ក្រសួងធម្មការ និងសាសនាកំពុងប្រមូលធាតុចូលពីប្រភពផ្សេងៗ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងអ្នកប្រតិបត្តិជំនឿសាសនានានា ហើយឈានដល់ការគ្រប់គ្រងសកម្មភាពរបស់អ្នកកាន់បារមីផងដែរ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ឆាត សុឆេត ពន្យល់ថា ក្រសួងស្ថាប័នផ្សេងៗ សុទ្ធតែមានច្បាប់គ្រប់គ្រងតាមវិស័យរបស់ពួកគេដូច្នេះក្រសួងធម្មការក៏ត្រូវមានច្បាប់មួយដើម្បីងាយបំពេញការងាររបស់ខ្លួនដែរ។ លោកបន្តថា មន្ត្រីជំនាញកំពុងពិនិត្យឯកសារនានារួមទាំងច្បាប់សាសនានៅប្រទេសមួយចំនួនផងដែរ។
អ្នកនាំពាក្យរូបនេះឱ្យដឹងថា ច្បាប់សាសនានេះក៏មានបញ្ជូលការគ្រប់គ្រងសកម្មភាពអ្នកស្នងបារមី និងសកម្មភាពអ្នកប្រើជំនឿសាសនាក្នុងគោលបំណងបោកបញ្ឆោតដើម្បីលាភសក្ការៈដែរ។
លោក ឆាត សុឆេត មានប្រសាសន៍ថា៖ «គ្រូបារមីខ្លះគាត់ធ្វើនៅក្នុងភាពត្រឹមត្រូវរបស់គាត់ ប៉ុន្តែគ្រូបារមីខ្លះគាត់ធ្វើនៅក្នុងភាពមួយគេហៅថាអនាធិបតេយ្យទី១ ទី២នៅក្នុងការបោកបញ្ឆោត ហើយទី៣គឺពង្វក់ស្មារតីរបស់ប្រជាជនរបស់យើងដែលមានបញ្ញាទន់ខ្សោយ ហើយចំណុចទី៤ការកិបកេងការបោកប្រាស់តាមក្រោយវាចេះតែមានសម្រាប់បុគ្គលមួយចំនួន»។ លោកបន្តថា៖ «អ៊ីចឹងនៅពេលដែលយើងធ្វើវិធានការនេះ ជាពិសេស គឺច្បាប់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបទាំងអស់គោរពគ្នាទៅវិញទៅមក ហើយមានជំនឿប្រកបដោយបញ្ញា ហើយម្យ៉ាងទៀតគឺបញ្ចៀសពីការបោកប្រាស់»។
ជុំវិញដំណើរការធ្វើសេចក្តីព្រាងច្បាប់សាសនានេះ ទទួលបានការសាទរពីអ្នកដឹកនាំសាសនាមួយចំនួន ខណៈអ្នកកាន់សាសនាមួយចំនួនទៀតមានការព្រួយបារម្ភខ្លាចមានការរឹតត្បិតសេរីភាពរបស់ពួកគេ។
អ្នកគ្រប់គ្រងវិហារគ្រិស្តសាសនាមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត លោកបណ្ឌិត អ៊ំ សំអឿន មិនអត្ថាធិប្បាយច្រើនទេព្រោះលោកមិនទាន់ឃើញខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ ទោះយ៉ាងណាលោកយល់ថា មានច្បាប់គឺជារឿងល្អ។
លោក បណ្ឌិត អ៊ំ សំអឿន ថ្លែងថា៖ «ក្នុងករណីដែលជា ប្រយោជន៍សម្រាប់ស្ថាប័ន ឬក៏ជាប្រយោជន៍សម្រាប់ព្រះវិហារទូទៅក្នុងនាមយើងជាអ្នកកាន់ជំនឿ ចឹងដើម្បីការពារជាប្រយោជន៍សម្រាប់អ្នកកាន់ជំនឿចឹងខ្ញុំគិតថាជាការល្អ បើសិនជាយើងរៀបចំឱ្យមានសណ្តាប់ធ្នាប់ក៏ដូចជាត្រឹមត្រូវទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់យើង»។
សាសនិកអ៊ីស្លាមមួយរូបនៅកម្ពុជាលោក ហ៊ីម ខទៀត មានប្រសាសន៍ថា នៅកម្ពុជាបច្ចុប្បន្នទោះមិនទាន់មានច្បាស់សាសនា ប៉ុន្តែបើមានបទល្មើសក៏អាចប្រើច្បាប់ផ្សេងៗដែលពាក់ព័ន្ធដោះស្រាយបានដែរ។ សម្រាប់លោក ហ៊ីម ខទៀត លោកបារម្ភខ្លាចមានការរារាំងដល់សិទ្ធិអ្នកប្រតិបត្តិតាមជំនឿលើចំណុចមួយចំនួនដែលធ្លាប់អនុវត្តន៍កន្លងមកនៅកម្ពុជា។
លោក ហ៊ីម ខទៀត ថ្លែងថា៖ «ខ្ញុំឧទាហរណ៍ជាក់ស្តែងឧទាហរណ៍ជាក់ស្តែងដូចជាទាក់ទងទៅនឹងច្បាប់សាសនាឥស្លាមស្ត្រីគ្របក្បាលទទូរក្រមាអី។ល។ ហើយប្រសិនបើច្បាប់សាសនាហ្នឹងគាត់ចែងមកថាយើងត្រូវតែដោះត្រូវតែអីហ្នឹងអាហ្នឹងដូចករណីដែលកើតមាននៅប្រទេសបារាំង។ល។ហ្នឹង វាអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពការប្រតិបត្តិសាសនាថយក្រោយវិញ ប៉ុន្តែខ្ញុំមិនទុទិដ្ឋិនិយមដល់ម្លឹងទេ ប៉ុន្តែនេះជាឧទាហរណ៍មួយ»។
ចំណែកអ្នកស្រី អេន ចរិយា ដែលធ្លាប់ផ្សព្វផ្សាយថា ជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី យល់ឃើញថា ការបង្កើតច្បាប់ គឺជារឿងល្អដើម្បីបង្ហាញពីភាពច្បាស់លាស់នៅក្នុងសង្គម។ ចំពោះចំណុចដែលលើកឡើងថា អាចពាក់ព័ន្ធការគ្រប់គ្រងសកម្មភាពអ្នកស្នងបារមីនោះ អ្នកស្រីសុំមិនផ្តល់យោបល់ទេ។
អ្នកស្រី អេន ចរិយា បញ្ជាក់ថា៖ «ខ្ញុំសូមអត់និយាយអីបង សូមអត់និយាយអីទុកឱ្យខាងគេធ្វើការចុះ ហើយយើងចាំមើលបន្តទៀតបង»។
សម្រាប់ព្រះមេគណរាជធានីភ្នំពេញ សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា ព្រះពុទ្ធសាសនាមានអាយុកាលប្រមាណ២ពាន់៧រយឆ្នាំមកហើយ ដូច្នេះការប្រតិបត្តិអាចដើរខុសគន្លងខ្លះ។ ព្រះអង្គយល់ថា ការមានច្បាប់ គឺជារឿងល្អសម្រាប់សាសនាព្រះពុទ្ធ និងសាសនាផ្សេងទៀត។
សម្ដេចពុទ្ធជ័យមុនីបណ្ឌិត បញ្ជាក់ថា អ្នកកាន់ពុទ្ធសាសនា ឬ សាសនាផ្សេងៗមិនគួរព្រួយបារម្ភអ្វីទេ ព្រោះនៅពេលមានសេចក្តីព្រាងហើយ នឹងមានការប្រជុំពិគ្រោះយោបល់បន្ថែមជាមួយភាគីពាក់ព័ន្ធទាំងអស់។
សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា៖«ដូចមិនប៉ះពាល់ដល់សាសនាដទៃៗទេពរ ពីព្រោះបានអ៊ីចឹងឱ្យតែមានសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាហ្នឹងគឺក្រសួង[ធម្មការ និងសាសនា]នឹងអញ្ជើញទៅប្រជុំចូលរួមប្រជុំទាំងអស់គ្នាហើយ ដូចជាមិនប៉ះពាល់ដល់សាសនាដទៃទេពរ»។
បច្ចុប្បន្ននេះរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធមួយចំនួនទៀតក៏មានចែងពីដំណើរប្រតិបត្តិ និងការផ្សព្វផ្សាយជំនឿសាសនាដែរ។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
មាត្រា៤៣នៃរដ្ឋធម្មនុញ្ញដដែលចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ មាត្រានេះបញ្ជាក់ដែរថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ចំណែកនៅក្នុងក្រមព្រហ្មទណ្ឌក៏មានចែងដាក់ទោសទណ្ឌដល់អ្នកធ្វើសកម្មភាពប៉ះពាល់ដល់ការប្រតិបត្តិជំនឿសាសនាដែរ។ មាត្រា៥០៨នៃក្រមព្រហ្មទណ្ឌចែងថា អ្នកដែលស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ៣ខែ និងពិន័យជាប្រាក់ ពី១សែនរៀល(១០០ ០០០រៀល)ទៅ៥សែនរៀល(៥០០ ០០០រៀល)។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា អ្នកប្រតិបត្តិតាមជំនឿ ឬសាសនា មានគោលការណ៍មានច្បាប់ប្រចាំក្រុម ឬសាសនារបស់ពួកគេ។ ប៉ុន្តែលោកថា ការមានច្បាប់បន្ថែមនៅក្នុងសង្គម គឺមានភាពចាំបាច់ណាស់ដើម្បីការពារកុំឱ្យមានជម្លោះ ឬ ការបោកប្រាស់កើតឡើង។
លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា៖ «បុគ្គលគឺជាផ្នែកនៃបុគ្គលមួយដែលត្រូវអាចអនុវត្តប៉ុន្តែត្រូវឱ្យត្រូវនឹងច្បាប់ ត្រូវនឹងតម្លៃនៃច្បាប់ ហើយថាតើបុគ្គលនោះគាត់ជឿទៅលើអី? គាត់ជឿទៅលើសាសនាព្រះពុទ្ធ អ៊ីចឹងគាត់ខំប្រឹងរៀបខ្លួនឱ្យត្រូវជាមួយនឹងតម្លៃសាសនាព្រះពុទ្ធទៅបានទេ? អាហ្នឹងច្បាប់នឹងឱ្យអ៊ីចឹង។ ប្រសិនមានបុគ្គលជឿទៅលើសាសនាដទៃ ជំនឿដទៃ ហើយបែរជាធ្វើប៉ះពាល់ដល់ប្រជាជនស្លូតត្រង់ ឬក៏មានការកេងប្រវ័ញ្ច ការភរភូតដែលប្រាស់ចាកជាមួយនឹងវិទ្យាសាស្ត្រ»។ លោកបន្តថា៖ «សូមជម្រាបថាឥឡូវនេះសតវត្ស២១ មិនមែននៅក្នុងសតវត្សទី៤ ទី៥ទៀតទេ គឺយើងត្រូវឱ្យតម្លៃទៅលើវិទ្យាសាស្ត្រជាធំ យើងទាំងអស់គ្នារស់នៅជាមួយការវិវឌ្ឍនៃវិទ្យាសាស្ត្រមិនមែនរស់នៅក្នុងអតីតកាលទេបាទ»។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សួន យុធ្យា យល់ឃើញថា ច្បាប់សាសនានេះមានសារៈសំខាន់ណាស់ដែលត្រូវទទួលយកធាតុចូល ឬមតិយោបល់ពីភាគីពាក់ព័ន្ធ។ លោកបន្តថា ការទទួលយកធាតុចូលគ្រប់ភាគី និងធ្វើឡើងត្រូវស្តង់ដារអន្តរជាតិ អាចបង្ការបុគ្គលណាមួយបកស្រាយតាមចិត្តដើម្បីផលប្រយោជន៍ពួកគេ។
លោក សួន យុធ្យា ថ្លែងថា៖ «ធ្វើច្បាប់ហ្នឹងតាងនាមឱ្យប្រជាពលរដ្ឋអ៊ីចឹងបានន័យថាច្បាប់ទាំងនោះត្រូវតែមានការផ្តល់យោបល់ធាតុចូលពីភាគីពាក់ព័ន្ធទើបច្បាប់ហ្នឹងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយស្របទៅតាមគេហៅថាគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ក្នុងការគោរព និងប្រតិបត្តិតាមសាសនាដែលប្រជាពលរដ្ឋម្នាក់ៗមានជំនឿតាម»។
បញ្ហាជំនឿ និងសាសនា នៅកម្ពុជាមួយរយៈចុងក្រោយហាក់មានភាពចម្រូងចម្រាស់ខ្លាំង រវាងអ្នក ប្រតិបត្តិជំនឿសាសនា អ្នកតាំងខ្លួនជាអ្នកមានបុណ្យបារមី ឬជាបុគ្គលត្រាស់ដឹងជាដើម។
នៅក្នុងខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធឱ្យត្រួតពិនិត្យអ្នកប្រតិបត្តិជំនឿទាំងនោះកុំឱ្យក្លាយជាទង្វើបោកប្រាស់ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់សង្គម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «យើងមិនអាចយប់មិញដេកយលសប្តិឃើញអីចេញមកពាក់ដើម្បីទៅបំផុសឬក៏នាំមនុស្សក្រឡក់អស់យូរៗអាហ្នឹងគេហៅថាបរិស្ថាន។ ខ្ញុំមើលទៅវិលមុខ។ ខ្ញុំជឿថាឯកឧត្តមលោកជំទាវប្រហែលជាវិលមុខដែរហើយ»។ លោកនាយករដ្ឋមន្ត្រីបន្តថា៖ «ថ្ងៃនេះចេញលោកគ្រូ[បារមី]មកទៀតហើយ បើសិនជាមានមូលដ្ឋាន ព្រោះសាសនាទាំងអស់មិនមែនទើបនឹងកើតយប់មិញទេ សាសនាទាំងអស់សុទ្ធតែមានមូលដ្ឋាន ចង់ព្រាហ្ម សុទ្ធតែមានមូលដ្ឋាន ប៉ុន្តែអ្នកប្រតិបត្តិកុំយកឈ្មោះសាសនានោះយកមកធ្វើអី ព្រោះយើងមានកាតព្វកិច្ច យើងមិនលូកក្នុងសាសនាទេ ប៉ុន្តែយើងមានកាតព្វកិច្ចការពារនូវតម្លៃសាសនា និងការពារនូវតម្លៃសង្គមរបស់យើងដែលប៉ះពាល់»។
ក្រោយការចេញបញ្ជារបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរពាក់ព័ន្ធក៏បានកោះហៅ អ្នកតាំងខ្លួនជាអ្នកស្នងបារមី និងជាអ្នកមានបុណ្យមួយចំនួនដើម្បីធ្វើកិច្ចសន្យាបញ្ឈប់អ្នកទាំងនោះជាបន្តបន្ទាប់។ ក្រោយមកសកម្មភាពនៃការជួបជុំ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមរបស់អ្នកទាំងនោះហាក់ស្ងប់ស្ងាត់ទៅវិញ។
ចំពោះដំណើរការធ្វើច្បាប់សាសនានេះ លោក ឆាត សុឆេត ឱ្យដឹងថា ពេលប្រមូលធាតុចូលបានគ្រប់គ្រាន់ហើយអាចនឹងចេញជាសេចក្តីព្រាង២ខែខាងមុខ។ បើតាមលោក ឆាត សុឆេត សេចក្តីព្រាងច្បាប់ស្តីពីសាសនា បានធ្លាប់ធ្វើឡើងតាំងពីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា២រូបមុន ប៉ុន្តែដំណើរការធ្វើច្បាប់នេះក៏ស្ងប់ស្ងាត់ទៅវិញ ហើយសេចក្តីព្រាងមុនៗនោះក៏បាត់ទៀត ទើបរដ្ឋមន្ត្រីថ្មីនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧សម្របសម្រួលរៀបចំសេចក្តីព្រាងឡើងវិញ៕