ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗនឹងមានចំណូលជាង២ពាន់ដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលមានជិត២ពាន់ដុល្លារ ខណៈក្តីរំពឹងនេះក្រសួងសំអាងលើការព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៦,៦ភាគរយ។
តាមរយៈខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចបានបង្ហាញថា សេដកិច្ចកម្ពុជានឹងមានកំណើន៦,៦ភាគរយ ដែលជំរុញឱ្យប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋខ្មែរនៅឆ្នាំ២០២៤កើនរហូតដល់ ២ ០៧១ដុល្លារ ខណៈកាលពីឆ្នាំ២០២៣ មានចំនួនតែ ១ ៩១៧ដុល្លារប៉ុណ្ណោះ។ តួលេខនេះកើនឡើង៨ភាគរយ ឬស្មើនឹង១៥៤ដុល្លារ។
ក្រសួងបានបញ្ជាក់ថា៖«សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើង(ចំណូល)ដល់ ២ ០៧១ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ១ ៩១៧ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣»។
ក្តីរំពឹងរបស់ក្រសួងសេដ្ឋកិច្ចនេះ ដោយសំអាងលើការព្យាករថា វិស័យចំនួន៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម នឹងមានការងើបឡើងវិញក្នុងឆ្នាំ២០២៤នេះ។ ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងរង្វង់៨,៥ភាគរយ ដោយសារការរំពឹងទុកនៃការងើបឡើងវិញនៃអនុវិស័យកាត់ដេរ។ មួយវិញទៀត វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តល្អប្រសើរក្នុងអត្រាកំណើន៦,៩ភាគរយ ដោយសារការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។
ជាមួយគ្នាវិស័យកសិកម្មក៏រំពឹងថានឹងមានកំណើនក្នុងរង្វង់១,១ភាគរយក្នុងឆ្នាំនេះ ដោយសារភាពប្រសើរឡើងនៃអនុវិស័យដំណាំ និងងើបឡើងនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ យល់ស្របនឹងការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនេះ ដោយថាស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញតាមរយៈការងើបឡើងនូវវិស័យមួយចំនួនដូចជាការវិនិយោគ និងលំហូរនៃភ្ញៀវទេសចរជាដើម។ ស្ថានភាពនេះលោកថា នៅពេលដែលសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ នោះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងដែរ លើកលែងតែស្ថានភាពសេដ្ឋកិច្ចនេះប្រែទៅជាអាក្រក់វិញ។
លោកថ្លែងថា៖ «ខ្ញុំក៏មើលឃើញដូច្នេះដែរ ហើយស្ថានភាពបែបនេះ លើកលែងតែករណីប្រធានស័ក្តិណាមួយកើតឡើងជាយថាហេតុ អាហ្នឹងទើបការព្យាករនេះអាចនឹងមានការប្រែប្រួល តែបើសិនជាក្នុងស្ថានភាពបែបនេះ ហាក់ដូចជាមិនមានអីដែលជាតំហយទេ ដោយសារអ្វីៗទាំងអស់នោះ វាទើបតែងើបស្ទុះ»។
ទោះជាបែបនេះក្តី ប៉ុន្តែពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ អ្នកស្រី ជា ពិសី មិនរំពឹងដូច្នេះឡើយ ដោយថា បច្ចុប្បន្នអ្នកស្រីមិនមានការងារធ្វើ បានត្រឹមតែនៅផ្ទះមើលថែចៅ ខណៈស្វាមីអ្នកស្រីដែលប្រកបរបរចុងភៅក៏ពុំសូវមានការងារធ្វើជាប់លាប់ថែមទៀត ដោយថាចំណូលធ្លាក់ចុះប្រមាណពាក់កណ្តាល។ អ្នកស្រីបន្ថែមថា បញ្ហានេះបានធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីនៅអំឡុងដើមឆ្នាំ២០២៤នេះ កាន់តែយ៉ាប់យឺនជាងកាលពីឆ្នាំ២០២៣កន្លងទៅ ដោយថាក្នុងគ្រួសារមានតែស្វាមីអ្នកស្រីម្នាក់គត់ដែលរកចំណូលផ្គត់ផ្គង់ការចំណាយ និងការជួលផ្ទះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំថាដូចយ៉ាប់ជាងមុន អត់មានឡើងចំណូលជាងមុនទេ យ៉ាប់ជាងមុន ពីមុនគ្រាន់មានប្រាក់ខែសមរម្យ ឥឡូវប្រាក់ខែគ្រួសារខ្ញុំ(ប្តី)មេចុងភៅ ធ្លាប់១ពាន់ ឬក៏៨០០ដុល្លារ ឥឡូវធ្លាក់មកសល់៤៥០ដុល្លារអីហ្នឹង»។
ស្ត្រីវ័យ៤៣ឆ្នាំរូបនេះបន្ថែមថា ចំណូលគ្រួសារធ្លាក់ចុះនេះកាន់តែធ្វើឱ្យគ្រួសារអ្នកស្រីជួបវិបត្តិធ្ងន់ធ្ងរ ហើយខកខានបង់រំលស់បំណុលធនាគារដែលខ្លួនបានខ្ចីជិត១ម៉ឺនដុល្លារជាងមួយឆ្នាំមកហើយ ដោយមិនបានដឹងថាការប្រាក់ និងបំណុលដើមនោះឡើងដល់កម្រិតណា។ អ្នកស្រីក៏បារម្ភពីការរឹបអូសយកដីដែលបានដាក់បញ្ចាំនៅធនាគារនេះដែរ ដោយថាបុគ្គលិកធនាគារតែងតែប្រាប់ថាការប្រាក់នៅតែត្រូវបានគិតជារៀងរាល់ខែ។
អ្នកស្រីថា៖ «គាត់(បុគ្គលិកធនាគារ)អត់និយាយប្រាប់ថាលុយខានបង់ហ្នឹងវាឡើងដល់ប៉ុន្មានៗ គាត់អត់មាននិយាយទេ គាត់គ្រាន់តែថាការប្រាក់គេនៅតែគិតអ៊ីចឹង ហើយខ្ញុំបារម្ភភ័យខ្លាចក្រែងយើងរកលុយបង់អត់ទាន់ គេចាក់សោរ គេដាក់ស្លាកលក់ឡាយឡុង»។
ប្រហាក់ប្រហែលគ្នា ពលរដ្ឋរស់នៅខេត្តស្វាយរៀងម្នាក់ លោក លឹម ឆវ័នដារ៉ា ក៏យល់ឃើញថា ការរំពឹងរបស់ក្រសួងសេដ្ឋកិច្ចហាក់មិនសមជាមួយស្ថានភាពគ្រួសាររបស់លោកដែរ ដោយថាបច្ចុប្បន្នលោកមិនមានការងារធ្វើច្បាស់លាស់ឡើយ គឺមានតែលក់ផលិតផលអនឡាញតិចតួច ដើម្បីផ្គត់ផ្គង់ចំណាយប្រចាំថ្ងៃ។
បន្ថែមលើនេះ លោកថាកំពុងជាប់បំណុលធនាគាររាប់ម៉ឺនដុល្លារ ដែលបណ្តាលមកពីការទិញផ្ទះបង់រំលស់ ប៉ុន្តែបានចាញ់បោកក្រុមហ៊ុន ដោយបង់លុយគ្រប់ ប៉ុន្តែមិនទទួលបានផ្ទះ។ កត្តានេះជំរុញឱ្យលោកត្រូវវ័ណ្ឌកនឹងការបង់សងធនាគារប្រចាំខែ។
លោកថ្លែងថា៖«ចំពោះការលើកឡើងខាងរាជរដ្ឋាភិបាល ជារឿងមួយផ្សេង ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមើលតាមជាក់ស្តែង មើលទៅដូចជាមិនទៅមុខទេ មិនរំពឹងទុកទេថាវានឹងបានតាមការគ្រោងទុករបស់រដ្ឋាភិបាលទេមើលទៅ»។
ជាមួយគ្នា លោកស្នើឱ្យក្រសួងពាក់ព័ន្ធបន្ថែមការយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ ដើម្បីធានាថាចំណូលពលរដ្ឋនឹងមិនត្រូវបានចំណាយខ្ពស់ទៅឱ្យរដ្ឋវិញ ជាក់ស្តែងដូចជាការបង់ពន្ធជាដើម។
លោកស្នើថា៖ «សូមឱ្យក្រសួងយកចិត្តទុកដាក់ទៅលើការរកប្រាក់ចំណូលរបស់ប្រជាជន និងការកាត់បន្ថយនូវពន្ធដារផ្សេងៗ ដើម្បីឱ្យប្រជាជនយើងមានសេដ្ឋកិច្ចដំណើរការទៅស្រួល កុំឱ្យការយកពន្ធច្រើនៗពេក អ៊ីចឹងវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចសម្រាប់គ្រួសារនីមួយៗ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការប៉ាន់ស្មាននេះត្រូវបានគេបូកបញ្ចូលនូវចំណូលរបស់ពលរដ្ឋទូទាំងប្រទេស ដែលក្នុងនោះមានអ្នកចំណូលទាប អ្នកនិងចំណូលខ្ពស់ ហើយចែកជាមធ្យមជាមួយនឹងចំនួនពលរដ្ឋសរុប ដោយពលរដ្ឋចាស់ជរា និងមនុស្សដែលគ្មានការងារធ្វើ ក៏ត្រូវបានបូកបញ្ចូលដែរ។
ដូច្នេះលោកយល់ឃើញថា ការរំពឹងទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលថានៅឆ្នាំ២០២៤ប្រជាពលរដ្ឋខ្មែរអាចរកចំណូលបាន ២ ០៧១ដុល្លារក្នុងម្នាក់ លើសឆ្នាំ២០២៣ ចំនួន៨ភាគរយ គឺជាការប៉ាន់ស្មានមួយដែលមិនទាន់មានភាពច្បាស់ការណ៍ ខណៈចំណូលពលរដ្ឋក៏មិនទាន់កើនឡើងដូចការរំពឹងទុកនេះដែរ។
លោកមានប្រសាសន៍ថា៖ «ពួកគាត់ហ្នឹង គឺមិនអាចនឹងទៅដល់ហ្នឹងទេ[..]គេចែកៗទាំងអស់ហ្នឹង ខ្លះក្មេងខ្លះអី មានទាន់បានទៅរកស៊ីអី ចាស់ជរាមានបានទៅរកស៊ីអី។ ប៉ុន្តែគ្រាន់តែការប៉ាន់ស្មាន វាជាធម្មតា ចាំបាច់ហើយដែលរដ្ឋត្រូវតែធ្វើការប៉ាន់ស្មានពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពីចំណូលជាតិរបស់ខ្លួន»។
លោក គិមអេង បានលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណូលសមរម្យស្របទៅនឹងការរំពឹងទុកនេះ រដ្ឋាភិបាលគួរបើកលំហសេរីភាពនៅកម្ពុជាស្របតាមអនុសាសន៍របស់សហភាពអឺរ៉ុប ដើម្បីឱ្យទទួលបានប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពេញលេញ និងមានកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយសហគមន៍អឺរ៉ុប។
ដោយឡែក បើតាមអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ហុង វណ្ណៈ បានជំរុញឱ្យរដ្ឋាភិបាលបន្តទាក់ទាញក្រុមហ៊ុនវិនិយោគឱ្យបានច្រើន និងបង្កើនទីតាំងទេសចរណ៍នៅតាមខេត្តគោលនៅបន្ថែមទៀត ដូចជាការបង្កើតសារៈមន្ទីរវប្បធម៌នៅខេត្តសៀមរាប ដើម្បីធានាថាភ្ញៀវទេសចរមកស្នាក់នៅរយៈពេលយូរនៅកម្ពុជា។ ដូច្នេះកម្ពុជាចំណេញទាំងចំណូល និងកេរ្តិ៍ឈ្មោះ។
ជាពិសេសលោកជំរុញឱ្យរដ្ឋាភិបាលបន្ថែមការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យកសិកម្មឱ្យមានទំនើបកម្ម តាមរយៈការដាំដុះឱ្យស្របតាមស្តង់ដារ និងមានការកែច្នៃផលិតផលទាំងនោះទៅតាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតឃើញថា ត្រូវពង្រឹងលើវិស័យកសិកម្មនេះ ធ្វើយ៉ាងម៉េចយើងបំប្លែងវិស័យកសិកកម្មពីការផលិតបែបយថាផលឱ្យទៅជាវារីវប្បកម្ម ទៅជាទំនើបកម្ម[..]វិស័យកសិកម្មនេះយើងមិនត្រឹមតែការផលិតដើម្បីលក់នៅក្នុងស្រុក គឺយើងត្រូវផលិតដើម្បីធ្វើការនាំចេញ ទាំងបន្លែស្រស់ និងការធ្វើផលិតកម្មកែច្នៃឱ្យទៅជារបស់ដែលអាចទុកបានយូរផងដែរ នោះហើយគឺជាគោលដៅសំខាន់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់»។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន៦,៦ភាគរយក៏ដោយ ប៉ុន្តែកម្ពុជាក៏នៅបន្តជួបប្រទះហានិភ័យ និងបញ្ហាប្រឈមមួយចំនួនដែរ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុកដែរ។ ក្នុងនោះមានដូចជា ការថមថយសេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល ការឡើងថ្លៃថាមពល និងទំនិញ រួមនិងការប្រែប្រួលអាកាសធាតុជាដើម៕