គណបក្សភ្លើងទៀននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេលពីរបីថ្ងៃទៀត គឺយ៉ាងយូរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតកាលពីថ្ងៃពីចន្ទ។
សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងក្នុងការធ្វើសន្និសីទនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា គណបក្សភ្លើងទៀននឹងបន្តនីតិវិធីទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតកាលពីថ្ងៃពីចន្ទ។ លោក សុន ឆ័យ បន្តថា លោកនឹងយកឯកសារទៅដាក់ជូននៅក្រុមប្រឹក្សាធម្មនុញ្ញដែលនឹងមានការផ្ទេរសិទ្ធិពីលោកប្រធាន ទាវ វណ្ណុល ហើយការពារសំណុំរឿងដោយលោកមេធាវី កែត ឃី។
លោក សុន ឆ័យ បញ្ជាក់ថា៖ «យើងនឹងខិតខំរៀបចំធ្វើនីតិវិធីទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យបានឆាប់ដែលអាចធ្វើទៅបាន អាចក្នុងរយៈពេលពីរបីថ្ងៃទៀត យ៉ាងយូរថ្ងៃទី២០ ប៉ុន្តែមិនឱ្យដល់ថ្ងៃទី២០ទេ»។ លោកបន្តថា៖ «សង្ឃឹមថា យើងនឹងមានការដោះស្រាយបញ្ហានេះជាវិជ្ជមាន»។
លោកក៏បានឱ្យដឹងថា គណបក្សភ្លើងទៀននឹងមិនមានគម្រោងរៀបចំធ្វើមហាបាតុកម្មដូចការលើកឡើងផ្សេងៗពីខាងក្រៅទេ ព្រោះកន្លងមក ធ្លាប់មានបទពិសោធន៍បាតុកម្មច្រើនដងហើយ ប៉ុន្តែដូចជាមិនទទួលបានផលប្រយោជន៍អ្វីទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ជគប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជគប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។
ប៉ុន្តែគណបក្សភ្លើងទៀនបានចូលរួមដោយជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុន ដោយទទួលបាន២២.២៥ភាគរយ នៃសំឡេងឆ្នោតធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងឆ្នោត៧៤.៣២ភាគរយដោយប្រើប្រាស់លិខិតចុះបញ្ជីថ្មីពីក្រសួងមហាផ្ទៃដែលបញ្ជាក់ថា គណបក្សនេះត្រូវបានទទួលស្គាល់ជានីតិបុគ្គល។
គណបក្សភ្លើងទៀនក៏បានដាក់ច្បាប់ចម្លងនៃការចុះបញ្ជីឆ្នាំ១៩៩៨ របស់ខ្លួនផងដែរ ដែលកាលពីមុនជាគណបក្ស សម រង្ស៊ី។ ឯកសារដើមត្រូវបានបាត់បង់អំឡុងពេលការឆ្មក់ចូលរបស់ប៉ូលិសកាលពីឆ្នាំ២០១៧ ទៅលើទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ដែលជាគណបក្សមុនបក្សភ្លើងទៀននិងជាបក្សដែលកើតចេញពីគណបក្ស សម រង្ស៊ី។
គិតត្រឹមថ្ងៃចន្ទនេះ គ.ជ.ប បានទទួលយកការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ រួមទាំងគណបក្សប្រជាជនផងដែរ នេះបើយោងតាមគេហទំព័ររបស់ គ.ជ.ប។ គណបក្សចំនួនប្រាំត្រូវបាន «ចេញលិខិតជូនដំណឹង ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត» នៅក្នុងការចុះបញ្ជីរបស់ពួកគេ នេះបើតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃចន្ទ។ មានតែការចុះបញ្ជីរបស់គណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលត្រូវបាន «បដិសេធ»។