចំពោះចំណាត់ការនាពេលថ្មីៗនេះរបស់កម្ពុជាក្នុងការយកតំបន់ជម្លោះចំនួនបួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយហៅវាថាជាការកើនឡើង។

រដ្ឋាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទ
រដ្ឋាភិបាលថៃរបស់លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រា បានប្រឈមនឹងមានភាពទន់ខ្សោយកាន់តែខ្លាំង បន្ទាប់ពីដៃគូសំខាន់មួយបានចាកចេញពីរដ្ឋាភិបាលចម្រុះកាលពីយប់មិញ ពោលគឺប៉ុន្មានម៉ោងក្រោយមានការបែកធ្លាយសំឡេងសន្ទនាគ្នាតាមទូរសព្ទរវាងលោកស្រី និងអតីតមេដឹកនាំកម្ពុជា ដែលក្នុងពេលនោះលោកស្រីបាននិយាយបន្ទាបជំហររបស់ឧត្តមសេនីយ៍ថៃម្នាក់។
គណបក្សភូមិចៃថៃ (Bhumjaithai Party) ដែលជាគណបក្សធំទីពីរនៅក្នុងសម្ព័ន្ធភាពដែលមានអាសនៈចំនួន៦៩ បាននិយាយថា ពួកគេបានកំពុងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះក្រោយមានការបែកធ្លាយនូវសំឡេងនិយាយគ្នាតាមទូសព្ទ ដែលត្រូវបានបង្ហោះឡើងវិញកាលពីថ្ងៃពុធដោយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជាលោក ហ៊ុន សែន ខណៈភាពតានតឹងតាមព្រំដែនបន្តកើនឡើង។
សំឡេងសន្ទនាតាមទូរសព្ទនេះមានការកត់សម្គាល់ពីបណ្តាញព័ត៌មានដែលគាំទ្ររដ្ឋាភិបាល Fresh News ដែលបានចុះផ្សាយនៅពេលដូចគ្នា។
លោកស្រី ផែថងថាន បានទៅវិមានរដ្ឋាភិបាលដូចធម្មតានៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលពលរដ្ឋថៃកាន់តែច្រើនបានចាប់ផ្តើមអំពាវនាវឱ្យលោកស្រីលាលែងពីដំណែង និងរំលាយសភា។ ប្រព័ន្ធផ្សព្វផ្សាយថៃបាននិយាយថា ផ្លូវជុំវិញតំបន់នេះត្រូវបានបិទដោយសារតែការតវ៉ា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃបានរាយការណ៍ថា នៅខាងក្នុងវិមានរដ្ឋាភិបាល លោកស្រី ផែថងថាន បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីផ្សេងទៀត ដើម្បីពិភាក្សាអំពីការបិទព្រំដែនកម្ពុជា-ថៃ។ ច្រកព្រំដែនមួយចំនួនបានកាត់បន្ថយពេលវេលាបើកបិទរួចទៅហើយ ហើយការបិទព្រំដែនទាំងស្រុងអាចធ្វើឱ្យស្ថានការណ៍តានតឹងកាន់តែអាក្រក់ជាងនេះ។
នៅក្នុងសារបែកធ្លាយលោកស្រីផែថងថាន បានទទួលស្គាល់ថាលោកស្រីកំពុងប្រឈមនឹងសម្ពាធនៅក្នុងប្រទេស បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងភាគីកម្ពុជានឹងថៃកាលពីថ្ងៃទី២៨ ខែឧសភា។ លោកស្រី បានទទូចប្រាប់លោក ហ៊ុន សែន ថាកុំឱ្យយកចិត្តទុកដាក់នឹង«ភាគីផ្សេងទៀត» នៅក្នុងប្រទេសថៃ ដែលអ្នកស្រីសំដៅដល់ឧត្តមសេនីយ៍ដែលបញ្ជាទ័ពនៅព្រំដែនជាមួយកម្ពុជា។
មេដឹកនាំបក្សប្រឆាំង លោក Prawit Wongsuwan ដែលធ្លាប់ជាឥស្សរជនកំពូលទីពីរបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ របស់ប្រទេសថៃ បានរិះគន់ការអត្ថាធិប្បាយរបស់លោកស្រី ផែថងថាន ។ លោកបានមានប្រសាសន៍ថា សំដីទាំងនោះ «ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនថៃទាំងអស់» និងធ្វើឲ្យប្រទេសថៃមើលទៅទន់ខ្សោយក្នុងការចរចាព្រំដែន។ លោកបន្ថែមថា គណបក្សរបស់លោកគាំទ្រយ៉ាងពេញទំហឹងដល់ប្រជាជន និងយោធាថៃ។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ភាពតានតឹងរវាងគ្រួសារស៊ីណាវ៉ាត្រា និងមេដឹកនាំយោធារាជានិយមរបស់ថៃ បានក្លាយជាធាតុសំខាន់ប៉ះពាល់ដល់ទិដ្ឋភាពនយោបាយរបស់ប្រទេសនេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាឪពុករបស់ លោកស្រី ផែថងថាន ត្រូវបានដកចេញពីអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦ ហើយក្រោយមកត្រូវបានគេរកឃើញថាមានទោសពីបទពុករលួយខណៈពេលដែលគាត់កំពុងរស់នៅក្រៅប្រទេស។ ចលនានយោបាយរបស់លោកដែលបច្ចុប្បន្នដឹកនាំដោយគណបក្សភឿថៃ បានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយមេដឹកនាំអភិរក្សនិយម ដែលមើលឃើញប្រជាប្រិយភាពរបស់ក្រុមគ្រួសារថាជាការគំរាមកំហែងដល់ប្រព័ន្ធអំណាចប្រពៃណីរបស់ប្រទេស។
លោក Zachary Abuza អ្នកជំនាញអាស៊ីអាគ្នេយ៍ និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ National War College ក្នុងទីក្រុង Washington DC បានថ្លែងថា៖ «ពេលណាដែលពួកគេមានឱកាសធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រីចុះខ្សោយ ពួកគេក៏មិនខកខានធ្វើវាឡើយ។ លោកស្រីបានទម្លាក់រឿងលើឧត្តមសេនីយឯកម្នាក់ ដោយដាក់ទំនួលខុសត្រូវលើគាត់ ហើយរឿងនោះប្រជាជននឹងមិនភ្លេចទេ»។ លោកបន្តថា លោកគិតថានាយករដ្ឋមន្រ្តីរូបនេះនឹងមិនអាចរួចផុតពីវិបត្តិបែកធ្លាយកិច្ចសន្ទនានេះទេ។
លោកបន្ថែមថា៖ «សូម្បីតែមុនពេលមានការលេចធ្លាយនេះ មេដឹកនាំយោធា និងរាជានិយមរបស់ថៃ បានខិតខំបំផ្លាញកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឪពុករបស់លោកស្រីត្រឡប់ពីការនិរទេសវិញក្នុងខែសីហា ឆ្នាំ២០២៣»។
នៅក្នុងសំឡេងហៅទូរស័ព្ទនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីបើកម៉ោងធ្វើការនៅច្រកព្រំដែនឱ្យធម្មតាវិញបន្ទាប់ពីថៃបានកាត់បន្ថយម៉ោងនៅចំណុចខ្លះៗកាលពីសប្ដាហ៍មុន។
កម្ពុជាបានឆ្លើយតបដោយការបិទច្រកទ្វារអន្តរជាតិ បញ្ឈប់ការនាំចូលបន្លែ និងផ្លែឈើថៃ ហាមឃាត់ភាពយន្តថៃ និងការប្រកួតប្រដាល់ពាក់ព័ន្ធនឹងអ្នកប្រដាល់ថៃ និងកាត់ផ្តាច់សេវាអ៊ីនធឺណិតជាមួយថៃ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោកស្រី ផែថងថាន បានទទួលស្គាល់ថាសំឡេងសន្ទនានោះពិតជារបស់លោកស្រីមែនដោយហៅវាថាជា«ការចរចានៅខាងក្រោយឆាក» ដែលមិនគួរត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។ លោកស្រីបានចោទលោក ហ៊ុន សែន ថាបានបញ្ចេញសារបែកធ្លាយដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ទោះបីវាប៉ះពាល់ដល់ទំនាក់ទំនងការទូតក៏ដោយ។
លោកស្រីបាននិយាយថា៖ «ឥឡូវនេះវាច្បាស់ណាស់ថាគោលបំណងពិតប្រាកដរបស់គាត់គឺដើម្បីបង្កើនប្រជាប្រិយភាពរបស់គាត់នៅក្នុងប្រទេសរបស់គាត់ដោយមិនគិតពីផលប៉ះពាល់លើទំនាក់ទំនងអន្តរជាតិ» ។
លោក ហ៊ុន សែន បានឆ្លើយតបតាមរយៈលើហ្វេសប៊ុក ដោយនិយាយថា លោកបានចែករំលែកសំឡេងនោះជាមួយមន្រ្តីកម្ពុជាប្រហែល៨០នាក់។ លោកបានសន្និដ្ឋានថា ការលេចធ្លាយនេះអាចបណ្តាលមកពី«មាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ»។
ទំនាក់ទំនងរវាងគ្រួសារអ្នកនយោបាយទាំងពីរមានភាពជិតស្និទ្ធជាប្រពៃណី។ លោក ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានមើលឃើញថាជាដៃគូនយោបាយក្នុងអំឡុងពេលពួកគេធ្វើជានាយករដ្ឋមន្ត្រី។ ទំនាក់ទំនងនេះធ្លាប់ជាប្រធានបទនៃការរិះគន់ពីក្រុមជាតិនិយម និងក្រុមប្រឆាំងនៅប្រទេសទាំងពីរ។
កូនរបស់ពួកគេបន្តដំណើរនយោបាយរបស់ឪពុកដោយលោក ហ៊ុន សែន បានប្រគល់អំណាចឱ្យកូនប្រុសរបស់ខ្លួន លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣ ខណៈដែលលោកស្រី ផែថងថាន បានកាន់មុខងារជាប្រធានគណបក្សភឿថៃដែលគណបក្សថ្មីដែលជាកេរ្តិ៍របស់ឪពុកលោកស្រីកាលពីឆ្នាំមុន។
«លោក ហ៊ុន សែន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយអ្នកទាំងពីរបានទទួលផលប្រយោជន៍ពីទំនាក់ទំនងនោះ»។ នេះជាការលើកឡើងរបស់លោក Abuza។ លោកបានបន្តថា៖ «ប៉ុន្តែឥឡូវនេះ គ្រួសារស៊ីណាវ៉ាត្រា មិនមានអ្វីច្រើនដូចមុនសម្រាប់ផ្តល់ឱ្យទៀតទេ ព្រោះកម្ពុជា បានអភិវឌ្ឍឡើង និងមិនសូវពឹងផ្អែកលើការវិនិយោគពីថៃទៀតទេ។ អាទិភាពសំខាន់បច្ចុប្បន្នរបស់លោក ហ៊ុន សែន គឺការពង្រឹងអំណាចសម្រាប់កូនប្រុសរបស់លោក»។
លោក ហ៊ុន ម៉ាណែត ភាគច្រើនរក្សាភាពស្ងៀមស្ងាត់ចំពោះរឿងចម្រូងចម្រាសលើការបង្ហោះរបស់ឪពុកខ្លួន ដោយគ្រាន់តែចែករំលែកវាបន្តនៅលើហ្វេសប៊ុករបស់លោកប៉ុណ្ណោះ។
ខណៈភាពតានតឹងប៉ះពាល់ដល់នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ អារម្មណ៍ជាតិនិយមបានកើនឡើងនៅក្នុងប្រទេសទាំងពីរ។ នៅកម្ពុជា មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ដើម្បីបង្ហាញការគាំទ្រចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ស្ថានភាពនៅព្រំដែននៅតែតានតឹង ហើយកងទ័ពកំពុងនៅក្នុងសភាពប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនគ្រប់ពេល។
លោក Abuza បានបន្ថែមថា៖ «ខ្ញុំគិតថាមិនមានភាគីណាមួយចង់ឱ្យមានការប្រឈមផ្នែកយោធាកើនឡើងទេ។ វាមិនមានប្រយោជន៍អ្វីច្រើនសម្រាប់ភាគីណាមួយឡើយ»៕
នារសៀលថ្ងៃទី១៩ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានចេញមកសុំទោសជាសាធារណៈ ចំពោះករណីបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ជាមួយអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នាយករដ្ឋមន្ត្រីរូបនេះ ក៏បានបញ្ជាក់ថា ការបែកធ្លាយនេះ បានគំរាមកំហែងដល់សន្តិសុខជាតិថៃ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ថា៖ «ខ្ញុំសូមទោសបងប្អូនជនរួមជាតិថៃទាំងអស់គ្នា ចំពោះករណីបែកធ្លាយសំឡេងនៃការសន្ទនារបស់ខ្ញុំជាមួយមេដឹកនាំកម្ពុជា។ ខ្ញុំពិតជាមិនបានដឹងថានឹងមានការថតទុក និងផ្សព្វផ្សាយបែបនេះទេ។ ឥឡូវនេះ យើងបានបំភ្លឺបញ្ហានេះ ជាមួយកងកម្លាំងប្រដាប់អាវុធរួចហើយ»។
នាយករដ្ឋមន្ត្រីថៃ បានលើកឡើងទៀតថា៖ «នេះជាពេលវេលា ដែលយើងត្រូវសហការ និងពង្រឹងកម្លាំងរបស់យើង។ គ្រប់ភាគីបានសន្និដ្ឋានថា នេះគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយមិនមែនជាការគំរាមកំហែងតូចតាចនោះទេ។ ថ្ងៃនេះ យើងគ្មានពេលឈ្លោះគ្នាបែបនេះទេ។ យើងត្រូវការពារអធិបតេយ្យភាពរបស់យើង»។
សូមជម្រាបជូនថា ក្រោយករណីបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃធ្លាក់ចូលក្នុងវិបត្តិ។ គណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំលោកស្រី ផែថងថាន បានប្រកាសដកខ្លួន ខណៈរដ្ឋមន្ត្រីមួយចំនួនបានដាក់ពាក្យលាឈប់ពីតំណែងជាបន្តបន្ទាប់រហូតមកដល់ព្រឹកនេះ។
គណបក្សប្រឆាំងវិញ បានទាមទារ និងជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ រំលាយសភាថៃ និងចុះចេញពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវផ្នែកនយោបាយ។ ចំណែកឯ គណៈកម្មាធិការព្រឹទ្ធសភាថៃវិញ បានចាត់ទុកការសន្ទនារបស់នាយករដ្ឋមន្ត្រីថៃ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងសំឡេងដែលបែកធ្លាយ ប៉ះពាល់ដល់សន្តិសុខជាតិ និងបំផ្លាញទំនុកចិត្តសាធារណជនថៃ។ បន្ថែមពីនេះ គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកក្រមសីលធម៌នយោបាយ នឹងប្ដឹងទៅតុលាការកំពូល និងគណៈកម្មការប្រឆាំងអំពើពុករលួយ ឱ្យដកតំណែងនាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងរឿងនេះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Summons Cambodian Ambassador Over Call Leak, Hun Sen’s Spokesperson Hits Back and Leaked Call Shakes Thai PM’s Coalition Amid Rising Border Tensions













