សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីផ្ដល់យោបល់ឱ្យដកសញ្ជាតិខ្មែរពីកំណើត

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការជាតិមួយឡើងដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យផ្ដល់យោបល់លើ​ការដកសញ្ជាតិខ្មែរពីកំណើត នៅពេលរកឃើញភស្តុតាង មានពលរដ្ឋខ្មែរបានប្រព្រឹត្តអំពើ «ល្មើស» ពាក់ព័ន្ធនឹងរឿងក្បត់ជាតិ ឬការ​ធ្វើសកម្មភាព​ដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ ជាដើម។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅដើមខែមុន និងបានផ្សព្វ​ផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ កាលពីសប្ដាហ៍មុន។

ក្រោយការបង្ហោះអនុក្រឹត្យនេះឡើង អង្គការ Human Right Whatch បានពិពណ៌នា ថា អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការដកហូតសញ្ជាតិ ដោយមិនចាំបាច់មានសាលដីកាពីតុលាការ ការពិនិត្យឡើងវិញ ឬការប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ។

នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា គណៈកម្មការមួយនេះ ជាយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យ ស្រាវ​ជ្រាវ វាយតម្លៃ និងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដកសញ្ជាតិ​ខ្មែរ​ពីកំណើត ចំពោះពលរដ្ឋខ្មែរដែលបានប្រព្រឹត្តអំពើ «ល្មើស» ដូចជា ទី១ អំពើក្បត់ជាតិ ឬធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេសដែលនាំឱ្យអន្តរាយដល់ប្រយោជន៍ស្នូលរបស់ជាតិ។

ទី២- ការធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។ ទី៣- ការចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្មគ្រចិត្ត ឬបំពេញតួនាទីជាមន្រ្តីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា​។

ដោយឡែកចំណុចទី៤  គឺពលរដ្ឋខ្មែរ ដែលត្រូវបាន​ [តុលាការ] «ផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម» ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។

គណៈកម្មការនេះ មានសមាសភាពសរុបចំនួន១៥រូប ក្នុងនោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ជាប្រធាន និងអនុប្រធានចំនួន​៤រូប មានឋានៈជារដ្ឋលេខាធិការមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្រ្តី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច ​សុខៈ ថ្លែងថា គណៈកម្មការជាតិដែលរាជរដ្ឋាភិបាលទើបតែបង្កើតឡើង នឹងធ្វើការថ្លឹងថ្លែងលើកំហុសឆ្គងរបស់ពលរដ្ឋខ្មែរណាដែលប្រព្រឹត្ត ហើយមានធាតុផ្សំនៃការប្រព្រឹត្តច្បាស់លាស់ ដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ ទើបលើកយោបល់ជូនរាជរដ្ឋាភិបាលក្នុងការសម្រេចថាដកសញ្ជាតិខ្មែរឬអត់។

បើតាមលោក សុខៈ ពលរដ្ឋខ្មែរដែលត្រូវបានដកសញ្ជាតិខ្មែរពីកំណើត អាចដាក់ពាក្យស្នើសុំសញ្ជាតិខ្មែរបានវិញនៅពេលក្រោយ។ លោក បានបន្ថែមថា គណៈកម្មការជាតិនេះ នឹងចាប់ផ្ដើមអនុវត្តនីតិវិធីការងាររបស់ខ្លួនក្នុងពេលខាងមុខឆាប់ៗ។

លោកបានថ្លែងថា៖ «ករណីដែលប្អូនលើកមកខាងលើ (អត់ឆ្លងកាត់នីតិវិធីតុលាការ) វាប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរណាស់ ដែលមិនអាចនៅបន្តនីតិវិធី បណ្ដែតបណ្ដោយអូសក្រឡាយូរពេកទេ។ អាហ្នឹងវាខុសគ្នាពីចរិតអ្វីដែលប្អូនលើកឡើងពីករណីមានសាលក្រម ក៏ប៉ុន្តែមិនបានបិទផ្លូវតវ៉ាពួកគាត់ដែរ នៅពេលខាងមុខ ណាមួយនោះ សាមីខ្លួនរងការដកនៅពេលក្រោយ អាចស្នើសុំមករាជរដ្ឋាភិបាល ស្នើសុំមកគណៈកម្មការឱ្យពិនិត្យឡើងវិញ នៅពេលក្រោយទៀត»។

ក្រោយការប្រកាសបង្កើតគណៈកម្មការនេះឡើង អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Whatch បានចេញសេចក្ដីថ្លែងការណ៍​មួយ ដោយពិពណ៌នាថា អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការដកហូតសញ្ជាតិ ដោយមិនចាំបាច់មានសាលដីកាពីតុលាការ ការពិនិត្យឡើងវិញ ឬការប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ។

Human Right Whatch បន្ថែមថា ផ្អែកតាមអនុក្រឹត្យថ្មី ការផ្តន្ទាទោសព្រហ្មទណ្ឌមិនបានកំណត់ដកហូតសញ្ជាតិរបស់នរណាម្នាក់នោះទេ។ ផ្ទុយទៅវិញ គណៈកម្មការដែលទើបបង្កើតថ្មីនេះ ដែលមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូប និងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងស៊ើបអង្កេត ប្រមូលភស្តុតាង និងផ្តល់យោបល់ថាតើសញ្ជាតិគួរតែត្រូវបានលុបចោលឬអត់។

Human Right Whatch យល់ថា ដំណើរការនេះ ខ្វះស្តង់ដានីតិវិធីជាមូលដ្ឋានដែលត្រូវបានទាមទារក្រោមច្បាប់អន្តរជាតិ ដូចជាការពិនិត្យឡើងវិញផ្នែករដ្ឋបាល ឬតុលាការ ឬសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងលើការសម្រេចចិត្តនេះ។

បើតាមវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ មាត្រា២៩ ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ១៨ឆ្នាំ យ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។

មាត្រា ២៩ ដដែល បាននិយាយថា ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិមួយ ដែលការបង្កើតនិងដំណើរការគណៈកម្មការជាតិនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បែបបទនិងនីតិវិធីនៃការដកសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ ការដកសញ្ជាតិខ្មែរត្រូវសម្រេចដោយព្រះរាជ្យក្រឹត្យ។

គណៈរដ្ឋមន្ត្រីប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលដឹកនាំអង្គប្រជុំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នា២០២៥។ (STPM)
គណៈរដ្ឋមន្ត្រីប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលដឹកនាំអង្គប្រជុំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នា២០២៥។ (STPM)

យ៉ាងណាក៏ដោយ ទាំងច្បាប់ស្ដីពីសញ្ជាតិដែលបានធ្វើវិសោធនកម្មកាលពីខែសីហា​ និងអនុក្រឹត្យដែលចេញនេះ ត្រូវបានអ្នកនយោបាយ និងអង្គការសិទ្ធិមនុស្ស យល់ថា មានចំណុចចែងមិនច្បាស់លាស់ ហើយក៏ទទូចឱ្យការបង្កើតច្បាប់ ត្រូវអនុលោមតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មានប្រសាសន៍ថា សិទ្ធិក្នុងការវិនិច្ឆ័យ ថា ​ដកសញ្ជាតិឬអត់ គួរតែឆ្លងកាត់នីតិវិធីរបស់តុលាការ មិនមែនតាមរយៈគណៈកម្មការជាតិនេះនោះទេ ហើយលោក ក៏មិនគាំទ្រចំពោះការដកសញ្ជាតិខ្មែរពីកំណើតពីពលរដ្ឋខ្មែរដែរ ដោយគ្រាន់តែដាក់ទោសតាមអ្វីដែលគេបានប្រព្រឹត្តតាមច្បាប់ប៉ុណ្ណោះ។

លោកថ្លែងថា៖ «យើងគិតថា អ្វីៗមានតែតុលាការទេ ដែលមានសិទ្ធិក្នុងការវិនិច្ឆ័យ ថាតើត្រូវដកឬត្រូវរក្សាទុក ប៉ុន្តែអ្វីដែលត្រឹមគណៈកម្មការមានសិទ្ធិធ្វើការសម្រេចដកសញ្ជាតិដែរ ក្នុងនាមគណបក្សកម្លាំងជាតិយើងមិនគាំទ្រការសម្រេចបែបចឹងទេ»។

លោកបន្តថា ច្បាប់ត្រូវបង្កើតឡើងដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរ មិនមែនដាក់បន្ទុកបន្ថែមដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យឡើយ។

ជាមួយគ្នា លោក ឈុន ជំរុញឱ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងអនុក្រឹត្យឡើងវិញ ដោយលោកថា ការដកសញ្ជាតិគួរតែកើតមានចំពោះតែជនបរទេសដែលទទួលបានសញ្ជាតិ ហើយត្រូវបានដកវិញ នៅពេលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។

ដោយឡែកសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងលោក គង់ មុនីកា មានប្រសាសន៍ថា គណៈកម្មការជាតិដែលមានសមាសភាពពីមន្រ្តីរាជរដ្ឋាភិបាល ហាក់មិនគួរឱ្យមានជំនឿចិត្ត ស្របពេលដែលលក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងការចោទប្រកាន់ ក៏ចែងមិនច្បាស់ ដោយអាស្រ័យលើការបកស្រាយរបស់គណៈកម្មការ។

លោកបានលើកឡើងថា៖ «ហើយទាំងអស់នេះ រុញឱ្យយើងមានការព្រួយបារម្ភទៅលើការរឹតត្បិតនូវសិទ្ធិសេរីភាព នយោបាយ ទៅលើការរឹតត្បិតលើសកម្មភាពទាំងឡាយណារបស់អ្នកដែលមានទស្សនៈផ្ទុយនៅកម្ពុជា»។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទាំងអនុក្រឹត្យ និងវិសោធកម្មច្បាប់ស្ដីពីសញ្ជាតិ មានចំណុចចែងមិនចំ ដែលនាំឱ្យងាយប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋនៅពេលអនុវត្ត ជាពិសេសការដកសញ្ជាតិពីកំណើត។

លោកបានបន្តថា កម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យ និងបានផ្ដល់សច្ចាប័នជាច្រើនពាក់ព័ន្ធច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដែលច្បាប់នៅក្នុងស្រុក គួរតែអនុលោមតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិដែរ។

លោកបានបន្ថែមថា៖ «បើសិនជាមើលឃើញមិនមានបទល្មើសទេ ក៏ប៉ុន្តែគេមើលទៅឃើញចឹង គឺគេអាចមានសិទ្ធិ។ រដ្ឋាភិបាលអាចស្នើសុំនៅក្នុងការដកសញ្ជាតិពីកំណើត។ កន្លែងចំណុចហ្នឹងវាមានភាពស្រពេចស្រពិលច្រើន។ មួយទៀត ដែលមានសាលក្រមស្ថាពរ មានន័យថា​ សាលក្រមស្ថាពរ រកឃើញថាមានទោស គឺអាចដកសញ្ជាតិបាន ក៏ប៉ុន្តែវានៅតែមានចំណុចខ្លះវានៅតែមានភាពមិនទាន់ច្បាស់លាស់ នៅតែស្រពេចស្រពិល»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម