សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពល​រដ្ឋថៃប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្មនៅមុខស្ថានទូតខ្មែរនៅ​បាងកក ស្របពេលភាគីទាំងពីរកំពុង​ចរចាបន្ថយភាពតានតឹង

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជាលោក ទៀ សីហា និង​រដ្ឋមន្ត្រីការពារ​ជាតិ​ថៃ លោក Phumtham Wechayachai ជួប​គ្នា​នៅ​ខេត្ត​ស្រះកែវ​ប្រទេសថៃ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​ពិភាក្សា​អំពីស្ថានភាពជម្លោះ។ (រូបភាព​ផ្សាយ​លើ​ហ្វេស​ប៊ុក​លោក ទៀ សីហា)​
រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជាលោក ទៀ សីហា និង​រដ្ឋមន្ត្រីការពារ​ជាតិ​ថៃ លោក Phumtham Wechayachai ជួប​គ្នា​នៅ​ខេត្ត​ស្រះកែវ​ប្រទេសថៃ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​ពិភាក្សា​អំពីស្ថានភាពជម្លោះ។ (រូបភាព​ផ្សាយ​លើ​ហ្វេស​ប៊ុក​លោក ទៀ សីហា)​

បាតុករថៃ​មួយ​ក្រុម​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ានៅ​ថ្ងៃសុក្រ ដើម្បី​ទាមទារ «ឱ្យ​មានការ​គោរព​អធិបតេយ្យភាព​ប្រទេស​របស់​ពួក​គេ» ក្រោយ​ពី​កម្ពុជា​សម្រេច​ចិត្ត​បន្ត​វិធានការ​ផ្លូវ​ច្បាប់​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ដែល​នៅ​បន្ត​អូសបន្លាយ​។​

បណ្ដាញនិស្សិត និង​ប្រជាពល​រដ្ឋ​សម្រាប់​កំណែទម្រង់ថៃ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក ដើម្បី​បង្ហាញពី​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ដែន​ដី​របស់​ខ្លួន​។​

​គិត​ចាប់​តាំង​ពី​មានការ​ប៉ះទង្គិច​គ្នា​នៅព្រំ​ដែន​កម្ពុជា-ថៃ ​ជិត​ខេត្ត​ព្រះ​វិហារ ដែល​ហេតុការណ៍​នោះ​បាន​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី កាលពី​ថ្ងៃទី​២៨ ខែឧសភា ភាគី​ទាំងពីរ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​​ដើម​ចម​នៃ​ជម្លោះ​ប្រដាប់អាវុធ​នេះ។​

អ្នកនាំពាក្យ​ក្រ​សួង​ការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​សូម​ច្រានចោល​ការ​ចោទ​ប្រកាន់នេះ។ វាមិន​បាន​ឆ្លុះបញ្ចាំងពីការពិ​ត ដែល​ថា​ទាហាន​កម្ពុជា​រំលោភបំពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ថៃ​»។​

លោក​បន្ត​ថា៖ «កម្ពុជាមានការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយជម្លោះ​តាម​រយៈ​ច្បាប់​អន្តរជាតិ និង​ដោយ​សន្តិវិធី»។​

លោក​លើក​ឡើង​ថា ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ទាហាន​ថៃបាន​បើកការបាញ់​ប្រហារ​មក​លើបុស្តិ៍​យាមរបស់​​​ទាហាន​កម្ពុជា​​នៅ​ក្នុង​ភូមិ​មរតកតេជោ ខេត្ត​ព្រះ​វិហារ និង​ថា​តំបន់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ទីតាំងឈរជើង​របស់​ទាហាន​កម្ពុជាដែល​ជាប់​នឹង​ខេត្ត​ Ubon Ratchathani របស់​ថៃ​។​

លោក​បន្ថែម​ថា ​ការ​វាយ​ប្រហារ​របស់​ទាហាន​ថៃ ​គឺ​បាន​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា និង​អនុសារណៈនៃការ​យោគយល់គ្នា (MoU)​ដែល​បាន​ចុះ​ហត្ថលេខាដោយរដ្ឋាភិបាល​ទាំង​ពីរ​កាលពីខែ​មិថុនា ឆ្នាំ២០០០ ដែល​MoU នោះ​ធ្វើ​ឡើង​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​​តាមបន្ទាត់​ព្រំ​ដែន​រវាង​ប្រទេសទាំងពីរ ជាពិសេស​នៅ​តំបន់​មាន​ជម្លោះ​។​

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃលោក ហ៊ុន សារឿន មិន​បាន​ឆ្លើយ​តប​​សំណើ​សុំ​អត្ថាធិប្បាយ​របស់ សារព័ត៌មាន​ខេមបូចា ​នោះទេ។​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ការ​ផ្សាយ​ថា នៅ​ថ្ងៃសុក្រ​មាន​បាតុករ​ប្រហែល​២០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូតខ្មែរ​ប្រចាំទីក្រុង​បាងកក នៅ​ម៉ោង​១០ព្រឹក​ ដោយ​បាន​អះអាងថា ​ដើម្បី «​ទាម​ទារឲ្យកម្ពុជា​គោរព​អធិបតេយ្យភាព​របស់ថៃ» ហើយ​ក្រុម​ទាំង​នោះ​បាន​បំបែក​គ្នា​វិញ​នៅ​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃត្រង់​។​

ប្រភព​ដដែល​សរសេរទៀតថា៖ «​កម្លាំង​នគរបាល​ថៃ​បាន​ដាក់ពង្រាយ​​ដើម្បី​ការពារ​សន្តិសុខ​ស្ថានទូត និង​ធានា​សុវត្ថិភាព​បុគ្គលិក​នៅទី​នោះ​។ មន្ត្រី​ស្ថានទូតទាំងអស់​មាន​សុវត្ថិភាព និង​ធ្វើ​ការជា​ប្រក្រតី»។​

ប្រភព​ខាង​លើ​សរសេរ​ទៀតថា​ស្ថានទូត​នៅ​បើក​ និង​បន្ត​ផ្ដល់សេវា​នានា​ជា​ប្រក្រតី​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ និង​ជនបរទេស​ផ្សេង​ទៀត​។​

កាល​ពី​ថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ សីហា ជួបជាមួយ​រដ្ឋ​មន្ត្រីការពារ​ជាតិ​ថៃ​លោក Phumtham Wechayachai។ ​ក្នុង​ជំនួប​នោះ រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា​បាន​បដិសេធ​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ​បី ដែល​ជា​កន្លែង​មាន​ការប៉ះទង្គិច​គ្នា​កើត​ឡើង ដោយ​លោក​អះអាងថា​ តំបន់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់ជា​យូរ​មក​ហើយ​ថា​ជា​កន្លែង​ឈរជើង​របស់​ទាហាន​កម្ពុជា​។​

លោក​ ទៀ សីហា បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួននៅ​ថ្ងៃសុក្រ​​ថា​៖ «​កម្ពុជា​មិន​អាច​ដក​ទ័ព​ចេញ​ពី​កន្លែង​ដែលកង​ទ័ព​កម្ពុជា​បាន​ឈរ​ជើង​ជាយូរ​មក​ហើយ​នោះទេ ដែល​ទី​នោះ​គឺ​ជា​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា»។​

ភាគីទាំងពីរ​បាន​ឯកភាព​​បន្ត​ជួប​គ្នា​ទៀត​តាម​រយៈ​គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែន​ចម្រុះ​(JBC) និង​គណៈកម្មាធិការព្រំដែន​តំបន់​(RBC) ដើម្បី​ស្វែង​រក​ការ​បន្ធូរបន្ធយ​ភាព​តាន​តឹង​។​ គណៈកម្មាធិការទាំងនេះ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគីទាំងពីរ​ដើម្បី​ទុក​ដោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​នាពេល​កន្លង​មក​។ គណៈកម្មាធិការ​ព្រំដែន​ចម្រុះ គ្រោង​នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១៤ ខែមិថុនា នាទីក្រុង​ភ្នំពេញ។​

កាល​ពី​ថ្ងៃព្រហស្បតិ៍ រដ្ឋាភិ​បាល​កម្ពុជា​បាន​បញ្ជាក់ថា ​តំបន់​ជម្លោះចំនួន​បួន​ រួម​មាន​ប្រាសាទតាមាន់ធំ​ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី នឹង​មិនដាក់​បញ្ជូល​ក្នុង​របៀប​វារៈ​នៃកិច្ច​ប្រជុំ​គណៈកម្មកាធិការ​ព្រំដែន​ចម្រុះ​ខាង​មុខ​នេះទេ​។​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់ជំហរ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់ តាម​រយៈការ​ដាក់បណ្ដឹង​ទៅ​កាន់​តុលាការយុត្តិធម៌​អន្តរជាតិ នៅទីក្រុង​ឡាអេ បើ​ទោះបី​ជារដ្ឋាភិបាល​ថៃ​បញ្ជាក់ថា​ខ្លួន «មិន​ទទួល​ស្គាល់​យុត្តាធិការ​ ICJ ក្នុង​សំណុំ​រឿង​ជម្លោះ​ព្រំដែន​តាំងពី​ឆ្នាំ១៩៦០ រហូត​ដល់​បច្ចុប្បន្ន​»។​ ​

ទាក់ទង​​នឹង​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍​ថា​រដ្ឋាភិបាល​នឹងនៅ​តែ​បន្ត​ដាក់ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ទោះភាគីថៃមិន​មាន​វត្ត​មាន​នៅ​តុលាការ​ក៏​ដោយ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thais Hold Protest at Cambodian Embassy in Bangkok Amid Negotiations to Ease Border Tensions

43 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម