សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រដ្ឋាបាលកម្ពុជាបានបានជួយជាថវិកាមួយចំនួនដល់ក្រុមគ្រួសារ​សព​​និងអ្នករបួសដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ Updated

សាកសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ដែលតម្កល់ធ្វើបុណ្យនៅភូមិ បាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុកផេកក្រសួងការងារ)
សាកសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ដែលតម្កល់ធ្វើបុណ្យនៅភូមិ បាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុកផេកក្រសួងការងារ)

រដ្ឋាភិបាលកម្ពុជាបានជួយជាថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងអ្នករបួសដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងចាត់តំណាងដើម្បីទៅចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ដែលប្រារព្ធពិធីបុណ្យនៅខេត្តបន្ទាយមានជ័យ និងសួរសុខទុក្ខអ្នករងរបួសនៅខេត្តកំពង់ធំ និងនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បាននាំថវិការបស់លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ពិធីបុណ្យសព បានប្រារព្ធធ្វើនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ហេង សួរ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

សម្រាប់ក្រុមគ្រួសារសព ក៏មានកាកបាទក្រហមកម្ពុជា និងអង្គភាពផ្សេងៗ បានផ្តល់ជាថវិកាមួយចំនួនផងដែរ។

នាល្ងាចដដែល លោក ហេង សួរ ក៏បាននាំយកថវិការបស់លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំនួន ១០លានរៀលជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា។ ជនរងគ្រោះបានត្រឡប់មកស្រុកកំណើតវិញ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមីនា។ យោងតាមហ្វេសប៊ុកផេកក្រសួងការងារ។

ពលការិនី សំណាង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយ គឺទទួលបានការឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី និងលោកជំទាវ។

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានវាយប្រហារកាលពីថ្ងៃទី២៨ ខែមីនា បណ្តាលឱ្យបាក់រលំអគារ ស្ពាន និងផ្លូវថ្នល់រាប់ពាន់។ រហូតមកដល់ពេលនេះ មនុស្សចំនួន ២ ៨៨៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជាង ៤ ០០០នាក់ផ្សេងទៀតបានរងរបួស នេះបើយោងអេភី ដែលបានដកស្រង់ពីទូរទស្សន៍រដ្ឋ MRTV ប៉ុន្តែរបាយការណ៍ក្នុងស្រុកបង្ហាញថាមានតួលេខខ្ពស់ជាងនេះ។

ដោយឡែកនៅប្រទេសថៃ អ្នកស្លាប់បានកើនឡើងជាង២០នាក់ អ្នករបួស៩នាក់ និងអ្នកដែលបាត់ខ្លួនជាង៧០នាក់ ដោយសារគ្រោះរញ្ជួយដី នៅទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែមីនា៕   

40 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម