សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តម្លៃនៃការតវ៉ា៖ ខណ:ស្វាមីត្រូវបានឃុំខ្លួន ក្រុមគ្រួសារសកម្មជនជាប់បំណុលវ័ណ្ឌក

អ្នកស្រី ដូស គឹមទៀង ឈរកាន់រូបស្វាមីរបស់អ្នកស្រីដែលជាប់ពន្ធនាគារនៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៨ ខែមករា។ បញ្ញា ឆព័ណ្ណ
អ្នកស្រី ដូស គឹមទៀង ឈរកាន់រូបស្វាមីរបស់អ្នកស្រីដែលជាប់ពន្ធនាគារនៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៨ ខែមករា។ បញ្ញា ឆព័ណ្ណ

ដោយ​កាន់រូប​ថត​ធំមួយ​របស់ស្វាមី​ដែលជាប់ពន្ធនាគារ​នៅ​នឹងដៃ អ្នក​ស្រី ដូស គឹមទៀង បាន​ធ្វើដំណើរ​មក​កាន់ស្ថានទូត​អាមេរិក​កាលពីថ្ងៃសុក្រ​ ដោយ​ដឹងថា ការ​តវ៉ា​នៅ​ថ្ងៃនោះ​ អាចជា​ការ​តវ៉ាចុងក្រោយ​របស់​អ្នក​ស្រី។

ការ​ចេញតវ៉ា​​កើត​មាន​ជា​ប្រចាំ ចាប់តាំងពី​ស្វាមី​របស់​អ្នក​ស្រី​ត្រូវ​បាន​គេបញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​កាលពីខែ​សីហា​ក្រោម​បទចោទ​ញុះញង់​ដែល​តាមចោទថា បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​មេដឹកនាំ​សហជីពល្បីល្បាញ​គឺលោក រ៉ុង ឈុន ដែល​ក៏ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ញុះញង់ផងដែរ។

ប៉ុន្តែ​ខណៈ​ពេល​អ្នកស្រី គឹមទៀង ពិតជា​មាន​ការ​បារម្ភ​ខ្លាចគេ​ចាប់ខ្លួន​នោះ វាមិនសូវ​​ធ្ងន់ធ្ងរទេ បើ​ធៀប​នឹង​ការ​ភ័យ​ខ្លាច​ចំពោះអ្វីដែល​អាចកើត​ឡើង​ ប្រសិនការ​តវ៉ា​របស់​អ្នក​ស្រី​មិន​ត្រូវ​បាន​គេអើពើ​ ហើយ​ស្វាមី​របស់​អ្នក​ស្រីនឹង​បន្ត​ជាប់ពន្ធនាគារ​យូរ​ជាងនេះ​ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នក​ស្រី គីមទៀង។

ដោយ​សំដៅដល់​ការងាររចនា​ផ្នែក​ខាងក្នុងអាគារដែលជាមុខរបរ​របស់​ក្រុម​គ្រួសារ​ អ្នក​ស្រី​បាន​និយាយថា៖ «​ដោយសារតែ​គាត់​ជាប់​ពន្ធនាគារ គម្រោង​ទាំង​អស់របស់គាត់​បាន​ផ្អាក​ ហើយ​គ្មានប្រាក់​​ចំណូល​ទេ»។

អ្នក​ស្រី គឹមទៀង អាយុ​៤០ឆ្នាំ​បាន​ប្រាប់ខេមបូចា​ថា៖ «​ខ្ញុំ​បានលក់​រថយន្ត​ហើយ​ពីព្រោះ​ខ្ញុំ​គ្មាន​ប្រាក់​ ដើម្បី​សងធនាគារ​​ បន្ទាប់មក​ទៀត​ ខ្ញុំ​នឹង​ត្រូវ​លក់​ផ្ទះ​»។

លោក ឈួរ ផេង ជាស្វាមី​របស់​អ្នក​ស្រី គឹមទៀង គឺជា​មនុស្ស​ម្នាក់ក្នុងចំណោម​សកម្មជនជា​ច្រើន​នាក់​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​និង​រង់ចាំ​សវនាការ​ពីបទចោទ​ញុះញង់​ ហើយ​ភាគច្រើន​ក្នុងចំណោម​ពួកគាត់​មាន​កម្រិតពាក់ព័ន្ធមិនដូចគ្នា​ទេ​ទៅនឹងគណបក្ស​សង្គ្រោះជាតិ​។​

ភរិយា​មួយក្រុម​របស់​បុរស​ៗ​ដែល​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​ត្រូវ​បាន​គេស្គាល់ថា ជា «​ស្ត្រីថ្ងៃសុក្រ» ដោយ​សារតែ​ការតវ៉ាប្រចាំសប្តាហ៍​របស់​ពួកគាត់​ដែល​ភាគច្រើន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​មុន​ការ​មក​ដល់​របស់​អាជ្ញាធរ​ ដែល​រង​ការ​​ចោទប្រកាន់ថា បាន​ប្រើ​កម្លាំងហួស​ហេតុ​ក្នុងការ​រារាំងពួកគាត់។

នៅពេល​សវនាការកាត់ក្តីរបស់​លោក ឈួរ ផេង ចាប់ផ្តើម​កាល​ពីសប្តាហ៍​មុន លោក​បាន​ប្រាប់តុលាការ​ថា លោក​មាន​ការ​ពាក់​ព័ន្ធតិចតួចណាស់​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​ ចាប់តាំងពី​គណបក្សនេះត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​ ហើយ​បាន​បដិសេធ​ថា មិនបាន​រៀប​ចំ​ការ​តវ៉ា​ឲ្យ​ដោះ​លែង​មេដឹកនាំសហជីពលោក រ៉ុង​ ឈុន​ នោះទេ។

យោងតាមភរិយា​របស់​លោក លោក ឈួរ ផេង មមាញឹកធ្វើ​ការងារ​ ដើម្បី​រកប្រាក់សងបំណុល​៤០.០០០​ដុល្លារ​ ដែល​ពួកគេបាន​ខ្ចី​ដើម្បី​ចាប់ផ្តើម​មុខរបរ ហើយ​ថា កម្ចី​​ ដែល​ទើបនឹង​សងបានពាក់កណ្តាលនេះ​អាចនឹង​ធ្វើ​ឲ្យ​​ក្រុម​គ្រួសារទាំងមូល​​កាន់តែ​លំបាក​ ប្រសិនបើ​គាត់​បន្ត​នៅជាប់ពន្ធនាគារ​យូរ​តទៅទៀត។

ស្ត្រីកូន​បីរូបនេះ​បាន​និយាយថា៖ «​ខ្ញុំ​ប្រឈម​នឹង​ការលំបាក​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ​។ គ្មាន​ចំណូល​ទេ ហើយ​ខ្ញុំត្រូវ​បង់​ធនាគារ​​ប្រហែល​២.០០០​ដុល្លារ​រៀងរាល់ខែ​»។

​អ្នក​ស្រីមិនមែនជាមនុស្ស​ម្នាក់គត់​ដែលមាន​បញ្ហា​នេះទេ។ អង្គការ​សិទ្ធិមនុស្ស​​លីកាដូ និង​សមាគមធាងត្នោត ​បាន​លើកឡើងក្នុង​របាយ​ការណ៍​មួយ​កាល​ពីឆ្នាំ​មុន​ថា ប្រទេសកម្ពុជា​មាន​កម្ចីមីក្រូហិរញ្ញវត្ថុ​ខ្នាតមធ្យម​ ដែលខ្ពស់បំផុតក្នុង​ពិភព​លោក ប្រមាណ​៣.៣៧០​ដុល្លារ​ ដែល​ច្រើន​ជាង​ផលិត​ផល​សរុប​ក្នុង​ស្រុក​ទ្វេ​ដង​។

ដោយសារតែមេគ្រួសាររបស់​ពួកគាត់​ត្រូវ​បាន​ឃុំខ្លួន​សម្រាប់រយៈ​ពេល​មិន​ប្រាកដរង់ចាំ​សវនាការ​ ដែល​ភាគច្រើន​ជាប់ចោទពីបទ​ញុះញង់ដែល​មិន​ច្បាស់​លាស់​ ហើយដែល​ក្រុម​សិទ្ធិមនុស្ស​រិះគន់​នោះ ក្រុម​គ្រួសារ​របស់​សកម្មជនដែល​ជាប់ពន្ធនាគារ​ទាំងនេះ​បាន​​ត្អូញត្អែរអំពី​ការជំពាក់បំណុល​ដែលពួកគាត់​ប្រ​ហែល​​មិនអាចគេចផុត​។

អ្នកស្រី ចេង ស្រីនី ជាភរិយា លោក តុន និមល បាន​និយាយថា៖«​នៅ​ពេល​គាត់​មិន​នៅ​ វាហាក់ដូចជា​យើង​បាត់ឆ្នាំង​បាយ​»។

លោក តុន និមល គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​បីនាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​ការ​តវ៉ា​តូច​មួយ​នៅខាងក្រៅស្ថានទូតចិន​កាលពីខែតុលា​ ទីដែល​បុគ្គលិកសិទ្ធិមនុស្ស​និង​អ្នកសារព័ត៌មាន​និយាយថា ពួកគេត្រូវ​បាន​អាជ្ញាធរយាយី។

ដោយ​មាន​កូន​បីនាក់​ក្នុង​បន្ទុក អ្នក​ស្រីត្រូវ​បោះ​បង់ចោល​របរលក់ដូរ​សម្លៀកបំពាក់ជជុះឲ្យ​កម្មកររោង​ចក្រ​កាត់ដេរ។

​ស្វាមី​របស់​អ្នក​ស្រី បានចំណូលពីការត់រ៉ឺម៉កកង់បី និង​​ជួយ​ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែវាបានក្លាយ​ជា​បន្ទុក​ហិរញ្ញវត្ថុ​វិញរបស់គ្រួសារវិញ ក្រោយពីការចា​ប់ខ្លួនរបស់គាត់។​

អ្នក​ស្រីបាន​និយាយថា៖ «​ខ្ញុំត្រូវ​ផ្តល់​ឲ្យគាត់​៣០ឬ៤០ដុល្លារ​រៀងរាល់សប្តាហ៍​នៅពេល​ខ្ញុំសួរសុខ​ទុក្ខ​គាត់ក្នុងពន្ធនាគារ»។

ស្រីនី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឲ្យមានការ​អាណិតអាសូរ​និង​ដោះ​លែង​ស្វាមីរបស់​ស្ត្រីថ្ងៃសុក្រ​ ប៉ុន្តែរហូត​មក​ដល់ពេលនេះ ការអង្វរករទាំងនោះ​មិនត្រូវ​បាន​គេអើពើទេ​ ស្របពេល​សវនាបន្តបន្ទាប់គ្រោងនឹងដំណើរការនៅខាងមុខ​សប្តាហ៍​​នេះ។

«​ស្ត្រីថ្ងៃសុក្រ​» បានអំពាវនាវដល់​ស្ថានទូត​សហរដ្ឋអាមេរិកប្រចាំ​នៅទីក្រុងភ្នំពេញ​ជួយ​ឲ្យ​មាន​ការ​ដោះលែង​ស្វាមីដែល​ស្ថិតក្នុងដំណើរការជំនុំជម្រះ​ពី​បទចោទ​ផ្សេងៗទាក់ទងនឹង​ការញុះញង់​នោះ​ពីពន្ធនាគារ។ បញ្ញា ឆព័ណ្ណ​
«​ស្ត្រីថ្ងៃសុក្រ​» បានអំពាវនាវដល់​ស្ថានទូត​សហរដ្ឋអាមេរិកប្រចាំ​នៅទីក្រុងភ្នំពេញ​ជួយ​ឲ្យ​មាន​ការ​ដោះលែង​ស្វាមីដែល​ស្ថិតក្នុងដំណើរការជំនុំជម្រះ​ពី​បទចោទ​ផ្សេងៗទាក់ទងនឹង​ការញុះញង់​នោះ​ពីពន្ធនាគារ។ បញ្ញា ឆព័ណ្ណ​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​បាន​ប្រាប់ខេមបូចា​ថា ការលំបាកដែល​ក្រុម​គ្រួសារ​ជួប​ប្រទះ​ដូចជា​គ្រួសាររបស់​អ្នក​ស្រី គឹមទៀង និង ​ស្រីនី គឺជារឿង​គួរ​ឲ្យ​សោ​ក​ស្តាយ​ ប៉ុន្តែ​ការ​ត្អូញត្អែរ​របស់​ពួកគាត់​គួរបង្វែរ​ទៅ​រក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​និរទេសខ្លួន​ ដែលលោកមាន​ប្រសាសន៍ថា បានបញ្ជាឲ្យ​អ្នក​គាំទ្រ​ល្មើស​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សោកស្តាយបញ្ហា​ជីវភាព​រស់នៅ​របស់​ពួកគាត់​ ប៉ុន្តែ​ច្បាប់​គឺច្បាប់។ យើងមិនអាចយក​ជីវភាព​របស់ពួកគាត់ធ្វើជា​ហេតុផល​ ដើម្បី​លើកលែងទោសកំហុសរបស់ពួកគាត់បានទេ»។

ដោយ​សំដៅ​ដល់​មេដឹកនាំ​គណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទប្រកាន់ពីបទ​រួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​ លោក​មាន​ប្រសាសន៍ថា៖ «​ប្តីរបស់​ពួកគាត់​ត្រូវ​បាន​ដាក់ទោស​ដោយសារតែ​ក្រុម​ទាំងនេះ»

អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​យាយី​និងការបំបែក​សមាជិកគ្រួសារ​ដែល​តវ៉ា​នឹង​ការឃុំខ្លួន​សកម្មជននយោបាយ​ទាំងបង្ខំ។​

ក្រុម​អ្នក​តវ៉ា​ខ្លួន​ឯង​បាន​ដាក់ញត្តិ​ទៅស្ថានទូតបរទេសនានា​ក្នុង​ទីក្រុង​ភ្នំពេញនិង​ការិយាល័យ​ឧត្តម​ស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ (OHCHR) ដោយ​​អំពាវនា​រក​អន្តរាគមន៍​។​

កាលពីថ្ងៃសៅរ៍​ OHCHR បាន​ប្រកាសជាសាធារណៈនូវលិខិតមួយដែលផ្ញើ​ជូន​រដ្ឋមន្ត្រីកាបរទេស​កម្ពុជា​ «ទាក់ទិន​នឹងការ​ចាប់ខ្លួន​ ការឃុំខ្លួន ការ​បំភិតបំភ័យ​ ការលួចឃ្លាំមើល​ ការគំរាម​កំហែង​និងការប្រើកម្លាំង​ហួស​ហេតុ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជាទាក់​ទងនឹង​បាតុកម្មអហិង្សា​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​សកម្មជននិង​​អ្នក​ការ​ពារសិទ្ធិ​មនុស្ស​ដូចគ្នា​»។​

OHCHR បាន​ឲ្យ​ដឹងតាម​អ៊ីម៉េល​ថា លិខិត​ដែល​ត្រូវ​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រីកាបរទេស​កម្ពុជា​កាល​ពីខែ​វិច្ឆិកា​នេះ ក៏បាន​លើកឡើង​ផងដែរ​ថា៖​ «​ការដាក់​ជាបទល្មើស​ព្រហ្ម​ទណ្ឌនូវ​មធ្យោបាយ​ដែល​អ្នក​ការពារសិទ្ធិ​មនុស្ស​បានប្រើប្រាស់​ដើម្បីអនុវត្ត​ការ​ងាររបស់​ខ្លួន​ដែល​រារាំងដល់សមត្ថភាពរបស់ពួកគេក្នុងការរាយការណ៍​និង​ការ​តស៊ួមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា​»។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា ក្រសួង​កាបរទេស​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​នឹង​អ៊ីម៉េល​របស់​ខ្លួន​នៅឡើយ​ទេ។

ស្របពេល​ជាមួយ​គ្នា​នោះដែរ លោក ឈួរ ផេង និង​សហចុងចោទ​១៤​ផ្សេងទៀត​ដែល​ស្ថិតក្នុងដំណាក់កាល​ជម្រះ​ក្តីពីបទញុះញង់​ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់​ ស្របពេល​តុលាការ​មិន​ទាន់​កំណត់​ពេល​បន្ត​សវនា​ការ​នៅឡើយ​។

ការជំនុំជម្រះក្តីដ៏ធំ​លើ​មនុស្ស​ជាង​១៣០​នាក់​ ដែលរងការចោទប្រកាន់​ទាក់ទិន​នឹង​ផែនការវិលត្រឡប់​មកកម្ពុជាមិនបានសម្រេចរបស់មេដឹកនាំគណបក្ស​សង្គ្រោះជាតិ​កាល​ពីឆ្នាំ​២០១៩​នោះ នឹង​បន្ត​នៅ​ថ្ងៃព្រហស្បតិ៍​ ចំណែក​សវនាការលើ​មេដឹកនាំសហជីព​លោក រ៉ុង នឹង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ។

លោក អំ សំអាត នាយក​រង​អង្គការលីកាដូបាន​មាន​ប្រសាសន៍ថា ការ​បន្ត​ឃុំខ្លួន​មនុស្ស​រាប់សិប​នាក់​ ដែល​អង្គការឃ្លាំមើលសិទ្ធិមនុស្ស​និង​ក្រុម​អ្នក​តស៊ូ​មតិ​ដទៃ​ទៀត​បាន​ចាត់ទុកថា «អ្នក​ទោស​នយោបាយ​» នោះ​គឺមិនត្រឹមតែជា​បន្ទុក​មួយ​សម្រាប់​គ្រួសាររបស់គាត់​ប៉ុណ្ណោះទេ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «​វាក៏ជា​បន្ទុកសម្រាប់សង្គម​ផងដែរ​ នៅពេល​ពួកគាត់​មិន​អាច​​មាន​លទ្ធភាព​សងបំណុល​។ ពួកគាត់​នឹង​លក់​ទ្រព្យសម្បត្តិ​ ហើយសមាជិក​គ្រួសារ​នឹង​បោះបង់ការសិក្សាឬធ្វើ​ចំណាកស្រុក​ ដើម្បី​ស្វែង​រក​ការងារធ្វើ​»។

លោកបាន​មាន​ប្រសាសន៍ថា៖ «មានវិធីតែមួយគត់​ ដើម្បី​បញ្ចប់​វិបត្តិ​នេះគឺ អ្នក​នយោបាយ​ខ្មែរទាំងអស់​ត្រូវតែ​គិត​ពីប្រយោជន៍​របស់​ជាតិ​និង​របស់​ប្រជាពលរដ្ឋ។ ហើយ​ឈប់​ប្រើប្រាស់ប្រជាពលរដ្ឋជា​ឧបករណ៍​នយោបាយ»។

សន្តិសុខ​ទំនងជា​នឹងត្រូវ​បាន​រឹតបន្តឹងជុំវិញ​ការ​កាត់ទោស​លោក រ៉ុង ឈុន នៅ​ថ្ងៃសុក្រ​ ប៉ុន្តែ​អ្នក​ស្រី គឹមទៀង និង​ស្ត្រីថ្ងៃសុក្រនឹង​នៅតែ​ប្តេជ្ញា​ក្នុងបេសកកម្ម​របស់​ពួកគាត់។

អ្នក​ស្រីបាន​និយាយថា៖ «​ខ្ញុំ​នឹង​បន្ត​តស៊ូ​ ទោះបីជា​អាជ្ញា​ធរបំភិតបំភ័យ​ឬប៉ះទង្គិចជាមួយ​យើង​អំឡុង​ពេលតវ៉ាតាមដងផ្លូវ​ក៏ដោយ»

អ្នកស្រីបន្ថែមថា៖ «យើង​ត្រូវ​តែ​បន្ត​ ទោះបីជា​មាន​សង្ឃឹម​តិចតួច​ក៏ដោយ»​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ The price of protest: With husbands locked up, families of alleged activists drown in debt

66 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម