សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រាជរដ្ឋាភិបាលបានប្រារព្ធមិទ្ទីញមហាជនដើម្បីអប​អរព្រះរាជពិធីខួបលើក​ទី២០​នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទួលទៅកាន់ថ្នាក់ដឹកនាំកំពូល មន្ត្រីរាជកាគ្រប់ជាន់ថ្នាក់ និងប្រជារាស្ត្រទាំងអស់ដែលបានចូលរួមក្នុងព្រះរាជពិធីខួបលើកទី២០នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីដែលប្រារព្ធធ្វើក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែតុលានេះបានប្រារព្ធមិទ្ទីញមហាជន ដើម្បីអបអរសាទរព្រះរាជពិធីខួបលើក​ទី២០​នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់​របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ​អង្គទូត មន្ត្រីរាជការ កងកម្លាំងគ្រប់ជាន់ថ្នាក់ និងប្រជារាស្ត្រ។

ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបទី២០​នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​​ (ថ្ងៃទី២៩ ខែតុលា-៣០​​ ខែតុលា ឆ្នាំ២០២៤)​។ ព្រះមហាក្សត្របានមានព្រះរាជបន្ទួល​ទៅកាន់ថ្នាក់ដឹកនាំកំពូលៗ រួមមាន ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​នៃ​ព្រះមហាក្សត្រ លោក ហេង សំរិន និង​មន្ត្រីជាន់​ខ្ពស់​​ពីគ្រប់ស្ថាប័ន ព្រមទាំងប្រជារាស្ត្រទាំងអស់ថា ប្រទេសកម្ពុជាមានសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើកឆាកអន្តរជាតិ។

ព្រះមហាក្សត្រ​បានមានព្រះបន្ទូលថា៖ «រយៈកន្លងមក​ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរអោយកោតសរសើរ»

ព្រះបាទនរោត្តម សីហមុនី ក៏បានកោតសរសើរលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​ព្រះមហាក្សត្រ និងលោក ហ៊ុន​​​ ម៉ាណែត នាយក​រដ្ឋមន្រ្តី ដែលបានដឹកនាំ​ប្រទេស​ដោយ​សន្តិភាព និងស្របតាមព្រះរាជបណ្តាំចុងក្រោយ​នៃ​​ព្រះបាទនរោត្តម សីហនុ ដែលជា​អតីត​ព្រះមហាក្សត្រ។

ព្រះអង្គមានព្រះរាជបន្ទួលបន្ថែមថា៖ «សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ដ៏ឆ្លាតវៃ​បាន​ដាក់​ចេញនូវយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និង​គោលនយោបាយ​​ដ៏ត្រឹមត្រូវក្នុងការ​ប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និង​មរតក​នយោបាយ​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែនបាននាំមកនៅសុខសន្តិភាព​ សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើកឆាកអន្តរជាតិ ស្របតាមគោលមាគ៌ា បង្រួបបង្រួមជាតិផ្សះផ្សាជាតិ ជាព្រះរាជបណ្តាំ​បន្ថែមចុងក្រោយរបស់ព្រះករុណា​ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​»

ទិដ្ឋភាពនៃការប្រារព្ធព្រះរាជពិធីខួបលើកទី២០នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីដែលប្រារព្ធធ្វើក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ បានថ្លែងសុន្ទរកថាមុនព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទួល ថា លោកសូមសម្ដែងនូវការ​រំលឹកដឹងគុណដល់ព្រះមហាក្សត្រ​ក្នុងព្រះរាជពិធីខួប២០នៃការគ្រងរាជសម្បត្តិ។

លោកបានលើកឡើងថា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យធំៗដូចជាខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាឯករាជជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ  និងអកអំបុក ដែលព្រះរាជពិធីទាំងនេះពិតជាបង្កប់នូវអត្ថន័យដ៏ត្រចះត្រចង់ និងបានបង្ហាញពីសុខដុមរមនារបស់ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេសស្មារតីឯកភាពជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី ដោយគោរពយ៉ាងត្រឹមត្រូវនៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយមានព្រះមហាក្សត្រគ្រងព្រះបរមសិរីសម្បត្តិ។

លោកបានថ្លែងថា ការបន្តបាននៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺ«បានកើតឡើងដោយការលះបង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមួយនឹងអតីតព្រះមហាក្សត្រ គឺព្រះករុណាព្រះបាទ​នរោត្តម សីហនុ ដែលតែងប្រាថ្នាចង់បាននៃសុខសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមជាតិរហូតសម្រេចបានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងបន្តសម្រេចបានសន្តិភាពពិតប្រាកដក្នុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញគោលនយោបាយឈ្នះៗរបស់បិតា ស្ថាបនិកសន្តិភាពកម្ពុជាគឺតេជោ ហ៊ុន សែន»

ទិដ្ឋភាពនៃការប្រារព្ធព្រះរាជពិធីខួបលើកទី២០នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីដែលប្រារព្ធធ្វើក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមានគណបក្ស៥បានចង​សម្ព័ន្ធភាព​នឹងគ្នា​ដូចជា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម បានចេញសារលិខិតថ្វាយព្រះមហាក្សត្រនៅថ្ងៃទី២៩ ដើម្បីអបអរសាទរព្រះរាជពិធីខួបទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហមុនី។

ជាមួយគ្នានេះដែរ គ្រប់អង្គទូតប្រចាំប្រទេសកម្ពុជាក៏បានផ្ញើសារអបអរសាទរនៅក្នុងព្រះរាជពិធីខួបទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម​ សីហមុនី។

ស្ថានទូតអាមេរិកនៅភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា​ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សូមថ្វាយព្រះពរក្នុងព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងរាជសម្បតិ្ត ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ ព្រះអង្គ បានបំពេញព្រះរាជកិច្ចក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ សូមថ្វាយព្រះពរព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងសុខសុភមង្គលនាថ្ងៃដ៏វិសេសវិសាលនេះ។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា បានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា និងស្រឡាញ់ចំណងមិត្តភាពប្រពៃណីរបស់ខ្លួនជាមួយគ្រួសាររាជវង្សកម្ពុជា។ ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយកម្ពុជា ដើម្បីបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក បង្កើនការផ្លាស់ប្តូររវាងប្រជាជន និងវប្បធម៌ និងធ្វើឱ្យមានវឌ្ឍនភាពថ្មីក្នុងការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួម៕

ទិដ្ឋភាពនៃការប្រារព្ធព្រះរាជពិធីខួបលើកទី២០នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីដែលប្រារព្ធធ្វើក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
108 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម