ថ្វីដ្បិតតែមានអះអាងពីសំណាក់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ថាមិនឱ្យព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋដែលបានដឹងថា ប៉ះពាល់ដោយគម្រោងព្រែកជីក ហ្វូណន តេជោ កំពុងរស់នៅក្នុងសភាពភិតភ័យ និងទុក្ខព្រួយអំពីអនាគតដ៏ស្រពិចស្រពិល ។
ក្ដីបារម្ភរបស់ប្រជាពលរដ្ឋ គឺការបាត់បង់ភូមិឋាន ផ្ទះសម្បែង ដីធ្លី ចម្ការ ច្បារដំណាំ និងផលរបរដែលកំពុងតែផ្ដល់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈពួកគាត់ទន្ទឹងរង់ចាំពោរពេញដោយមន្ទិលសៅហ្មងអស់រយៈពេលប្រមាណ ៩ខែកន្លងទៅហើយ ប៉ុន្តែនៅឡើយពុំទាន់ទទួលបានព័ត៌មានលម្អិតជាក់ទាក់ទិននឹងការទូទាត់សំណង ទោះបីជាពួកគាត់ត្រូវបានគេហៅឱ្យផ្ដិត មេដៃលើបញ្ជីទ្រព្យសម្បត្តិ ដីធ្លី និងដំណាំដំណោចហើយក៏ដោយ ។
លោក ឌឹម ម៉ិច និងភរិយារបស់លោក គឺ លោកស្រី សេង សុខនី បញ្ជាក់ប្រាប់ ខេមបូចា ថា ពួកគាត់រងផលប៉ះពាល់ទាំងពូជ ទាំងកូន ទាំងចៅ ទាំងខាងដន្លងជាប់ព្រំរបងជាមួយគ្នាផង សរុប ៨គ្រួសារ ត្រូវបាត់បង់ផ្ទះសម្បែងទាំងអស់គ្មានសល់អ្វី សូម្បីតែដីមួយចម្អាម ជាពិសេស ផ្ទះកូនរបស់ពួកគាត់ដែលទើបតែសង់អស់ជាង ៥ម៉ឺនដុល្លារ ហើយកំពុងតែរស់នៅយ៉ាងមានសុភមង្គលទៅហើយនោះ ។
លោក ឌឹម ម៉ិច និង លោកស្រី សេង សុខនី អះអាងថា ពួកគាត់បានមកទិញនិងតាំងលំនៅលើដីទំហំទទឹង ១៤ម៉ែត្រ បណ្ដោយ ៨០ម៉ែត្រ នៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយកំពុងតែប្រកបរបរលក់ដូរយ៉ាងកាក់កបតាំងពីមុនឆ្នាំ២០០០មកនោះ និងមានដំណាំគ្រប់មុខផ្ដល់ផលរៀងរាល់រដូវ ។
ពួកគាត់មិនដឹងថាតើទីតាំងថ្មីនៅទីណា ហើយការចាប់ផ្ដើមថ្មីទៀតសោតក៏មិនដឹងថាដូចម្ដេចនោះទេ ។ ពួកគាត់រៀបរាប់ថា ទម្រាំតែសន្សំនិងកសាងបានជីវភាពដែលពួកគាត់កំពុងតែពេញចិត្តរហូតមកដល់សព្វថ្ងៃនេះ ពួកគាត់បានចំណាយពេលនៃជីវិតអស់ជាងពាក់កណ្ដាលទៅហើយ ។
ចំណែក លោក ផាត់ សុភាព ដែលរស់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកបានជួលដីធ្វើចម្ការម្លិះនៅភូមិជ័យឧត្តម២ ដោយក្ដីរំពឹងថានឹងអាស្រ័យផលបានរយៈពេល ១០ឆ្នាំ ប៉ុន្តែម្លិះរបស់លោកទើបតែចាប់ផ្ដើមផ្ដល់ផលមិនទាន់បាន ២ឆ្នាំផង អ្វីៗបានប្រែប្រួលអស់ ៖ “ ម្នាក់ៗកំពុងតែបានអ៊ីចឹង ដល់ហើយគេត្រូវការចាំបាច់ទៅ គ្នាទៅប្រកែកដឹងអីម៉េចកើត ត្រូវតែនេះទៅ ។ ប៉ុន្តែគ្រាន់តែថា សំណងនេះអីមិនទាន់ដឹងថាប៉ុន្មានៗអីអ៊ីចឹងៗណា៎ ។ សំខាន់ធ្វើម៉េចឱ្យគ្នាឱ្យបានសំណងហ្នឹងឱ្យរាងគ្រាន់មក ព្រោះគ្នាចេញពីហ្នឹងទៅរកភូមិទីលំនៅ ធ្វើសាងសង់អីបានអ៊ីចឹងណា៎ ។ ខ្លះអត់បានទៅ ។ បានសម្រាប់តែដីហ្នឹង លុយធ្វើផ្ទះអត់មានអ៊ីចឹងទៅ ” ។
ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធការដ្ឋានស្ថាបនាព្រែកជីក ហ្វូណន តេជោ កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល អះអាងមិនឱ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រែកជីក ហ្វូណន តេជោ ព្រួយបារម្ភនោះទេ គឺរដ្ឋាភិបាលនឹងគិតគូរទូទាត់សំណងជូនយ៉ាងសមរម្យ ។
គម្រោងព្រែកជីក ហ៊្វូណន តេជោ ត្រូវបានរដ្ឋាភិបាលចិនបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ។ ទន្ទឹមនឹងនេះ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជានិងភាគីចិនទាក់ទិននឹងគម្រោងព្រែកជីក ហ៊្វូណន តេជោ ។
គម្រោង ព្រែកជីក ហ្វូណន តេជោ ជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនឯកជនកម្ពុជា ដោយក្រុមហ៊ុនកម្ពុជានឹងកាន់កាប់ភាគហ៊ុន៥១ភាគរយ ហើយក្រុមហ៊ុនចិន៤៩ភាគរយ ក្រោមកិច្ចសន្យាសាងសង់ ប្រតិបត្តិការ និងផ្ទេរ ( BOT ) ហើយការស្ថាបនានឹងប្រើរយៈពេល ៤ឆ្នាំ ។
ខេមបូចា បានទាក់ទងសុំសេចក្ដីអធិបាយពីសំណាក់ក្រុមហ៊ុនឯកជនកម្ពុជាឈ្មោះ FUNAN TECHO CANAL INVESTMENT ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធមិនផ្ដល់ព័ត៌មានអំពីតម្លៃទុនវិនិយោគនោះទេ ៕