សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កិច្ចប្រជុំត្រីភាគីអំពីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរនៅតែបន្តខ្វែងគំនិតគ្នា ហើយកិច្ចប្រជុំចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី២៨

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)

ភាគីនិយោជក ភាគីសហជីពតំណាងកម្មករ និងភាគីរាជរដ្ឋាភិបាល បន្តមិនយល់ស្របគ្នាក្នុងការកំណត់​ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ សម្រាប់ឆ្នាំ២០២៤ ដោយ​ភាគី​និមួយៗ បានលើកតួលេខរៀងៗខ្លួនកាលពីព្រឹកថ្ងៃ១៨ ខែកញ្ញា ហើយកិច្ចប្រជុំចុង​ក្រោយនឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃទី២៨​ ខាងមុខនេះ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) លើកឡើងថា តាមរយៈកិច្ចពិភាក្សាត្រីភាគី កាលពីព្រឹកថ្ងៃទី១៨នេះ ខាងភាគីនិយោជកដំឡើងប្រាក់ឈ្នូលបន្ថែមចំនួន១,៥០ដុល្លារ (២០១,៥០ដុល្លារ) ចំណែកឯខាងភាគីរាជរដ្ឋាភិបាលដំឡើងឱ្យត្រឹម២ដុល្លារ (២០២ដុល្លារ) ខណៈពេលខាងភាគីសហជីពឯករាជ្យ បន្ថយមកស្នើត្រឹម១៣ដុល្លារ (២១៣ដុល្លារ) និងសហជីពផ្សេងទៀតស្នើដំឡើងត្រឹម៤ដុល្លារ (២០៤ដុល្លារ)។

លោកបញ្ជាក់ថា៖ «សហជីពដាក់ការជជែកគ្នាទៅ ក្រោយនិយោជកដំឡើង​អ៊ីចឹងង យើងបញ្ចុះ​មកត្រឹម​ប៉ុណ្នឹង​(២១៣ដុល្លារ)។ ប៉ុន្តែនៅពេលដែលចរចាថ្ងៃទី២៨ ប្រហែលមិនមានការចុះទៀតទេ ហើយបើគេមិន​សម្រេច ត្រូវធ្វើការបោះឆ្នោត»

លោកបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំចប់នេះ ខាងសហជីពបន្តពិភាក្សាផ្ទៃក្នុង ដើម្បីរកដំណោះស្រាយ និង​យន្តការដែលអាចដំឡើងប្រាក់ឈ្នួលឱ្យកម្មករច្រើនជាងនេះ។  លោក អាត់ ធន់ បន្តថា នឹងផ្តល់ជាសារ និងទុក្ខកង្វល់នានារបស់កម្មករ តាមរយៈបណ្តាញសង្គម ដើម្បីឱ្យរដ្ឋាភិបាល និងភាគីផ្សេងៗ មានការ​កែ​ប្រែគំនិត និងផ្តល់ប្រាក់ឈ្នួលប្រសើរជាងនេះ។ តែបើគ្មានជម្រើសអ្វីផ្សេងទេ លោកថា គឺអាស្រ័យលើការ​បោះឆ្នោត​ចុងក្រោយ ក្នុងចំណោមជាង៥១រូប គ្រប់ភាគីទាំងអស់ដែលលទ្ធផលបែបណា គឺមានតែតាម​ហ្នឹង។

លោកលើកឡើងថា៖ «យើងស្នើឱ្យខាងកម្មករបន្តធ្វើការជំរុញ តាមរយៈការធ្វើយុទ្ធនាការអីផ្សេងៗ ដើម្បី​ឱ្យ​មាន​ឥទ្ធិពលលើនិយោជក និងរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត»

ជុំវិញបញ្ហានេះ លោក ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគម​ពាណិជ្ជ​កម្ពុជា ដែល​តំណាង​ឱ្យ​​និយោជក ឆ្លើយតបថា ក្រោយពីការពិចារណា និងសម្របសម្រួលតួលេខឱ្យជិតគ្នា រវាងចំណោមភាគី​ទាំងអស់។ ខាងភាគីនិយោជកក៏សម្រេចដំឡើង៥០សែនបន្ថែម ដែលបានសរុប២០១,៥០ដុលារ។ ខណៈ​ភាគី​រដ្ឋាភិបាលបានបញ្ចេញតួលេខដំឡើងប្រាក់ឈ្នួលរហូតដល់២០២ដុល្លារ ដែលលោក សុធី ថា ភាគី​និមួយៗ​ដាក់ចេញតួលេខបាន ដោយអាស្រ័យលើបច្ចេកទេស និងមានសិទ្ធិរៀងៗខ្លួន។

លោកអះអាង៖ «ឈរលើលក្ខខណ្ឌបច្ចេកទេស៧ចំណុច នៅក្នុងលក្ខខណ្ឌច្បាប់ប្រាក់ឈ្នួលអប្បបរមា យើង​គណនាទៅ យើងសម្រួលទៅ យើងយកលេខហ្នឹង(២០១,៥០ដុល្លារ

លោកបន្ថែមថា ការដំឡើងត្រឹម២០១,៥០ដុល្លារនេះ សម្រាប់ប្រាក់ឈ្នួលអប្បបរមា ដែលកំណត់ដោយច្បាប់ ប៉ុន្តែកម្មករនៅទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដោយអាស្រ័យលើការខិតខំប្រឹងប្រែងធ្វើការងារ និងការគោរពម៉ោងការងាររបស់ពួកគេ។

លោកបន្តថា៖ «ប្រាក់ឈ្នួល៧ដុល្លារទៀតបន្ថែមលើថ្លៃដឹកជញ្ជួន ឬក៏ថ្លៃផ្ទះជួល ហើយ១១ដុល្លារ​ទៀតប្រាក់​អត្ថប្រយោជន៍ការងាររបស់គាត់(កម្មករ) ដែលគាត់ធ្វើការទៀតទាត់»

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)

ជាមួយគ្នានេះ លោក ព្រុំ ឈាង ជាកម្មកររោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ បព្ជាក់ថា មិនពេញចិត្ត​នោះទេ ដែលនិយោជក និងរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ត្រឹមតែ២ដុល្លារ គឺវាតិចតួចពេក។

កម្មកររូបនេះអះអាងថា៖ «តម្រូវការ២១៥ដុល្លារ បើត្រឹម២០២ដុល្លារ ដូចអត់បានឡើងដដែល»

លោកបន្ថែមថា ដោយសារសព្វថ្ងៃនេះ កម្មករត្រូវការចំណាយច្រើន ហើយប្រាក់ឈ្នួលត្រឹម២០២ដុល្លារនេះ លោកថាមិនអាចផ្គត់ផ្គង់ជីវភាព និងការរស់នៅរបស់ពួកគាត់បានទេ។ ប៉ុន្តែបើបានប្រាក់ឈ្នួល២១៥ដុល្លារ ទើបអាចសម្រួលបន្ទុកនៃជីវភាពរបស់កម្មករបានច្រើន។

លោកសំណូមពរថា៖ «សុំឱ្យរដ្ឋាភិបាលគាត់ ដំឡើងប្រាក់ខែកម្មករ ឱ្យបាន២១៥ដុល្លារ សម្រាប់កម្មករ​ទាំងអស់គ្នា»

កម្មករមួយរូបទៀត កំពុងធ្វើការរោងចក្រ ហាយធិច នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត លោកស្រី កែវ ចាន់នេត លើកឡើងថា ការដំឡើងប្រាក់ឈ្នួលបានត្រឹម២ដុល្លារនេះ វាតិចតួចពេក ដែលមិនអាច​គ្រប់គ្រាន់​សម្រាប់ជួយសម្រួលជីវភាពកម្មករបានទេ។ ស្របពេលស្ថានភាពសេដ្ឋកិច្ច និងទំនិញក្នុងទីផ្សារឡើងថ្លៃ ដែល​តម្រូវឱ្យកម្មករចំណាយច្រើនជាងមុន ដោយឡែកកម្មករខ្លះទៀត កំពុងជំពាក់បំណុលធនាគារ​លើស​លុប។

លោកស្រីបន្តថា៖ «សុខចិត្តការបន្ថយការហូបចុក ដើម្បីផ្គត់ផ្គង់ទៅលើការបង់ថ្លៃធានាគារ»

តែយ៉ាងណា បើមិនបានដូចការរំពឹងទុករបស់កម្មករចង់បាន២១៥ដុល្លារនោះ លោកស្រីថា សុំត្រឹម​២១០​ដុល្លារ ក៏កម្មករសប្បាយចិត្ត និងអាចជួយសម្រួលជីវភាពបានប្រសើជាងមុនដែរ។ លោកស្រីបន្ថែមថា ដោយ​សារបញ្ហាប្រឈម​សព្វថ្ងៃនេះ គឺអត់មានការងារធ្វើផង រោងចក្រមួយចំនួនទៀតមិនមាន​ការងារច្រើន​ឱ្យធ្វើផង ខណៈពេលតម្លៃប្រេងសាំង របស់របបហូបចុក និងទំនិញផ្សេងៗទៀតកំពុងឡើងថ្លៃ។

លោកស្រីសំណូមពរថា៖ «ថ្លៃផ្ទះជួល សុំឱ្យគាត់(រដ្ឋាភិបាល)មានការបន្ថូរបន្ថយចុះ ព្រោះអីបញ្ហាសព្វថ្ងៃ អត់មានការងារធ្វើ ដើម្បីឱ្យសម្រួលដល់កម្មករ គាត់បានស្រួលបន្តិច»

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១៨ ០០០នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣​នេះ។ លោក បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍​ផ្សេងៗបន្ថែម​ទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។

លោកថ្លែងថា៖ «ខ្ញុំមិនអួតថាឥឡូវបាន២០០ដុល្លារគ្រប់ទេ អត់ទេ តែវាបានវិវឌ្ឍន៍មកហើយ ហើយយើងបាន​ប្តេជ្ញាចិត្តរួចហើយ នឹងបន្តផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត។ គិតទាំងប្រាក់បៀវត្សអប្បបរមា ត្រូវបន្តដំឡើង និងអត្ថប្រយោជន៍ផ្សេងទៀត ឱ្យបងប្អូនកម្មករ កម្មការិនីឱ្យកាន់តែច្រើន»

ទន្ទឹមនឹងនេះ លោកក៏ជំរុញឱ្យក្រសួងការងារ ត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េច​សម្រេច​ឱ្យ​បាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ មុនពិធីបុណ្យភ្ជុំបិណ្ឌ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួលេខរួមមួយ។​

លោក ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ បានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ៕

178 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម