សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្តដំណើរការបណ្តោះអាសន្នឡើងវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចំនួនពីររូបទៀតនៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្ត្រី)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចំនួនពីររូបទៀតនៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្ត្រី)

ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ត​សកម្មភាព​​សមាគមជាបណ្តោះអាសន្ន នៅថ្ងៃទី១៧ ខែកក្កដា  បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អំពាវនាវឱ្យសមាគមនេះអាចដំណើរការឡើងវិញកាលពីដើមខែមុន។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រេច «អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលមាន​អាស័យដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ត​សកម្មភាព​​សមាគមជាបណ្តោះអាសន្ន រហូត​ដល់មានការសម្រេចថ្មីរបស់តុលាការ»

ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឱ្យដឹងថា យោង​តាម​សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថាសមាគម ស៊ីស៊ីអេហ្វស៊ី អាចដំណើរ​ការបានឡើងវិញ ហើយបុគ្គលិករបស់សមាគមនៅធ្វើការដដែល ដោយមិនមានការផ្លាស់ប្តូរ ឬប្រែប្រួលអីទេ។

លោក សាវឿន ថ្លែងថា៖ «យើងនឹងបន្តសកម្មរបស់យើងដូចដើម»។ លោកបន្តថា៖ «យើង​សង្ឃឹម​ថា កិច្ចការងារសមាគមនឹងដំណើរការបានឡើងវិញ ក្នុងការជួយប្រយោជន៍ដល់​ប្រជាពលរដ្ឋ ជាពិសេសកសិករងាយរងគ្រោះហើយនិងកសិករនៅក្នុងតំបន់ជនបទ ហើយ​យើង​នឹងបន្តការងារយើងដោយឈរលើគោលការណ៍ទស្សនៈវិស័យបេសកម្ម​ និងគុណតម្លៃ​របស់​សមាគមយើងផងដែរ»

លោក សាវឿន បន្តថា រូបគាត់ និងបុគ្គលិករបស់គាត់ផ្សេងទៀតមិនទាន់ត្រូវបានតុលាការ​លើកលែង​បទ​ចោទប្រកាន់នៅឡើយទេ ប៉ុន្តែគាត់នឹងដាក់ពាក្យស្នើទៅតុលាការដើម្បីសុំលើកលែង​បទចោទ បន្ទាប់ពីសមាគមរៀបចំដំណើរការឡើងវិញស្រួលបួលហើយ អាចនឹង​ដាក់ពាក្យស្នើក្រោយបោះឆ្នោតជាតិរួច។

លោក សាវឿន បន្ថែមថា សមាគម ស៊ីស៊ីអេហ្វស៊ី នៅមិនទាន់ក្តាប់បានថាសមាជិក​ ឬ​សកម្មជន​ដីធ្លីប៉ុន្មាននាក់ដែលត្រូវបានចាប់ខ្លួននៅពេលថ្មីៗ ប៉ុន្តែគ្រាន់តែដឹងថា មាន​សកម្មជនដីធ្លីចំន​ួន៩នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនៅខេត្តកោះកុង ពាក់ព័ន្ធ​នឹង​បទញុះញង់ ហើយសមាគមកំពុងពិនិត្យលទ្ធភាពលើករណីនេះដើម្បីស្នើសុំឱ្យនៅក្រៅឃុំ ឬលើកលែង​ចោទប្រកាន់​ក្នុងពេលឆាប់ៗ។

លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​អាច​ដំណើរ​ការ​ឡើង​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​ចំនួន​បី​ប្រឆាំង​នឹង​បុគ្គលិក​ស្ថាប័ន​មួយ​នេះ បន្ទាប់​ពី​ក្រ​សួង​មហាផ្ទៃ​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​កាល​ពី​ដើម​ខែ​មិថុនា​។​

​បន្ទាប់​ពី​​ជួប​ជាមួយប្រធាន​​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និង​បុគ្គលិក​ពីររូបទៀត​កាល​​ពី​ថ្ងៃទី១៩ ខែមិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សរសេរ​នៅ​ក្នុង​តេឡេក្រាម​​ថា៖ «យើង​ពិនិត្យ​ឃើញ​នូវ​ផលប្រយោជន៍​ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើក​ទឹកចិត្តឱ្យ​សមាគម​បន្ត​​​សកម្មភាព​ដើម្បីផលប្រយោជន៍ប្រជាជនយើង»។ លោក​នាយក​រដ្ឋ​មន្ត្រីសរសេរ​បន្ថែម​ថា៖ «សមាគមត្រូវ​យកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ»

កាល​ពី​ខែ​ឧសភា សមត្ថកិច្ច​បាន​ឃុំ​ខ្លួន និង​សាក​សួរ​មនុស្ស​ចំនួន​១៧​នាក់​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ដែល​រៀប​ចំ​ដោយ​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ក្នុង​ខេត្ត​រតនគិរី។ លោក ថេង​ សាវឿន និង​សហការី​លោក​ចំនួន​ពីរ​រូប​គឺ​លោក ញិល ភាព និង​លោក ថាន់ ហាច ត្រូវ​បាន​ចាប់​ខ្លួនបន្ទាប់​ពី​ការសាក​សួរ ដោយ​ចោទ​​ពីបទញុះញង់ និងរួមគំនិតក្បត់​​។ អ្នកនាំ​ពាក្យ​​ក្រ​សួង​មហាផ្ទៃ​លោក​ ខៀវ សុភ័ក្រ​​ បាន​ចោទ​ប្រកាន់​សមាជិក​របស់​សមាគមសម្ព័ន្ធ​សហគមន៍​​កសិករកម្ពុជា​ថា​រួម​គំនិត​ក្បត់​តាម​រយៈ «បដិវត្តន៍កសិករ»។​

បើ​តាម​សំណេរ​ក្នុង​តេឡេក្រាម លោក​នាយក​រដ្ឋ​មន្ត្រី បាន​ណែ​នាំ​ដល់​​រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌ លោក កើត រិទ្ធ ឱ្យ​ធ្វើ​ការ​ជាមួយ​តុលាការ​ខេត្ត​រតនគិរី​លើក​លែង​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​​​ឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អាច​ដំណើរ​ការ​ឡើង​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើទៅ​បាន៕

412 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម